អេសធើរ
១ នៅគ្រាដែលស្ដេចអាហាស៊ូរុស*គ្រងរាជ្យ គាត់បានគ្រប់គ្រងលើ១២៧ខេត្ត+ ចាប់តាំងពីស្រុកឥណ្ឌារហូតដល់ស្រុកអេត្យូពី។ ២ នៅគ្រានោះ គាត់គ្រប់គ្រងនៅក្រុងស៊ូសាន*+ដែលជារាជធានីដ៏រឹងមាំ។ ៣ នៅឆ្នាំទី៣នៃរាជ្យគាត់ គាត់បានរៀបចំពិធីជប់លៀងដ៏ធំមួយសម្រាប់ពួកអ្នកគ្រប់គ្រង និងពួកអ្នកបម្រើរបស់គាត់។ រីឯពួកមេទ័ពនៃមេឌី+ពើស៊ី+ ពួកអភិជន និងពួកអភិបាលខេត្ត ពួកគេក៏បានមកចូលរួមដែរ។ ៤ នៅពេលនោះ ស្ដេចអាហាស៊ូរុសបានបង្ហាញពួកគេនូវទ្រព្យសម្បត្តិដ៏ស្ដុកស្ដម្ភ និងភាពថ្កុំថ្កើងរុងរឿងអស្ចារ្យក្នុងរាជាណាចក្ររបស់គាត់អស់រយៈពេល១៨០ថ្ងៃ។ ៥ បន្ទាប់មក គាត់បានរៀបចំពិធីជប់លៀងដ៏ធំអស់រយៈពេល៧ថ្ងៃ សម្រាប់ពួកអ្នកនៅក្រុងស៊ូសាន* គឺចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ។ ពិធីនោះបានត្រូវធ្វើនៅទីធ្លាសួនវិមាន។ ៦ ក្នុងពិធីនោះ គេតុបតែងទីធ្លាដោយវាំងននធ្វើពីក្រណាត់សាច់ល្អពណ៌ស និងពណ៌ខៀវ ហើយចងដោយខ្សែធ្វើពីក្រណាត់ពណ៌ស និងក្រណាត់រោមចៀមជ្រលក់ពណ៌ស្វាយ។ រួចមក គេចងវាំងននទាំងនោះនៅលើសសរថ្មកែវ ដោយប្រើកងធ្វើពីប្រាក់។ រីឯគ្រែអង្គុយបរិភោគវិញ សុទ្ធតែធ្វើពីមាសនិងពីប្រាក់ កម្រាលធ្វើពីថ្មកែវពណ៌ក្រហម ថ្មកែវពណ៌ស គជ់ខ្យង និងថ្មកែវពណ៌ខ្មៅ។
៧ ម្យ៉ាងទៀត គេបានប្រើពែងមាសសម្រាប់ដាក់ស្រាជូនភ្ញៀវ ហើយពែងនីមួយៗមានរាងខុសៗគ្នា។ នៅពិធីនោះ ស្ដេចបង្គាប់ឲ្យគេជូនស្រាយ៉ាងបរិបូរ។ ៨ ដូច្នេះ ភ្ញៀវអាចពិសាស្រាតាមចិត្ត ព្រោះស្ដេចបានរៀបចំជាមួយនឹងពួកមន្ត្រីក្នុងវិមាន ឲ្យជូនស្រាតាមដែលភ្ញៀវត្រូវការ។
៩ នៅដំណាលគ្នានោះ អគ្គមហេសីវ៉ាសធី+ ក៏បានរៀបចំពិធីជប់លៀងសម្រាប់ពួកស្រីៗនៅក្នុងវិមាននៃស្ដេចអាហាស៊ូរុសដែរ។
១០ នៅថ្ងៃទី៧ ក្រោយពីស្ដេចអាហាស៊ូរុសបានពិសាស្រា ហើយមានចិត្តសប្បាយរីករាយ គាត់បានចាត់អ្នកបម្រើផ្ទាល់របស់គាត់ គឺមេហ៊ូម៉ាន ប៊ីសថា ហាបូណា+ ប៊ីកថា អាបេកថា សេថារ និងកើកាស ដែលជាមន្ត្រីជាន់ខ្ពស់៧រូប ១១ ឲ្យទៅអញ្ជើញអគ្គមហេសីវ៉ាសធីមកទាំងពាក់មកុដ ដើម្បីបង្ហាញរូបសម្រស់របស់នាងដល់បណ្ដាជននិងពួកអ្នកគ្រប់គ្រង ព្រោះនាងស្រស់ស្អាតខ្លាំងណាស់។ ១២ ប៉ុន្តែ អគ្គមហេសីវ៉ាសធីចេះតែបដិសេធ ហើយមិនព្រមមកតាមបង្គាប់របស់ស្ដេចតាមរយៈពួកមន្ត្រីទាំងនោះទេ។ ពេលនោះ ស្ដេចខឹងឆេះឆួលជាខ្លាំង។
១៣ បន្ទាប់មក ស្ដេចបានប្រឹក្សាជាមួយនឹងពួកអ្នកប្រាជ្ញដែលមានការយល់ដឹងជ្រៅជ្រះអំពីរឿងក្ដី (ព្រោះស្ដេចតែងតែប្រឹក្សារឿងរបស់គាត់ជាមួយនឹងពួកអ្នកចេះច្បាប់និងពួកអ្នកជំនាញខាងរឿងក្ដី។ ១៤ ឯទីប្រឹក្សាដែលជិតស្និទ្ធនឹងស្ដេចបំផុតគឺ កើសេណា សេថា អាតមេថា តើស៊ីស មេរេស ម៉ាស៊ីណា និងមេមូកាន ពួកគាត់ជាអ្នកគ្រប់គ្រង៧រូប+ក្នុងរាជាណាចក្រមេឌីពើស៊ី ហើយមានសិទ្ធិចូលទៅជួបស្ដេចជាទៀងទាត់។ ពួកគាត់មានឋានៈខ្ពង់ខ្ពស់បំផុតនៅក្នុងរាជាណាចក្រ)។ ១៥ ស្ដេចបានសួរពួកគាត់ថា៖ «យោងទៅតាមច្បាប់រាជាណាចក្រយើង តើគួរធ្វើយ៉ាងណាចំពោះអគ្គមហេសីវ៉ាសធី? ព្រោះនាងមិនបានស្ដាប់បង្គាប់ខ្ញុំតាមរយៈពួកមន្ត្រីទេ»។
១៦ ពេលនោះ មេមូកានបានឆ្លើយតបទៅស្ដេចនៅមុខពួកអ្នកគ្រប់គ្រងឯទៀតថា៖ «តាមពិត អគ្គមហេសីវ៉ាសធីមិនត្រឹមតែប្រឆាំងនឹងស្ដេចប៉ុណ្ណោះទេ+ តែក៏ប្រឆាំងនឹងពួកអ្នកគ្រប់គ្រងទាំងអស់ រួមទាំងបណ្ដាជននៅគ្រប់ខេត្តរបស់លោកម្ចាស់ទៀតផង។ ១៧ ព្រោះអ្វីដែលអគ្គមហេសីបានធ្វើ នឹងឮសុសសាយទៅដល់ប្រពន្ធទាំងឡាយនៅក្នុងរាជាណាចក្រ ហើយពួកគេនឹងមើលងាយប្ដីរបស់ខ្លួន ដោយនិយាយថា៖ ‹ស្ដេចអាហាស៊ូរុសបានឲ្យគេទៅហៅអគ្គមហេសីវ៉ាសធីឲ្យមកជួបលោក តែនាងមិនព្រមមកទេ›។ ១៨ ចាប់ពីថ្ងៃនេះទៅ ប្រពន្ធរបស់ពួកអ្នកគ្រប់គ្រងទាំងឡាយក្នុងរាជាណាចក្រមេឌីពើស៊ី ដែលបានឮថាអគ្គមហេសីមិនបានស្ដាប់បង្គាប់ស្ដេច ពួកគេមុខជានិយាយជាមួយនឹងប្ដីរបស់ខ្លួនអំពីរឿងនោះមិនខាន ហើយនេះនឹងនាំឲ្យមានការមើលងាយនិងកំហឹងជាខ្លាំង។ ១៩ បើលោកម្ចាស់មិនយល់ទាស់ទេ សូមលោកចេញច្បាប់មួយ ហើយឲ្យគេកត់ទុកក្នុងច្បាប់របស់រាជាណាចក្រមេឌីពើស៊ី ដែលមិនអាចទៅជាមោឃឡើយ+ គឺថាអគ្គមហេសីវ៉ាសធីនឹងមិនអាចចូលមកជួបស្ដេចជាម្ចាស់បានទៀតទេ ហើយសូមលោកម្ចាស់ដកតំណែងរបស់នាងឲ្យទៅស្ត្រីម្នាក់ទៀតដែលប្រសើរជាងនាងវិញ។ ២០ ពេលគេប្រកាសច្បាប់នោះនៅពេញរាជាណាចក្រហើយ នោះប្រពន្ធទាំងឡាយចាប់តាំងពីអ្នកតូចរហូតដល់អ្នកធំ នឹងលើកកិត្តិយសប្ដីរបស់ខ្លួនជាមិនខាន»។
២១ ស្ដេចនិងពួកអ្នកគ្រប់គ្រងពេញចិត្តជាខ្លាំងនឹងយោបល់របស់មេមូកាន ហើយស្ដេចព្រមធ្វើតាមយោបល់នោះ។ ២២ ដូច្នេះ គាត់បានឲ្យគេផ្ញើសារទៅគ្រប់ខេត្តនៅទូទាំងរាជាណាចក្ររបស់គាត់+ តាមភាសារបស់បណ្ដាជនក្នុងខេត្តនីមួយៗ ដើម្បីឲ្យប្ដីទាំងឡាយធ្វើជាប្រមុខ*គ្រួសារ ហើយត្រូវនិយាយភាសាកំណើតរបស់ខ្លួនក្នុងក្រុមគ្រួសារ។