អ្នកសម្រេចក្ដី
២១ ពួកបណ្ដាជនអ៊ីស្រាអែលបានស្បថនៅក្រុងមីសប៉ាថា៖+ «យើងទាំងអស់គ្នានឹងមិនលើកកូនស្រីឲ្យធ្វើជាប្រពន្ធរបស់បុរសកុលសម្ព័ន្ធបេនយ៉ាមីនឡើយ»។+ ២ ដូច្នេះ ពួកបណ្ដាជនបានទៅក្រុងបេតអែល+ ហើយអង្គុយនៅទីនោះចំពោះមុខព្រះពិត រហូតដល់ល្ងាច។ ពួកគេទ្រហោយំដោយអារម្មណ៍ជូរចត់ជាខ្លាំង។ ៣ ពួកគេនិយាយថា៖ «ឱព្រះយេហូវ៉ាជាព្រះរបស់ជនជាតិអ៊ីស្រាអែល ហេតុអ្វីបានជារឿងនេះកើតឡើងនៅស្រុកអ៊ីស្រាអែល? ថ្ងៃនេះ ហេតុអ្វីជនជាតិអ៊ីស្រាអែលត្រូវបាត់បង់កុលសម្ព័ន្ធមួយ?»។ ៤ លុះស្អែកឡើង ពួកបណ្ដាជនបានក្រោកពីព្រលឹម ហើយសង់ទីបូជានៅទីនោះ ដើម្បីជូនគ្រឿងបូជាដុតនិងគ្រឿងបូជានៃមេត្រីភាព។+
៥ រួចមក ពួកបណ្ដាជនអ៊ីស្រាអែលនិយាយថា៖ «ក្នុងចំណោមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល តើអ្នកណាមិនបានឡើងមកជួបជុំគ្នានៅចំពោះមុខព្រះយេហូវ៉ា?»។ មូលហេតុដែលពួកគេនិយាយដូច្នោះ គឺដោយសារពួកគេបានធ្វើសម្បថដ៏តឹងរ៉ឹងថា អ្នកណាដែលមិនមកនៅចំពោះមុខព្រះយេហូវ៉ានៅក្រុងមីសប៉ា អ្នកនោះនឹងត្រូវសម្លាប់ចោលជាមិនខាន។ ៦ ពួកបណ្ដាជនអ៊ីស្រាអែលសោកស្ដាយចំពោះអ្វីដែលបានកើតឡើងដល់កុលសម្ព័ន្ធបេនយ៉ាមីនជាបងប្អូនរួមជាតិរបស់ពួកគេ។ ពួកគេនិយាយថា៖ «ថ្ងៃនេះ កុលសម្ព័ន្ធមួយត្រូវកាត់ចេញពីជនជាតិអ៊ីស្រាអែល។ ៧ ប៉ុន្តែ ពួកយើងបានស្បថដោយនូវនាមព្រះយេហូវ៉ាហើយថា+ ពួកយើងនឹងមិនលើកកូនស្រីឲ្យពួកគេទេ។+ បើដូច្នេះ តើពួកយើងគួរធ្វើដូចម្ដេចដើម្បីរកប្រពន្ធឲ្យបុរសកុលសម្ព័ន្ធបេនយ៉ាមីនដែលនៅរស់?»។
៨ ពួកគេសួរគ្នាថា៖ «ក្នុងចំណោមកុលសម្ព័ន្ធនៃជនជាតិអ៊ីស្រាអែល តើអ្នកណាមិនបានឡើងមកជួបជុំគ្នានៅចំពោះមុខព្រះយេហូវ៉ានៅក្រុងមីសប៉ា?»។+ ពួកគេឃើញថាមិនមានអ្នកក្រុងយ៉ាបេសគីលាតណាម្នាក់មកកន្លែងជួបជុំគ្នាទេ ៩ ដោយសារពេលពួកគេរាប់ចំនួនបណ្ដាជន ពួកគេឃើញថាគ្មានអ្នកក្រុងយ៉ាបេសគីលាតណាម្នាក់នៅទីនោះឡើយ។ ១០ ហេតុនេះ ពួកបណ្ដាជនអ៊ីស្រាអែលក៏ចាត់អ្នកចម្បាំងខ្លាំងពូកែចំនួន១២.០០០នាក់ឲ្យទៅក្រុងនោះ ដោយបង្គាប់ថា៖ «ចូរទៅសម្លាប់អ្នកក្រុងយ៉ាបេសគីលាតចោលឲ្យអស់ សូម្បីតែស្ត្រីនិងកូនក្មេងក៏មិនត្រូវទុកឲ្យនៅរស់ដែរ។+ ១១ អ្នករាល់គ្នាត្រូវធ្វើដូចតទៅនេះ៖ ត្រូវសម្លាប់មនុស្សប្រុសទាំងអស់ចោល ហើយមនុស្សស្រីណាដែលធ្លាប់រួមភេទជាមួយនឹងមនុស្សប្រុស ក៏មិនត្រូវទុកឲ្យនៅរស់ដែរ»។ ១២ ក្នុងចំណោមអ្នកក្រុងយ៉ាបេសគីលាត ពួកគេឃើញមានស្រីក្រមុំបរិសុទ្ធចំនួន៤០០នាក់ដែលមិនធ្លាប់រួមភេទជាមួយនឹងមនុស្សប្រុសឡើយ។ ពួកគេនាំពួកនាងមកជំរំនៅក្រុងស៊ីឡូរ+ ដែលនៅក្នុងទឹកដីស្រុកកាណាន។
១៣ បន្ទាប់មក ពួកបណ្ដាជនអ៊ីស្រាអែលចាត់គេឲ្យនាំសារទៅកុលសម្ព័ន្ធបេនយ៉ាមីនដែលនៅក្រហែងថ្មរីម៉ូន+ ហើយស្នើសុំមានសន្តិភាពជាមួយគ្នា។ ១៤ ដូច្នេះនៅពេលនោះ កុលសម្ព័ន្ធបេនយ៉ាមីនក៏ត្រឡប់មកទឹកដីរបស់ពួកគេវិញ។ ពួកបណ្ដាជនអ៊ីស្រាអែលបាននាំស្រីៗជាអ្នកក្រុងយ៉ាបេសគីលាត+ដែលពួកគេបានទុកជីវិតនោះ មកប្រគល់ឲ្យបុរសកុលសម្ព័ន្ធបេនយ៉ាមីន។ ប៉ុន្តែ ស្រីៗទាំងនោះមានចំនួនតិចជាងបុរសកុលសម្ព័ន្ធបេនយ៉ាមីន។ ១៥ ពួកបណ្ដាជនអ៊ីស្រាអែលសោកស្ដាយចំពោះអ្វីដែលបានកើតឡើងដល់កុលសម្ព័ន្ធបេនយ៉ាមីន+ ពីព្រោះព្រះយេហូវ៉ាបានបំបែកពួកគេចេញពីកុលសម្ព័ន្ធផ្សេងៗរបស់ជនជាតិអ៊ីស្រាអែល។ ១៦ ម្ល៉ោះហើយ ពួកបុរសចាស់ទុំសួរថា៖ «តើពួកយើងគួរធ្វើយ៉ាងណាដើម្បីរកប្រពន្ធឲ្យបុរសកុលសម្ព័ន្ធបេនយ៉ាមីនដែលនៅសល់? ដោយសារស្រីៗក្នុងកុលសម្ព័ន្ធបេនយ៉ាមីនបានត្រូវសម្លាប់អស់ទៅហើយ»។ ១៧ ពួកបុរសចាស់ទុំនិយាយទៀតថា៖ «បុរសកុលសម្ព័ន្ធបេនយ៉ាមីនដែលនៅរស់ទាំងប៉ុន្មាន គួរនៅក្នុងទឹកដីជាមត៌ករបស់ពួកគេតទៅទៀត ដើម្បីកុំឲ្យជនជាតិអ៊ីស្រាអែលត្រូវបាត់កុលសម្ព័ន្ធមួយឡើយ។ ១៨ ប៉ុន្តែ ពួកយើងមិនអាចលើកកូនស្រីឲ្យធ្វើជាប្រពន្ធរបស់ពួកគេបានទេ ព្រោះពួកបណ្ដាជនអ៊ីស្រាអែលបានស្បថហើយថា៖ ‹អ្នកណាដែលលើកកូនស្រីឲ្យបុរសកុលសម្ព័ន្ធបេនយ៉ាមីន អ្នកនោះនឹងត្រូវបណ្ដាសា›»។+
១៩ រួចពួកគេនិយាយថា៖ «មើល! រាល់ឆ្នាំមានបុណ្យសម្រាប់ព្រះយេហូវ៉ានៅក្រុងស៊ីឡូរ។+ ក្រុងនោះនៅខាងជើងក្រុងបេតអែល និងនៅខាងកើតផ្លូវធំដែលឡើងពីក្រុងបេតអែលទៅក្រុងស៊ីគឹម និងនៅខាងត្បូងលេបូណា»។ ២០ ដូច្នេះ ពួកគេបង្គាប់បុរសកុលសម្ព័ន្ធបេនយ៉ាមីនថា៖ «ចូរទៅលាក់ខ្លួននៅក្នុងចម្ការទំពាំងបាយជូរ។ ២១ ពេលអ្នករាល់គ្នាឃើញស្រីៗក្នុងក្រុងស៊ីឡូរចេញមករាំក្នុងវង់ ចូរអ្នករាល់គ្នាម្នាក់ៗចេញពីចម្ការទំពាំងបាយជូរ ហើយចាប់ស្រីម្នាក់មួយៗយកទៅទឹកដីរបស់អ្នករាល់គ្នាធ្វើជាប្រពន្ធចុះ។ ២២ បើឪពុកឬបងប្អូនពួកនាងមកតវ៉ា នោះពួកយើងនឹងប្រាប់ពួកគេថា៖ ‹សូមយោគយល់ដល់ពួកយើងផង។ មូលហេតុដែលពួកយើងធ្វើដូច្នេះ គឺដើម្បីជួយបុរសកុលសម្ព័ន្ធបេនយ៉ាមីន ដោយសារស្រីៗដែលពួកយើងចាប់ក្នុងសង្គ្រាមនោះ មិនគ្រប់ចំនួនសម្រាប់ពួកគេទេ។+ ម្យ៉ាងទៀត អ្នករាល់គ្នាក៏មិនអាចលើកកូនស្រីរបស់ខ្លួនឲ្យធ្វើជាប្រពន្ធរបស់ពួកគេដែរ ព្រោះបើធ្វើដូច្នោះ អ្នករាល់គ្នានឹងមានទោស›»។+
២៣ ដូច្នេះ បុរសកុលសម្ព័ន្ធបេនយ៉ាមីនបានធ្វើដូច្នោះមែន គឺពួកគេចាប់ស្រីម្នាក់មួយៗដែលរាំក្នុងវង់ យកទៅទឹកដីជាមត៌ករបស់ពួកគេ។ ក្រោយមក ពួកគេបានសង់ក្រុងផ្សេងៗឡើងវិញ+ ហើយរស់នៅក្នុងក្រុងទាំងនោះ។
២៤ អំឡុងពេលនោះ ពួកបណ្ដាជនអ៊ីស្រាអែលបានចាកចេញពីទីនោះ ត្រឡប់ទៅកុលសម្ព័ន្ធ វង្សត្រកូល និងទឹកដីជាមត៌ករបស់ពួកគេរៀងៗខ្លួនវិញ។
២៥ នៅសម័យនោះ មិនមានស្ដេចក្នុងស្រុកអ៊ីស្រាអែលទេ។+ ម្ល៉ោះហើយ ពួកគេម្នាក់ៗធ្វើអ្វីតាមដែលខ្លួនគិតថាត្រឹមត្រូវ។