អេសាយ
៥៨ «ចូរស្រែកឲ្យអស់សំឡេងចុះ កុំទប់ឡើយ!
ចូរស្រែកឲ្យលាន់ឮរំពងដូចជាសំឡេងផ្លុំស្នែង។
ចូរប្រកាសប្រាប់រាស្ត្រខ្ញុំនូវការបះបោររបស់ពួកគេ+
ចូរប្រកាសប្រាប់ពូជពង្សយ៉ាកុបនូវអំពើខុសឆ្គងរបស់ពួកគេ។
២ ជារៀងរាល់ថ្ងៃ ពួកគេស្វែងរកខ្ញុំ
ហើយក៏ពេញចិត្តចង់ស្គាល់ផ្លូវរបស់ខ្ញុំដែរ។
ពួកគេប្រព្រឹត្តហាក់ដូចជាប្រជាជាតិមួយដ៏សុចរិត
ដែលមិនបោះបង់ចោលយុត្តិធម៌របស់ព្រះនៃខ្លួន។+
ពួកគេសុំខ្ញុំឲ្យកាត់ក្ដីដោយសុចរិតយុត្តិធម៌
ធ្វើហាក់ដូចជាពេញចិត្តចូលទៅជិតព្រះរបស់ខ្លួនណាស់។+
៣ អ្នកសួរថា៖ ‹ហេតុអ្វីក៏លោកមើលមិនឃើញពេលយើងតមអាហារ?+
ហេតុអ្វីក៏លោកមិនកត់សម្គាល់ពេលយើងធ្វើទុក្ខខ្លួន?›។+
ខ្ញុំឆ្លើយថានេះគឺដោយសារនៅថ្ងៃដែលអ្នកតមអាហារ អ្នកធ្វើដើម្បីស្វែងរកប្រយោជន៍ផ្ទាល់ខ្លួនទេ។
មិនត្រឹមតែប៉ុណ្ណោះ អ្នកបានជិះជាន់ពួកអ្នកដែលធ្វើការឲ្យអ្នកទៀតផង។+
៤ ថ្ងៃតមអាហារចប់ដោយការឈ្លោះប្រកែកវាយតប់គ្នា ហើយដាល់គ្នាយ៉ាងសាហាវ។
អ្នកមិនអាចតមអាហារដូចអ្នកធ្វើនៅថ្ងៃនេះ ហើយរំពឹងថាសំឡេងរបស់អ្នកឮទៅដល់ស្ថានសួគ៌នោះឡើយ។
៥ តើខ្ញុំបានបង្គាប់អ្នកឲ្យតមអាហារបែបនេះឬ?
តើថ្ងៃតមអាហារគួរជាថ្ងៃដែលធ្វើទុក្ខខ្លួន
ដោយឱនក្បាលចុះដូចជាដើមបបុស
ថែមទាំងយកផេះនិងបាវមកក្រាលដេកឬ?
តើអ្នកហៅថ្ងៃនោះថាជាថ្ងៃតមអាហារនិងជាថ្ងៃដែលព្រះយេហូវ៉ាពេញចិត្តឬ?
៦ មិនមែនទេ! នៅថ្ងៃតមអាហារអ្នកត្រូវធ្វើដូចតទៅ៖
អ្នកត្រូវដោះខ្នោះនៃសេចក្ដីទុច្ចរិតចេញ ត្រូវស្រាយខ្សែនឹមចេញ+
ហើយបំបាក់នឹមនោះជាពីរ រួចឲ្យបុគ្គលដែលរងការជិះជាន់មានសេរីភាព។+
៧ នៅថ្ងៃនោះ អ្នកត្រូវចែកអាហារដល់អ្នកដែលស្រេកឃ្លាន+
ត្រូវឲ្យជនក្រីក្រនិងអ្នកដែលគ្មានផ្ទះសម្បែងមកស្នាក់អាស្រ័យនៅក្នុងផ្ទះអ្នក
ត្រូវផ្ដល់សម្លៀកបំពាក់ដល់អ្នកដែលគ្មានអ្វីស្លៀកពាក់+
ហើយត្រូវជួយសាច់ញាតិខ្លួនផងដែរ។
៨ យ៉ាងនេះ ពន្លឺរបស់អ្នកនឹងចែងចាំងដូចជារស្មីនាព្រឹកព្រលឹម+
ហើយអ្នកនឹងជាសះស្បើយយ៉ាងឆាប់រហ័ស។
អ្នកនឹងតែងតែមានសេចក្ដីសុចរិតនាំមុខជានិច្ច
ហើយសិរីរុងរឿងរបស់ព្រះយេហូវ៉ានឹងការពារពីក្រោយអ្នក។+
៩ បើដូច្នោះ ពេលអ្នកហៅរកព្រះយេហូវ៉ា លោកនឹងឆ្លើយ
ពេលអ្នកស្រែកសុំជំនួយ លោកនឹងតបថា៖ ‹ខ្ញុំនៅទីនេះហើយ!›។
បើអ្នកឈប់ដាក់នឹមលើគេ ឈប់ចង្អុលមុខនិងមួលបង្កាច់គេ+
១០ ហើយឲ្យជនស្រេកឃ្លាននូវអ្វីល្អដែលអ្នកចង់បាន+
ព្រមទាំងបំពេញសេចក្ដីត្រូវការរបស់ជនរងទុក្ខ
នោះពន្លឺរបស់អ្នកនឹងភ្លឺចិញ្ចាចចិញ្ចែងក្នុងទីងងឹត
ហើយភាពសូន្យសុងរបស់អ្នកនឹងភ្លឺត្រចះដូចពន្លឺនាពេលថ្ងៃត្រង់។+
១១ ព្រះយេហូវ៉ានឹងនាំមុខអ្នកជានិច្ច
ហើយបំពេញសេចក្ដីត្រូវការរបស់អ្នក ទោះជានៅក្នុងទឹកដីហួតហែងក៏ដោយ។+
លោកនឹងពង្រឹងកម្លាំងអ្នក ហើយអ្នកនឹងប្រៀបដូចជាសួនច្បារដ៏ស្រស់បំព្រង+
និងប្រៀបដូចជាប្រភពទឹកដែលមិនចេះរីងស្ងួត។
១២ ដោយសារអ្នក គេនឹងសង់សំណង់បាក់បែកពីបុរាណឡើងវិញ។+
អ្នកនឹងដាក់គ្រឹះពីជំនាន់មុនៗសាជាថ្មី។+
គេនឹងហៅអ្នកថាជាអ្នកជួសជុលកំពែងបាក់បែក+
និងជាអ្នកស្ថាបនាផ្លូវឡើងវិញដើម្បីឲ្យមនុស្សមករស់នៅក្បែរ។
១៣ បើអ្នកឈប់ស្វែងរកប្រយោជន៍ខ្លួននៅថ្ងៃឈប់សម្រាកជាថ្ងៃបរិសុទ្ធរបស់ខ្ញុំ+
ហើយចាត់ទុកថ្ងៃនោះជាថ្ងៃដ៏រីករាយ ជាថ្ងៃដ៏រុងរឿងនិងជាថ្ងៃបរិសុទ្ធរបស់ព្រះយេហូវ៉ា+
ថែមទាំងឲ្យតម្លៃថ្ងៃនោះ ដោយឈប់ស្វែងរកប្រយោជន៍ខ្លួននិងឈប់និយាយពាក្យឥតបានការ
១៤ នោះអ្នកនឹងមានសេចក្ដីសប្បាយរីករាយជាខ្លាំងដែលមកពីព្រះយេហូវ៉ា
ហើយខ្ញុំនឹងធ្វើឲ្យអ្នកត្រួតត្រាលើទីខ្ពស់ទាំងឡាយនៅផែនដី។+
ខ្ញុំនឹងឲ្យអ្នកបរិភោគភោគផលពីទឹកដីមត៌ករបស់យ៉ាកុបដែលជាបុព្វបុរសរបស់អ្នក+
ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ហើយ»។