សៀវភៅសាំយូអែលទី១
២៣ ក្រោយមក មានគេប្រាប់ដាវីឌថា៖ «ទាហានភីលីស្ទីនកំពុងច្បាំងនឹងក្រុងកៃឡា+ ថែមទាំងវាយលុកទីលានបញ្ជាន់ស្រូវទៀតផង»។ ២ ម្ល៉ោះហើយ ដាវីឌសួរព្រះយេហូវ៉ាថា៖ +«តើខ្ញុំគួរទៅសម្លាប់ទាហានភីលីស្ទីនទាំងនោះឬទេ?»។ ព្រះយេហូវ៉ាឆ្លើយទៅដាវីឌថា៖ «ចូរទៅសម្លាប់ទាហានភីលីស្ទីន ហើយសង្គ្រោះក្រុងកៃឡាចុះ!»។ ៣ ប៉ុន្តែ ពួកបុរសរបស់ដាវីឌនិយាយទៅគាត់ថា៖ «មើល! សូម្បីតែនៅក្នុងទឹកដីកុលសម្ព័ន្ធយូដានេះ យើងភ័យខ្លាចទៅហើយ+ ទម្រាំតែយើងទៅក្រុងកៃឡាច្បាំងនឹងទាហានភីលីស្ទីន យើងច្បាស់ជានឹងភ័យខ្លាចជាងនោះទៅទៀត!»។+ ៤ ហេតុនេះ ដាវីឌសួរព្រះយេហូវ៉ាម្ដងទៀត។+ ព្រះយេហូវ៉ាឆ្លើយទៅគាត់ថា៖ «ចូរចុះទៅក្រុងកៃឡា ព្រោះខ្ញុំនឹងប្រគល់ទាហានភីលីស្ទីនមកក្នុងកណ្ដាប់ដៃអ្នក»។+ ៥ ដូច្នេះ ដាវីឌចុះទៅក្រុងកៃឡាជាមួយនឹងពួកបុរសរបស់គាត់ ហើយច្បាំងនឹងទាហានភីលីស្ទីន។ ដាវីឌបានចាប់យកហ្វូងសត្វរបស់ពួកគេ ព្រមទាំងសម្លាប់ពួកគេយ៉ាងរង្គាល។ យ៉ាងនេះ ដាវីឌបានសង្គ្រោះអ្នកក្រុងកៃឡា។+
៦ ពេលអាប៊ីយ៉ាថា+កូនប្រុសរបស់អាហ៊ីម៉ាឡិច រត់គេចខ្លួនទៅឯដាវីឌនៅក្រុងកៃឡា គាត់បានយកអាវអេផូឌទៅជាមួយដែរ។ ៧ នៅពេលនោះមានគេប្រាប់សុលថា៖ «ដាវីឌបានមកក្រុងកៃឡា»។ ដូច្នេះ សុលនិយាយថា៖ «ព្រះបានប្រគល់គាត់មកក្នុងកណ្ដាប់ដៃខ្ញុំហើយ+ ព្រោះគាត់បិទផ្លូវខ្លួនឯង ដោយចូលក្នុងក្រុងដែលមានទាំងទ្វារទាំងរនុក»។ ៨ ម្ល៉ោះហើយ សុលបញ្ជាឲ្យទាហានទាំងអស់ចុះទៅក្រុងកៃឡា ដើម្បីឡោមព័ទ្ធដាវីឌនិងពួកបុរសរបស់គាត់។ ៩ ពេលដាវីឌដឹងថាសុលរៀបគម្រោងចាប់គាត់ គាត់ប្រាប់អាប៊ីយ៉ាថាដែលជាសង្ឃថា៖ «សូមយកអាវអេផូឌមកទីនេះ»។+ ១០ រួចដាវីឌអធិដ្ឋានថា៖ «ឱព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! ខ្ញុំជាអ្នកបម្រើរបស់លោកទទួលដំណឹងច្បាស់ថា សុលមានបំណងមកបំផ្លាញក្រុងកៃឡាដោយសារខ្ញុំ។+ ១១ តើពួកមេដឹកនាំ*ក្រុងកៃឡានឹងប្រគល់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សុលឬទេ? តើសុលនឹងចុះមករកខ្ញុំ ដូចដែលខ្ញុំបានឮដែរទេ? ឱព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលអើយ! សូមលោកមេត្តាប្រាប់ខ្ញុំផង»។ ព្រះយេហូវ៉ាឆ្លើយថា៖ «គាត់នឹងចុះមកមែន»។ ១២ ដាវីឌអធិដ្ឋានសួរទៀតថា៖ «តើពួកមេដឹកនាំក្រុងកៃឡានឹងប្រគល់ខ្ញុំនិងពួកបុរសរបស់ខ្ញុំទៅក្នុងកណ្ដាប់ដៃរបស់សុលឬទេ?»។ ព្រះយេហូវ៉ាតបថា៖ «ពួកគេនឹងប្រគល់អ្នករាល់គ្នាមែន»។
១៣ ម្ល៉ោះហើយ ដាវីឌនិងពួកបុរសរបស់គាត់ប្រមាណ៦០០នាក់+ ប្រញាប់ធ្វើដំណើរចេញពីក្រុងកៃឡា ហើយទៅកន្លែងណាដែលពួកគេអាចទៅបាន។ ពេលគេប្រាប់សុលថា ដាវីឌបានរត់ចេញពីក្រុងកៃឡាហើយ នោះសុលមិនបានដេញតាមគាត់ទេ។ ១៤ ដាវីឌពួននៅតំបន់ស្ងាត់ជ្រងំ ត្រង់កន្លែងផ្សេងៗដែលគេពិបាកចូលទៅជិត ដែលស្ថិតនៅប្រជុំភ្នំនៃតំបន់ស្ងាត់ជ្រងំជិតក្រុងស៊ីប។+ ឯសុលតាមរកដាវីឌឥតឈប់ឈរ+ តែព្រះយេហូវ៉ាមិនប្រគល់ដាវីឌទៅក្នុងកណ្ដាប់ដៃរបស់គាត់ទេ។ ១៥ កាលដែលដាវីឌនៅតំបន់ស្ងាត់ជ្រងំជិតក្រុងស៊ីបនៅហូរេស ដាវីឌបានដឹងថា*សុលតាមរកសម្លាប់គាត់។
១៦ នៅពេលមួយ យ៉ូណាថានកូនប្រុសរបស់សុលបានទៅជួបដាវីឌនៅហូរេស ហើយគាត់បានជួយដាវីឌឲ្យកាន់តែមានទំនុកចិត្តទៅលើព្រះយេហូវ៉ា។+ ១៧ គាត់និយាយទៅដាវីឌថា៖ «កុំភ័យខ្លាចឡើយ! សុលឪពុកខ្ញុំមិនអាចធ្វើអ្វីអ្នកបានទេ។ អ្នកនឹងទៅជាស្ដេចលើជនជាតិអ៊ីស្រាអែល+ ហើយខ្ញុំនឹងទៅជាអ្នកទី២បន្ទាប់ពីអ្នក។ សុលឪពុកខ្ញុំក៏ដឹងដែរ»។+ ១៨ បន្ទាប់មក ពួកគាត់ទាំងពីរនាក់ធ្វើកិច្ចព្រមព្រៀង+នៅចំពោះមុខព្រះយេហូវ៉ា។ រួចដាវីឌបន្តនៅហូរេស ឯយ៉ូណាថានត្រឡប់ទៅផ្ទះវិញ។
១៩ ក្រោយមក អ្នកក្រុងស៊ីបឡើងទៅជួបសុលនៅក្រុងគីបៀ+ ហើយនិយាយថា៖ «ដាវីឌកំពុងលាក់ខ្លួននៅហូរេស ក្បែរកន្លែងពួកយើង នោះជាកន្លែងដែលពិបាកចូលទៅជិត។+ កន្លែងនោះនៅទួលហាគីឡា+ដែលស្ថិតនៅប៉ែកខាងត្បូងនៃតំបន់យេស៊ីម៉ូន។*+ ២០ ដូច្នេះ ពេលណាដែលស្ដេចចង់មក សូមមកចុះ! យើងនឹងជួយលោកទៅចាប់គាត់»។+ ២១ សុលនិយាយថា៖ «សូមព្រះយេហូវ៉ាឲ្យពរអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាបានបង្ហាញចិត្តអាណិតមេត្តាដល់ខ្ញុំ។ ២២ សូមទៅរកមើលឲ្យច្បាស់ថាដាវីឌលាក់ខ្លួននៅកន្លែងណា ហើយស៊ើបសួរថាអ្នកណាខ្លះបានឃើញគាត់ ព្រោះខ្ញុំឮថាគាត់មានល្បិចកលច្រើនណាស់។ ២៣ សូមស៊ើបឲ្យបានហ្មត់ចត់ដើម្បីស្គាល់គ្រប់កន្លែងដែលគាត់លាក់ខ្លួន ហើយយកភ័ស្តុតាងមកជួបខ្ញុំវិញ។ រួចខ្ញុំនឹងទៅជាមួយនឹងអ្នក ហើយទោះជាគាត់នៅក្នុងចំណោមកុលសម្ព័ន្ធយូដារាប់ពាន់នាក់ក៏ដោយ ខ្ញុំនឹងរកគាត់ឲ្យទាល់តែឃើញ»។
២៤ ដូច្នេះ ពួកគេធ្វើដំណើរទៅក្រុងស៊ីប+មុនសុល។ អំឡុងពេលនោះ ដាវីឌនិងពួកបុរសរបស់គាត់លាក់ខ្លួនក្នុងតំបន់ស្ងាត់ជ្រងំជិតក្រុងម៉ាអន+នៅតំបន់អារ៉ាបា+ នាប៉ែកខាងត្បូងនៃតំបន់យេស៊ីម៉ូន។ ២៥ រួចមក សុលនិងពួកបុរសរបស់គាត់បានមកតាមរកដាវីឌនៅក្រុងម៉ាអន។+ ពេលដាវីឌដឹងអំពីរឿងនេះ គាត់ប្រញាប់ចុះទៅឯផ្ទាំងថ្មធំៗ+ ហើយលាក់ខ្លួននៅតំបន់ស្ងាត់ជ្រងំជិតក្រុងនោះ។ ពេលសុលឮដូច្នេះ គាត់ក៏តាមរកដាវីឌដល់តំបន់ស្ងាត់ជ្រងំនោះ។ ២៦ កាលដែលសុលមកដល់ភ្នំម្ខាង ដាវីឌនិងពួកបុរសរបស់គាត់នៅភ្នំម្ខាងទៀត។ ពួកគេប្រញាប់រត់គេច+ពីសុល តែសុលនិងពួកបុរសរបស់គាត់ដេញតាមចាប់ពួកគេកាន់តែជិត។+ ២៧ ស្រាប់តែពេលនោះមានអ្នកនាំដំណឹងមកប្រាប់សុលថា៖ «សូមប្រញាប់មកវិញ ព្រោះជនជាតិភីលីស្ទីនចូលវាយលុកទឹកដីរបស់យើងហើយ!»។ ២៨ ឮដូច្នោះ សុលឈប់ដេញតាមដាវីឌ+ ហើយបកទៅច្បាំងនឹងជនជាតិភីលីស្ទីនវិញ។ ហេតុនេះហើយបានជាគេហៅកន្លែងនោះថា ថ្មនៃការបែកបាក់។
២៩ រួចមក ដាវីឌចាកចេញពីទីនោះ ហើយទៅក្រុងអេនកេឌីដើម្បីលាក់ខ្លួននៅតាមកន្លែងដែលគេពិបាកចូលទៅជិត។+