អេសាយ
១៨ វេទនាហើយ! ស្រុកនៃហ្វូងកណ្ដូប
ដែលនៅតំបន់ទន្លេក្នុងស្រុកអេត្យូពី!+
២ ស្រុកនេះចាត់ពួកទូតទៅតាមសមុទ្រ
ឆ្លងកាត់ផ្លូវទឹកដោយជិះទូកធ្វើពីដើមកក់ ដោយបង្គាប់ថា៖
«ចូរទៅ! ឱពួកអ្នកនាំសារយ៉ាងរហ័សអើយ
ចូរទៅជួបប្រជាជាតិដែលមានរូបរាងខ្ពស់និងស្បែករលោង
គឺទៅជួបបណ្ដាជនដែលគេខ្លាចគ្រប់គ្នា+
ជាប្រជាជាតិដែលខ្លាំងក្លានិងមានជ័យជម្នះ
ដែលរស់នៅលើទឹកដីមានទន្លេហូរកាត់»។
៣ ឱមនុស្សទាំងឡាយដែលរស់នៅក្នុងស្រុកនិងពួកអ្នកដែលអាស្រ័យនៅលើផែនដីអើយ!
អ្វីដែលអ្នករាល់គ្នាឃើញ នឹងប្រៀបដូចជាសញ្ញាសម្គាល់ដែលគេតាំងឡើងនៅតំបន់ភ្នំ
ហើយអ្នករាល់គ្នានឹងឮសូរសំឡេងដូចជាសំឡេងគេផ្លុំស្នែង។
៤ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំយ៉ាងនេះថា៖
«ខ្ញុំនឹងនៅស្ងប់ស្ងាត់ ហើយខ្ញុំសម្លឹងមើលទៅ*កន្លែងដ៏រឹងមាំរបស់ខ្ញុំ
គឺប្រៀបដូចជាកម្ដៅនិងពន្លឺថ្ងៃ
និងប្រៀបដូចជាទឹកសន្សើមនៅរដូវចម្រូត។*
៥ ព្រោះមុនរដូវប្រមូលផល
ពេលដែលដើមទំពាំងបាយជូរឈប់ផ្កា ហើយផ្កានោះទៅជាផ្លែទុំ
គេនឹងកាត់ខ្នែងដោយកាំបិត គេនឹងកាត់បំផ្លាញវល្លិ ហើយដកចេញ។
៦ សាកសពពួកគេនឹងត្រូវទុកចោលជាចំណីសត្វត្មាតនៅតំបន់ភ្នំ
និងជាចំណីសត្វព្រៃនៅផែនដី។
ត្មាតនឹងស៊ីសាកសពនោះពេញមួយរដូវក្ដៅ
ឯសត្វព្រៃវិញ ពួកវានឹងស៊ីរហូតដល់ផុតរដូវប្រមូលផល។
៧ នៅគ្រានោះ ពួកគេនឹងនាំយកអំណោយមកជូនព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌
គឺពីប្រជាជាតិដែលមានរូបរាងខ្ពស់និងស្បែករលោង
ពីបណ្ដាជនដែលគេខ្លាចគ្រប់គ្នា
ពីប្រជាជាតិដែលខ្លាំងក្លានិងមានជ័យជម្នះ
ដែលរស់នៅលើទឹកដីមានទន្លេហូរកាត់។
ពួកគេនឹងយកអំណោយទៅភ្នំស៊ីយ៉ូនជាកន្លែងតាងនាមព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌»។+