អ្នកសម្រេចក្ដី
១៣ ជនជាតិអ៊ីស្រាអែលបានប្រព្រឹត្តអំពើដែលព្រះយេហូវ៉ាមិនពេញចិត្តម្ដងទៀត។+ ដូច្នេះ ព្រះយេហូវ៉ាបានប្រគល់ពួកគេទៅក្នុងកណ្ដាប់ដៃរបស់ពួកភីលីស្ទីន+អស់រយៈពេល៤០ឆ្នាំ។
២ នៅគ្រានោះ មានបុរសម្នាក់ឈ្មោះម៉ាណូអា+នៅក្រុងសូរ៉ា+ គាត់មកពីវង្សត្រកូលមួយក្នុងកុលសម្ព័ន្ធដាន់។+ ប្រពន្ធរបស់គាត់គ្មានកូនទេ ព្រោះនាងជាស្ត្រីអារ។+ ៣ ក្រោយមក ទេវតារបស់ព្រះយេហូវ៉ាលេចមកជួបប្រពន្ធរបស់គាត់ ហើយប្រាប់នាងថា៖ «មើល! នាងគ្មានកូនទេ ព្រោះនាងជាស្ត្រីអារ។ ប៉ុន្តែ នាងនឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។+ ៤ ពេលនោះនាងត្រូវប្រយ័ត្នកុំផឹកគ្រឿងស្រវឹង ឬអ្វីដែលមានជាតិស្រា+ ហើយកុំបរិភោគអ្វីដែលមិនស្អាតបរិសុទ្ធឡើយ។+ ៥ មើល! នាងនឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ សក់កូននោះនឹងមិនត្រូវកាត់ឡើយ+ ព្រោះកូននោះនឹងទៅជាណាសារីត*នៃព្រះតាំងពីនៅក្នុងផ្ទៃ។ កូននោះនឹងជួយសង្គ្រោះជនជាតិអ៊ីស្រាអែលឲ្យរួចពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីន»។+
៦ រួចនាងក៏ទៅប្រាប់ប្ដីថា៖ «បុរសម្នាក់ដែលតំណាងព្រះពិតបានមកជួបខ្ញុំ។ គាត់មានរូបរាងដូចជាទេវតារបស់ព្រះពិត មើលទៅអស្ចារ្យណាស់! ខ្ញុំមិនបានសួរគាត់ថាមកពីណាទេ ហើយគាត់ក៏មិនបានប្រាប់ឈ្មោះគាត់ដែរ។+ ៧ គាត់គ្រាន់តែប្រាប់ខ្ញុំថា៖ ‹មើល! នាងនឹងមានផ្ទៃពោះ ហើយសម្រាលបានកូនប្រុសមួយ។ ពេលនោះនាងត្រូវប្រយ័ត្នកុំផឹកគ្រឿងស្រវឹង ឬអ្វីដែលមានជាតិស្រា ហើយកុំបរិភោគអ្វីដែលមិនស្អាតបរិសុទ្ធឡើយ ព្រោះកូននោះនឹងទៅជាណាសារីតនៃព្រះតាំងពីនៅក្នុងផ្ទៃ រហូតដល់ថ្ងៃស្លាប់›»។
៨ ដូច្នេះ ម៉ាណូអាក៏អង្វរព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ សូមអនុគ្រោះ។ សូមលោកមេត្តាចាត់បុរសនោះមកម្ដងទៀត ដើម្បីណែនាំយើងខ្ញុំអំពីរបៀបចិញ្ចឹមអប់រំកូនដែលនឹងកើតមក»។ ៩ ព្រះដ៏ពិតបានធ្វើតាមសំណូមពររបស់ម៉ាណូអា។ លោកចាត់ទេវតានោះឲ្យទៅជួបប្រពន្ធរបស់ម៉ាណូអាម្ដងទៀត ខណៈដែលនាងកំពុងអង្គុយនៅខាងក្រៅ។ តែពេលនោះម៉ាណូអាមិនបាននៅជាមួយនឹងនាងទេ។ ១០ នាងប្រញាប់ប្រញាល់រត់ទៅប្រាប់ប្ដីថា៖ «មើលហ្ន៎! បុរសដែលមកជួបខ្ញុំថ្ងៃមុន គាត់មកទៀតហើយ»។+
១១ ឮដូច្នេះ ម៉ាណូអាក៏ទៅជាមួយនឹងប្រពន្ធគាត់ ដើម្បីជួបបុរសនោះ។ ពេលទៅដល់ គាត់សួរបុរសនោះថា៖ «តើអ្នកជាបុរសដែលបាននិយាយជាមួយនឹងប្រពន្ធខ្ញុំឬ?»។ បុរសនោះឆ្លើយថា៖ «មែន គឺខ្ញុំ»។ ១២ រួចម៉ាណូអានិយាយថា៖ «សូមឲ្យពាក្យរបស់អ្នកក្លាយជាការពិត! ចុះពេលដែលកូនកើតមក តើកូននឹងមានជីវិតបែបណា? ហើយតើនឹងធ្វើកិច្ចការអ្វី?»។+ ១៣ ទេវតារបស់ព្រះយេហូវ៉ាឆ្លើយនឹងម៉ាណូអាថា៖ «ប្រពន្ធរបស់អ្នកត្រូវធ្វើតាមអ្វីៗទាំងអស់ដែលខ្ញុំបានប្រាប់នាង។+ ១៤ នាងមិនត្រូវបរិភោគអ្វីណាដែលមកពីផលទំពាំងបាយជូរឡើយ ហើយក៏មិនត្រូវផឹកគ្រឿងស្រវឹង ឬអ្វីដែលមានជាតិស្រាដែរ។+ ម្យ៉ាងទៀត នាងមិនត្រូវបរិភោគអ្វីដែលមិនស្អាតបរិសុទ្ធឡើយ។+ នាងត្រូវធ្វើតាមបង្គាប់ទាំងអស់របស់ខ្ញុំ»។
១៥ បន្ទាប់មក ម៉ាណូអានិយាយទៅទេវតារបស់ព្រះយេហូវ៉ាថា៖ «សូមអ្នកចាំនៅទីនេះសិន។ យើងនឹងទៅយកកូនពពែមកធ្វើអាហារជូនអ្នក»។+ ១៦ ក៏ប៉ុន្តែ ទេវតារបស់ព្រះយេហូវ៉ាប្រាប់ម៉ាណូអាថា៖ «ខ្ញុំចាំនៅទីនេះបាន តែខ្ញុំមិនបរិភោគទេ។ ប៉ុន្តែ បើអ្នកចង់ជូនគ្រឿងបូជាដុតទៅព្រះយេហូវ៉ា សូមអញ្ជើញជូនចុះ»។ ម៉ាណូអាមិនដឹងថាបុរសនោះជាទេវតារបស់ព្រះយេហូវ៉ាឡើយ។ ១៧ រួចម៉ាណូអាសួរទេវតារបស់ព្រះយេហូវ៉ាថា៖ «តើអ្នកឈ្មោះអ្វី?+ សូមប្រាប់យើង ដើម្បីយើងអាចលើកកិត្តិយសអ្នកពេលដែលពាក្យសម្ដីរបស់អ្នកក្លាយជាការពិត»។ ១៨ ទេវតារបស់ព្រះយេហូវ៉ាតបទៅគាត់ថា៖ «កុំសួរឈ្មោះខ្ញុំឡើយ ព្រោះឈ្មោះនោះនឹងធ្វើឲ្យនឹកអស្ចារ្យក្នុងចិត្ត»។
១៩ រួចមក ម៉ាណូអាក៏យកកូនពពែនិងគ្រឿងបូជាពីស្រូវ មកជូនព្រះយេហូវ៉ានៅលើថ្មមួយ។ ពេលនោះ លោកបានធ្វើការអស្ចារ្យនៅចំពោះមុខម៉ាណូអានិងប្រពន្ធ ២០ គឺមានអណ្ដាតភ្លើងពីទីបូជាឆេះឡើងទៅលើមេឃ ហើយទេវតារបស់ព្រះយេហូវ៉ាឡើងតាមអណ្ដាតភ្លើងពីទីបូជានោះ ក្នុងពេលដែលម៉ាណូអានិងប្រពន្ធកំពុងមើល។ ភ្លាមនោះ ពួកគេក្រាបមុខដល់ដី។ ២១ នៅពេលនោះ ម៉ាណូអាបានដឹងថាបុរសនោះគឺជាទេវតារបស់ព្រះយេហូវ៉ា។+ ទេវតារបស់ព្រះយេហូវ៉ាមិនបានមកជួបម៉ាណូអានិងប្រពន្ធទៀតទេ។ ២២ ម៉ាណូអាក៏និយាយទៅប្រពន្ធថា៖ «យើងច្បាស់ជាស្លាប់ជាមិនខាន ព្រោះយើងបានឃើញព្រះ»។+ ២៣ ប៉ុន្តែ ប្រពន្ធនិយាយទៅគាត់ថា៖ «បើព្រះយេហូវ៉ាចង់សម្លាប់យើងមែន លោកច្បាស់ជាមិនទទួលគ្រឿងបូជាពីស្រូវនិងគ្រឿងបូជាដុតដែលយើងទើបតែជូនទេ+ ហើយលោកក៏មិនបង្ហាញការអស្ចារ្យទាំងនេះឲ្យយើងឃើញ ហើយក៏មិនប្រាប់រឿងផ្សេងៗឲ្យយើងដឹងដែរ»។
២៤ ក្រោយមក ប្រពន្ធរបស់ម៉ាណូអាកើតបានកូនប្រុសមួយ ហើយដាក់ឈ្មោះថាសាំសុន។+ កាលដែលកូននោះកាន់តែធំឡើង ព្រះយេហូវ៉ាបន្តឲ្យពរកូននោះ។ ២៥ ក្រោយមកទៀត ឫទ្ធានុភាពរបស់ព្រះយេហូវ៉ាចាប់ផ្ដើមមានឥទ្ធិពលលើសាំសុន+ ពេលដែលគាត់នៅម៉ាហានេដាន់។+ កន្លែងនោះស្ថិតនៅរវាងក្រុងសូរ៉ានិងក្រុងអែសថោល។+