សៀវភៅសាំយូអែលទី២
៨ មួយរយៈពេលក្រោយមក ដាវីឌបានវាយឈ្នះពួកភីលីស្ទីន+ ហើយត្រួតត្រាលើពួកគេ។+ ដាវីឌថែមទាំងចាប់យកទឹកដីមេថេអាំម៉ាពីកណ្ដាប់ដៃរបស់ពួកភីលីស្ទីនទៀតផង។
២ ដាវីឌច្បាំងឈ្នះពួកម៉ូអាប់+ ហើយគាត់ឲ្យពួកគេដេកតម្រៀបគ្នាលើដី។ រួចមក គាត់យកខ្សែទៅវាស់២ភាគ៣ ហើយសម្លាប់ពួកគេចោល តែ១ភាគ៣គាត់ទុកឲ្យនៅរស់វិញ។+ ដូច្នេះ ពួកម៉ូអាប់បាននៅក្រោមចំណុះដាវីឌ ហើយពួកគេត្រូវនាំយកសួយអាករមកជូនគាត់។+
៣ ដាវីឌបានច្បាំងឈ្នះហាដាឌីសឺដែលជាកូនប្រុសរបស់រេហុបស្ដេចស្រុកសូបា+ ក្នុងពេលដែលហាដាឌីសឺធ្វើដំណើរទៅតំបន់ទន្លេអឺប្រាតដើម្បីពង្រឹងកម្លាំងកងទ័ពឡើងវិញ។+ ៤ ពេលនោះ ដាវីឌបានចាប់ខ្លួនទាហានសេះចំនួន១.៧០០នាក់ និងទាហានថ្មើរជើងចំនួន២០.០០០នាក់។ រួចដាវីឌកាត់សរសៃជើងរបស់សេះរទេះចម្បាំងទាំងអស់ ទុកតែសេះចំនួន១០០ក្បាលប៉ុណ្ណោះ។+
៥ ពេលពួកស៊ីរីនៃក្រុងដាម៉ាស់+មកជួយហាដាឌីសឺស្ដេចស្រុកសូបា នោះដាវីឌបានសម្លាប់ពួកស៊ីរីអស់ចំនួន២២.០០០នាក់។+ ៦ បន្ទាប់មក ដាវីឌបោះបន្ទាយកងទ័ពនៅក្រុងដាម៉ាស់ស្រុកស៊ីរី។ ពួកស៊ីរីក៏នៅក្រោមចំណុះដាវីឌ ហើយពួកគេត្រូវជូនសួយអាករដល់គាត់។ ព្រះយេហូវ៉ាជួយដាវីឌឲ្យបានជ័យជម្នះ*គ្រប់កន្លែងដែលគាត់ចេញទៅច្បាំង។+ ៧ ម្យ៉ាងទៀត ដាវីឌបានយកខែលមាសរាងមូលពីពួកអ្នកបម្រើរបស់ហាដាឌីសឺ រួចយកខែលទាំងនោះមកក្រុងយេរូសាឡិម។+ ៨ ស្ដេចដាវីឌបានយកស្ពាន់យ៉ាងសន្ធឹកសន្ធាប់ពីក្រុងបេថានិងក្រុងបេរ៉ូថា ដែលជាក្រុងរបស់ហាដាឌីសឺ។
៩ ស្ដេចថូអាយក្រុងហាម៉ាត+បានឮថា ដាវីឌបានច្បាំងឈ្នះទាហានទាំងអស់របស់ហាដាឌីសឺ។+ ១០ ដូច្នេះ ថូអាយបានចាត់យ៉ូរ៉ាមជាកូនប្រុសរបស់គាត់ ឲ្យទៅសួរសុខទុក្ខនិងអបអរសាទរចំពោះស្ដេចដាវីឌ ដោយសារដាវីឌបានច្បាំងឈ្នះហាដាឌីសឺ (ព្រោះហាដាឌីសឺច្បាំងនឹងថូអាយជាញឹកញាប់)។ ថូអាយក៏បានឲ្យកូនប្រុសនាំយកគ្រឿងប្រាក់ មាស និងស្ពាន់មកជូនដាវីឌផងដែរ។ ១១ ស្ដេចដាវីឌបានយកគ្រឿងទាំងនោះ ព្រមទាំងយកមាសនិងប្រាក់ដែលគាត់ប្រមូលពីប្រជាជាតិទាំងឡាយដែលនៅក្រោមចំណុះរបស់គាត់ មកជូនព្រះយេហូវ៉ា+ ១២ គឺពីពួកស៊ីរី ពួកម៉ូអាប់+ ពួកអាំម៉ូន ពួកភីលីស្ទីន+ ពួកអាម៉ាលេក+ និងជ័យភណ្ឌដែលគាត់បានយកពីហាដាឌីសឺ+កូនប្រុសរបស់រេហុបជាស្ដេចស្រុកសូបា។ ១៣ ម្យ៉ាងទៀត ពេលដាវីឌត្រឡប់មកពីសម្លាប់ពួកអេដំអស់ចំនួន១៨.០០០នាក់នៅជ្រលងភ្នំអំបិល នោះបានធ្វើឲ្យដាវីឌមានកេរ្តិ៍ឈ្មោះកាន់តែល្បីល្បាញថែមទៀត។+ ១៤ ដាវីឌបោះបន្ទាយកងទ័ពនៅស្រុកអេដំ។ គាត់បោះបន្ទាយទ័ពនៅពេញពាសក្នុងស្រុកនោះទាំងមូល។ ពួកអេដំទាំងអស់បាននៅក្រោមចំណុះដាវីឌ។+ ព្រះយេហូវ៉ាជួយដាវីឌឲ្យមានជ័យជម្នះ*នៅគ្រប់កន្លែងដែលគាត់ចេញទៅច្បាំង។+
១៥ ដាវីឌបន្តគ្រងរាជ្យលើស្រុកអ៊ីស្រាអែលទាំងមូល+ ហើយគាត់គ្រប់គ្រងលើរាស្ត្រទាំងអស់របស់គាត់ ដោយសុចរិតនិងយុត្តិធម៌។+ ១៦ ចំណែកយ៉ូអាប់+ជាកូនប្រុសរបស់សេរូយ៉ា គាត់មានតំណែងជាមេបញ្ជាការកងទ័ព ហើយយេហូសាផាត+កូនប្រុសអាហាយលូត មានតំណែងជាអ្នកកត់ត្រា។ ១៧ សេដុក+កូនប្រុសអាហាយថូប និងអាហ៊ីម៉ាឡិចកូនប្រុសអាប៊ីយ៉ាថា មានតំណែងជាសង្ឃ ហើយសេរ៉ាយ៉ាមានតំណែងជាលេខាធិការ។ ១៨ បេនណាយ៉ា+កូនប្រុសយេហូយ៉ាដា មានតំណែងជាមេលើពួកកេរ៉ែតនិងពួកពេលេធីម+ ហើយកូនប្រុសៗរបស់ដាវីឌមានតំណែងជាមន្ត្រីជាន់ខ្ពស់។