សាការី
១០ «ចូរសុំព្រះយេហូវ៉ាផ្ដល់ទឹកភ្លៀងនៅចុងរដូវស្លឹកឈើលាស់។
ព្រះយេហូវ៉ាជាអ្នកដែលធ្វើឲ្យមានព្យុះភ្លៀង
លោកជាអ្នកដែលបង្អុរភ្លៀងសម្រាប់មនុស្សគ្រប់រូប+
ថែមទាំងឲ្យរុក្ខជាតិដុះនៅឯស្រែចម្ការសម្រាប់ពួកគេផង។
២ ចំណែករូបព្រះ*ប្រាប់តែពាក្យបោកបញ្ឆោត។
ឯអ្វីដែលពួកគ្រូទាយឃើញក្នុងគំនិត សុទ្ធតែក្លែងក្លាយ។
ពួកគេរៀបរាប់អំពីសុបិនឥតបានការ
ហើយព្យាយាមសម្រាលទុក្ខ ដោយពាក្យឥតប្រយោជន៍។
ហេតុនេះហើយបានជាពួកគេនឹងវង្វេងចេញដូចចៀមដែលបាត់ទៅ។
ពួកគេនឹងរងទុក្ខវេទនា ព្រោះតែគ្មានគង្វាល។
៣ ខ្ញុំខឹងពួកគង្វាលខ្លាំងណាស់
ហើយខ្ញុំនឹងឲ្យពួកអ្នកដឹកនាំដែលសង្កត់សង្កិន ទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។
ព្រោះព្រះយេហូវ៉ានៃបណ្ដាកងទ័ពស្ថានសួគ៌បានបែរមកយកចិត្តទុកដាក់នឹងពូជពង្សយូដា ដែលជាហ្វូងចៀមរបស់លោក។+
លោកបានធ្វើឲ្យពួកគេប្រៀបដូចជាសេះដ៏ខ្លាំងពូកែក្នុងចម្បាំង។
៤ បុរសសំខាន់*នឹងចេញមកពីពួកគេ
អ្នកដឹកនាំដែលគាំទ្រក៏ចេញមកពីពួកគេដែរ
ហើយធ្នូចម្បាំងនឹងចេញមកពីពួកគេ
អស់អ្នកដែលត្រួតពិនិត្យក៏នឹងចេញមកពីពួកគេ ជាមួយនឹងអ្នកទាំងនោះដែរ។
៥ ពួកគេនឹងដូចជាអ្នកចម្បាំងដ៏ខ្លាំងក្លា
ពួកគេនឹងតន្ត្រំភក់លើផ្លូវក្នុងសមរភូមិ។
ពួកគេនឹងចេញធ្វើសង្គ្រាម ព្រោះព្រះយេហូវ៉ានៅជាមួយនឹងពួកគេ+
ហើយពួកទាហានសេះរបស់ខ្មាំងសត្រូវនឹងអាម៉ាស់មុខ។+
៦ ខ្ញុំនឹងធ្វើឲ្យពូជពង្សយូដាមានអំណាចខ្លាំងក្លា
ហើយខ្ញុំនឹងសង្គ្រោះពូជពង្សយ៉ូសែប។+
ខ្ញុំនឹងនាំពួកគេត្រឡប់មកវិញ
ព្រោះខ្ញុំនឹងបង្ហាញសេចក្ដីមេត្តាករុណាដល់ពួកគេ+
ហើយពួកគេនឹងត្រឡប់ទៅដូចពីមុនវិញ ហាក់ដូចជាខ្ញុំមិនដែលបោះបង់ចោលពួកគេសោះ។+
ព្រោះខ្ញុំជាយេហូវ៉ាជាព្រះរបស់ពួកគេ ខ្ញុំនឹងធ្វើតាមសំណូមពររបស់ពួកគេ។
៧ ពួកអេប្រាអ៊ីមនឹងទៅជាអ្នកចម្បាំងខ្លាំងពូកែ
ហើយពួកគេនឹងអរសប្បាយ ដូចបានផឹកស្រាទំពាំងបាយជូរ។+
កូនៗរបស់ពួកគេនឹងឃើញការនេះ ហើយត្រេកអរ។
ពួកគេនឹងមានអំណរ ដោយសារព្រះយេហូវ៉ា។+
៨ ‹ខ្ញុំនឹងហួចហៅពួកគេឲ្យមកជួបជុំគ្នា
ព្រោះខ្ញុំនឹងលោះពួកគេ+ ហើយពួកគេនឹងមានចំនួនកាន់តែច្រើន
ក៏មានគ្នាកើនឡើងឥតឈប់។
៩ ទោះជាខ្ញុំធ្វើឲ្យពួកគេខ្ចាត់ខ្ចាយក្នុងចំណោមជនជាតិនានាដូចជាបាចគ្រាប់ពូជក៏ដោយ
ក៏ពួកគេនឹងនឹកចាំខ្ញុំដែរ សូម្បីតែពួកគេនៅកន្លែងឆ្ងាយ។
ពួកគេនិងកូនៗរបស់ពួកគេនឹងមានកម្លាំងឡើងវិញ រួចត្រឡប់មកវិញ។
១០ ខ្ញុំនឹងនាំពួកគេចេញពីស្រុកអេហ្ស៊ីប
ហើយប្រមូលពួកគេចេញពីស្រុកអាស៊ីរី។+
ខ្ញុំនឹងនាំពួកគេមកស្រុកគីលាត+និងស្រុកលីបង់
ហើយនៅទីនោះនឹងគ្មានកន្លែងគ្រប់គ្រាន់សម្រាប់ពួកគេទេ។+
១១ ខ្ញុំនឹងដើរកាត់សមុទ្រ ដោយធ្វើឲ្យសមុទ្រកម្រើករំពើក
ហើយខ្ញុំនឹងវាយទឹករលកក្នុងសមុទ្រ+
ទឹកទន្លេនីលនឹងរីងស្ងួតអស់។
អំណួតរបស់អាស៊ីរីនឹងត្រូវបន្ទាបបន្ថោក
ហើយដំបងរាជ្យរបស់អេហ្ស៊ីបនឹងមកដល់ទីបញ្ចប់។+