ដានីយ៉ែល
៥ គ្រានោះ ស្ដេចបេលសាសារ+បានរៀបចំពិធីភោជនាហារដ៏ធំ ឲ្យដល់ពួកមន្ត្រីជាន់ខ្ពស់របស់គាត់ចំនួន១.០០០នាក់ ហើយគាត់ពិសាស្រាជាមួយនឹងពួកគេ។+ ២ ពេលស្រវឹង គាត់បានបញ្ជាឲ្យគេយកពែងមាសពែងប្រាក់ ដែលនេប៊ូក្នេសាជាឪពុកគាត់បាននាំយកពីវិហារនៅក្រុងយេរូសាឡិម+ ដើម្បីឲ្យគាត់និងពួកមន្ត្រីជាន់ខ្ពស់ ព្រមទាំងប្រពន្ធបន្ទាប់និងស្រីស្នំ ផឹកស្រាពីពែងទាំងនោះ។ ៣ ដូច្នេះ គេក៏យកពែងមាសដែលមកពីវិហារព្រះពិតនៅក្រុងយេរូសាឡិមមកជូនគាត់។ រួចគាត់និងពួកមន្ត្រីជាន់ខ្ពស់ ព្រមទាំងប្រពន្ធបន្ទាប់និងស្រីស្នំ ក៏ផឹកស្រាពីពែងទាំងនោះ។ ៤ ពេលពួកគេកំពុងផឹកស្រា ពួកគេសរសើរតម្កើងរូបព្រះដែលធ្វើពីមាស ពីប្រាក់ ពីស្ពាន់ ដែក ឈើ និងថ្ម។
៥ រំពេចនោះ ស្រាប់តែឃើញមានដៃមួយដូចជាដៃមនុស្សលេចចេញមក ហើយដៃនោះចាប់ផ្ដើមសរសេរអក្សរនៅលើជញ្ជាំងវិមានស្ដេច ដែលនៅទល់មុខជើងចង្កៀង។ ស្ដេចបានឃើញខ្នងដៃនោះ កាលដែលកំពុងសរសេរ។ ៦ ពេលនោះ ទឹកមុខស្ដេចប្រែជាស្លេកស្លាំង ហើយភ័យតក់ស្លុតជាខ្លាំង។+ ជង្គង់គាត់ក៏ចាប់ផ្ដើមញ័ររណ្ដំគ្នា។
៧ បន្ទាប់មក ស្ដេចបានស្រែកឲ្យគេទៅហៅគ្រូទាយ ពួកខាល់ដេ* និងអ្នកចេះហោរាសាស្ត្រក្នុងស្រុកបាប៊ីឡូន ឲ្យចូលមកជួប។+ រួចស្ដេចក៏និយាយទៅកាន់ពួកអ្នកប្រាជ្ញថា៖ «បើអ្នកណាម្នាក់អាចអាននិងបកស្រាយអត្ថន័យអក្សរនៅលើជញ្ជាំងឲ្យខ្ញុំបាន អ្នកនោះនឹងត្រូវបំពាក់ដោយក្រណាត់ពណ៌ស្វាយ និងខ្សែកមាស+ ថែមទាំងទទួលឋានៈជាអ្នកគ្រប់គ្រងទី៣ក្នុងរាជាណាចក្រនេះ»។+
៨ ដូច្នេះ ពួកអ្នកប្រាជ្ញទាំងអស់ក៏បានចូលទៅមើលអក្សរនៅលើជញ្ជាំង តែពួកគេមិនអាចអាននិងបកស្រាយអត្ថន័យអក្សរនោះជូនស្ដេចបានទេ។+ ៩ ហេតុនេះ ស្ដេចបេលសាសារក៏ភ័យខ្លាចជាខ្លាំង ហើយមានទឹកមុខស្លេកស្លាំង។ ឯពួកមន្ត្រីជាន់ខ្ពស់វិញ ពួកគេក៏ជ្រួលច្របល់ខ្វល់គំនិតគ្រប់គ្នា។+
១០ ចំណែកមហាក្សត្រី*វិញ នាងបានឮពាក្យរបស់ស្ដេចនិងពួកមន្ត្រីជាន់ខ្ពស់។ ដូច្នេះ នាងក៏ចូលក្នុងបន្ទប់ពិសាភោជនាហារ រួចនិយាយទៅកាន់ស្ដេចថា៖ «សូមឲ្យស្ដេចជាម្ចាស់រស់ជារៀងរហូត! សូមលោកម្ចាស់កុំភ័យខ្លាច ឬមានទឹកមុខស្លេកស្លាំងឡើយ។ ១១ ឱស្ដេចជាម្ចាស់អើយ! ក្នុងរាជាណាចក្ររបស់លោក មានបុរសម្នាក់ដែលមានឫទ្ធានុភាពនៃបណ្ដាព្រះបរិសុទ្ធ។ នៅគ្រាបិតាលោក គេឃើញថាបុរសនោះមានចំណេះដឹង ការយល់ធ្លុះជ្រៅ និងប្រាជ្ញាវាងវៃដូចជាបណ្ដាព្រះ។+ ម្ល៉ោះហើយ ស្ដេចនេប៊ូក្នេសាជាបិតាលោកបានតែងតាំងគាត់ឲ្យធ្វើជាមេលើគ្រូវេទមន្ត គ្រូទាយ ពួកខាល់ដេ* និងអ្នកចេះហោរាសាស្ត្រ។+ នោះហើយជាអ្វីដែលបិតាលោកបានធ្វើដល់គាត់។ ១២ ព្រោះដានីយ៉ែលដែលបិតាលោកដាក់ឈ្មោះថាបេលថេសាសា+ គាត់មានប្រាជ្ញាវាងវៃ និងសមត្ថភាពពិសេស ហើយមានចំណេះដឹង និងការយល់ធ្លុះជ្រៅ ក្នុងការបកស្រាយសុបិន ការស្រាយប្រស្នា និងការដោះស្រាយរឿងពិបាកផ្សេងៗ។+ សូមលោកចាត់គេឲ្យទៅហៅដានីយ៉ែលមក នោះគាត់នឹងបកស្រាយអត្ថន័យអក្សរនោះជូនលោកបានជាមិនខាន»។
១៣ ដូច្នេះ គេនាំដានីយ៉ែលចូលមកឈរនៅមុខស្ដេច។ ស្ដេចក៏សួរគាត់ថា៖ «តើអ្នកជាដានីយ៉ែលជាជននិរទេសមកពីស្រុកយូដា+ ដែលបិតាខ្ញុំបាននាំមកឬ?+ ១៤ ខ្ញុំឮថាឫទ្ធានុភាពនៃបណ្ដាព្រះស្ថិតលើអ្នក+ ហើយអ្នកមានចំណេះដឹង ការយល់ធ្លុះជ្រៅ និងប្រាជ្ញាវាងវៃ។+ ១៥ ខ្ញុំបានចាត់គេឲ្យនាំពួកអ្នកប្រាជ្ញនិងគ្រូទាយចូលមកជួបខ្ញុំ ដើម្បីអាននិងពន្យល់អត្ថន័យអក្សរនេះ តែពួកគេមិនអាចធ្វើបានទេ។+ ១៦ ក៏ប៉ុន្តែ ខ្ញុំឮថាអ្នកអាចបកស្រាយរឿងអាថ៌កំបាំងបាន ហើយក៏ចេះដោះស្រាយរឿងពិបាកៗដែរ។+ ឥឡូវ បើអ្នកអាចអាននិងបកស្រាយអត្ថន័យអក្សរនេះឲ្យខ្ញុំ នោះខ្ញុំនឹងឲ្យគេបំពាក់ក្រណាត់ពណ៌ស្វាយ និងខ្សែកមាសដល់អ្នក ហើយខ្ញុំនឹងតែងតាំងអ្នកឲ្យធ្វើជាអ្នកគ្រប់គ្រងទី៣ក្នុងរាជាណាចក្រនេះ»។+
១៧ បន្ទាប់មក ដានីយ៉ែលបានតបទៅស្ដេចថា៖ «ខ្ញុំនឹងអានហើយបកស្រាយអត្ថន័យអក្សរនេះជូនស្ដេចជាម្ចាស់ តែខ្ញុំមិនទទួលអំណោយនោះទេ សូមលោកទុកឲ្យអ្នកផ្សេងវិញចុះ។ ១៨ ឱស្ដេចជាម្ចាស់អើយ! ព្រះដ៏ខ្ពង់ខ្ពស់បំផុតបានឲ្យអំណាចគ្រប់គ្រង ភាពឧត្តុង្គឧត្តម កិត្តិយស និងភាពរុងរឿងអស្ចារ្យ ដល់ស្ដេចនេប៊ូក្នេសាជាបិតាលោក។+ ១៩ ដោយសារអំណាចខ្លាំងក្លាដែលព្រះបានប្រគល់ឲ្យបិតាលោក នោះមនុស្សគ្រប់ជាតិសាសន៍ គ្រប់ភាសាបានភ័យតក់ស្លុតនិងខ្លបខ្លាច។+ ហេតុនេះ អ្នកណាដែលបិតាលោកចង់ឲ្យស្លាប់ គឺស្លាប់ ហើយអ្នកណាដែលបិតាលោកចង់ឲ្យរស់ គឺរស់។ ឯអ្នកណាដែលលោកចង់លើកតម្កើង អ្នកនោះបានទទួលការលើកតម្កើង ហើយអ្នកណាដែលលោកចង់បន្ទាបចុះ អ្នកនោះបានបាក់មុខ។+ ២០ ប៉ុន្តែ បិតាលោកចាប់ផ្ដើមមានអំណួត ហើយមានចិត្តរឹងរូស ថែមទាំងប្រព្រឹត្តដោយព្រហើនទៀតផង។+ ម្ល៉ោះហើយ បិតាលោកបានត្រូវទម្លាក់ពីបល្ល័ង្ករាជ្យ ហើយលែងមានកិត្តិយសតទៅទៀត។ ២១ បិតាលោកបានត្រូវបណ្ដេញចេញពីចំណោមមនុស្សជាតិ ហើយចិត្តរបស់លោកបានត្រូវប្ដូរទៅជាចិត្តរបស់សត្វ។ លោកបានរស់នៅជាមួយនឹងលាព្រៃ ហើយបរិភោគរុក្ខជាតិជាអាហារដូចជាសត្វគោ។ ឯខ្លួនប្រាណត្រូវទទឹកដោយសន្សើមពីលើមេឃ រហូតដល់បិតាលោកទទួលស្គាល់ថាព្រះដ៏ខ្ពង់ខ្ពស់បំផុតជាអ្នកគ្រប់គ្រងលើរាជាណាចក្រមនុស្សជាតិ ហើយទទួលស្គាល់ថាព្រះអាចឲ្យអំណាចគ្រប់គ្រងដល់អ្នកណាក៏បានតាមតែចិត្តលោក។+
២២ «ចំណែកលោកជាកូនវិញ ឱបេលសាសារអើយ! លោកមិនបានបន្ទាបខ្លួនទេ ទោះជាបានដឹងរឿងទាំងអស់នេះក៏ដោយ។ ២៣ ផ្ទុយទៅវិញ លោកបែរជាលើកតម្កើងខ្លួនទាស់នឹងម្ចាស់នៃស្ថានសួគ៌+ ហើយបានបញ្ជាគេឲ្យទៅយកពែងដែលមកពីវិហារព្រះពិត+ ដើម្បីលោកនិងពួកមន្ត្រីជាន់ខ្ពស់ ព្រមទាំងប្រពន្ធបន្ទាប់និងស្រីស្នំ ផឹកស្រាពីពែងទាំងនោះ។ រួចលោកនិងពួកគេបានសរសើរតម្កើងរូបព្រះដែលធ្វើពីមាស ពីប្រាក់ ពីស្ពាន់ ដែក ឈើ និងថ្ម ជាព្រះដែលមើលមិនឃើញ ស្ដាប់មិនឮ ហើយមិនដឹងអ្វីទាំងអស់។+ ប៉ុន្តែ ចំណែកព្រះដែលផ្ដល់ដង្ហើមជីវិត+និងមានអំណាចលើការប្រព្រឹត្តទាំងអស់របស់លោក លោកបែរជាមិនសរសើរតម្កើងវិញ។ ២៤ ហេតុនេះ ព្រះបានចាត់ដៃនោះឲ្យមកសរសេរអក្សរលើជញ្ជាំង។+ ២៥ អក្សរនោះអានថា មេនេ មេនេ ទេកិល និងប៉ាស៊ីន។
២៦ «អត្ថន័យអក្សរនោះមានដូចតទៅ៖ មេនេមានន័យថាព្រះបានរាប់ចំនួនថ្ងៃនៃរាជ្យលោក ហើយបានបញ្ចប់អំណាចគ្រប់គ្រងនោះហើយ។+
២៧ «ទេកិលមានន័យថាព្រះបានថ្លឹងលោកលើជញ្ជឹង ហើយឃើញថាមិនគ្រប់ចំនួន។
២៨ «ពេរេសមានន័យថាព្រះបានបំបែកបំបាក់រាជាណាចក្រលោក ហើយប្រគល់ឲ្យពួកមេឌីនិងពើស៊ី»។+
២៩ ក្រោយស្ដាប់រួច បេលសាសារបានបញ្ជាគេឲ្យបំពាក់ក្រណាត់ពណ៌ស្វាយ និងខ្សែកមាសដល់ដានីយ៉ែល ហើយឲ្យគេប្រកាសថាដានីយ៉ែលជាអ្នកគ្រប់គ្រងទី៣ក្នុងរាជាណាចក្រគាត់។+
៣០ នៅយប់នោះឯង បេលសាសារជាស្ដេចរបស់ពួកខាល់ដេ បានត្រូវគេធ្វើឃាត។+ ៣១ រួចដារីយុស+ជាជនជាតិមេឌីបានគ្រប់គ្រងជាស្ដេចក្នុងរាជាណាចក្រនោះ ពេលគាត់មានអាយុប្រហែល៦២ឆ្នាំ។