យ៉ូប
២០ សូផារ+ជាអ្នកស្រុកណាអាម៉ានិយាយឡើងថា៖
២ «ខ្ញុំទ្រាំនៅស្ងៀមមិនបានទេ ខ្ញុំត្រូវតែនិយាយចេញមក
ព្រោះខ្ញុំមិនស្រណុកចិត្តសោះ។
៣ ខ្ញុំបានឮពាក្យដែលអ្នកនិយាយមើលងាយខ្ញុំ
ហើយការយល់ដឹងរបស់ខ្ញុំជំរុញចិត្តខ្ញុំឲ្យតបទៅវិញ។
៤ អ្នកច្បាស់ជាដឹងអ្វីដែលខ្ញុំនឹងប្រាប់អ្នកឥឡូវនេះ
ព្រោះចាប់តាំងពីពេលដែលមនុស្ស*បានត្រូវបង្កើតមក+
៥ មនុស្សទុច្ចរិតត្រេកអរមិនបានយូរទេ
ហើយមនុស្សដែលមិនកោតខ្លាចព្រះ* សប្បាយបានតែមួយភ្លែតប៉ុណ្ណោះ។+
៦ ទោះជាភាពរុងរឿងរបស់គាត់ខ្ពស់ដល់មេឃ
ហើយក្បាលរបស់គាត់ដល់ពពកក៏ដោយ
៧ គាត់នឹងត្រូវសាបសូន្យទៅដូចជាលាមករបស់គាត់
ហើយអ្នកដែលធ្លាប់ឃើញគាត់នឹងសួរថា៖ ‹តើគាត់បាត់ទៅណា?›។
៨ គាត់នឹងបាត់ទៅដូចការយល់សប្ដិ ហើយគេនឹងមិនឃើញគាត់ទៀតទេ
គាត់នឹងវិនាសសូន្យទៅដូចសុបិនក្នុងពេលរាត្រី។
៩ អ្នកដែលធ្លាប់ឃើញគាត់នឹងលែងឃើញគាត់ទៀត
ហើយក្នុងផ្ទះរបស់គាត់ក៏នឹងលែងមានគាត់ទៀតដែរ។+
១០ គាត់នឹងត្រូវប្រគល់ទ្រព្យសម្បត្តិឲ្យគេវិញ+
ហើយកូនៗរបស់គាត់នឹងអង្វរសុំអ្នកក្រីក្រឲ្យជួយ។
១១ គាត់*ពេញទៅដោយកម្លាំងដូចមនុស្សវ័យក្មេង
ប៉ុន្តែ កម្លាំងនេះនឹងទៅក្នុងដីជាមួយនឹងគាត់។
១២ ចំពោះគាត់ ការប្រព្រឹត្តអាក្រក់ប្រៀបដូចជាការបរិភោគអាហារដែលមានរសជាតិផ្អែម
គាត់ទុកឲ្យវារលាយក្រោមអណ្ដាតរបស់គាត់។
១៣ គាត់មិនព្រមលេបចូលទៅ
គាត់បៀមវាទុកក្នុងមាត់។
១៤ ក៏ប៉ុន្តែ ពេលអាហារធ្លាក់ចូលទៅក្នុងពោះ
រសជាតិផ្អែមនឹងប្រែទៅជាល្វីងវិញ
វានឹងដូចជាពិសរបស់ពស់វែកនៅក្នុងពោះគាត់។
១៥ គាត់លេបយកទ្រព្យ តែគាត់នឹងក្អួតចេញមកវិញ
ព្រះនឹងដកយកទ្រព្យចេញពីពោះគាត់ មិនទុកឲ្យនៅសល់ឡើយ។
១៦ គាត់បឺតជញ្ជក់ពិសរបស់ពស់វែក
គាត់នឹងស្លាប់ដោយសារចង្កូមរបស់វា។
១៧ គាត់គ្មានថ្ងៃបានបរិភោគទឹកឃ្មុំនិងខ្លាញ់ទឹកដោះ
ដែលហៀរហូរដូចទឹកឡើយ។
១៨ គាត់នឹងប្រគល់វត្ថុទ្រព្យទៅឲ្យគេវិញទាំងមិនទាន់បានប្រើនៅឡើយ
ហើយគាត់ក៏មិនបានសប្បាយនឹងធនធានដែលគាត់បានទទួលពីការជួញដូរដែរ។+
១៩ ពីព្រោះគាត់បានសង្កត់សង្កិន ហើយបោះបង់ចោលមនុស្សក្រីក្រ
ថែមទាំងរឹបអូសផ្ទះដែលគាត់មិនបានសង់ទៀតផង។
២០ ប៉ុន្តែ គាត់នឹងគ្មានសេចក្ដីសុខសាន្តក្នុងចិត្តឡើយ
ហើយទ្រព្យសម្បត្តិរបស់គាត់នឹងមិនជួយសង្គ្រោះគាត់ទេ។
២១ មិនមានអ្វីនៅសល់ឲ្យគាត់លេបត្របាក់ទៀត
ហេតុនេះ ភាពចម្រុងចម្រើនរបស់គាត់នឹងមិននៅគង់វង្សឡើយ។
២២ ពេលទ្រព្យធនរបស់គាត់កើនដល់កំពូល នោះទុក្ខព្រួយនឹងគ្របសង្កត់លើគាត់
ហើយគាត់នឹងជួបតែរឿងអាក្រក់ៗសព្វបែបយ៉ាង។
២៣ កាលដែលគាត់កំពុងបរិភោគ
ព្រះនឹងចាក់កំហឹងរបស់លោកទៅលើគាត់
ដូចចាក់ភ្លៀងឲ្យហូរចុះទៅក្នុងពោះវៀនគាត់។
២៤ ពេលគាត់រត់គេចពីអាវុធដែក
នោះក៏មានព្រួញចេញពីធ្នូស្ពាន់មកទម្លុះគាត់។
២៥ គាត់ដកព្រួញចេញពីខ្នងរបស់គាត់
គឺដកព្រួញសស្ងាចចេញពីប្រមាត់ ហើយគាត់ក៏តក់ស្លុតជាខ្លាំង។+
២៦ ទ្រព្យសម្បត្តិរបស់គាត់នឹងវិនាសទៅក្នុងភាពងងឹតសូន្យសុង
ភ្លើងដែលគ្មានអ្នកណាបង្កាត់នឹងឆេះបំផ្លាញគាត់។
ក្នុងលំនៅរបស់គាត់ មនុស្សដែលរួចរស់ជីវិតនឹងត្រូវអន្តរាយ។
២៧ ស្ថានសួគ៌នឹងលាតត្រដាងកំហុសរបស់គាត់
ឯផែនដីនឹងក្រោកឡើងប្រឆាំងគាត់។
២៨ ទឹកជំនន់នឹងកញ្ឆក់យកផ្ទះគាត់ទៅ
អ្វីៗគ្រប់យ៉ាងរបស់គាត់នឹងហូរបាត់អស់នៅថ្ងៃនៃកំហឹងរបស់ព្រះ។
២៩ នេះជាចំណែកដែលព្រះឲ្យដល់មនុស្សទុច្ចរិត
ជាមត៌កដែលព្រះទុកសម្រាប់គាត់»។