យេរេមា
១៣ ព្រះយេហូវ៉ាបានប្រាប់ខ្ញុំថា៖ «ចូរទៅទិញខ្សែក្រវាត់ដែលធ្វើពីក្រណាត់សាច់ល្អ រួចចងនៅចង្កេះអ្នក តែមិនត្រូវឲ្យវាសើមទេ»។ ២ ដូច្នេះ ខ្ញុំក៏ទៅទិញខ្សែក្រវាត់តាមបង្គាប់ព្រះយេហូវ៉ា រួចចងនៅចង្កេះខ្ញុំ។ ៣ ក្រោយមក ព្រះយេហូវ៉ាបានមានប្រសាសន៍មកខ្ញុំម្ដងទៀតថា៖ ៤ «ចូរយកខ្សែក្រវាត់នៅចង្កេះអ្នក ជាខ្សែក្រវាត់ដែលអ្នកបានទិញ រួចធ្វើដំណើរឆ្ពោះទៅទន្លេអឺប្រាត ហើយលាក់វាទុកក្នុងក្រហែងថ្ម»។ ៥ ដូច្នេះ ខ្ញុំក៏បានធ្វើដំណើរទៅ រួចលាក់ខ្សែក្រវាត់នោះនៅក្បែរទន្លេអឺប្រាតតាមបង្គាប់ព្រះយេហូវ៉ា។
៦ អស់ជាច្រើនថ្ងៃក្រោយមក ព្រះយេហូវ៉ាមានប្រសាសន៍មកកាន់ខ្ញុំថា៖ «ចូរក្រោកឡើង ហើយធ្វើដំណើរទៅទន្លេអឺប្រាត រួចយកខ្សែក្រវាត់ដែលខ្ញុំបង្គាប់ឲ្យអ្នកលាក់នោះ ត្រឡប់មកវិញ»។ ៧ ម្ល៉ោះហើយ ខ្ញុំក៏ធ្វើដំណើរទៅទីនោះ ហើយកាយយកខ្សែក្រវាត់ដែលខ្ញុំបានលាក់ទុក តែខ្ញុំឃើញថាវាបានពុកផុយអស់ទៅហើយ គឺមិនអាចប្រើការបានទៀតទេ។
៨ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍មកកាន់ខ្ញុំថា៖ ៩ «នេះជាប្រសាសន៍របស់ព្រះយេហូវ៉ា ដែលថា៖ ‹តាមរបៀបដូចគ្នានេះ ខ្ញុំនឹងបំបាក់អំណួតរបស់ពួកយូដា និងការក្រអឺតក្រអោងរបស់អ្នកក្រុងយេរូសាឡិម។+ ១០ ប្រជាជាតិដ៏អាក្រក់នេះមិនព្រមស្ដាប់បង្គាប់ខ្ញុំទេ+ ពួកគេមានចិត្តរឹងចចេសណាស់ ហើយចូលចិត្តធ្វើតាមតែចិត្តខ្លួន។+ ពួកគេកាន់តាមព្រះឯទៀត ហើយគោរពបម្រើដល់ព្រះទាំងនោះ។ ហេតុនេះ ពួកគេនឹងដូចជាខ្សែក្រវាត់នេះដែរ គឺគ្មានប្រយោជន៍ទាល់តែសោះ›។ ១១ ‹ព្រោះដូចខ្សែក្រវាត់ជាប់នៅចង្កេះមនុស្សយ៉ាងណា នោះខ្ញុំបានធ្វើឲ្យពូជពង្សអ៊ីស្រាអែលនិងពូជពង្សយូដាជាប់នឹងខ្ញុំយ៉ាងនោះដែរ ដើម្បីឲ្យពួកគេធ្វើជារាស្ត្ររបស់ខ្ញុំ+ ជាកិត្តិនាម+ ជាការសរសើរ និងអ្វីដ៏ស្រស់ស្អាតដល់ខ្ញុំ។ ទោះជាយ៉ាងនោះក៏ដោយ ពួកគេមិនបានស្ដាប់ខ្ញុំទេ›។+ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
១២ «បន្ថែមទៅទៀត អ្នកត្រូវនាំដំណឹងទៅប្រាប់ពួកគេថា៖ ‹ព្រះយេហូវ៉ាជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖ «ថូធំៗទាំងប៉ុន្មាន គួរតែពេញទៅដោយស្រា»›។ ពួកគេនឹងឆ្លើយមកអ្នកថា៖ ‹យើងដឹងហើយតើ ថាថូធំៗទាំងអស់ត្រូវដាក់ស្រាពេញ›។ ១៣ រួចអ្នកត្រូវនិយាយទៅពួកគេថា៖ ‹ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «មើល! ខ្ញុំនឹងធ្វើឲ្យប្រជាជាតិនេះស្រវឹងជោកជាំ+ គឺចាប់ពីស្ដេចដែលអង្គុយលើបល្ល័ង្កដាវីឌ រហូតដល់ពួកសង្ឃនិងពួកអ្នកប្រកាសទំនាយ ព្រមទាំងអ្នកក្រុងយេរូសាឡិមទាំងអស់។ ១៤ ខ្ញុំនឹងបោកពួកគេផ្ទប់ជាមួយគ្នា គឺទាំងឪពុកទាំងកូន។+ ខ្ញុំនឹងមិនត្រាប្រណី ឬបង្ហាញសេចក្ដីមេត្តា និងសេចក្ដីអាណិតអាសូរចំពោះពួកគេឡើយ ហើយក៏គ្មានអ្វីអាចរារាំងខ្ញុំមិនឲ្យបំផ្លាញពួកគេដែរ»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា›។+
១៥ ចូរត្រងត្រាប់ស្ដាប់ចុះ
កុំមានចិត្តអំណួតឡើយ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ហើយ
១៦ ចូរសរសើរតម្កើងព្រះយេហូវ៉ាជាព្រះនៃអ្នក
មុនលោកនាំឲ្យមានភាពងងឹត
និងមុនអ្នកជំពប់ជើងដួលនៅលើភ្នំនាពេលព្រលប់។
អ្នកទន្ទឹងចាំទទួលពន្លឺ តែលោកនឹងធ្វើឲ្យមានភាពងងឹតសូន្យសុង
គឺលោកធ្វើឲ្យពន្លឺប្រែទៅជាភាពងងឹតយ៉ាងក្រាស់វិញ។+
១៧ ប៉ុន្តែ ប្រសិនបើអ្នកមានអំណួតហើយមិនព្រមស្ដាប់ទេ
នោះខ្ញុំនឹងពួនយំតែម្នាក់ឯង។
ទឹកភ្នែកខ្ញុំនឹងហូរមកឥតល្ហែដូចជាក្បាលទឹក+
ព្រោះរាស្ត្ររបស់ព្រះយេហូវ៉ា+ត្រូវគេចាប់យកទៅធ្វើជាឈ្លើយហើយ។
១៨ ចូរប្រាប់ដល់ស្ដេចនិងមាតាស្ដេចថា៖+ ‹ចូរអង្គុយនៅកន្លែងទាបជាង
ព្រោះមកុដដ៏រុងរឿងរបស់អ្នកនឹងធ្លាក់ចុះពីលើក្បាលអ្នកហើយ›។
១៩ ក្រុងទាំងប៉ុន្មានដែលនៅភាគខាងត្បូងបានត្រូវបិទទ្វារ*ហើយ គ្មាននរណាម្នាក់បើកទៀតទេ។
ពួកយូដាទាំងអស់បានត្រូវគេនិរទេសយកទៅធ្វើជាឈ្លើយ។+
២០ ចូរងើយភ្នែកមើលទៅពួកអ្នកដែលកំពុងមកពីភាគខាងជើង។+
តើហ្វូងចៀមស្អាតៗដែលអ្នកបានទទួលនៅឯណា?+
២១ ពេលមិត្តជិតស្និទ្ធដែលអ្នកបានរាប់អានពីដំបូង+
មកដាក់ទោសអ្នក តើអ្នកនឹងនិយាយអ្វីទៅ?
តើអ្នកនឹងមិនឈឺចាប់ដូចជាស្ត្រីឈឺពោះសម្រាលកូនទេឬ?+
២២ បើអ្នកឆ្ងល់ក្នុងចិត្តថា៖ ‹ហេតុអ្វីបានជារឿងនេះកើតឡើងដល់ខ្ញុំ?›+
នោះគឺដោយសារតែកំហុសឆ្គងដ៏ធ្ងន់ធ្ងររបស់អ្នកទេ។ ហេតុនេះហើយបានជាគេដោះសំពត់អ្នក+ ហើយកែងជើងអ្នកឈឺចុកចាប់ជាខ្លាំង។
២៣ តើជនជាតិគូស*អាចដូរពណ៌សម្បុររបស់ខ្លួនបានទេ? ហើយតើខ្លារខិនអាចដូរស្នាមអុជរបស់វាបានឬ?+
បើបានមែន ឱអ្នកដែលមានទម្លាប់ធ្វើអាក្រក់អើយ! អ្នកក៏អាចធ្វើល្អបានដែរ។
២៤ ហេតុនេះ ដូចចំបើងត្រូវខ្យល់ពីតំបន់ស្ងាត់ជ្រងំបក់ប៉ីងយ៉ាងណាខ្ញុំនឹងកម្ចាត់កម្ចាយពួកគេយ៉ាងនោះដែរ។+
២៥ នោះជាចំណែករបស់អ្នកហើយ ជាចំណែកដែលខ្ញុំបានឲ្យអ្នក»។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
«អ្នកបានបំភ្លេចខ្ញុំ+ និងទុកចិត្តពាក្យភូតភរ+
២៦ ដោយហេតុនោះ ខ្ញុំនឹងលាត់សំពត់អ្នកមកគ្របក្បាលអ្នក
ហើយអ្នកឯទៀតនឹងឃើញកេរ្តិ៍ខ្មាសរបស់អ្នក+
២៧ គេនឹងឃើញអំពើផិតក្បត់របស់អ្នក+ និងសម្រែកត្រេកត្រអាលរបស់អ្នក
ព្រមទាំងឃើញអំពើពេស្យាចារដ៏គួរឲ្យស្អប់ខ្ពើមរបស់អ្នកដែរ។
នៅលើទីទួលនានា និងនៅឯវាល
ខ្ញុំបានឃើញការប្រព្រឹត្តដ៏គួរឲ្យខ្ពើមឆ្អើមរបស់អ្នក។+
ឱក្រុងយេរូសាឡិមអើយ! អ្នកនឹងត្រូវវេទនាហើយ!
តើអ្នកនៅតែប្រព្រឹត្តដោយស្មោកគ្រោកដល់កាលណាទៀត?»។+