ប្រវត្តិហេតុទី១
២២ ក្រោយមក ដាវីឌបាននិយាយថា៖ «ទីនេះនឹងទៅជាវិហាររបស់ព្រះយេហូវ៉ាជាព្រះពិត និងសម្រាប់ជាទីបូជាដើម្បីឲ្យជនជាតិអ៊ីស្រាអែលជូនគ្រឿងបូជាដុត»។+
២ បន្ទាប់មក ដាវីឌបានបង្គាប់គេឲ្យទៅប្រមូលជនជាតិដទៃ+ដែលនៅក្នុងស្រុកអ៊ីស្រាអែល ហើយគាត់បានចាត់ចែងឲ្យពួកគេធ្វើជាអ្នកកាត់ថ្ម និងជាអ្នកដាប់ថ្មសម្រាប់សាងសង់វិហាររបស់ព្រះពិត។+ ៣ គាត់ក៏បានត្រៀមដែកយ៉ាងច្រើនសន្ធឹក ដើម្បីធ្វើដែកគោលសម្រាប់ទ្វារនិងធ្វើតម្ពក់។ គាត់បានត្រៀមស្ពាន់ច្រើនក្រៃលែងដែលពុំអាចថ្លឹងបានឡើយ។+ ៤ បន្ថែមទៅទៀត ដាវីឌក៏បានត្រៀមឈើស៊ីដារ*+យ៉ាងច្រើនឥតគណនាផងដែរ។ ឈើទាំងនោះពួកស៊ីដូន+និងពួកទីរ៉ុស+បានយកមកជូនគាត់។ ៥ រួចដាវីឌបាននិយាយថា៖ «សាឡូម៉ូនកូនខ្ញុំនៅក្មេងខ្ចី ហើយខ្វះបទពិសោធន៍។+ រីឯវិហារដែលនឹងត្រូវសាងសង់ជូនព្រះយេហូវ៉ា គឺជាវិហារដ៏រុងរឿងអស្ចារ្យ+ និងត្រូវល្បីរន្ទឺ+ដល់គ្រប់ប្រជាជាតិ។+ ដូច្នេះ ខ្ញុំនឹងត្រៀមសម្ភារសាងសង់ទុកឲ្យគាត់»។ ម្ល៉ោះហើយ ដាវីឌបានត្រៀមសម្ភារសាងសង់យ៉ាងច្រើនសន្ធឹកមុនគាត់ស្លាប់។
៦ ដាវីឌបានហៅសាឡូម៉ូនជាកូនគាត់ មកផ្ដែផ្ដាំឲ្យសង់វិហារសម្រាប់ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែល។ ៧ ដាវីឌនិយាយទៅកាន់សាឡូម៉ូនថា៖ «កូនអើយ! ពុកមានបំណងសង់វិហារសម្រាប់នាមរបស់ព្រះយេហូវ៉ាជាព្រះរបស់ពុក។+ ៨ ប៉ុន្តែ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹អ្នកបានធ្វើចម្បាំងធំៗ ហើយបានសម្លាប់មនុស្សជាច្រើននៅចំពោះមុខខ្ញុំ។ ដូច្នេះ អ្នកមិនអាចសង់វិហារសម្រាប់នាមខ្ញុំបានទេ។+ ៩ ប៉ុន្តែ អ្នកនឹងមានកូនប្រុសម្នាក់+ដែលស្រឡាញ់សន្តិភាព គាត់នឹងមានឈ្មោះថាសាឡូម៉ូន។*+ ខ្ញុំនឹងការពារគាត់ពីខ្មាំងសត្រូវទាំងអស់+ ហើយនាំឲ្យមានសេចក្ដីសុខសាន្តក្នុងគ្រារបស់គាត់។+ ១០ គាត់គឺជាអ្នកដែលនឹងសង់វិហារឲ្យខ្ញុំ។+ ខ្ញុំនឹងធ្វើជាឪពុករបស់គាត់ ហើយគាត់នឹងធ្វើជាកូនរបស់ខ្ញុំ។+ ខ្ញុំនឹងតាំងរាជ្យគាត់ឲ្យនៅស្ថិតស្ថេរ ហើយគ្រប់គ្រងលើប្រជាជាតិអ៊ីស្រាអែលជាដរាប›។+
១១ «កូនអើយ! សូមឲ្យព្រះយេហូវ៉ានៅជាមួយនឹងកូន ហើយសូមឲ្យកូនសាងសង់វិហាររបស់ព្រះយេហូវ៉ាជាព្រះរបស់កូនឲ្យបានសម្រេច ដូចលោកបានមានប្រសាសន៍ទុកជាមុនអំពីកូន។+ ១២ សូមឲ្យព្រះយេហូវ៉ាជួយកូនចេះពិចារណា និងមានការយល់ដឹង+ ក្នុងគ្រាដែលលោកឲ្យកូនគ្រប់គ្រងជាស្ដេចលើប្រជាជាតិអ៊ីស្រាអែល ដើម្បីកូនអាចកាន់តាមច្បាប់របស់ព្រះយេហូវ៉ាជាព្រះរបស់កូន។+ ១៣ បើកូនធ្វើតាមបញ្ញត្តិ+និងការវិនិច្ឆ័យដែលព្រះយេហូវ៉ាបានផ្ដល់ឲ្យជនជាតិអ៊ីស្រាអែលតាមរយៈម៉ូសេ នោះកូននឹងសម្រេចគ្រប់កិច្ចការ។+ ចូរកូនមានចិត្តក្លាហានហើយរឹងមាំឡើង។ ចូរកុំភ័យខ្លាចឬតក់ស្លុតឡើយ។+ ១៤ ពុកបានខំប្រឹងប្រែងត្រៀមទុកមាសចំនួន១០០.០០០ថាលិន* និងប្រាក់ចំនួន១.០០០.០០០ថាលិន សម្រាប់សង់វិហាររបស់ព្រះយេហូវ៉ា។ រីឯស្ពាន់និងដែកដែលពុកបានត្រៀមនោះក៏មានចំនួនច្រើនសន្ធឹក+ ហើយគ្មានអ្នកណាអាចថ្លឹងបានឡើយ។ ពុកក៏បានត្រៀមឈើនិងថ្មដែរ+ តែកូននឹងត្រូវការថែមទៀត។ ១៥ ម្យ៉ាងទៀត ពុកបានត្រៀមជាងជាច្រើនដើម្បីជួយកូនក្នុងការសាងសង់ គឺជាងឈើ ជាងថ្ម+ និងជាងជំនាញឯទៀតដែលប៉ិនប្រសប់ខាងកិច្ចការគ្រប់ប្រភេទ។+ ១៦ ចំណែកមាសប្រាក់ ស្ពាន់ និងដែក គឺមានច្រើនឥតគណនា។+ ចូរកូនចាប់ផ្ដើមកិច្ចការសាងសង់នោះចុះ ហើយសូមឲ្យព្រះយេហូវ៉ានៅជាមួយនឹងកូន»។+
១៧ បន្ទាប់មក ដាវីឌបានបង្គាប់អភិបាលទាំងអស់ក្នុងស្រុកអ៊ីស្រាអែលឲ្យជួយសាឡូម៉ូន។ គាត់ប្រាប់ពួកគេថា៖ ១៨ «ព្រះយេហូវ៉ានៅជាមួយនឹងអ្នករាល់គ្នាស្រាប់ហើយ លោកក៏បាននាំឲ្យមានសេចក្ដីសុខសាន្តគ្រប់ទិសទីដែរ។ លោកបានប្រគល់អ្នកស្រុកនេះឲ្យមកនៅក្រោមការគ្រប់គ្រងរបស់ខ្ញុំ ហើយទឹកដីនេះស្ថិតនៅក្រោមអំណាចរបស់ព្រះយេហូវ៉ា និងរាស្ត្ររបស់លោក។ ១៩ ដូច្នេះ ចូរអ្នករាល់គ្នាស្វែងរកព្រះយេហូវ៉ាជាព្រះរបស់អ្នករាល់គ្នា ឲ្យអស់ពីកម្លាំងកាយចិត្តចុះ។+ ចូរសង់កន្លែងបរិសុទ្ធរបស់ព្រះយេហូវ៉ាជាព្រះពិត+ ដើម្បីយកហឹបនៃកិច្ចព្រមព្រៀងរបស់ព្រះយេហូវ៉ា និងរបស់របរបរិសុទ្ធនៃព្រះពិត+ ទៅដាក់ក្នុងវិហារដែលនឹងត្រូវសង់សម្រាប់នាមរបស់ព្រះយេហូវ៉ា»។+