អេម៉ុស
១ នេះជាពាក្យសម្ដីរបស់អេម៉ុស។* អេម៉ុសជាគង្វាលចៀមម្នាក់ពីក្រុងថេកូអា។+ នៅគ្រាអូសៀស+ស្ដេចស្រុកយូដា និងនៅគ្រាយេរ៉ូបោម+ជាកូនរបស់យ៉ូអាស+ជាស្ដេចស្រុកអ៊ីស្រាអែល គឺនៅពីរឆ្នាំមុនពេលមានការរញ្ជួយដី+ គាត់បានទទួលការបើកបង្ហាញឲ្យឃើញក្នុងគំនិតស្ដីអំពីស្រុកអ៊ីស្រាអែល។ ២ គាត់និយាយថា៖
«ព្រះយេហូវ៉ានឹងគ្រហឹមពីស៊ីយ៉ូន
ហើយលោកនឹងបន្លឺសំឡេងយ៉ាងខ្លាំងចេញពីក្រុងយេរូសាឡិម។
វាលស្មៅរបស់គង្វាល នឹងក្រៀមស្វិត
ហើយរុក្ខជាតិនៅលើកំពូលភ្នំកើមែល នឹងស្រពោនអស់»។+
៣ «ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹«ក្រុងដាម៉ាស់បានបះបោរប្រឆាំងម្ដងហើយម្ដងទៀត។ ដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះពួកគេបានកិនកម្ទេចតំបន់គីលាតដោយក្ដារដែកបញ្ជាន់ស្រូវ។+
៤ ដូច្នេះ ខ្ញុំនឹងធ្វើឲ្យមានភ្លើងឆេះបំផ្លាញវិមានរបស់ហាសេអែល+
ហើយធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះប៉មរឹងមាំរបស់បេនហាដាត។+
៥ ខ្ញុំនឹងបំបាក់រនុកទ្វារក្រុងដាម៉ាស់+
ខ្ញុំនឹងប្រហារពួកអ្នកដែលមកពីប៊ីកាតអាវេន
ព្រមទាំងអ្នកគ្រប់គ្រងនៅបេតអេដែន
ហើយពួកស៊ីរីនឹងត្រូវនិរទេសទៅតំបន់គា»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា›។
៦ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹«ក្រុងកាសា+បានបះបោរប្រឆាំងម្ដងហើយម្ដងទៀត។ ដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះពួកគេបានយកជននិរទេសមួយក្រុមធំ+ ទៅប្រគល់ឲ្យពួកអេដំ។
៧ ដូច្នេះ ខ្ញុំនឹងធ្វើឲ្យមានភ្លើងឆេះកំពែងក្រុងកាសា+
ហើយធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះប៉មរឹងមាំក្នុងក្រុងនោះ។
៨ ខ្ញុំនឹងបំផ្លាញអ្នកក្រុងអាសូត+
ខ្ញុំនឹងប្រហារអ្នកគ្រប់គ្រងក្រុងអាសកាឡូន+
ខ្ញុំនឹងលើកដៃទៅទាស់នឹងក្រុងអេក្រុន+
ហើយពួកភីលីស្ទីនដែលនៅសេសសល់នឹងវិនាសទៅ»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ាជាម្ចាស់ដ៏ឧត្ដមបំផុត›។
៩ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹ក្រុងទីរ៉ុស+បានបះបោរប្រឆាំងម្ដងហើយម្ដងទៀតដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះពួកគេបានយកជននិរទេសមួយក្រុមធំ ទៅប្រគល់ឲ្យពួកអេដំ
ហើយពួកគេមិនបានចងចាំកិច្ចព្រមព្រៀងរវាងបងប្អូនទេ។+
១០ ដូច្នេះ ខ្ញុំនឹងធ្វើឲ្យមានភ្លើងឆេះកំពែងក្រុងទីរ៉ុស
ហើយធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះប៉មរឹងមាំក្នុងក្រុងនោះ›។+
១១ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹អេដំ+បានបះបោរប្រឆាំងម្ដងហើយម្ដងទៀតដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះគាត់បានដេញតាមបងប្អូនខ្លួនដោយដាវ+
ហើយគាត់មិនព្រមបង្ហាញសេចក្ដីមេត្តាករុណាទេ។
គាត់ចេះតែហែកពួកគេជាចំណែកៗដោយកំហឹង
ហើយគាត់ចងគំនុំនឹងពួកគេជានិច្ច។+
១២ ដូច្នេះ ខ្ញុំនឹងធ្វើឲ្យមានភ្លើងឆេះតំបន់ថេម៉ាន+
ហើយធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះប៉មរឹងមាំក្នុងក្រុងបូសរ៉ា›។+
១៣ ព្រះយេហូវ៉ាមានប្រសាសន៍ដូច្នេះថា៖
‹«ពួកអាំម៉ូន+បានបះបោរប្រឆាំងម្ដងហើយម្ដងទៀត ដូច្នេះអ្វីដែលខ្ញុំសម្រេចចិត្តហើយ ខ្ញុំនឹងមិនផ្លាស់ប្ដូរទេ
ព្រោះពួកគេបានវះពោះស្ត្រីដែលមានផ្ទៃពោះនៅតំបន់គីលាតដើម្បីពង្រីកទឹកដីរបស់ខ្លួន។+
១៤ ដូច្នេះ ខ្ញុំនឹងធ្វើឲ្យមានភ្លើងឆេះក្រុងរ៉ាបា+
ហើយធ្វើឲ្យអណ្ដាតភ្លើងឆាបឆេះប៉មរឹងមាំក្នុងក្រុងនោះ
ដោយសម្រែកចម្បាំងដូចនៅថ្ងៃសង្គ្រាម
និងដោយព្យុះសង្ឃរាដូចនៅថ្ងៃព្យុះភ្លៀង។
១៥ ពេលនោះ ស្ដេចនិងពួកអ្នកគ្រប់គ្រងរបស់ពួកគេនឹងត្រូវនិរទេសទៅជាមួយគ្នា»។+ នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា›។