យេរេមា
៤៨ ស្ដីអំពីស្រុកម៉ូអាប់+ ព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌និងជាព្រះនៃជនជាតិអ៊ីស្រាអែលមានប្រសាសន៍ថា៖
«វេទនាដល់ក្រុងនេបូរ+ ព្រោះនាងបានត្រូវបំផ្លាញចោលហើយ!
ក្រុងគារីអាតថេម+បានរងការអាម៉ាស់ ហើយត្រូវគេដណ្ដើមយក។
ទីពំនាក់ដ៏រឹងមាំបានខ្ទេចខ្ទីអស់ ហើយអ្នកដែលនៅក្នុងនោះបានបាក់មុខ។+
២ គេលែងលើកតម្កើងស្រុកម៉ូអាប់ទៀតហើយ។
ក្នុងក្រុងហែសបូន+ ពួកសត្រូវបានឃុបឃិតគ្នាបំផ្លាញស្រុកនោះដោយនិយាយថា៖
‹ចូរមក យើងនាំគ្នាកម្ទេចប្រជាជាតិនេះឲ្យសាបសូន្យ›។
រីឯអ្នកវិញ ឱម៉ាតម៉ែនអើយ! ចូរនៅស្ងៀម ព្រោះដាវកំពុងដេញតាមអ្នក។
៣ មានឮសម្រែកចេញពីហូរ៉ូណែម+
ដោយសារការបំផ្លិចបំផ្លាញនិងការផ្ដួលរំលំដ៏ធំសម្បើម។
៤ ស្រុកម៉ូអាប់បានត្រូវវាយកម្ទេច
ហើយកូនតូចៗនៅក្នុងស្រុកនោះក៏ស្រែកយំ។
៥ នៅតាមផ្លូវឡើងទៅឯលូហ៊ីត ពួកគេដើរបណ្ដើរយំបណ្ដើរ
នៅតាមផ្លូវចុះពីហូរ៉ូណែម ពួកគេឮសម្រែកកើតទុក្ខដោយសារការវិនាសអន្តរាយ។+
៦ ចូររត់គេចឲ្យរួចជីវិតទៅ!
អ្នកនឹងប្រៀបដូចជាដើមយូនីពើមួយដើមនៅតំបន់ស្ងាត់ជ្រងំ។
៧ អ្នកនឹងត្រូវគេដណ្ដើមយក
ព្រោះអ្នកទុកចិត្តទៅលើទ្រព្យសម្បត្តិនិងស្នាដៃរបស់ខ្លួន។
ព្រះកេម៉ូស+នឹងត្រូវគេនាំយកទៅ
ជាមួយនឹងពួកអ្នកគ្រប់គ្រងនិងពួកសង្ឃរបស់ព្រះនោះដែរ។
៨ អ្នកបំផ្លាញនឹងមកវាយប្រហារក្រុងទាំងឡាយ
ហើយគ្មានក្រុងណាមួយគេចរួចទេ។+
៩ ចូរដំឡើងបង្គោលសញ្ញាសម្រាប់អ្នកស្រុកម៉ូអាប់ទៅ
ព្រោះពេលស្រុកនេះត្រូវបំផ្លាញចោល ពួកគេនឹងរត់ចេញ
ហើយលែងមានមនុស្សរស់នៅក្នុងក្រុងទាំងប៉ុន្មាននោះទៀត។
ពេលអ្នកឯទៀតឮអំពីក្រុងទាំងនោះ ពួកគេនឹងភ័យតក់ស្លុតជាខ្លាំង។+
១០ អ្នកណាដែលធ្វើកិច្ចការរបស់ព្រះយេហូវ៉ាដោយធ្វេសប្រហែសនោះត្រូវបណ្ដាសាហើយ!
ចំណែកអ្នកណាដែលមិនព្រមហូតដាវសម្លាប់ ក៏ត្រូវបណ្ដាសាដែរ!
១១ តាំងពីពួកម៉ូអាប់នៅក្មេង គ្មាននរណាមករំខានពួកគេទេ
ហើយក៏មិនដែលត្រូវគេចាប់យកទៅធ្វើជាឈ្លើយដែរ។
ពួកគេប្រៀបដូចជាស្រាទំពាំងបាយជូរដែលគេទុកឲ្យរងកករ
ហើយមិនត្រូវចាក់ផ្ទេរពីភាជនៈមួយទៅភាជនៈមួយទេ។
ហេតុនេះហើយបានជារសជាតិមិនបានផ្លាស់ប្ដូរ ហើយក្លិនក៏នៅដដែល។
១២ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ហេតុនេះ មើល! នឹងមានគ្រាមកដល់ ដែលខ្ញុំចាត់គេឲ្យទៅចាក់ពួកគេចេញពីភាជនៈ គឺផ្កាប់តែម្ដង មិនឲ្យសល់អ្វីឡើយ។ រួចគេនឹងវាយបំបែកភាជនៈធំៗឲ្យខ្ទេចខ្ទីអស់។ ១៣ ពួកម៉ូអាប់នឹងរងការអាម៉ាស់ដោយសារកាន់តាមព្រះកេម៉ូស ដូចពូជពង្សអ៊ីស្រាអែលរងការអាម៉ាស់ដោយសារជូនគ្រឿងបូជានៅបេតអែល ជាកន្លែងដែលពួកគេធ្លាប់ជឿទុកចិត្ត។+
១៤ ហេតុដូចម្ដេចក៏អ្នកហ៊ាននិយាយថា៖ «យើងជាទ័ពខ្លាំងពូកែហើយត្រៀមចូលប្រយុទ្ធជានិច្ច»?›។+
១៥ មហាក្សត្រនៃបណ្ដាកងទ័ពស្ថានសួគ៌ដែលមាននាមយេហូវ៉ា បានប្រកាសថា៖+
‹ស្រុកម៉ូអាប់បានត្រូវបំផ្លាញហើយ
ក្រុងទាំងឡាយត្រូវគេឈ្លានពានដណ្ដើមយក។+
ចំណែកពួកយុវជនដ៏ខ្លាំងពូកែរបស់ពួកគេ ក៏ត្រូវគេសម្លាប់អស់ដែរ›។+
១៦ សេចក្ដីហិនវិនាសរបស់ពួកម៉ូអាប់កំពុងមកយ៉ាងឆាប់
ហើយការដួលរលំរបស់ពួកគេក៏កំពុងមកយ៉ាងប្រញាប់ដែរ។+
១៧ គ្រានោះ ប្រជាជាតិនៅជុំវិញដែលស្គាល់ឈ្មោះពួកគេ
នឹងអាណិតពួកគេជាខ្លាំង
ហើយនិយាយថា៖ ‹ឱដំបងដ៏ខ្លាំងក្លានិងព្រនង់ដ៏រុងរឿងអើយ! មិនគួរណាអ្នកបានត្រូវបំបាក់ដូច្នេះសោះ!›។
១៨ ឱកូនស្រីនៃក្រុងឌីបូន*+អើយ!
ចូរចុះពីកន្លែងដ៏រុងរឿងរបស់អ្នក ហើយមកអង្គុយខាងក្រោមទាំងខះកទៅ*
ព្រោះអ្នកបំផ្លាញស្រុកម៉ូអាប់ បានមកទាស់នឹងអ្នកហើយ។
គាត់នឹងបំផ្លាញទីរឹងមាំទាំងប៉ុន្មានរបស់អ្នកឲ្យខ្ទេចខ្ទីអស់។+
១៩ ឱអ្នកក្រុងអារ៉ូអ៊ើរ+អើយ! ចូរឈរមើលតាមផ្លូវចុះ
ហើយសួរបុរសស្ត្រីដែលកំពុងរត់គេចខ្លួនថា៖ ‹តើមានអ្វីកើតឡើង?›។
២០ ពួកម៉ូអាប់បានបាក់មុខនិងភ័យរន្ធត់ជាខ្លាំង។ ចូរទ្រហោយំទៅ!
ចូរប្រកាសនៅឯអើណូន+ថាស្រុកម៉ូអាប់បានត្រូវបំផ្លាញហើយ។
២១ «ឥឡូវដល់ពេលវិនិច្ឆ័យតំបន់រាបស្មើ*+ គឺក្រុងហូឡូន ក្រុងយេហាស+ និងក្រុងមេផ្អាត+ ២២ ក្រុងឌីបូន+ ក្រុងនេបូរ+ និងក្រុងបេតឌីប្លាថេម ២៣ ក្រុងគារីអាតថេម+ ក្រុងបេតកាមូល និងក្រុងបេតមេអន+ ២៤ ក្រុងកេរីយ៉ុត+ ក្រុងបូសរ៉ា និងក្រុងទាំងប៉ុន្មានក្នុងទឹកដីម៉ូអាប់ គឺក្រុងទាំងជិតទាំងឆ្ងាយ។
២៥ ព្រះយេហូវ៉ាប្រកាសថា៖ ‹ម៉ូអាប់បានខ្សោយកម្លាំង
ដៃរបស់គាត់បានត្រូវគេបំបាក់ហើយ›។
២៦ ‹ចូរធ្វើឲ្យម៉ូអាប់ស្រវឹងទៅ+ ព្រោះគាត់បានតម្កើងខ្លួនទាស់នឹងព្រះយេហូវ៉ា។+
គាត់នឹងននៀលក្នុងកម្អួតខ្លួន ហើយត្រូវគេប្រមាថមើលងាយ។
២៧ អ្នកបានតិះដៀលអ៊ីស្រាអែល មែនទេ?+
តើអ្នកបានឃើញគាត់ក្នុងចំណោមពួកចោរឬ
បានជាអ្នកគ្រវីក្បាលហើយនិយាយដាក់គាត់បែបនេះ?
២៨ ឱអ្នកស្រុកម៉ូអាប់អើយ! ចូរចាកចេញពីក្រុងទាំងឡាយហើយទៅរស់នៅលើផ្ទាំងថ្មធំទៅ
អ្នកនឹងដូចជាសត្វព្រាបដែលធ្វើសម្បុកនៅតាមជម្រាលនៃជ្រលងភ្នំ›»។
២៩ «យើងបានឮអំពីអំណួតរបស់ម៉ូអាប់ហើយ គាត់ពូកែអួតអាងណាស់
គឺគាត់ក្រអឺតក្រអោង មានឫកខ្ពស់ ក្អេងក្អាង ហើយព្រហើនជាខ្លាំង»។+
៣០ «ព្រះយេហូវ៉ាប្រកាសថា៖ ‹ខ្ញុំដឹងថាគាត់ជាមនុស្សឆាប់ខឹង
ហើយពាក្យសម្ដីរបស់គាត់មិនបានការ និងគ្មានប្រយោជន៍សោះ។
៣១ ហេតុនេះហើយបានជាខ្ញុំនឹងទួញយំចំពោះស្រុកម៉ូអាប់
គឺខ្ញុំនឹងទ្រហោយំចំពោះអ្នកស្រុកម៉ូអាប់ទាំងអស់
ហើយស្រែកថ្ងូរអាណិតពួកបុរសដែលនៅឯគាហេរេស។+
៣២ ឱដើមទំពាំងបាយជូរនៅក្រុងស៊ីបម៉ា+អើយ! ខ្ញុំនឹងយំស្រណោះអ្នក
ខ្លាំងជាងក្រុងយ៉ាសឺ+ទៅទៀត។
ខ្នែងរបស់អ្នកបែកចេញទៅឆ្លងកាត់សមុទ្រ រហូតទៅដល់ក្រុងយ៉ាសឺ។
ផលផ្លែទំពាំងបាយជូរនិងផលរដូវក្ដៅរបស់អ្នក
នឹងត្រូវអ្នកបំផ្លាញមកវាយកម្ទេចចោល។+
៣៣ ពេលនោះ នឹងលែងមានសម្រែករីករាយនៅក្នុងចម្ការនានា
គឺលែងមានសម្រែកអរសប្បាយក្នុងស្រុកម៉ូអាប់ទាំងមូល។+
ខ្ញុំនឹងធ្វើឲ្យលែងមានស្រាហូរចេញពីកន្លែងជាន់ផ្លែទំពាំងបាយជូរយកទឹកធ្វើស្រា
ហើយសូរសម្រែកអំណររបស់អ្នកជាន់ផ្លែទំពាំងបាយជូរ ក៏លែងមានទៀតដែរ។
ប៉ុន្តែ ពួកគេនឹងស្រែកដោយមូលហេតុផ្សេង›»។+
៣៤ «‹មានឮសម្រែកចេញពីក្រុងហែសបូន+ លាន់ឮទៅដល់អេលៀឡា។+
ពួកគេស្រែកយ៉ាងខ្លាំង លាន់ឮទៅដល់ក្រុងយេហាស+
ចាប់ពីក្រុងសូអាទៅតំបន់ហូរ៉ូណែម+ ហើយរហូតដល់តំបន់អេកឡាតសេលីស៊ីយ៉ា។
ឯផ្លូវទឹកទាំងប៉ុន្មាននៅតំបន់នីមរីម នឹងរីងស្ងួតអស់›។+
៣៥ ព្រះយេហូវ៉ាប្រកាសថា៖ ‹ខ្ញុំនឹងបំផ្លាញឲ្យអស់ពីស្រុកម៉ូអាប់
គឺអ្នកដែលនាំយកគ្រឿងបូជាទៅឯទីខ្ពស់
និងអ្នកដែលជូនគ្រឿងបូជាដល់ព្រះរបស់ពួកគេ។
៣៦ ហេតុនេះហើយ ចិត្តខ្ញុំក្ដុកក្ដួលនឹងស្រុកម៉ូអាប់
ហើយថ្ងួចថ្ងូរចំពោះពួកបុរសដែលនៅគាហេរេស ដូចជាសំឡេងខ្លុយ*+
ព្រោះទ្រព្យទាំងប៉ុន្មានដែលគាត់រកបាន នឹងវិនាសអស់ទៅ។
៣៧ ពួកគេគ្រប់គ្នាសុទ្ធតែកោរសក់+ ហើយកាត់ពុកចង្កាទាំងអស់។
ពួកគេបានឆូតសាច់ដៃខ្លួន+ ថែមទាំងស្លៀកបាវទៀតផង!›»។+
៣៨ «‹នៅលើដំបូលផ្ទះទាំងឡាយ និងទីលានសាធារណៈក្នុងស្រុកម៉ូអាប់
ឮតែសំឡេងទ្រហោយំ។
ព្រោះខ្ញុំបានបំបាក់បំបែកស្រុកម៉ូអាប់ ដូចបុគ្គលម្នាក់បំបែកថូដែលគ្មានតម្លៃ›។
នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៣៩ ‹ពួកម៉ូអាប់ភ័យតក់ស្លុតខ្លាំងណាស់! ចូរនាំគ្នាទ្រហោយំទៅ!
ពួកគេបានបែរចេញដោយអាម៉ាស់មុខជាខ្លាំង!
ហើយទទួលការប្រមាថមើលងាយពីអ្នកឯទៀត។
ស្រុកនោះនឹងទៅជាទីស្ញែងខ្លាចដល់ប្រជាជាតិនានាដែលនៅជុំវិញ›»។
៤០ «ព្រោះព្រះយេហូវ៉ាមានប្រសាសន៍ថា៖ ‹មើល! សត្រូវនឹងត្រដាងស្លាប
ហើរចុះមកលើស្រុកម៉ូអាប់យ៉ាងលឿនដូចជាឥន្ទ្រី។+
៤១ ក្រុងទាំងឡាយនឹងត្រូវគេចាប់យក
ហើយទីរឹងមាំទាំងប៉ុន្មាននឹងត្រូវគេដណ្ដើមបាន។
នៅថ្ងៃនោះ ទ័ពខ្លាំងពូកែរបស់ម៉ូអាប់នឹងភ័យញាប់ញ័រ
ដូចជាស្ត្រីហៀបនឹងសម្រាលកូន›»។
៤២ «‹ប្រជាជាតិម៉ូអាប់នឹងត្រូវបំផ្លាញឲ្យសាបសូន្យ+
ព្រោះពួកគេបានតម្កើងខ្លួនទាស់នឹងព្រះយេហូវ៉ា។+
៤៣ ឱអ្នកស្រុកម៉ូអាប់អើយ!
ការស្ញែងខ្លាច ព្រមទាំងរណ្ដៅនិងអន្ទាក់ ស្ថិតនៅចំពោះមុខអ្នកហើយ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៤៤ ‹អស់អ្នកដែលគេចរួចពីការស្ញែងខ្លាច នឹងធ្លាក់ក្នុងរណ្ដៅ
ហើយអស់អ្នកដែលឡើងពីរណ្ដៅ នឹងជាប់អន្ទាក់›។
‹ព្រោះខ្ញុំនឹងដាក់ទោសម៉ូអាប់នៅឆ្នាំដែលខ្ញុំបានកំណត់›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
៤៥ ‹ពួកអ្នកដែលរត់ទៅជ្រកក្រោមម្លប់ក្រុងហែសបូន នឹងឈរឥតប្រយោជន៍។
ព្រោះមានភ្លើងចេញពីក្រុងហែសបូន និងអណ្ដាតភ្លើងចេញពីក្រុងស្ដេចស៊ីហុន។+
ភ្លើងនោះនឹងបញ្ឆេះថ្ងាសពួកម៉ូអាប់
ព្រមទាំងលលាដ៍ក្បាលរបស់កូនចៅពួកអ្នកដែលបង្កការវឹកវរ›។+
៤៦ ‹ឱម៉ូអាប់អើយ! អ្នកត្រូវវេទនាហើយ!
ព្រោះពួកអ្នកដែលកាន់តាមព្រះកេម៉ូស+បានវិនាសសាបសូន្យ។
កូនប្រុសៗរបស់អ្នកនឹងត្រូវគេចាប់យកទៅធ្វើជាឈ្លើយ
ហើយកូនស្រីៗរបស់អ្នក ក៏នឹងត្រូវគេនិរទេសដែរ។+
៤៧ ប៉ុន្តែ នៅគ្រាចុងក្រោយបង្អស់ ខ្ញុំនឹងប្រមូលពួកម៉ូអាប់ដែលជាប់ជាឈ្លើយមកវិញ›។ នេះជាសេចក្ដីប្រកាសរបស់ព្រះយេហូវ៉ា។
‹នោះហើយជាការវិនិច្ឆ័យទោសចំពោះស្រុកម៉ូអាប់›»។+