ចម្រៀងសរសើរព្រះ
ជូនចំពោះមេភ្លេង។ ទំនុករបស់ដាវីឌ។
៦៤ ឱព្រះអើយ សូមមេត្តាស្ដាប់ពាក្យអង្វររបស់ខ្ញុំ+
សូមការពារជីវិតខ្ញុំពីសត្រូវដ៏គួរឲ្យភ័យខ្លាច។
២ សូមការពារខ្ញុំឲ្យរួចពីគម្រោងការសម្ងាត់របស់ជនទុច្ចរិត+
និងពីហ្វូងមនុស្សដែលប្រព្រឹត្តអាក្រក់។
៣ ពួកគេសំលៀងអណ្ដាតឲ្យមុតដូចមុខដាវ
ពួកគេបោះសម្ដីប្រមាថមើលងាយដូចបាញ់ព្រួញ។
៤ ពួកគេមានបំណងបាញ់មនុស្សស្លូតត្រង់ពីកន្លែងដែលពួកគេលាក់ខ្លួន
ពួកគេស្រាប់តែបាញ់គាត់ដោយគ្មានញញើតដៃ។
៥ ពួកគេលើកទឹកចិត្តគ្នាប្រព្រឹត្តអាក្រក់
ពួកគេស៊ុមគ្រលុំគ្នារៀបចំអន្ទាក់
រួចនិយាយថា៖ «គ្មានអ្នកណាឃើញអន្ទាក់ទាំងនោះទេ»។+
៦ ពួកគេរកវិធីថ្មីៗដើម្បីធ្វើអាក្រក់
ពួកគេគ្រោងឧបាយកលយ៉ាងឈ្លាសវៃ+
ពួកគេម្នាក់ៗមានគំនិតជ្រៅណាស់វាស់ស្ទង់មិនបានឡើយ។
៧ ប៉ុន្តែ ព្រះនឹងបាញ់ពួកគេ+
ហើយក្នុងមួយរំពេច ពួកគេនឹងរងរបួសដោយសារព្រួញ។
៨ ពួកគេនឹងអន្តរាយ ដោយសារតែអណ្ដាតរបស់ខ្លួន+
មនុស្សទាំងអស់ដែលមើលពួកគេនឹងគ្រវីក្បាល។
៩ ហេតុនេះ មនុស្សគ្រប់រូបនឹងស្ញែងខ្លាច
ហើយប្រកាសពីអ្វីដែលព្រះបានធ្វើ
រួចពួកគេនឹងបានយល់ពីការប្រព្រឹត្តរបស់លោក។+