ចម្រៀងសរសើរព្រះ
ជូនចំពោះមេភ្លេង សូមលេងតាមសំឡេងគីធីត។* ទំនុករបស់កូនចៅកូរ៉ា។+
៨៤ ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌អើយ!
ខ្ញុំស្រឡាញ់ត្រសាលដ៏រុងរឿងរបស់លោកខ្លាំងណាស់។+
២ ខ្ញុំនឹកអាល័យដល់ទីធ្លារបស់ព្រះយេហូវ៉ា+
ខ្ញុំនឹកខ្លាំងដល់ម្ល៉េះបានជាខ្ញុំលែងមានកម្លាំងទៀត។
ខ្ញុំស្រែកសរសើរតម្កើងព្រះដែលមានជីវិតរស់នៅយ៉ាងអស់ពីដួងចិត្ត។
៣ សូម្បីតែសត្វស្លាបក៏តាំងទ្រនំនៅទីនោះដែរ
នៅកន្លែងនោះឯងដែលសត្វត្រចៀកកាំធ្វើសម្បុកសម្រាប់ខ្លួនវា
និងសម្រាប់រក្សាការពារកូនរបស់វា។
ពួកវាជ្រកអាស្រ័យនៅក្បែរទីបូជាដ៏ឧត្តុង្គឧត្តមរបស់លោក
ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌ លោកជាស្ដេចនិងជាព្រះរបស់ខ្ញុំ!
៤ អស់អ្នកដែលនៅក្នុងវិហាររបស់លោក មានសុភមង្គលហើយ!+
ពួកគេសរសើរលោកជានិច្ច។+ (ស៊ីឡា)
៥ មានសុភមង្គលហើយ អស់អ្នកដែលទទួលកម្លាំងពីលោក+
ជាពួកអ្នកដែលប្រាថ្នាដើរតាមផ្លូវទៅឯវិហាររបស់លោក។
៦ ពេលពួកគេដើរកាត់ជ្រលងបេកា* ពួកគេធ្វើឲ្យកន្លែងនោះទៅជាប្រភពទឹក។
រីឯភ្លៀងដែលធ្លាក់នៅដើមរដូវ ក៏នាំឲ្យមានពរជាច្រើនដែរ។*
៧ ពួកគេនឹងបន្តដំណើរទៅ តែមិនអស់កម្លាំងទេ+
ពួកគេម្នាក់ៗមកនៅចំពោះមុខព្រះនៅស៊ីយ៉ូន។
៨ ឱព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌សូមស្ដាប់សេចក្ដីអធិដ្ឋានរបស់ខ្ញុំ
ឱព្រះរបស់យ៉ាកុប សូមមេត្តាស្ដាប់ខ្ញុំ។ (ស៊ីឡា)
៩ មើល! លោកជាខែល+និងជាព្រះរបស់យើង*
សូមលោកបង្ហាញសេចក្ដីមេត្តាដល់អ្នកដែលលោកបានរើសតាំង។+
១០ ព្រោះមួយថ្ងៃនៅក្នុងទីធ្លារបស់លោក ប្រសើរជាងមួយពាន់ថ្ងៃនៅកន្លែងផ្សេងទៀត!+
ខ្ញុំពេញចិត្តឈរនៅច្រកចូលវិហារនៃព្រះរបស់ខ្ញុំ
ជាជាងអាស្រ័យនៅក្នុងត្រសាលរបស់មនុស្សទុច្ចរិត។
១១ ពីព្រោះព្រះយេហូវ៉ាជាដួងអាទិត្យ+និងជាខែល+
លោកសន្ដោសប្រណី ហើយផ្ដល់កិត្តិយស
ព្រះយេហូវ៉ានឹងមិនហួងហែងអ្វីល្អៗឡើយ
ពីអស់អ្នកដែលដើរដោយចិត្តស្មោះឥតងាករេ។+
១២ ឱព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌អើយ
អ្នកណាដែលទុកចិត្តលោក អ្នកនោះមានសុភមង្គលហើយ។+