បណ្ដាស្ដេចទី២
១៤ នៅឆ្នាំទី២ក្នុងរាជ្យយេហូអាស+ជាកូនយេហូអាហាសជាស្ដេចស្រុកអ៊ីស្រាអែល អាម៉ាស៊ាជាកូនយេហូអាសជាស្ដេចស្រុកយូដា បានគ្រប់គ្រងជាស្ដេច។ ២ ពេលនោះ គាត់មានអាយុ២៥ឆ្នាំ ហើយគាត់បានគ្រប់គ្រងនៅក្រុងយេរូសាឡិមអស់រយៈពេល២៩ឆ្នាំ។ ម្ដាយរបស់គាត់ឈ្មោះយេហូអាឌីនជាអ្នកក្រុងយេរូសាឡិម។+ ៣ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាពេញចិត្ត តែមិនបានដូចដាវីឌ+ជាបុព្វបុរសរបស់គាត់ទេ។ គាត់បានដើរតាមគន្លងរបស់យេហូអាសជាឪពុករបស់គាត់។+ ៤ ប៉ុន្តែ គាត់មិនបានបំបាត់ចោលទីខ្ពស់ពិសិដ្ឋទេ+ ហើយបណ្ដាជននៅតែជូនគ្រឿងបូជាឲ្យផ្សែងហុយឡើងនៅលើទីខ្ពស់ទាំងនោះដដែល។+ ៥ កាលដែលរាជាណាចក្ររបស់គាត់បានរឹងមាំហើយ គាត់បានប្រហារជីវិតពួកអ្នកបម្រើ ដែលបានសម្លាប់ឪពុកគាត់។+ ៦ ក៏ប៉ុន្តែ គាត់មិនបានសម្លាប់កូនៗរបស់ឃាតករទាំងនោះទេ ព្រោះគាត់ធ្វើតាមបញ្ញត្តិរបស់ព្រះយេហូវ៉ាដែលបានត្រូវកត់ទុកក្នុងសៀវភៅច្បាប់របស់ម៉ូសេ ដែលថា៖ «ឪពុកមិនគួរស្លាប់ដោយសារអំពើខុសឆ្គងរបស់កូនទេ ហើយកូនក៏មិនគួរស្លាប់ដោយសារអំពើខុសឆ្គងរបស់ឪពុកដែរ។ ប៉ុន្តែ បុគ្គលម្នាក់ៗត្រូវស្លាប់ដោយសារអំពើខុសឆ្គងរបស់ខ្លួនវិញ»។+ ៧ អាម៉ាស៊ាបានច្បាំងឈ្នះជនជាតិអេដំ+នៅជ្រលងអំបិល+ ហើយគាត់បានសម្លាប់ពួកគេអស់១០.០០០នាក់ រួចចាប់យកក្រុងសេឡា។+ ក្រោយមក គេក៏ហៅក្រុងនោះថាក្រុងយ៉ុកធាលរហូតដល់សព្វថ្ងៃ។
៨ បន្ទាប់មក អាម៉ាស៊ាបានចាត់ពួកអ្នកនាំសារឲ្យទៅជួបស្ដេចស្រុកអ៊ីស្រាអែល គឺយេហូអាសជាកូនយេហូអាហាស ហើយត្រូវជាចៅរបស់យេហ៊ូ។ ពួកគេនាំពាក្យថា៖ «ចូរចេញមកប្រយុទ្ធគ្នា»។+ ៩ ក្រោយពីស្ដាប់រួច យេហូអាសជាស្ដេចស្រុកអ៊ីស្រាអែលក៏បានផ្ញើសារត្រឡប់ទៅអាម៉ាស៊ាជាស្ដេចស្រុកយូដាវិញថា៖ «គុម្ពបន្លានៅតំបន់ភ្នំលីបង់បានផ្ញើសារទៅដើមស៊ីដារនៅតំបន់ភ្នំលីបង់ថា៖ ‹ចូរលើកកូនស្រីអ្នកឲ្យកូនប្រុសខ្ញុំ›។ ប៉ុន្តែ សត្វព្រៃមួយក្បាលនៅតំបន់ភ្នំលីបង់បានដើរកាត់ ហើយជាន់គុម្ពបន្លានោះឲ្យខ្ទេចខ្ទីអស់។ ១០ អ្នកបានវាយឈ្នះពួកអេដំ+ ហេតុនេះហើយបានជាអ្នកមានអំណួត។ ចូរអរសប្បាយនឹងជ័យជម្នះរបស់អ្នកទៅ ហើយនៅក្នុងវិមានរបស់ខ្លួនចុះ។ ហេតុអ្វីក៏អ្នកចង់នាំឲ្យស្រុកយូដាមានក្ដីអន្តរាយជាមួយនឹងអ្នកដូច្នេះ?»។ ១១ ប៉ុន្តែ អាម៉ាស៊ាមិនព្រមស្ដាប់តាមទេ។+
ដូច្នេះ យេហូអាសជាស្ដេចស្រុកអ៊ីស្រាអែល បានឡើងទៅច្បាំងនឹងអាម៉ាស៊ាជាស្ដេចស្រុកយូដានៅក្រុងបេតសេមែស+ ដែលជាទឹកដីស្រុកយូដា។+ ១២ ក្នុងចម្បាំងនោះ ពួកយូដាបានចាញ់ពួកអ៊ីស្រាអែល ហើយពួកគេបានរត់ទៅលំនៅរបស់គេរៀងខ្លួន។ ១៣ នៅក្រុងបេតសេមែស យេហូអាសស្ដេចស្រុកអ៊ីស្រាអែល បានចាប់អាម៉ាស៊ាស្ដេចស្រុកយូដា ជាកូនយេហូអាស ហើយត្រូវជាចៅអាហាស៊ីយ៉ា។ បន្ទាប់មក ពួកគេបានទៅក្រុងយេរូសាឡិម ហើយយេហូអាសបានរំលំកំពែងក្រុងយេរូសាឡិម ចាប់ពីទ្វារអេប្រាអ៊ីម+ទៅដល់ទ្វារជ្រុងកំពែង+ អស់ប្រវែង៤០០ហត្ថ។* ១៤ រួចយេហូអាសបានប្រមូលយកមាសប្រាក់និងប្រដាប់ប្រដាទាំងអស់ពីវិហារព្រះយេហូវ៉ា ថែមទាំងពីឃ្លាំងវិមានស្ដេចផងដែរ។ គាត់ក៏ចាប់បណ្ដាជនយកទៅធ្វើជាឈ្លើយសឹក។ បន្ទាប់មក គាត់ក៏ត្រឡប់ទៅក្រុងសាម៉ារីវិញ។
១៥ រីឯកិច្ចការទាំងប៉ុន្មានដែលយេហូអាសបានធ្វើ និងភាពខ្លាំងពូកែរបស់គាត់ ថែមទាំងការធ្វើចម្បាំងនឹងអាម៉ាស៊ាស្ដេចស្រុកយូដា សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែល។ ១៦ ក្រោយមក យេហូអាសបានស្លាប់ ហើយគេបានបញ្ចុះសពគាត់ជាមួយនឹងបណ្ដាស្ដេចស្រុកអ៊ីស្រាអែលនៅក្រុងសាម៉ារី។+ រួចមក យេរ៉ូបោម*+ជាកូនរបស់គាត់ ក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។
១៧ ក្រោយពីយេហូអាស+ជាកូនយេហូអាហាសជាស្ដេចស្រុកអ៊ីស្រាអែល+បានស្លាប់ អាម៉ាស៊ា+ជាកូនយេហូអាសស្ដេចស្រុកយូដាបានរស់នៅអស់រយៈពេល១៥ឆ្នាំទៀត។ ១៨ រីឯកិច្ចការទាំងប៉ុន្មានដែលអាម៉ាស៊ាបានធ្វើ សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកយូដា។ ១៩ ក្រោយមក មានគេឃុបឃិតគ្នាក្បត់នឹងគាត់+នៅក្រុងយេរូសាឡិម។ ហេតុនោះ គាត់ក៏រត់ទៅក្រុងឡាគីស។ ប៉ុន្តែគេបានចាត់បុរសខ្លះឲ្យទៅតាមគាត់នៅក្រុងនោះ ហើយសម្លាប់គាត់ចោលទៅ។ ២០ ដូច្នេះ គេបានដាក់សពគាត់លើរទេះសេះ ហើយនាំយកមកបញ្ចុះនៅក្រុងដាវីឌជាមួយនឹងបុព្វបុរសរបស់គាត់ ក្នុងក្រុងយេរូសាឡិម។+ ២១ បន្ទាប់មក បណ្ដាជនយូដាទាំងអស់បានតែងតាំងអាសារៀ*+ជាកូនអាម៉ាស៊ា ឲ្យធ្វើជាស្ដេចបន្ទាប់ពីឪពុក។+ ពេលនោះ អាសារៀមានអាយុ១៦ឆ្នាំ។+ ២២ ក្រោយពីអាម៉ាស៊ាបានស្លាប់ ហើយបានត្រូវបញ្ចុះជាមួយនឹងបុព្វបុរសគាត់ អាសារៀបានសង់ក្រុងអេឡាត+ឡើងវិញ ហើយដាក់ឲ្យនៅក្រោមការគ្រប់គ្រងរបស់ស្រុកយូដា។+
២៣ នៅឆ្នាំទី១៥ក្នុងរាជ្យអាម៉ាស៊ាជាកូនយេហូអាសស្ដេចស្រុកយូដា យេរ៉ូបោម+ជាកូនយេហូអាសស្ដេចស្រុកអ៊ីស្រាអែល បានគ្រប់គ្រងជាស្ដេចនៅក្រុងសាម៉ារី។ គាត់បានគ្រប់គ្រងអស់រយៈពេល៤១ឆ្នាំ។ ២៤ គាត់តែងតែប្រព្រឹត្តអ្វីដែលព្រះយេហូវ៉ាមិនពេញចិត្ត។ គាត់មិនបានបែរចេញពីអំពើខុសឆ្គង ដែលយេរ៉ូបោមជាកូនណេបាតបានបណ្ដាលឲ្យបណ្ដាជនអ៊ីស្រាអែលប្រព្រឹត្តតាមនោះទេ។+ ២៥ គាត់បានដណ្ដើមយកទឹកដីស្រុកអ៊ីស្រាអែលមកវិញ ចាប់ពីលេបូហាម៉ាត+ទៅដល់សមុទ្រអារ៉ាបា*+ ស្របតាមប្រសាសន៍របស់ព្រះយេហូវ៉ាតាមរយៈអ្នកបម្រើរបស់លោកឈ្មោះយ៉ូណាស+ ជាកូនអាមីតថាយ ជាអ្នកប្រកាសទំនាយម្នាក់ដែលមកពីក្រុងកាថហេផឺ។+ ២៦ ព្រះយេហូវ៉ាបានឃើញថាជនជាតិអ៊ីស្រាអែលរងទុក្ខវេទនាយ៉ាងខ្លាំង+ ហើយគ្មានអ្នកណាម្នាក់នៅសល់ដើម្បីជួយពួកគេឡើយ សូម្បីតែអ្នកតូចទាបក៏គ្មានដែរ។ ២៧ ព្រះយេហូវ៉ាបានសន្យាថានឹងមិនលុបឈ្មោះអ៊ីស្រាអែលចេញពីផែនដីឡើយ។+ ដូច្នេះ លោកបានសង្គ្រោះពួកគេតាមរយៈយេរ៉ូបោមជាកូនយេហូអាស។+
២៨ រីឯកិច្ចការទាំងប៉ុន្មានដែលយេរ៉ូបោមបានធ្វើ និងភាពខ្លាំងពូកែរបស់គាត់ ព្រមទាំងការធ្វើចម្បាំង និងការដែលគាត់យកក្រុងដាម៉ាស់+និងក្រុងហាម៉ាត+ធ្វើជាចំណុះរបស់ស្រុកយូដានិងស្រុកអ៊ីស្រាអែល សុទ្ធតែបានត្រូវកត់ទុកក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់បណ្ដាស្ដេចស្រុកអ៊ីស្រាអែល។ ២៩ ក្រោយមក យេរ៉ូបោមបានស្លាប់ ហើយគេបានបញ្ចុះសពគាត់ជាមួយនឹងបណ្ដាស្ដេចអ៊ីស្រាអែល។ រួចមក សាការី+ជាកូនក៏បានគ្រងរាជ្យបន្ទាប់ពីគាត់។