យេរេមា
៤៧ ព្រះយេហូវ៉ាមានប្រសាសន៍ទៅកាន់យេរេមាជាអ្នកប្រកាសទំនាយ ស្ដីអំពីស្រុកភីលីស្ទីន+ មុនពេលផារ៉ូវាយឈ្នះក្រុងកាសា។ ២ ព្រះយេហូវ៉ាមានប្រសាសន៍ដូចតទៅ៖
«មើល! មានទឹកហូរមកពីទិសខាងជើង។
ទឹកនោះជន់ឡើងដូចជាទន្លេហូរយ៉ាងខ្លាំង
ពន្លិចស្រុកនិងអ្វីៗទាំងអស់ក្នុងស្រុកនោះ
គឺទាំងក្រុងទាំងអ្នករស់នៅក្នុងក្រុង។
ពួកបុរសនឹងស្រែកឡើង
ហើយអស់អ្នកដែលរស់នៅក្នុងស្រុកនោះនឹងទ្រហោយំ។
៣ ពេលនោះ មានឮសូរសន្ធឹកសេះផាយ និងសូរសំឡេងរទេះចម្បាំង
ហើយក៏ឮសំឡេងកង់រទេះចម្បាំងយ៉ាងទ្រហឹង។
រីឯឪពុកទាំងឡាយ ពួកគេនឹងមិនបែរមករកកូនខ្លួនទេ
ព្រោះដៃពួកគេស្រយង់អស់ហើយ។
៤ ព្រោះពេលថ្ងៃនោះមកដល់ ពួកភីលីស្ទីននឹងត្រូវបំផ្លាញចោល+
គឺសម្ព័ន្ធមិត្តដែលនៅសេសសល់របស់ក្រុងទីរ៉ុស+និងក្រុងស៊ីដូន+ នឹងត្រូវបំផ្លាញ។
ព្រោះព្រះយេហូវ៉ានឹងប្រហារពួកភីលីស្ទីន ជាពួកអ្នកដែលនៅសេសសល់ពីកោះកាបតូ។*+
៥ ក្រុងកាសានឹងត្រូវត្រងិល។* ក្រុងអាសកាឡូនបានវិនាសហើយ។+
ឱអ្នកសេសសល់ដែលរស់នៅតំបន់វាលអើយ!
តើពួកអ្នកនៅតែឆូតសាច់ខ្លួនដល់កាលណាទៀត?+
៦ ឱដាវរបស់ព្រះយេហូវ៉ាអើយ!+ តើនៅតែប្រហារដល់ពេលណាទៀត?
ចូរចូលក្នុងស្រោមវិញទៅ ហើយសម្រាកដោយស្ងៀមស្ងាត់ចុះ។
៧ ពេលព្រះយេហូវ៉ាចេញបញ្ជា តើឲ្យនៅស្ងៀមម្ដេចនឹងបាន?
លោកបានចាត់ដាវលោកឲ្យទៅប្រហារក្រុងអាសកាឡូននិងតំបន់ឆ្នេរសមុទ្រហើយ»។+