ប្រវត្តិហេតុទី២
១០ រេហូបោមបានទៅឯក្រុងស៊ីគឹម+ ព្រោះជនជាតិអ៊ីស្រាអែលទាំងអស់បានមកដើម្បីលើកគាត់ឲ្យធ្វើជាស្ដេច។+ ២ រីឯយេរ៉ូបោម+ជាកូនណេបាតវិញ ពេលគាត់បានឮអំពីរឿងនេះ គាត់ក៏ចាកចេញពីស្រុកអេហ្ស៊ីបត្រឡប់មកវិញ (ពេលនោះគាត់នៅស្រុកអេហ្ស៊ីបនៅឡើយ ព្រោះគាត់បានរត់គេចពីស្ដេចសាឡូម៉ូន)។+ ៣ បន្ទាប់មក បណ្ដាជនអ៊ីស្រាអែលបានអញ្ជើញយេរ៉ូបោមឲ្យមកជួបពួកគេ ហើយគាត់និងបណ្ដាជនទាំងអស់បានទៅជួបជុំគ្នានៅមុខរេហូបោម ហើយនិយាយថា៖ ៤ «ឪពុករបស់លោកបានដាក់នឹមយ៉ាងធ្ងន់មកលើយើង។+ ប៉ុន្តែ បើលោកធ្វើឲ្យនឹមដ៏ធ្ងន់នោះទៅជាស្រាលជាង ហើយធ្វើឲ្យតម្រូវការដ៏ច្រើនរបស់ឪពុកលោកទៅជាតិចជាង នោះយើងនឹងបម្រើលោក»។
៥ ខណៈនោះ រេហូបោមបាននិយាយទៅកាន់ពួកគេថា៖ «ចូរទៅសិនចុះ ចាំបីថ្ងៃទៀតសឹមត្រឡប់មកជួបខ្ញុំវិញ»។ ដូច្នេះ បណ្ដាជនក៏ចាកចេញទៅ។+ ៦ បន្ទាប់មក ស្ដេចរេហូបោមបានប្រឹក្សាជាមួយនឹងពួកបុរសចាស់ទុំដែលធ្លាប់បម្រើសាឡូម៉ូនជាឪពុកកាលដែលគាត់នៅរស់។ រេហូបោមបានសួរពួកគាត់ថា៖ «តាមយោបល់អ្នករាល់គ្នា តើខ្ញុំគួរឆ្លើយតបនឹងបណ្ដាជនទាំងនេះយ៉ាងណា?»។ ៧ ពួកគាត់បានឆ្លើយថា៖ «បើលោកធ្វើល្អចំពោះបណ្ដាជននេះ ហើយព្រមធ្វើតាមសំណូមពររបស់ពួកគេ នោះពួកគេនឹងបម្រើលោករហូតតទៅ»។
៨ ប៉ុន្តែ រេហូបោមមិនបានធ្វើតាមយោបល់របស់ពួកបុរសចាស់ទុំទេ។ ផ្ទុយទៅវិញ គាត់បានសួរយោបល់ពីពួកបុរសដែលធំឡើងជាមួយគាត់ ហើយពួកគេជាអ្នកបម្រើរបស់គាត់ផ្ទាល់។+ ៩ ដំបូង គាត់ប្រាប់ថា៖ «ពួកបណ្ដាជនបានស្នើមកខ្ញុំថា៖ ‹សូមលោកធ្វើឲ្យនឹមដែលឪពុកលោកបានដាក់មកលើយើងទៅជាស្រាលជាង›»។ រួចគាត់ក៏សួរអ្នកបម្រើទាំងនោះថា៖ «តាមយោបល់អ្នករាល់គ្នា តើយើងគួរឆ្លើយតបនឹងពួកគេយ៉ាងណា?»។ ១០ ដូច្នេះ ពួកគេបានតបទៅគាត់វិញថា៖ «ចំពោះសម្ដីរបស់ពួកបណ្ដាជនដែលថា៖ ‹ឪពុករបស់លោកបានដាក់នឹមយ៉ាងធ្ងន់មកលើយើង តែលោកគួរធ្វើឲ្យនឹមនោះទៅជាស្រាលជាង› លោកគួរតបទៅវិញថា៖ ‹កូនដៃរបស់ខ្ញុំនឹងទៅជាធំជាងត្រគាករបស់ឪពុកខ្ញុំ។ ១១ ឪពុកខ្ញុំបានដាក់នឹមយ៉ាងធ្ងន់មកលើអ្នករាល់គ្នា តែខ្ញុំនឹងបន្ថែមទម្ងន់ទៅលើនឹមនោះឲ្យកាន់តែធ្ងន់។ ឪពុកខ្ញុំបានដាក់ទោសអ្នករាល់គ្នាដោយខ្សែតី តែខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាដោយខ្សែតីមុតស្រួចវិញ›»។
១២ លុះដល់ថ្ងៃទី៣ យេរ៉ូបោមនិងបណ្ដាជនទាំងឡាយបានចូលមកជួបស្ដេចរេហូបោម ដូចដែលស្ដេចបានបង្គាប់ថា៖ «ចាំបីថ្ងៃទៀតសឹមត្រឡប់មកជួបខ្ញុំវិញ»។+ ១៣ ស្ដេចមិនបានឆ្លើយតាមយោបល់របស់ពួកបុរសចាស់ទុំទេ តែបានឆ្លើយតបនឹងបណ្ដាជនយ៉ាងតឹងរ៉ឹងវិញ។ ១៤ គាត់បានតបឆ្លើយទៅបណ្ដាជនតាមយោបល់របស់ពួកអ្នកបម្រើគាត់ដែលមានអាយុស្រករគ្នាថា៖ «ឪពុកខ្ញុំបានដាក់នឹមយ៉ាងធ្ងន់មកលើអ្នករាល់គ្នា តែខ្ញុំនឹងបន្ថែមទម្ងន់ទៅលើនឹមនោះឲ្យកាន់តែធ្ងន់។ ឪពុកខ្ញុំបានដាក់ទោសអ្នករាល់គ្នាដោយខ្សែតី តែខ្ញុំនឹងដាក់ទោសអ្នករាល់គ្នាដោយខ្សែតីមុតស្រួចវិញ»។ ១៥ ដូច្នេះ ស្ដេចមិនព្រមស្ដាប់តាមបណ្ដាជនទេ ព្រោះព្រះពិតបានបណ្ដាលឲ្យរឿងនេះកើតឡើង+ ដើម្បីឲ្យប្រសាសន៍របស់ព្រះយេហូវ៉ាទៅកាន់យេរ៉ូបោមជាកូនណេបាត តាមរយៈអាហាយ៉ា+ជាអ្នកក្រុងស៊ីឡូរ បានក្លាយជាការពិត។
១៦ ពេលបណ្ដាជនអ៊ីស្រាអែលទាំងអស់បានឃើញថាស្ដេចមិនព្រមស្ដាប់តាមពួកគេ នោះពួកគេបានតបឆ្លើយទៅស្ដេចថា៖ «យើងគ្មានអ្វីទាក់ទងនឹងដាវីឌទេ យើងក៏គ្មានចំណែកមត៌កអ្វីរួមជាមួយនឹងកូនរបស់អ៊ីសាយដែរ។ ឱបណ្ដាជនអ៊ីស្រាអែលអើយ! ចូរទៅតាមព្រះរបស់អ្នករាល់គ្នារៀងខ្លួនទៅ។ ឱដាវីឌអើយ!+ ចូរមើលថែពូជពង្សរបស់លោកដោយខ្លួនលោកចុះ»។ រួចមក បណ្ដាជនអ៊ីស្រាអែលក៏ត្រឡប់ទៅផ្ទះរបស់ពួកគេវិញ។+
១៧ ប៉ុន្តែ រេហូបោមបានបន្តគ្រប់គ្រងលើបណ្ដាជនអ៊ីស្រាអែលដែលរស់នៅក្រុងផ្សេងៗក្នុងទឹកដីយូដា។+
១៨ ក្រោយមក ស្ដេចរេហូបោមបានចាត់ហាតដូរ៉ាម+ដែលជាមេលើពួកកំណែន ឲ្យទៅជួបកូនចៅអ៊ីស្រាអែល តែពួកគេបានយកថ្មគប់សម្លាប់គាត់ចោល។ ស្ដេចរេហូបោមក៏ប្រញាប់ប្រញាល់ឡើងជិះរទេះគាត់រត់គេចទៅក្រុងយេរូសាឡិមវិញ។+ ១៩ ចាប់ពីពេលនោះមក បណ្ដាជនអ៊ីស្រាអែលបានបះបោរប្រឆាំងនឹងពូជពង្សរបស់ដាវីឌរហូតមកដល់សព្វថ្ងៃ។