ប្រវត្តិហេតុទី១
១១ ក្រោយមក បណ្ដាជនអ៊ីស្រាអែលទាំងអស់បានមូលគ្នាមកជួបដាវីឌនៅក្រុងហេប្រុន+ ហើយពួកគេនិយាយថា៖ «មើល! យើងជាបងប្អូនរួមជាតិនឹងគ្នា។+ ២ នៅគ្រាដែលសុលគ្រប់គ្រងជាស្ដេច អ្នកធ្លាប់ដឹកនាំទ័ពអ៊ីស្រាអែលចេញទៅច្បាំង។+ ព្រះយេហូវ៉ាជាព្រះរបស់អ្នកបានមានប្រសាសន៍ទៅកាន់អ្នកថា៖ ‹អ្នកនឹងគ្រប់គ្រងលើបណ្ដាជនអ៊ីស្រាអែល ហើយនឹងដឹកនាំពួកគេដែលជារាស្ត្ររបស់ខ្ញុំ›»។+ ៣ ដូច្នេះ ពួកបុរសចាស់ទុំជនជាតិអ៊ីស្រាអែលទាំងអស់បានមកជួបដាវីឌនៅក្រុងហេប្រុន ហើយដាវីឌបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងពួកគេ នៅចំពោះព្រះយេហូវ៉ា។ បន្ទាប់មក ពួកគេក៏ចាក់ប្រេងតែងតាំងដាវីឌឲ្យធ្វើជាស្ដេចលើជនជាតិអ៊ីស្រាអែល+ ដូចព្រះយេហូវ៉ាបានមានប្រសាសន៍តាមរយៈសាំយូអែល។+
៤ ក្រោយមក ដាវីឌនិងជនជាតិអ៊ីស្រាអែលទាំងអស់បានទៅវាយយកក្រុងយេរូសាឡិម គឺក្រុងយេប៊ូស+ ជាក្រុងដែលជនជាតិយេប៊ូស+រស់នៅ។ ៥ ពួកអ្នកក្រុងយេប៊ូសបានចំអកមើលងាយដាវីឌថា៖ «អ្នកឯងគ្មានថ្ងៃមកជាន់ក្រុងនេះបានទេ!»។+ ទោះជាយ៉ាងនោះក៏ដោយ ដាវីឌបានដណ្ដើមយកបន្ទាយនៃភ្នំស៊ីយ៉ូន+ ហើយក្រោយមកទីនោះក៏បានត្រូវហៅថាក្រុងដាវីឌ។+ ៦ ដូច្នេះ ដាវីឌបាននិយាយថា៖ «អ្នកណាដែលឡើងទៅវាយប្រហារពួកយេប៊ូសមុនគេ អ្នកនោះនឹងក្លាយទៅជាមេទ័ព»។ ពេលនោះ យ៉ូអាប់+ជាកូនសេរូយ៉ាបានឡើងទៅវាយមុនគេ ហើយគាត់ក៏បានក្លាយទៅជាមេទ័ព។ ៧ បន្ទាប់មក ដាវីឌក៏តាំងទីលំនៅលើភ្នំស៊ីយ៉ូន។ ហេតុនេះហើយបានជាគេហៅទីនោះថាក្រុងដាវីឌ។ ៨ ដាវីឌបានសង់ក្រុងនោះឡើងវិញ ចាប់ពីមិឡូ*ដល់តំបន់ផ្សេងៗដែលនៅជុំវិញ។ ចំណែកកន្លែងផ្សេងទៀតដែលនៅសល់ យ៉ូអាប់បានសាងសង់។ ៩ ដូច្នេះ អំណាចគ្រប់គ្រងរបស់ដាវីឌចេះតែរឹងមាំឡើងៗ+ ហើយព្រះយេហូវ៉ាជាព្រះនៃបណ្ដាកងទ័ពស្ថានសួគ៌ នៅជាមួយនឹងគាត់។
១០ រីឯទាហានដ៏អង់អាចរបស់ដាវីឌ និងបណ្ដាជនអ៊ីស្រាអែលទាំងអស់ ពួកគេបានជួយជ្រោមជ្រែងដាវីឌឲ្យគ្រប់គ្រងជាស្ដេច ស្របតាមប្រសាសន៍របស់ព្រះយេហូវ៉ាស្ដីអំពីជនជាតិអ៊ីស្រាអែល។+ ១១ មេទ័ពដ៏ខ្លាំងពូកែរបស់ដាវីឌមានឈ្មោះដូចតទៅ៖ យ៉ាសូបៀម+ជាកូនចៅហាក់ម៉ូណាយ។ ក្នុងចំណោមមេទ័ពដ៏ខ្លាំងពូកែទាំងបីនាក់ គាត់គឺជាមេលើគេ។+ គាត់បានប្រើលំពែងដើម្បីសម្លាប់សត្រូវ៣០០នាក់នៅពេលតែមួយ។+ ១២ បន្ទាប់ពីគាត់ គឺអេលាសារ+ជាកូនដូដូ ដែលជាកូនចៅអាហូហាយ។+ គាត់ជាមេទ័ពដ៏ខ្លាំងពូកែក្នុងចំណោមបីនាក់នោះ។ ១៣ គាត់នៅជាមួយនឹងដាវីឌនៅឯផេសដាមីម+ កាលដែលពួកភីលីស្ទីនប្រមូលគ្នាមកច្បាំងនឹងពួកគាត់។ នៅផេសដាមីមមានដីស្រែមួយកន្លែងដែលមានស្រូវពេញ ហើយជនជាតិអ៊ីស្រាអែលបានរត់ខ្ចាត់ខ្ចាយ ដោយសារខ្លាចពួកភីលីស្ទីន។ ១៤ ប៉ុន្តែ អេលាសារបានឈរនៅកណ្ដាលស្រែដើម្បីការពារដីស្រែនោះ ហើយក៏សម្លាប់ពួកភីលីស្ទីនអស់ជាច្រើននាក់ ព្រោះព្រះយេហូវ៉ាបានជួយពួកអ៊ីស្រាអែលឲ្យមានជ័យជម្នះដ៏ធំ។+
១៥ ពេលមួយ មេទ័ព៣នាក់ក្នុងចំណោមមេទ័ព៣០នាក់ បានចុះទៅឯដាវីឌនៅរអាងភ្នំអាឌូឡាម+ កាលដែលទ័ពភីលីស្ទីនបានបោះជំរំនៅជ្រលងភ្នំរេផែម។+ ១៦ ពេលនោះ ដាវីឌនៅក្នុងជម្រកដ៏រឹងមាំ ហើយទ័ពភីលីស្ទីនបោះទីតាំងនៅក្រុងបេថ្លេហិម។ ១៧ ថ្ងៃមួយ ដាវីឌបាននឹកចង់ផឹកទឹកនៅបេថ្លេហិម ហើយនិយាយថា៖ «បើខ្ញុំបានផឹកទឹកពីអណ្ដូងនៅក្បែរទ្វារកំពែងក្រុងបេថ្លេហិមមិនដឹងជាល្អយ៉ាងណាទេ!»។+ ១៨ ឮដូច្នេះ មេទ័ពទាំងបីនាក់នោះបានសម្រុកចូលជំរំទ័ពភីលីស្ទីន ហើយដងទឹកអណ្ដូងនៅក្បែរទ្វារកំពែងក្រុងបេថ្លេហិមយកមកឲ្យដាវីឌ។ ប៉ុន្តែ ដាវីឌមិនព្រមផឹកទឹកនោះទេ ហើយក៏ចាក់ច្រួចទៅដី ជូនព្រះយេហូវ៉ាវិញ។ ១៩ ដាវីឌនិយាយថា៖ «ខ្ញុំកោតខ្លាចព្រះ ដូច្នេះខ្ញុំនឹងមិនផឹកទឹកនេះជាដាច់ខាត! ព្រោះការផឹកទឹកនេះប្រៀបដូចជាផឹកឈាមរបស់បុរសទាំងនេះ ដែលបានប្រថុយជីវិតទៅយកមកឲ្យខ្ញុំ»។+ ម្ល៉ោះហើយ ដាវីឌមិនបានផឹកទឹកនោះទេ។ ការទាំងនោះហើយជាស្នាដៃរបស់មេទ័ពដ៏ខ្លាំងពូកែទាំងបីរូប។
២០ ឯអាប៊ីសាយ+ជាបងយ៉ូអាប់+ គាត់ជាមេទ័ពម្នាក់ក្នុងចំណោមមេទ័ពបីនាក់ផ្សេងទៀត។ គាត់បានប្រើលំពែងសម្លាប់សត្រូវអស់៣០០នាក់ ហើយគាត់ក៏ល្បីឈ្មោះដូចអ្នកទាំងបីខាងលើដែរ។+ ២១ ក្នុងចំណោមមេទ័ពបីនាក់ គាត់មានកិត្តិយសជាងពីរនាក់ទៀត ហើយគាត់ជាមេលើពួកគេ។ ប៉ុន្តែ គាត់មិនមានឋានៈស្មើនឹងមេទ័ពបីនាក់ខាងដើមទេ។
២២ ចំណែកបេនណាយ៉ា+ជាកូនយេហូយ៉ាដាវិញ គាត់ជាបុរសដ៏អង់អាច គាត់មានស្នាដៃដ៏អស្ចារ្យជាច្រើននៅក្រុងកាបសៀល។+ គាត់បានសម្លាប់កូនពីរនាក់របស់អេរៀលដែលជាជនជាតិម៉ូអាប់។ នៅថ្ងៃដែលមានព្រិលធ្លាក់ គាត់បានចុះក្នុងរណ្ដៅមួយ ហើយសម្លាប់សត្វតោមួយក្បាល។+ ២៣ គាត់ក៏បានសម្លាប់បុរសជនជាតិអេហ្ស៊ីបម្នាក់ ដែលមានមាឌធំសម្បើម និងមានកម្ពស់ប្រាំហត្ថ។*+ គាត់បានកាន់ដំបងទៅប្រយុទ្ធនឹងបុរសនោះ ទោះជាបុរសនោះមានលំពែងទំហំប៉ុនក្ដារកីក៏ដោយ។+ ពេលកំពុងប្រយុទ្ធ គាត់បានកញ្ឆក់យកលំពែងពីដៃបុរសនោះ ហើយចាក់សម្លាប់គាត់ដោយលំពែងនោះទៅ។+ ២៤ នេះជាអ្វីដែលបេនណាយ៉ាបានធ្វើ ហើយគាត់ក៏ល្បីឈ្មោះដូចមេទ័ពបីនាក់នោះដែរ។ ២៥ ទោះជាគាត់មានកិត្តិយសជាង៣០នាក់ទៀតក្ដី គាត់មិនមានឋានៈស្មើនឹងមេទ័ពបីនាក់នោះទេ។+ យ៉ាងណាមិញ ដាវីឌបានតែងតាំងគាត់ឲ្យធ្វើជាមេលើពួកអង្គរក្ស។
២៦ ទាហានខ្លាំងពូកែក្នុងពលទ័ពមានដូចតទៅ៖ អាសាអែល+ជាប្អូនយ៉ូអាប់ អែលហាណានជាកូនដូដូជាអ្នកក្រុងបេថ្លេហិម+ ២៧ សាំម៉តជាអ្នកមកពីហារ៉ុដ ហេលែសជាអ្នកមកពីពេឡូន ២៨ អាយរ៉ា+ជាកូនអ៊ីកកេសជាអ្នកក្រុងថេកូអា អាប៊ីអ៊ីសឺ+ជាអ្នកក្រុងអាណាថោត ២៩ ស៊ីបាកាយ+ជាអ្នកមកពីហ៊ូសា អាយឡាយជាកូនចៅអាហូហាយ ៣០ ម៉ាហារ៉ាយ+ជាអ្នកភូមិណេថូផា ហេលែត+ជាកូនបាអាណាជាអ្នកភូមិណេថូផា ៣១ អ៊ីតតាយជាកូនរីបាយជាអ្នកក្រុងគីបៀក្នុងកុលសម្ព័ន្ធបេនយ៉ាមីន+ បេនណាយ៉ាជាអ្នកក្រុងពីរ៉ាថូន ៣២ ហ៊ូរ៉ាយជាអ្នកមកពីជ្រលងភ្នំកាអាស+ អាបែលជាអ្នកក្រុងបេតអារ៉ាបា ៣៣ អាសម៉ាវែតជាអ្នកភូមិបាហ៊ូរីម អេឡាយអាបាជាអ្នកក្រុងស្អាលប៊ីម ៣៤ កូនចៅហាសិមជាអ្នកមកពីគីសូន យ៉ូណាថានជាកូនសាគីជាអ្នកមកពីតំបន់ហារ៉ា ៣៥ អាហេមជាកូនសាកាជាអ្នកមកពីតំបន់ហារ៉ា អេលីផាលជាកូនអឺ ៣៦ ហេផឺជាអ្នកមកពីមេកេរ៉ា អាហាយ៉ាជាអ្នកស្រុកពេឡូន ៣៧ ហេស្រូជាអ្នកក្រុងកើមែល ណាអារ៉ាយជាកូនអេសបាយ ៣៨ យ៉ូអែលជាប្អូនណាថាន់ មីបហាជាកូនហាក្រាយ ៣៩ សេលេកជាជនជាតិអាំម៉ូន ណាហារ៉ាយជាអ្នកក្រុងបៀរ៉ូត គាត់ជាអ្នកកាន់គ្រឿងចម្បាំងឲ្យយ៉ូអាប់ជាកូនសេរូយ៉ា ៤០ អាយរ៉ានិងការេបជាកូនចៅអ៊ីស្រៃ ៤១ អ៊ូរី+ជាជនជាតិហេត សាបាតជាកូនអាឡាយ ៤២ អាឌីណាជាកូនស៊ីសា គាត់ជាមេដឹកនាំម្នាក់ពីកុលសម្ព័ន្ធរូបេនដែលមានទាហាន៣០នាក់នៅក្រោមបង្គាប់គាត់ ៤៣ ហាណានជាកូនម៉ាអាកា យ៉ូសាផាតជាអ្នកមកពីមីតនី ៤៤ អូសាយ៉ាជាអ្នកក្រុងអាសថារ៉ូត សាម៉ានិងយេអែលជាកូនហូថាមជាអ្នកក្រុងអារ៉ូអើ ៤៥ យេដាយអែលនិងយ៉ូហាជាកូនស៊ីមរ៉ាយជាអ្នកមកពីធីសា ៤៦ អេលៀលជាអ្នកមកពីម៉ាហាវីម យេរីបាយនិងយ៉ូសាវៀជាកូនអេលណេម អ៊ីតម៉ាជាជនជាតិម៉ូអាប់ ៤៧ អេលៀល អូបិឌ និងយ៉ាអាសែលជាអ្នកមកពីមេសូបាយ៉ា។