អេសធើរ
៩ នៅថ្ងៃទី១៣ ក្នុងខែទី១២ជាខែអេដា*+ គេបានអនុវត្តច្បាប់និងសេចក្ដីប្រកាសដែលស្ដេចបានចេញ។+ ដំបូង ពួកសត្រូវស្មានថាពួកគេអាចបំផ្លាញពួកយូដានៅថ្ងៃនោះបាន តែបែរជាត្រូវពួកយូដាបំផ្លាញពួកគេទៅវិញ។+ ២ ជនជាតិយូដាទាំងអស់ដែលនៅតាមបណ្ដាខេត្តក្រុងក្នុងរាជាណាចក្ររបស់អាហាស៊ូរុស+ បានប្រមូលផ្ដុំគ្នាដើម្បីវាយប្រហារពួកអ្នកដែលចង់សម្លាប់ពួកគេ។ គ្មានអ្នកណាម្នាក់អាចតទល់នឹងពួកយូដាបានទេ ព្រោះបណ្ដាជនទាំងអស់ខ្លបខ្លាចពួកគេ។+ ៣ ឯពួកមន្ត្រីជាន់ខ្ពស់របស់ស្ដេច ពួកអភិបាលខេត្ត+ និងពួកអ្នកគ្រប់គ្រង ព្រមទាំងពួកអ្នករាជការទាំងអស់ ពួកគេសុទ្ធតែគាំទ្រជនជាតិយូដា ដោយសារពួកគេខ្លបខ្លាចម៉ាដេកាយ។ ៤ ម៉ាដេកាយមានតំណែងកាន់តែខ្ពស់+នៅក្នុងវិមានរបស់ស្ដេច ហើយមានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅគ្រប់បណ្ដាខេត្ត ព្រមទាំងមានអំណាចកាន់តែខ្លាំងក្លាទៀតផង។
៥ ជនជាតិយូដាបានសម្លាប់ ហើយបំផ្លាញពួកសត្រូវទាំងអស់ដោយដាវ។ ពួកគេបានប្រព្រឹត្តទៅលើពួកសត្រូវ តាមតែចិត្តរបស់ពួកគេ។+ ៦ ជនជាតិយូដាបានសម្លាប់ពួកសត្រូវអស់៥០០នាក់នៅក្នុងក្រុងស៊ូសាន*+ដែលជារាជធានីដ៏រឹងមាំ។ ៧ បន្ថែមទៅទៀត ពួកគេបានសម្លាប់ផាសេនដេថា ដាលផូន អាសផេថា ៨ ផូរេថា អាដាលៀ អារីដាថា ៩ ផាម៉ាសថា អារីសាយ អារីដាយ និងវ៉ាយសេថា។ ១០ ពួកគេទាំង១០នាក់នេះសុទ្ធតែជាកូនប្រុសរបស់ហាម៉ាន ត្រូវជាកូនហាម៉ាដេថា ដែលជាសត្រូវរបស់ពួកយូដា។+ ប៉ុន្តែ ក្រោយពីបានសម្លាប់ពួកគេហើយ ពួកយូដាមិនបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។+
១១ នៅថ្ងៃនោះ គេបានរាយការណ៍ដល់ស្ដេចនូវចំនួនមនុស្សដែលត្រូវគេសម្លាប់នៅក្រុងស៊ូសាន។
១២ ស្ដេចបាននិយាយទៅកាន់អគ្គមហេសីអេសធើរថា៖ «នៅរាជធានីស៊ូសាន ជនជាតិយូដាបានសម្លាប់ពួកសត្រូវអស់៥០០នាក់ ព្រមទាំងកូនប្រុស១០នាក់របស់ហាម៉ានផងដែរ។ ដូច្នេះ នៅតាមបណ្ដាខេត្តឯទៀត មិនដឹងថាពួកគេសម្លាប់អស់ប៉ុន្មាននាក់ទេ។+ ប៉ុន្តែ បើអគ្គមហេសីមានសំណូមពរអ្វីទៀត ខ្ញុំនឹងព្រមតាមទាំងអស់!»។ ១៣ នាងអេសធើរតបឆ្លើយថា៖ «បើស្ដេចជាម្ចាស់មិនយល់ទាស់ទេ+ សូមមេត្តាអនុញ្ញាតឲ្យពួកយូដាដែលនៅរាជធានីស៊ូសាន អនុវត្តច្បាប់នេះថែមមួយថ្ងៃទៀត ដើម្បីប្រយុទ្ធការពារខ្លួន+ ហើយសូមឲ្យគេយកសពកូនប្រុសទាំង១០នាក់របស់ហាម៉ាន ទៅព្យួរលើបង្គោលឈើ»។+ ១៤ ដូច្នេះ ស្ដេចបានចេញច្បាប់មួយនៅក្រុងស៊ូសាន ហើយបញ្ជាឲ្យគេយកសពកូនប្រុសទាំង១០នាក់របស់ហាម៉ានទៅព្យួរ តាមសំណូមពររបស់នាងអេសធើរ។
១៥ នៅថ្ងៃទី១៤ ក្នុងខែអេដា+ ពួកយូដាដែលរស់នៅក្រុងស៊ូសានបានប្រមូលផ្ដុំគ្នាម្ដងទៀត ដើម្បីប្រយុទ្ធការពារខ្លួន ហើយពួកគេបានសម្លាប់ពួកសត្រូវអស់៣០០នាក់ក្នុងក្រុងស៊ូសាន។ ប៉ុន្តែ ពួកយូដាមិនបានរឹបអូសយកទ្រព្យសម្បត្តិរបស់ពួកគេទេ។
១៦ រីឯពួកយូដាដែលរស់នៅតាមបណ្ដាខេត្ត ពួកគេក៏បានប្រមូលផ្ដុំគ្នាដើម្បីប្រយុទ្ធការពារខ្លួនដែរ+ ហើយពួកគេបានសម្លាប់ពួកសត្រូវ+អស់៧៥.០០០នាក់ តែមិនបានរឹបអូសយកទ្រព្យសម្បត្តិទេ។ ១៧ ពួកគេបានធ្វើដូច្នោះនៅថ្ងៃទី១៣ ក្នុងខែអេដា ហើយនៅថ្ងៃទី១៤ ពួកគេបានសម្រាក ហើយធ្វើពិធីជប់លៀងអបអរយ៉ាងសប្បាយរីករាយ។
១៨ ចំណែកពួកយូដាដែលរស់នៅក្រុងស៊ូសាន ពួកគេបានប្រយុទ្ធការពារខ្លួននៅថ្ងៃទី១៣+និង១៤+ ក្នុងខែអេដា ហើយនៅថ្ងៃទី១៥ ពួកគេបានសម្រាក ហើយធ្វើពិធីជប់លៀងអបអរយ៉ាងសប្បាយរីករាយ។ ១៩ ឯពួកយូដាដែលរស់នៅតាមបណ្ដាខេត្តវិញ ពួកគេបានយកថ្ងៃទី១៤ ខែអេដា ទុកជាថ្ងៃសម្រាក ហើយនៅថ្ងៃនោះ ពួកគេបានធ្វើពិធីជប់លៀងអបអរយ៉ាងសប្បាយរីករាយ+ ហើយជូនអំណោយ*ដល់គ្នាទៅវិញទៅមក។+
២០ ម៉ាដេកាយ+បានកត់ត្រាព្រឹត្តិការណ៍ទាំងនេះទុក ហើយបានផ្ញើសំបុត្រទៅពួកយូដាទាំងអស់ដែលរស់នៅតាមបណ្ដាខេត្តក្នុងរាជាណាចក្ររបស់អាហាស៊ូរុស គឺដល់អ្នកដែលនៅជិតនិងអ្នកដែលនៅឆ្ងាយ។ ២១ គាត់បានបង្គាប់ពួកគេឲ្យកំណត់ទុកថ្ងៃទី១៤និង១៥ ក្នុងខែអេដា ជាថ្ងៃបុណ្យដែលត្រូវធ្វើជារៀងរាល់ឆ្នាំ ២២ ព្រោះនៅថ្ងៃទាំងនោះពួកយូដាបានរួចផុតពីកណ្ដាប់ដៃពួកសត្រូវ ហើយនៅខែនោះទុក្ខភ័យ+របស់ពួកគេបានប្រែទៅជាអំណរវិញ។ ហេតុនេះ ពួកគេត្រូវធ្វើពិធីជប់លៀងអបអរនៅថ្ងៃទាំងនោះ ហើយជូនអំណោយដល់គ្នាទៅវិញទៅមក ថែមទាំងដល់អ្នកក្រីក្រផងដែរ។ ពួកគេត្រូវធ្វើយ៉ាងនេះដោយសប្បាយរីករាយជាខ្លាំង។
២៣ ពួកយូដាពេញចិត្តធ្វើតាមបង្គាប់ម៉ាដេកាយ ហើយក៏ធ្វើពិធីបុណ្យនោះជារៀងរាល់ឆ្នាំ។ ២៤ ព្រោះពេលមុន ហាម៉ាន+ជាកូនហាម៉ាដេថា ត្រូវជាកូនចៅអាកាក់+ និងជាសត្រូវរបស់ពួកយូដា គាត់បានរៀបគម្រោងដើម្បីបំផ្លាញពួកគេទាំងអស់។+ គាត់ចាប់ឆ្នោត*+ដើម្បីកំណត់ថ្ងៃបំផ្លាញពួកយូដា ហើយនោះបាននាំឲ្យមានភាពវឹកវរជាខ្លាំង។ ២៥ ប៉ុន្តែ នាងអេសធើរបានចូលទៅអង្វរស្ដេច ហើយស្ដេចក៏ចេញបង្គាប់មួយថា៖+ «ចូរឲ្យគម្រោងការអាក្រក់របស់ហាម៉ានដែលប្រឆាំងនឹងពួកយូដា+ ធ្លាក់ទៅលើខ្លួនគាត់វិញទៅ»។ បន្ទាប់មក គេបានព្យួរគាត់និងកូនប្រុសទាំង១០នាក់របស់គាត់នៅលើបង្គោលឈើ។+ ២៦ ហេតុនេះហើយបានជាគេហៅថ្ងៃនោះថាភូរឹម* ដែលមកពីពាក្យភូ។*+ ដូច្នេះ យោងទៅតាមសេចក្ដីក្នុងសំបុត្ររបស់ម៉ាដេកាយ និងព្រឹត្តិការណ៍ដែលពួកគេបានឃើញនិងជួបដោយផ្ទាល់ ២៧ នោះជនជាតិយូដា និងកូនចៅពួកគេ ព្រមទាំងអស់អ្នកដែលចូលខាងពួកយូដា+ ត្រូវធ្វើបុណ្យនោះស្របតាមការណែនាំរបស់ម៉ាដេកាយ នៅថ្ងៃទាំងពីរនោះកុំឲ្យខកខានឡើយ តាមថ្ងៃដែលបានត្រូវកំណត់ទុកជារៀងរាល់ឆ្នាំ។ ២៨ ជនជាតិយូដាធ្វើពិធីបុណ្យនេះទុកជាសេចក្ដីរំលឹកពីជំនាន់មួយទៅជំនាន់មួយ តាមក្រុមគ្រួសារ តាមខេត្ត និងតាមក្រុង។ ពួកគេត្រូវធ្វើបុណ្យនេះដោយមិនអាចអាក់ខានឡើយ ដើម្បីឲ្យកូនចៅរបស់ពួកគេនៅជំនាន់ក្រោយៗចងចាំព្រឹត្តិការណ៍នេះ។
២៩ ក្រោយមក អគ្គមហេសីអេសធើរជាកូនអាបឺហេល និងម៉ាដេកាយជាជនជាតិយូដា បានចេញលិខិតមួយទៀតតាមអំណាចដែលពួកគាត់មាន ដើម្បីបញ្ជាក់លើលិខិតមុនអំពីពិធីបុណ្យភូរឹម។ ៣០ រួចមក គាត់បានផ្ញើលិខិតនោះទៅដល់ពួកយូដាទាំងអស់ដែលរស់នៅក្នុងរាជាណាចក្ររបស់ស្ដេចអាហាស៊ូរុស+ ចំនួន១២៧ខេត្ត។+ ពាក្យពេចន៍ក្នុងលិខិតនោះបង្កប់ទៅដោយក្ដីរាប់អាននិងភាពស្មោះត្រង់ ៣១ ដើម្បីបញ្ជាក់អំពីការធ្វើបុណ្យភូរឹមនៅពេលកំណត់ តាមការណែនាំរបស់អគ្គមហេសីអេសធើរនិងម៉ាដេកាយជាជនជាតិយូដា។+ ពួកយូដាបានសន្យាថាខ្លួននិងកូនចៅនឹងធ្វើពិធីបុណ្យនោះជាដរាប+ ដោយមានការតមអាហារ+ និងការអង្វរសុំជំនួយពីព្រះ។+ ៣២ បង្គាប់របស់នាងអេសធើរស្ដីអំពីពិធីបុណ្យភូរឹម+ បានត្រូវកត់ត្រាទុកក្នុងសៀវភៅមួយ។