សៀវភៅសាំយូអែលទី២
១ ក្រោយពីដាវីឌបានច្បាំងឈ្នះ*ជនជាតិអាម៉ាលេក គាត់ក៏ធ្វើដំណើរត្រឡប់មកវិញ ដំណាលគ្នានោះសុលបានទទួលមរណភាព។ ដាវីឌអាស្រ័យនៅក្រុងស៊ីកឡាក់+អស់រយៈពេលពីរថ្ងៃ។ ២ នៅថ្ងៃទី៣ មានយុវជនម្នាក់មកពីជំរំទ័ពរបស់សុល។ គាត់បានហែកសម្លៀកបំពាក់ ហើយដាក់ដីលើក្បាល។ ពេលគាត់មកជួបដាវីឌ គាត់ក្រាបក្បាលគោរពដាវីឌ។
៣ ដាវីឌសួរគាត់ថា៖ «តើអ្នកមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំរត់គេចខ្លួនចេញពីជំរំទ័ពអ៊ីស្រាអែល»។ ៤ ដាវីឌក៏សួរទៀតថា៖ «សូមប្រាប់ខ្ញុំ តើមានអ្វីកើតឡើងនៅសមរភូមិ?»។ គាត់ឆ្លើយថា៖ «ពួកទាហានអ៊ីស្រាអែលបាក់ទ័ពរត់ចេញពីសមរភូមិ ហើយពួកគេជាច្រើននាក់បាត់បង់ជីវិត សូម្បីតែសុលនិងយ៉ូណាថានជាកូនប្រុសគាត់ក៏ស្លាប់ដែរ»។+ ៥ រួចដាវីឌបន្តសួរយុវជនដែលនាំដំណឹងនោះថា៖ «តើអ្នកដឹងយ៉ាងដូចម្ដេចថាសុលនិងយ៉ូណាថានស្លាប់?»។ ៦ យុវជននោះឆ្លើយថា៖ «ចៃដន្យពេលនោះខ្ញុំនៅលើភ្នំគីលបោ។+ ខ្ញុំឃើញសុលកំពុងទប់ខ្លួននឹងលំពែង ហើយពួកអ្នកបររទេះចម្បាំង និងពួកទាហានសេះបានដេញតាមគាត់ជិតទាន់។+ ៧ ពេលសុលងាកមកឃើញខ្ញុំ គាត់ហៅខ្ញុំ ហើយខ្ញុំឆ្លើយថា៖ ‹បាទ លោកម្ចាស់!›។ ៨ គាត់សួរខ្ញុំថា៖ ‹តើអ្នកជានរណា?›។ ខ្ញុំឆ្លើយថា៖ ‹ខ្ញុំជាជនជាតិអាម៉ាលេក›។+ ៩ រួចគាត់និយាយថា៖ ‹សូមមកជិតខ្ញុំ ហើយសម្លាប់ខ្ញុំទៅ ព្រោះខ្ញុំឈឺចុកចាប់ពើតផ្សាខ្លាំងណាស់។ ខ្ញុំជិតស្លាប់ហើយ›។ ១០ ដូច្នេះ ខ្ញុំក៏ចូលទៅជិត ហើយសម្លាប់គាត់+ ដោយសារគាត់ត្រូវរបួសធ្ងន់ធ្ងរ ហើយខ្ញុំដឹងថាគាត់ច្បាស់ជាមិនរស់ទេ។ បន្ទាប់មក ខ្ញុំដោះមកុដនិងកងដៃរបស់គាត់ រួចយកមកជូនលោកម្ចាស់»។
១១ ពេលដាវីឌឮដូច្នោះ គាត់ហែកសម្លៀកបំពាក់របស់គាត់។ ឯពួកបុរសទាំងអស់ដែលនៅជាមួយនឹងគាត់ក៏ធ្វើដូចគាត់ដែរ។ ១២ ពួកគេស្រែកយំ ហើយតមអាហារ+រហូតដល់ល្ងាច ដោយសារសុល យ៉ូណាថាន រាស្ត្ររបស់ព្រះយេហូវ៉ា និងជនជាតិអ៊ីស្រាអែលជាច្រើន+បានត្រូវគេសម្លាប់។
១៣ ដាវីឌសួរយុវជននោះថា៖ «តើអ្នកជានរណា ហើយមកពីណា?»។ គាត់ឆ្លើយថា៖ «ខ្ញុំជាជនជាតិអាម៉ាលេក ដែលមករស់នៅក្នុងស្រុកអ៊ីស្រាអែល»។ ១៤ ដាវីឌសួរគាត់ថា៖ «ហេតុអ្វីបានជាអ្នកហ៊ានលើកដៃសម្លាប់អ្នកដែលព្រះយេហូវ៉ាបានរើសតាំង?»។+ ១៥ រួចដាវីឌហៅបុរសវ័យក្មេងម្នាក់មក ហើយបញ្ជាថា៖ «ចូរសម្លាប់គាត់ចោលភ្លាម!»។ បុរសនោះក៏សម្លាប់គាត់ចោល។+ ១៦ ដាវីឌនិយាយថា៖ «អ្នកស្លាប់ដោយសារតែកំហុសខ្លួនឯង* ព្រោះអ្នកបានបញ្ជាក់ដោយផ្ទាល់មាត់ថា អ្នកបានសម្លាប់អ្នកដែលព្រះយេហូវ៉ាបានរើសតាំង»។+
១៧ ក្រោយមក ដាវីឌទួញទំនួញថ្ងួចថ្ងូរ*អំពីសុល និងអំពីយ៉ូណាថានដែលជាកូនប្រុសរបស់សុល។+ ១៨ ដាវីឌថែមទាំងបញ្ជាឲ្យគេបង្រៀនបណ្ដាជនយូដាឲ្យចេះទួញទំនួញថ្ងួចថ្ងូរនេះ ហៅថា«កំណាព្យនៃធ្នូ»។ ទំនួញនេះបានត្រូវកត់ទុកក្នុងសៀវភៅយ៉ាសា ដូចតទៅ៖+
១៩ «ឱអ៊ីស្រាអែលអើយ មនុស្សដ៏រុងរឿងបានត្រូវគេសម្លាប់នៅលើទីខ្ពស់របស់អ្នក។+
បុរសអង់អាចក្លាហានបានស្លាប់ទៅហើយ!
២០ កុំប្រាប់រឿងនេះដល់ក្រុងកាថ+
កុំប្រកាសប្រាប់ដល់ក្រុងអាសកាឡូន
ក្រែងលោកូនស្រីពួកភីលីស្ទីននាំគ្នាអរសប្បាយ
ក្រែងលោកូនស្រីជនជាតិដទៃ*នាំគ្នាត្រេកអរ។
២១ ឱភ្នំគីលបោអើយ!+
សូមកុំឲ្យមានសន្សើម ឬភ្លៀងធ្លាក់លើអ្នកឲ្យសោះ
ហើយកុំឲ្យស្រែចម្ការនៅភ្នំនោះបង្កើតភោគផលដែលអាចជូនព្រះបានឡើយ+
ព្រោះនៅទីនោះខែលរបស់មនុស្សខ្លាំងក្លាបានត្រូវធ្វើឲ្យស្មោកគ្រោក
ហើយខែលរបស់សុលលែងបានត្រូវចាក់ប្រេងទៀត។
២២ ដរាបណាមិនបានបង្ហូរឈាម ហើយចាក់ខ្លាញ់របស់ពួកសត្រូវខ្លាំងពូកែទេ
ដរាបនោះធ្នូរបស់យ៉ូណាថាននិងដាវរបស់សុល
មិនត្រឡប់មកវិញដោយគ្មានជ័យជម្នះឡើយ។+
២៣ កាលដែលនៅរស់ សុលនិងយ៉ូណាថាន+ជាមនុស្សគួរឲ្យស្រឡាញ់រាប់អាន
កាលដែលពួកគាត់ស្លាប់ ក៏ស្លាប់ជាមួយគ្នាដែរ។+
២៤ ឱពួកកូនស្រីជនជាតិអ៊ីស្រាអែលអើយ! ចូរយំស្ដាយស្រណោះសុលចុះ
ព្រោះលោកផ្ដល់ឲ្យនាងនូវសម្លៀកបំពាក់ក្រហមឆ្អៅនិងគ្រឿងលម្អយ៉ាងប្រណីត
ថែមទាំងបំពាក់គ្រឿងអលង្ការមាសលើសម្លៀកបំពាក់របស់នាងផង។
២៥ ឱបុរសដ៏ក្លាហានអើយ អ្នកស្លាប់ក្នុងចម្បាំងហើយ!
យ៉ូណាថានស្លាប់នៅលើទីខ្ពស់របស់នាង!+
២៦ ឱយ៉ូណាថានបងប្រុសរបស់ខ្ញុំអើយ! ខ្ញុំកើតទុក្ខក្រៀមក្រំអាល័យបង
ខ្ញុំស្រឡាញ់បងខ្លាំងណាស់។+
សេចក្ដីស្រឡាញ់របស់បង វិសេសជាងសេចក្ដីស្រឡាញ់របស់ស្ត្រីទៅទៀត។+
២៧ បុរសអង់អាចក្លាហានបានស្លាប់ទៅហើយ
ឯគ្រឿងចម្បាំងក៏បានវិនាសទៅដែរ!»។