យ៉ូប
១១ សូផារ+ជាអ្នកស្រុកណាអាម៉ា ក៏ថ្លែងឡើងថា៖
២ «អ្នកនិយាយពាក្យទាំងអស់នេះ តើគិតថាគ្មានអ្នកណាតបវិញឬ?
តើអ្នកគិតថាដោយសារអ្នកនិយាយច្រើន នេះមានន័យថាអ្នកត្រឹមត្រូវឬ?
៣ តើសម្ដីឥតបានការរបស់អ្នកធ្វើឲ្យអ្នកឯទៀតបិទមាត់ឬ?
កាលដែលអ្នកពោលពាក្យចំអកមើលងាយ
តើគ្មានអ្នកណានឹងស្ដីបន្ទោសអ្នកឬ?+
៤ ព្រោះអ្នកស្រដីថា៖ ‹អ្វីដែលខ្ញុំនិយាយគឺត្រឹមត្រូវ*+
ហើយខ្ញុំជាមនុស្សស្អាតស្អំនៅចំពោះព្រះ›។+
៥ ប៉ុន្តែ ប្រសិនបើព្រះមានប្រសាសន៍
ឬពោលពាក្យទៅកាន់អ្នក+
៦ នោះលោកមុខជានឹងបើកបង្ហាញនូវអាថ៌កំបាំងដែលធ្វើឲ្យអ្នកមានប្រាជ្ញា
ព្រោះប្រាជ្ញារួមបញ្ចូលអ្វីៗជាច្រើន
រួចមក អ្នកនឹងដឹងថាព្រះបានបំភ្លេចចោលកំហុសខ្លះរបស់អ្នក។
៧ តើអ្នកអាចយល់សេចក្ដីជ្រាលជ្រៅរបស់ព្រះ
ឬយល់អ្វីទាំងអស់អំពីព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតទេ?
៨ ប្រាជ្ញាគឺខ្ពស់ជាងមេឃ។ តើអ្នកអាចយល់យ៉ាងដូចម្ដេចបាន?
ប្រាជ្ញាគឺជ្រៅជាងផ្នូរ។* តើអ្នកអាចដឹងទាំងអស់ឬ?
៩ ប្រាជ្ញាគឺវែងជាងផែនដី
ហើយធំជាងសមុទ្រ។
១០ បើលោកចាប់អ្នកណាម្នាក់ ហើយនាំទៅតុលាការ
តើអ្នកណាអាចប្រឆាំងនឹងលោកបាន?
១១ ពីព្រោះលោកដឹងថាអ្នកណាជាមនុស្សបោកប្រាស់
ពេលលោកឃើញសេចក្ដីអាក្រក់ តើលោកនឹងមិនកត់សម្គាល់ទេឬ?
១២ ក៏ប៉ុន្តែ មនុស្សល្ងង់នឹងមិនយល់ឡើយ
លុះត្រាតែសត្វលាព្រៃកើតកូនជាមនុស្ស។
១៣ អ្នកគួរកែប្រែចិត្ត
ហើយអធិដ្ឋានទៅលោក។*
១៤ បើអ្នកប្រព្រឹត្តអំពើអាក្រក់ ចូរឈប់ធ្វើដូច្នោះទៀត
ហើយមិនត្រូវឲ្យមានអំពើទុច្ចរិតនៅក្នុងត្រសាលរបស់អ្នកឡើយ។
១៥ យ៉ាងនេះ អ្នកអាចងើបមុខឡើងដោយគ្មានការអាម៉ាស់
អ្នកអាចរឹងមាំវិញ ហើយលែងមានការភ័យខ្លាចទៀត។
១៦ បន្ទាប់មក អ្នកនឹងភ្លេចទុក្ខលំបាករបស់អ្នក
ហើយលែងនឹកចាំពីទុក្ខទាំងនោះទៀត គឺដូចជាទឹកដែលហូរទៅបាត់។
១៧ ជីវិតអ្នកនឹងភ្លឺត្រចះជាងពេលថ្ងៃត្រង់
សូម្បីតែសេចក្ដីងងឹត នឹងប្រៀបដូចជាពេលអរុណរះ។
១៨ អ្នកនឹងមានទំនុកចិត្ត ព្រោះមានសេចក្ដីសង្ឃឹម
អ្នកនឹងមើលជុំវិញ ហើយដេកទៅដោយមានសេចក្ដីសុខ។
១៩ អ្នកនឹងដេកទៅ ឥតមានអ្នកណាបំភ័យអ្នកឡើយ
ហើយមនុស្សជាច្រើននឹងព្យាយាមយកចិត្តអ្នក។
២០ ប៉ុន្តែ ភ្នែករបស់មនុស្សអាក្រក់នឹងងងឹតទៅ
ពួកគេនឹងរកកន្លែងលាក់ខ្លួនមិនបានទេ
ចុងក្រោយមានតែសេចក្ដីស្លាប់ ចាំទទួលពួកគេ»។+