អេសធើរ
៦ នៅរាត្រីនោះ ស្ដេចសម្រាន្តមិនលក់សោះ។ ម្ល៉ោះហើយ គាត់បានបង្គាប់ឲ្យគេយកសៀវភៅប្រវត្តិសាស្ត្រ+មកអានឲ្យគាត់ស្ដាប់។ ២ នៅពេលអាន គេអានចំកំណត់ហេតុអំពីម៉ាដេកាយបានរាយការណ៍នូវគម្រោងការសម្លាប់ស្ដេចអាហាស៊ូរុស ជាគម្រោងរបស់អ្នកយាមទ្វារពីរនាក់ដែលមានឈ្មោះប៊ីកថាណានិងថេរែស។+ ៣ ស្ដេចបានសួរថា៖ «តើម៉ាដេកាយបានទទួលកិត្តិយសនិងរង្វាន់អ្វីខ្លះ?»។ ពួកអ្នកបម្រើជំនិតរបស់ស្ដេចបានឆ្លើយថា៖ «គាត់មិនបានទទួលអ្វីឡើយ»។
៤ បន្ទាប់មក ស្ដេចបានសួរថា៖ «តើអ្នកណានៅទីលានខាងក្រៅ?»។ ពេលនោះ ហាម៉ានកំពុងឈរនៅទីលានខាងក្រៅ+វិមានស្ដេច។ គាត់បានមកដើម្បីសុំការអនុញ្ញាតពីស្ដេច ឲ្យគេព្យួរម៉ាដេកាយលើបង្គោលដែលគាត់បានដំឡើង។+ ៥ ពួកអ្នកបម្រើស្ដេចបានឆ្លើយថា៖ «គឺហាម៉ាន+កំពុងឈរនៅទីលាន លោកម្ចាស់»។ ដូច្នេះ ស្ដេចបានបញ្ជាថា៖ «ឲ្យគាត់ចូលមក»។
៦ ពេលហាម៉ានចូលទៅដល់ ស្ដេចបានសួរគាត់ថា៖ «តើគួរធ្វើយ៉ាងណាចំពោះអ្នកដែលខ្ញុំចង់លើកកិត្តិយស»។ ហាម៉ានគិតក្នុងចិត្តថា៖ «តើមានអ្នកណាទៀត ក្រៅពីខ្ញុំដែលស្ដេចចង់លើកកិត្តិយសនោះ?»។+ ៧ ដូច្នេះ ហាម៉ានឆ្លើយតបទៅស្ដេចថា៖ «ចំពោះអ្នកដែលស្ដេចជាម្ចាស់ចង់លើកកិត្តិយសនោះ ៨ សូមឲ្យគេយកសម្លៀកបំពាក់វិសេស+របស់លោកម្ចាស់ និងសេះរបស់លោកម្ចាស់ដែលបំពាក់ដោយគ្រឿងលម្អនៅលើក្បាល។ ៩ រួចមក សូមឲ្យមន្ត្រីជាន់ខ្ពស់ម្នាក់ មកបំពាក់សម្លៀកបំពាក់វិសេសដល់គាត់ ហើយបញ្ជិះគាត់នៅលើខ្នងសេះនោះ។ បន្ទាប់មក ដើរដង្ហែគាត់ទៅទីលានសាធារណៈនៅក្នុងក្រុង។ រួចឲ្យគេស្រែកឡើងថា៖ ‹អ្នកដែលស្ដេចពេញចិត្ត ត្រូវទទួលកិត្តិយសដូចនេះ!›»។+ ១០ ភ្លាមនោះ ស្ដេចបានប្រាប់ហាម៉ានថា៖ «ចូរប្រញាប់ទៅយកសម្លៀកបំពាក់និងសេះនោះមក ហើយធ្វើដូច្នោះចំពោះម៉ាដេកាយជាជនជាតិយូដាដែលកំពុងអង្គុយនៅខ្លោងទ្វារវិមានស្ដេចចុះ។ ចូរធ្វើតាមយោបល់ទាំងអស់របស់អ្នក កុំឲ្យខានណាមួយឡើយ»។
១១ ដូច្នេះ ហាម៉ានបានយកសម្លៀកបំពាក់និងសេះមក ហើយបំពាក់សម្លៀកបំពាក់នោះដល់ម៉ាដេកាយ+ ហើយបញ្ជិះគាត់នៅលើខ្នងសេះ រួចធ្វើដំណើរទៅទីលានសាធារណៈនៅក្នុងក្រុង ថែមទាំងស្រែកឡើងនៅមុខម៉ាដេកាយថា៖ «អ្នកដែលស្ដេចពេញចិត្ត ត្រូវទទួលកិត្តិយសដូចនេះ!»។ ១២ ក្រោយមក ម៉ាដេកាយក៏ត្រឡប់ទៅខ្លោងទ្វារវិមានស្ដេចវិញ។ ចំណែកឯហាម៉ាន គាត់ប្រញាប់ប្រញាល់ទៅផ្ទះរបស់គាត់ ទាំងបាក់មុខយ៉ាងខ្លាំង ហើយគ្រលុំក្បាលផង។ ១៣ គាត់បានរៀបរាប់អំពីអ្វីដែលបានកើតឡើង ប្រាប់ដល់សេរេសជាប្រពន្ធ+ ព្រមទាំងមិត្តភក្ដិរបស់គាត់។ ពេលឮដូច្នោះ ទីប្រឹក្សានិងប្រពន្ធគាត់ប្រាប់គាត់ថា៖ «បើម៉ាដេកាយជាជនជាតិយូដាមែន អ្នកមិនអាចឈ្នះគាត់បានទេ ដូចអ្នកពិសោធស្រាប់ហើយ។ អ្នកនឹងទទួលបរាជ័យជាមិនខាន»។
១៤ កាលដែលពួកគេកំពុងនិយាយនៅឡើយ ពួកមន្ត្រីរបស់ស្ដេចក៏មកដល់ ហើយអញ្ជើញហាម៉ានឲ្យប្រញាប់ទៅពិធីពិសាភោជនាហារដែលនាងអេសធើរបានរៀបចំ។+