យ៉ូប
៥ «សូមអ្នកស្រែកហៅចុះ! តើមានអ្នកណាឆ្លើយតបមកអ្នកទេ?
តើអ្នកនឹងសុំទេវតា*មួយណាឲ្យមកជួយអ្នក?
២ ការចងគំនុំនឹងបណ្ដាលឲ្យមនុស្សល្ងីល្ងើបាត់បង់ជីវិត
ហើយចិត្តច្រណែននឹងធ្វើឲ្យមនុស្សគ្មានប្រាជ្ញាស្លាប់។
៣ ខ្ញុំធ្លាប់ឃើញមនុស្សដែលមិនចេះគិតពិចារណាបានចម្រុងចម្រើន
ប៉ុន្តែ ភ្លាមៗនោះទីលំនៅរបស់គាត់ក៏ត្រូវបណ្ដាសា។
៤ កូនៗរបស់គាត់គ្មានសុវត្ថិភាពទាល់តែសោះ
ពួកគេបានត្រូវសង្កត់សង្កិននៅឯទ្វារក្រុង+គ្មានអ្នកណាម្នាក់ជួយពួកគេឡើយ។
៥ មនុស្សស្រេកឃ្លានបានបរិភោគផលចម្រូតរបស់គាត់
សូម្បីតែផលដែលនៅក្នុងគុម្ពបន្លា ក៏គេមិនទុកឲ្យនៅសល់ដែរ
ឯទ្រព្យសម្បត្តិរបស់គាត់និងរបស់កូនៗគាត់ បានត្រូវចាប់យកទៅអស់។
៦ ពីព្រោះសេចក្ដីអាក្រក់មិនបានកើតចេញពីធូលីទេ
ហើយទុក្ខលំបាកក៏មិនបានដុះចេញពីដីដែរ។
៧ ជីវិតមនុស្សតែងតែជួបបញ្ហាដូចផ្កាភ្លើងតែងតែខ្ទាតឡើងទៅលើ។
៨ ប៉ុន្តែ ប្រសិនបើខ្ញុំជាអ្នកវិញ ខ្ញុំនឹងប្ដឹងទៅព្រះ
គឺប្រគល់រឿងក្ដីរបស់ខ្ញុំជូនព្រះ ឲ្យលោកវិនិច្ឆ័យ។
៩ ព្រះធ្វើការអស្ចារ្យ ជាការដែលយល់ធ្លុះមិនបាន
លោកធ្វើការដ៏គួរឲ្យស្ញប់ស្ញែង ច្រើនឥតគណនា។
១០ លោកបង្អុរភ្លៀងមកលើផែនដី
ហើយឲ្យមានទឹកស្រោចស្រពលើធរណី។
១១ លោកលើកអ្នកដែលទន់ទាប ឲ្យឡើងខ្ពស់
ហើយជួយសង្គ្រោះអ្នកដែលធ្លាក់ទឹកចិត្ត។
១២ លោករារាំងផែនការអាក្រក់របស់មនុស្សលាក់ពុត
ដើម្បីកុំឲ្យកិច្ចការរបស់ពួកគេបានសម្រេច។
១៣ លោកបណ្ដាលឲ្យពួកអ្នកប្រាជ្ញជាប់អន្ទាក់របស់ខ្លួន+
យ៉ាងនេះគម្រោងការរបស់មនុស្សវាងវៃត្រូវបរាជ័យ។
១៤ ពួកគេជួបភាពងងឹត នៅពេលថ្ងៃ
នៅវេលាថ្ងៃត្រង់ ពួកគេដើរស្ទាបៗដូចជាដើរនៅពេលយប់។
១៥ លោកការពារមនុស្សពីពាក្យសម្ដីដែលប្រៀបដូចជាដាវ
លោកជួយអ្នកក្រីក្រឲ្យចេញពីកណ្ដាប់ដៃរបស់មនុស្សសង្កត់សង្កិន។
១៦ ដូច្នេះ មនុស្សទន់ទាបមានសង្ឃឹម
តែមនុស្សមិនសុចរិតត្រូវព្រះបិទមាត់វិញ។
១៧ មើល! អ្នកណាដែលព្រះប្រដៅតម្រង់ អ្នកនោះមានសុភមង្គលហើយ
ម្ល៉ោះហើយ កុំបដិសេធដំបូន្មានរបស់ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតឡើយ!
១៨ ពីព្រោះលោកធ្វើឲ្យឈឺចាប់ តែរុំរបួសឲ្យ
លោកធ្វើឲ្យរបួស តែធ្វើឲ្យជាឡើងវិញដោយដៃលោកផ្ទាល់។
១៩ លោកនឹងសង្គ្រោះអ្នកពីអន្តរាយមួយហើយមួយទៀត
ទោះជាអ្នកជួបអន្តរាយ៦ដង ឬ៧ដងក៏ដោយ។
២០ ព្រះនឹងជួយអ្នកឲ្យរួចជីវិតក្នុងគ្រាដែលអត់ឃ្លាន
ហើយនៅវេលាសឹកសង្គ្រាម លោកនឹងរំដោះអ្នកឲ្យរួចពីមុខដាវ។
២១ លោកនឹងការពារអ្នកពីពាក្យដែលបញ្ឈឺចិត្ត+
ហើយពេលមានអន្តរាយកើតឡើង អ្នកមិនចាំបាច់ភ័យខ្លាចឡើយ។
២២ អ្នកនឹងលែងព្រួយបារម្ភអំពីការអត់ឃ្លាន និងសេចក្ដីហិនវិនាសទៀត
ហើយអ្នកក៏មិនចាំបាច់ភ័យខ្លាចសត្វសាហាវដែរ។
២៣ ពីព្រោះថ្មនៅឯវាល នឹងមិនរំខានអ្នកទេ
ចំណែកឯសត្វព្រៃវិញ ពួកវានឹងមានសេចក្ដីសុខសាន្តជាមួយនឹងអ្នក។
២៤ អ្នកនឹងដឹងថាត្រសាលរបស់អ្នក មានសេចក្ដីសុខសាន្តត្រាណ
ហើយពេលអ្នកទៅមើលវាលស្មៅ នោះអ្នកនឹងឃើញថាគ្មានអ្វីបាត់ឡើយ។
២៥ អ្នកនឹងមានកូនយ៉ាងច្រើន ហើយមានចៅយ៉ាងសន្ធឹក
ដូចរុក្ខជាតិដែលដុះនៅពាសពេញផែនដី។
២៦ ពេលដែលអ្នកស្លាប់ រាងកាយរបស់អ្នកនឹងនៅតែរឹងមាំ
ដូចកណ្ដាប់ស្រូវដែលត្រូវប្រមូល ពេលដល់រដូវរបស់វា។
២៧ មើល! យើងបានពិនិត្យពិចារណា ហើយឃើញថានេះគឺជាការពិត
ចូរស្ដាប់ ហើយទទួលទុកចុះ»។