បទចម្រៀងសាឡូម៉ូន
៤ «មើល! ស្ងួនភ្ងាបងអើយ
អូនស្អាតខ្លាំងណាស់។
មើល! អូនស្អាតអ្វីម្ល៉េះ។
នេត្រារបស់អូនដែលនៅក្រោមស្បៃប្រៀបបាននឹងភ្នែកព្រាប
សក់របស់អូនប្រៀបដូចជាហ្វូងពពែ ដែលកំពុងចុះតាមភ្នំស្រុកគីលាត។+
២ ធ្មេញរបស់អូនប្រៀបដូចជាហ្វូងចៀមដែលទើបនឹងកាត់រោម
ពួកវានាំគ្នាឡើងមកពីលាងជម្រះខ្លួនវិញ
ទាំងអស់ស្អាតហើយមានគូវា
គ្មានបាត់មួយណាឡើយ។
៣ បបូរមាត់របស់អូនប្រៀបបាននឹងអំបោះក្រហមឆ្អៅ
ហើយពាក្យពេចន៍របស់អូនពីរោះគួរឲ្យចង់ស្ដាប់។
ថ្ពាល់*របស់ស្រីស្ងួនដែលនៅក្រោមស្បៃប្រៀបដូចជាផ្លែទទឹមមួយចំហៀង។
៤ រីឯករបស់អូន+ប្រៀបបាននឹងប៉មរបស់ដាវីឌ+
ប៉មនោះសង់ឡើងដោយថ្មតម្រៀបគ្នាជាជួរ
នៅលើប៉មនោះក៏មានព្យួរខែល១.០០០
សុទ្ធតែជាខែលមូលរបស់ទាហានខ្លាំងពូកែ។+
៥ ដោះរបស់អូនប្រៀបដូចជាកូនប្រើសពីរ
ជាកូនភ្លោះរបស់សត្វប្រើសញី+
ដែលកំពុងស៊ីចំណីនៅកណ្ដាលផ្កាលីលី»។
៦ «មុនវេលាដែលមានខ្យល់បក់រំភើយ និងមុនស្រមោលបាត់ទៅ
ខ្ញុំនឹងចាកចេញទៅឯភ្នំនៃជ័រល្វីងទេស
និងទៅឯទួលនៃម្សៅក្រអូប»។+
៨ កូនក្រមុំបងអើយ សូមអូនចេញពីស្រុកលីបង់ជាមួយនឹងបង
សូមអូនចេញពីស្រុកលីបង់ជាមួយនឹងបងទៅ។+
សូមយើងចុះពីកំពូលភ្នំអាម៉ាណា*
ពីកំពូលភ្នំសេនៀ ពីកំពូលភ្នំហឺម៉ូន+
ពីរូងតោ និងពីភ្នំខ្លារខិន។
៩ ឱកូនក្រមុំរបស់បង ម្ចាស់ចិត្តបងអើយ អូនបានឆក់យកបេះដូងរបស់បង+
គ្រាន់តែអូនក្រឡេកមើលមកបងម្ដង គ្រាន់តែបងឃើញបន្តោងខ្សែកអូន
អូនក៏បានឆក់យកបេះដូងរបស់បងទៅ។
១០ ឱកូនក្រមុំរបស់បង ម្ចាស់ចិត្តបងអើយ សេចក្ដីស្រឡាញ់របស់អូនធ្វើឲ្យចិត្តបងកក់ក្ដៅណាស់!+
សេចក្ដីស្រឡាញ់របស់អូនវិសេសជាងស្រាទំពាំងបាយជូរ+
ហើយក្លិនទឹកអប់របស់អូន ក៏ប្រសើរជាងគ្រឿងក្រអូបណាទាំងអស់!+
១១ ឱកូនក្រមុំរបស់បង បបូរមាត់អូនផ្អែមដូចទឹកឃ្មុំសុទ្ធ។+
គឺដូចជានៅក្រោមអណ្ដាតរបស់អូនមានទឹកឃ្មុំនិងទឹកដោះ+
ហើយក្លិនសម្លៀកបំពាក់របស់អូន គឺដូចជាក្លិនក្រអូបពីព្រៃស្រុកលីបង់។
១២ កូនក្រមុំរបស់បង ជាម្ចាស់ចិត្តបងអើយ អូនប្រៀបដូចជាសួនដែលមានរបងចាក់សោ
អូនប្រៀបដូចជាសួនដែលមានរបងចាក់សោ ជាប្រភពទឹកបិទជិត។
១៣ មែក*របស់អូនប្រៀបដូចជាសួននៃផ្លែទទឹម
ដែលមានផលផ្លែល្អបំផុត ថែមទាំងមានដើមហេនណា និងដើមស្ពេកណាត។*
១៤ សួននោះក៏មានដើមស្ពេកណាត+ ដើមសាហ្វ្រុន ដើមត្រែងក្រអូប+ និងឈើអែម+
ក៏មានដើមឈើគ្រប់ប្រភេទដែលគេយកធ្វើម្សៅក្រអូប ជ័រល្វីងទេសនិងគ្រឿងក្រអូបអាឡូ+
ព្រមទាំងដើមទាំងឡាយដែលមានក្លិនពិដោរបំផុត។+
១៥ អូនជាទឹកផុសក្នុងសួន ជាអណ្ដូងទឹកស្អាត
ហើយជាខ្សែទឹកហូរឥតដាច់ពីភ្នំស្រុកលីបង់។+
១៦ ឱខ្យល់ពីទិសខាងជើងអើយ ចូរភ្ញាក់ឡើង
ឱខ្យល់ពីទិសខាងត្បូងអើយ ចូរចូលមក
ចូរឲ្យខ្យល់បក់ត្រសៀកៗមកលើសួនរបស់ខ្ញុំ។
ចូរឲ្យក្លិនពិដោរក្នុងសួនបានសាយភាយទៅ»។
«សូមឲ្យបុរសជាទីស្រឡាញ់របស់ខ្ញុំចូលមកក្នុងសួនរបស់គាត់
ហើយបរិភោគផ្លែឈើដែលល្អបំផុត»។