យ៉ូប
២២ អេលីផាស+ជាអ្នកស្រុកថេម៉ានឆ្លើយថា៖
២ «តើមនុស្សអាចមានតម្លៃចំពោះព្រះដូចម្ដេចបាន?
តើអ្នកដែលមានការយល់ធ្លុះជ្រៅអាចមានប្រយោជន៍ចំពោះលោកឬ?+
៣ បើអ្នកជាមនុស្សសុចរិត តើនោះសំខាន់ចំពោះព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតឬ?
ប្រសិនបើអ្នករក្សាចិត្តស្មោះឥតងាករេ តើលោកទទួលបានអ្វី?+
៤ ប្រសិនបើអ្នកគោរពកោតខ្លាចព្រះ
តើលោកនឹងនាំអ្នកចូលតុលាការហើយដាក់ទោសអ្នកឬ?
៥ តើមិនមែនដោយសារអ្នកប្រព្រឹត្តអំពើអាក្រក់ខ្លាំងក្រៃលែង
និងធ្វើខុសម្ដងហើយម្ដងទៀតទេឬ?+
៦ ព្រោះអ្នកដកហូតរបស់បញ្ចាំពីបងប្អូនដោយគ្មានមូលហេតុ
ហើយដោះយកសម្លៀកបំពាក់ពួកគេ ទុកឲ្យពួកគេនៅអាក្រាត។+
៧ អ្នកមិនឲ្យទឹកដល់អ្នកដែលនឿយហត់ទេ
ហើយអ្នកក៏មិនឲ្យអាហារដល់អ្នកដែលឃ្លានដែរ។+
៨ អ្នកដែលមានអំណាចខ្លាំងក្លាជាម្ចាស់គ្រប់គ្រងទឹកដី+
ហើយអ្នកដែលគាត់ពេញចិត្តបានរស់នៅក្នុងទឹកដីនោះ។
៩ ប៉ុន្តែ អ្នកបណ្ដេញស្ត្រីមេម៉ាយចេញទៅទាំងដៃទទេ
ហើយអ្នកបានសង្កត់សង្កិនកូនកំព្រា។*
១០ ហេតុនេះហើយបានជាមានអន្ទាក់នៅព័ទ្ធជុំវិញអ្នក+
ហើយភ្លាមៗអន្តរាយក៏ធ្វើឲ្យអ្នកភ័យខ្លាច។
១១ ម្ល៉ោះហើយ អ្នកស្ថិតនៅក្នុងភាពងងឹតមើលអ្វីមិនឃើញ
ហើយទឹកក៏ជន់លិចអ្នក។
១២ តើមិនមែនព្រះទេឬដែលនៅទីខ្ពស់នៃស្ថានសួគ៌?
ចូរមើលផ្កាយទាំងអស់ទៅ តើខ្ពស់យ៉ាងណា!
១៣ ប៉ុន្តែ អ្នកបែរជានិយាយថា៖ ‹តើព្រះពិតជាដឹងអ្វីដែលមនុស្សធ្វើឬ?
តើលោកអាចមើលធ្លុះភាពងងឹតសូន្យសុងដើម្បីវិនិច្ឆ័យបានទេ?
១៤ កាលដែលលោកដើរទៅវិញទៅមកនៅលើមេឃ*
លោកមើលអ្វីមិនឃើញទេ ព្រោះមានពពកបាំង›។
១៥ តើអ្នកនឹងដើរតាមគន្លងចាស់ដែលមនុស្សអាក្រក់ធ្លាប់ដើរទេ?
១៦ ពួកគេបានត្រូវកញ្ឆក់យកទៅមុនថ្ងៃរបស់ពួកគេ*
ប្រៀបដូចជាគ្រឹះសំណង់ដែលត្រូវទឹកជន់ហូរកួចទៅបាត់។+
១៧ ពួកគេនិយាយទៅព្រះពិតថា៖ ‹កុំមករវល់នឹងពួកយើង!›
ហើយ‹តើព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតអាចធ្វើអ្វីពួកយើងបាន?›។
១៨ ក៏ប៉ុន្តែ គឺលោកជាអ្នកដែលឲ្យពួកគេមានរបស់ល្អៗនៅក្នុងផ្ទះ
(ខ្ញុំមិនធ្លាប់គិតអាក្រក់ដូចពួកគេទេ)។
១៩ មនុស្សសុចរិតនឹងឃើញសេចក្ដីហិនវិនាសរបស់មនុស្សអាក្រក់ហើយក៏ត្រេកអរ
ចំណែកមនុស្សស្លូតត្រង់នឹងសើចចំអកពួកគេ ដោយនិយាយថា៖
២០ ‹សត្រូវរបស់យើងបានត្រូវបំផ្លាញចោល
ហើយអ្វីៗដែលពួកគេនៅសល់នឹងត្រូវភ្លើងឆេះអស់›។
២១ ចូរស្គាល់លោកឲ្យបានច្បាស់ ហើយអ្នកនឹងមានសេចក្ដីសុខ
រួចអ្វីល្អៗនឹងចូលមកក្នុងជីវិតរបស់អ្នក។
២២ ចូរទទួលយកច្បាប់របស់ព្រះ
ហើយរក្សាបណ្ដាំរបស់លោកទុកក្នុងចិត្ត។+
២៣ បើអ្នកត្រឡប់មកឯព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត
ព្រមទាំងបំបាត់ចោលអំពើទុច្ចរិតចេញពីត្រសាលរបស់អ្នកនោះអ្នកនឹងបានថ្កុំថ្កើងឡើងវិញ។+
២៤ បើអ្នកចោលមាសរបស់អ្នកទៅដី
ហើយបោះមាសពីអូភា+ទៅក្នុងជ្រលងភ្នំ
២៥ នោះព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតនឹងទៅជាមាសរបស់អ្នក
ហើយលោកនឹងទៅជាប្រាក់ដែលមានគុណភាពល្អបំផុតរបស់អ្នក។
២៦ រួចអ្នកនឹងមានសុភមង្គលដោយសារព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត
ហើយអ្នកនឹងងើបមុខឡើងមើលទៅលោក។
២៧ ពេលអ្នកអង្វរលោក នោះលោកនឹងស្ដាប់អ្នក
ហើយអ្នកនឹងធ្វើតាមពាក្យសម្បថរបស់អ្នក។
២៨ អ្វីក៏ដោយដែលអ្នកសម្រេចចិត្តធ្វើនឹងបានជោគជ័យ
ហើយផ្លូវរបស់អ្នកនឹងបានភ្លឺស្វាង។
២៩ បើអ្នកនិយាយអួតអាង លោកនឹងធ្វើឲ្យអ្នកអាម៉ាស់មុខ
តែលោកនឹងជួយមនុស្សដែលមានចិត្តរាបទាបវិញ។
៣០ លោកនឹងស្រោចស្រង់មនុស្សស្លូតត្រង់
បើអ្នកស្អាតស្អំ លោកនឹងសង្គ្រោះអ្នកជាមិនខាន»។