សៀវភៅសាំយូអែលទី២
១៤ យ៉ូអាប់កូនប្រុសសេរូយ៉ា+សង្កេតឃើញថា ស្ដេចនឹករឭកដល់អាប់សាឡំខ្លាំងណាស់។+ ២ ដូច្នេះ យ៉ូអាប់ចាត់គេឲ្យទៅក្រុងថេកូអា+ នាំស្ត្រីវៃឆ្លាតម្នាក់មក ហើយយ៉ូអាប់ប្រាប់ស្ត្រីនោះថា៖ «សូមនាងក្លែងខ្លួនជាស្ត្រីកាន់ទុក្ខ ដោយស្លៀកសម្លៀកបំពាក់កាន់ទុក្ខ ហើយមិនត្រូវលាបប្រេងលើខ្លួនឡើយ។+ នាងត្រូវធ្វើដូចអ្នកដែលកំពុងកាន់ទុក្ខយូរមកហើយ។ ៣ បន្ទាប់មក សូមនាងទៅជួបស្ដេច ហើយនិយាយតាមពាក្យដែលខ្ញុំប្រាប់នាង»។ ដូច្នេះ យ៉ូអាប់ក៏ប្រាប់នាងនូវពាក្យដែលនាងត្រូវនិយាយ។
៤ រួចមក ស្ត្រីក្រុងថេកូអានោះបានចូលទៅជួបស្ដេច។ នាងលំឱនកាយគោរពស្ដេច ហើយនិយាយថា៖ «ឱស្ដេចអើយ! សូមមេត្តាជួយខ្ញុំផង!»។ ៥ ស្ដេចសួរនាងថា៖ «តើនាងមានរឿងអ្វី?»។ នាងឆ្លើយថា៖ «ឱលោកម្ចាស់អើយ! ខ្ញុំជាស្ត្រីមេម៉ាយប្ដីស្លាប់។ ៦ ខ្ញុំមានកូនប្រុសពីរនាក់ ពួកគេបានវាយគ្នានៅឯស្រែចម្ការ។ កូនម្នាក់បានសម្លាប់កូនម្នាក់ទៀត ដោយសារគ្មានអ្នកណាជួយឃាត់ពួកគេឡើយ។ ៧ ឥឡូវនេះ សាច់ញាតិទាំងមូលបាននាំគ្នាមករករឿងខ្ញុំ ដោយនិយាយថា៖ ‹ចូរប្រគល់ឃាតករដែលបានសម្លាប់បងប្អូនខ្លួនឯងឲ្យមកយើង នោះយើងនឹងសម្លាប់វាចោលដើម្បីសងជីវិត*ឲ្យបងប្អូនរបស់វាវិញ។+ ទោះបីវាជាអ្នកស្នងត្រកូលក៏ដោយ ក៏យើងត្រូវតែសម្លាប់វាចោលដែរ!›។ ពួកគេចង់សម្លាប់កូនប្រុសខ្ញុំដែលនៅសល់តែមួយ* ដូចគេពន្លត់រងើកភ្លើងដែលនៅសល់ចុងក្រោយ។ បើពួកគេសម្លាប់បាន នោះប្ដីខ្ញុំនឹងគ្មានវង្សត្រកូល គ្មានកូនចៅនៅផែនដីបន្តពូជទៀត»។
៨ រួចស្ដេចប្រាប់ស្ត្រីនោះថា៖ «សូមនាងទៅផ្ទះវិញចុះ ខ្ញុំនឹងដោះស្រាយរឿងនេះឲ្យនាង»។ ៩ ឮដូច្នេះ ស្ត្រីក្រុងថេកូអានិយាយទៅស្ដេចថា៖ «ឱស្ដេចជាម្ចាស់ សូមឲ្យទោសកំហុសធ្លាក់មកលើខ្ញុំនិងក្រុមគ្រួសារឪពុកខ្ញុំចុះ។ យ៉ាងនោះ ស្ដេចនិងពូជពង្សលោកមិនទាក់ទងក្នុងរឿងនេះទេ»។ ១០ ស្ដេចតបថា៖ «បើមានអ្នកណាមករករឿងនាង ចូរនាំអ្នកនោះមកជួបខ្ញុំ នោះគាត់នឹងលែងហ៊ានរករឿងនាងទៀត»។ ១១ នាងនិយាយទៅស្ដេចថា៖ «សូមស្ដេចស្បថនឹងខ្ញុំដោយនូវនាមព្រះយេហូវ៉ាជាព្រះរបស់លោក*ថា លោកនឹងមិនឲ្យពួកអ្នកសងសឹក+មកបំផ្លាញនិងសម្លាប់កូនប្រុសរបស់ខ្ញុំឡើយ»។ ស្ដេចនិយាយថា៖ «ខ្ញុំសូមស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដ៏មានជីវិតរស់នៅថា+ សូម្បីតែសក់មួយសរសៃរបស់កូនប្រុសនាងនឹងមិនត្រូវជ្រុះដល់ដីឡើយ»។ ១២ ភ្លាមនោះ នាងស្រដីថា៖ «សូមឲ្យខ្ញុំជាអ្នកបម្រើរបស់ស្ដេចជាម្ចាស់ បាននិយាយថែមបន្តិចទៀត»។ ស្ដេចពោលថា៖ «ចូរនាងនិយាយមកចុះ!»។
១៣ ស្ត្រីនោះនិយាយថា៖ «បើដូច្នេះ ហេតុអ្វីបានជាស្ដេចធ្វើយ៉ាងនេះប្រឆាំងទាស់នឹងរាស្ត្ររបស់ព្រះ?+ ពាក្យសម្ដីដែលលោកនិយាយមុននោះ បង្ហាញថាលោកមានទោសហើយ ព្រោះលោកមិនបាននាំកូនប្រុសរបស់លោកដែលបានត្រូវបណ្ដេញនោះ ឲ្យត្រឡប់មកវិញឡើយ។+ ១៤ នៅថ្ងៃណាមួយ យើងទាំងអស់គ្នានឹងត្រូវស្លាប់ជាមិនខាន ប្រៀបដូចជាទឹកដែលគេចាក់ចោលទៅលើដី ហើយប្រមូលមកវិញមិនបានឡើយ។ ប៉ុន្តែ ព្រះមិនចង់ឲ្យអ្នកណាម្នាក់ស្លាប់ទេ លោកតែងគិតពិចារណាអំពីមូលហេតុផ្សេងៗដើម្បីអាចនាំបុគ្គលដែលបានត្រូវបណ្ដេញនោះ ឲ្យត្រឡប់មកវិញ។ ១៥ ខ្ញុំមកជម្រាបស្ដេចជាម្ចាស់នូវពាក្យទាំងនេះ ពីព្រោះបណ្ដាជនបានធ្វើឲ្យខ្ញុំភិតភ័យ។ ម្ល៉ោះហើយ ខ្ញុំគិតក្នុងចិត្តថា‹បើខ្ញុំជម្រាបស្ដេចនូវពាក្យទាំងនេះ ប្រហែលជាស្ដេចនឹងធ្វើតាមសំណូមពររបស់ខ្ញុំដែលជាខ្ញុំបម្រើរបស់លោក។ ១៦ ម្យ៉ាងទៀត ស្ដេចប្រហែលជាស្ដាប់ខ្ញុំ ហើយសង្គ្រោះខ្ញុំពីកណ្ដាប់ដៃរបស់មនុស្ស ដែលព្យាយាមចង់បំផ្លាញខ្ញុំនិងកូនប្រុសតែមួយរបស់ខ្ញុំ ចេញពីមត៌កដែលព្រះបានឲ្យដល់យើង›។+ ១៧ ខ្ញុំនឹកក្នុងចិត្តថា‹ខ្ញុំសង្ឃឹមថាពាក្យរបស់ស្ដេចជាម្ចាស់នឹងផ្ដល់ការសម្រាលទុក្ខដល់ខ្ញុំ› ព្រោះស្ដេចជាម្ចាស់ប្រៀបដូចជាទេវតានៃព្រះពិត ដែលអាចសម្គាល់អ្វីដែលល្អនិងអ្វីដែលអាក្រក់។ សូមឲ្យព្រះយេហូវ៉ាជាព្រះរបស់លោកនៅជាមួយនឹងលោក»។
១៨ ស្ដេចនិយាយទៅកាន់ស្ត្រីនោះថា៖ «ខ្ញុំចង់សួរនាងបន្តិច សូមនាងប្រាប់ខ្ញុំតាមត្រង់»។ នាងឆ្លើយថា៖ «សូមស្ដេចជាម្ចាស់អញ្ជើញសួរមកចុះ!»។ ១៩ ដូច្នេះ ស្ដេចសួរថា៖ «តើយ៉ូអាប់ជាអ្នកបញ្ជានាងឲ្យមកនិយាយពាក្យទាំងនេះឬ?»។+ នាងឆ្លើយថា៖ «ឱស្ដេចជាម្ចាស់របស់ខ្ញុំ លោកនិយាយត្រូវហើយ។ ខ្ញុំសូមស្បថជូនលោកម្ចាស់ថា យ៉ូអាប់ជាអ្នកបម្រើលោកពិតជាបានបញ្ជាខ្ញុំឲ្យមកនិយាយពាក្យទាំងនេះមែន។ ២០ យ៉ូអាប់ជាអ្នកបម្រើលោកធ្វើបែបនេះ ដោយសារគាត់ចង់ឲ្យលោកផ្លាស់ប្ដូរគំនិត។ ប៉ុន្តែ លោកម្ចាស់របស់ខ្ញុំមានប្រាជ្ញាប្រៀបដូចជាទេវតានៃព្រះពិត ហើយដឹងអ្វីទាំងអស់ដែលកំពុងកើតឡើងនៅក្នុងស្រុក»។
២១ បន្ទាប់ពីនោះ ស្ដេចនិយាយទៅយ៉ូអាប់ថា៖ «ខ្ញុំយល់ព្រម ខ្ញុំនឹងធ្វើតាមអ្នក។+ ចូរទៅនាំអាប់សាឡំមកវិញ»។+ ២២ ឮដូច្នេះ យ៉ូអាប់លំឱនកាយដល់ដីគោរពស្ដេច ហើយថ្លែងអំណរគុណស្ដេច ដោយនិយាយថា៖ «ឱស្ដេចជាម្ចាស់របស់ខ្ញុំ! នៅថ្ងៃនេះ ខ្ញុំជាអ្នកបម្រើលោកដឹងថាខ្ញុំបានទទួលការពេញចិត្តពីលោក ដោយសារលោកយល់ព្រមធ្វើតាមសំណូមពររបស់ខ្ញុំ»។ ២៣ បន្ទាប់មក យ៉ូអាប់ក្រោកឡើងធ្វើដំណើរទៅស្រុកកេសឺ+ ហើយនាំអាប់សាឡំត្រឡប់មកក្រុងយេរូសាឡិមវិញ។ ២៤ ប៉ុន្តែ ស្ដេចនិយាយថា៖ «ចូរឲ្យគាត់ត្រឡប់ទៅវិមានរបស់គាត់ទៅ កុំឲ្យគាត់មកជួបមុខខ្ញុំ»។ ដូច្នេះ អាប់សាឡំត្រឡប់ទៅរស់នៅក្នុងវិមានរបស់គាត់វិញ តែគាត់មិនបានត្រូវអនុញ្ញាតឲ្យជួបមុខស្ដេចទេ។
២៥ ក្នុងស្រុកអ៊ីស្រាអែលទាំងមូល គ្មានបុរសណាម្នាក់បានទទួលការសរសើរដោយសារមានរូបរាងសង្ហា ស្មើនឹងអាប់សាឡំឡើយ។ តាំងពីបាតជើងរហូតដល់សក់ក្បាល គាត់ឥតមានទាស់ត្រង់ណាសោះ។ ២៦ នៅរៀងរាល់ចុងឆ្នាំ អាប់សាឡំតែងតែកាត់សក់ចេញ ដោយសារសក់គាត់ធ្ងន់ពេក។ សក់គាត់មានទម្ងន់២០០ហ្សេគិល* តាមរង្វាស់រង្វាល់ក្នុងវាំង។* ២៧ អាប់សាឡំមានកូនប្រុសបីនាក់+ និងកូនស្រីម្នាក់ឈ្មោះថេម៉ា ដែលមានរូបឆោមសែនស្អាត។
២៨ អាប់សាឡំរស់នៅក្រុងយេរូសាឡិមអស់ពីរឆ្នាំហើយ តែគាត់មិនដែលបានជួបមុខស្ដេចសោះ។+ ២៩ អាប់សាឡំចាត់គេឲ្យទៅហៅយ៉ូអាប់មកជួប ដើម្បីឲ្យយ៉ូអាប់ទៅជួយនិយាយជាមួយនឹងស្ដេចឲ្យគាត់។ ប៉ុន្តែ យ៉ូអាប់មិនព្រមមកជួបគាត់ទេ។ រួចមក អាប់សាឡំចាត់គេឲ្យទៅហៅយ៉ូអាប់ម្ដងទៀតជាលើកទី២ តែគាត់នៅតែមិនព្រមមក។ ៣០ ម្ល៉ោះហើយ អាប់សាឡំនិយាយទៅកាន់ពួកអ្នកបម្រើថា៖ «យ៉ូអាប់មានដីនៅក្បែរដីរបស់ខ្ញុំ ហើយគាត់មានស្រូវលើដីនោះដែរ។ ចូរទៅដុតស្រូវរបស់គាត់ចោលទៅ!»។ ដូច្នេះ ពួកអ្នកបម្រើក៏ទៅដុតស្រូវរបស់យ៉ូអាប់ចោល។ ៣១ ពេលយ៉ូអាប់ដឹងអំពីរឿងនោះ គាត់ក្រោកឡើងចេញទៅវិមានរបស់អាប់សាឡំ ហើយសួរថា៖ «ហេតុអ្វីពួកអ្នកបម្រើរបស់អ្នកមកដុតស្រូវរបស់ខ្ញុំ?»។ ៣២ អាប់សាឡំឆ្លើយថា៖ «មើល! ខ្ញុំបានចាត់គេឲ្យទៅប្រាប់អ្នកថា៖ ‹សូមមកជួបខ្ញុំដើម្បីខ្ញុំអាចចាត់អ្នកទៅសួរស្ដេចថា៖ «ហេតុអ្វីនាំខ្ញុំពីស្រុកកេសឺមកវិញ?+ ទុកឲ្យខ្ញុំនៅទីនោះល្អជាង»។ ឥឡូវនេះ ខ្ញុំចង់ទៅជួបមុខស្ដេច។ បើខ្ញុំមានកំហុសមែន សូមស្ដេចសម្លាប់ខ្ញុំចោលចុះ›»។
៣៣ ដូច្នេះ យ៉ូអាប់ចូលទៅជួបស្ដេច ហើយជម្រាបស្ដេចនូវពាក្យរបស់អាប់សាឡំ។ ស្ដេចចាត់គេឲ្យទៅហៅអាប់សាឡំ។ គាត់ក៏ចូលមក ហើយលំឱនកាយដល់ដីនៅចំពោះមុខស្ដេច។ រួចមក ស្ដេចថើបគាត់។+