យ៉ូប
៦ យ៉ូបស្រដីតបវិញថា៖
២ «ប្រសិនបើយកទុក្ខលំបាករបស់ខ្ញុំ+
និងអន្តរាយទាំងអស់ដែលខ្ញុំបានជួប មកដាក់លើជញ្ជីង
៣ នោះច្បាស់ជាធ្ងន់ជាងខ្សាច់នៅឆ្នេរសមុទ្រទៅទៀត!
ហេតុនេះហើយបានជាខ្ញុំពោលពាក្យដោយមិនបានគិត។+
៤ ពីព្រោះព្រួញរបស់ព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតបានបាញ់ទម្លុះខ្ញុំ
ហើយពិសរបស់ព្រួញទាំងនោះបានជ្រាបចូលពេញរាងកាយខ្ញុំ+
ព្រះកំពុងវាយប្រហារខ្ញុំ នេះបានធ្វើឲ្យខ្ញុំភ័យខ្លាចយ៉ាងខ្លាំង។
៥ បើលាព្រៃ+មានស្មៅស៊ី តើវានឹងស្រែកឡើងឬ?
តើគោឈ្មោលនឹងរោទ៍ ពេលដែលវាមានចំណីស៊ីឬ?
៦ តើអ្នកណានឹងបរិភោគអាហារគ្មានរសជាតិ ដោយមិនបង់អំបិល?
ហើយតើសារធាតុអន្លាយៗក្នុងរុក្ខជាតិ មានរសជាតិដែរឬ?
៧ ខ្ញុំមិនព្រមពាល់ចំណីបែបនោះឡើយ
វាប្រៀបដូចជាអាហារស្អុយរលួយ។
៨ ឱ ប្រសិនបើព្រះធ្វើតាមសំណូមពររបស់ខ្ញុំ
ហើយបំពេញតាមបំណងប្រាថ្នាខ្ញុំ នោះមិនដឹងជាល្អយ៉ាងណាទេ!
៩ សូមព្រះមេត្តាប្រល័យខ្ញុំឲ្យស្លាប់ទៅ
សូមលោកលូកដៃមកកម្ចាត់ខ្ញុំចោលចុះ!+
១០ បើដូច្នោះមែន ខ្ញុំនឹងបានធូរស្បើយ
ខ្ញុំនឹងលោតដោយត្រេកអរ ទោះជាខ្ញុំឈឺចាប់ឥតឈប់ឈរក៏ដោយ
ព្រោះខ្ញុំពុំបានបោះបង់ប្រសាសន៍របស់ព្រះដ៏បរិសុទ្ធឡើយ។+
១១ តើខ្ញុំនៅមានកម្លាំងរង់ចាំតទៅទៀតឬ?+
តើខ្ញុំគួរបន្តរស់នៅដើម្បីអ្វី?
១២ កម្លាំងខ្ញុំមិនបានរឹងមាំដូចថ្មទេ
ហើយរូបកាយខ្ញុំក៏មិនបានធ្វើពីស្ពាន់ដែរ។
១៣ តើមានវិធីណាដែលខ្ញុំអាចជួយខ្លួនខ្ញុំបាន?
ពីព្រោះគ្មានអ្នកណាម្នាក់គាំទ្រខ្ញុំឡើយ។
១៤ អ្នកណាដែលគ្មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះអ្នកឯទៀត+
អ្នកនោះក៏នឹងលែងកោតខ្លាចព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុតដែរ។+
១៥ មិត្តភក្ដិ*របស់ខ្ញុំជាមនុស្សទុកចិត្តមិនបាន+
ពួកគេប្រៀបដូចជាខ្សែទឹកដែលរីងស្ងួតនៅរដូវរងា។
១៦ ពួកគេដូចជាទឹកដែលមើលទៅខ្មៅៗ ដោយសារកកហើយ
ក៏មានព្រិលកប់នៅខាងក្នុងនោះដែរ។
១៧ ប៉ុន្តែ ដល់រដូវក្ដៅ ទឹកនោះក៏លែងមានទៀត
គឺពេលដែលថ្ងៃក្ដៅខ្លាំង វាហួតហែងអស់ទៅ។
១៨ ខ្សែទឹកនោះបែរទៅផ្លូវផ្សេងទៀត
វាហូរទៅតំបន់ស្ងាត់ជ្រងំ រួចក៏បាត់សូន្យទៅ។
១៩ ក្បួនដំណើរដែលមកពីស្រុកតេម៉ា+ ស្វែងរកខ្សែទឹកនោះ
ពួកអ្នកដំណើរពីស្រុកសេបា+ រង់ចាំទឹកនោះ។
២០ ពួកគេអាម៉ាស់មុខ ដោយសារគិតថានឹងរកឃើញទឹកនោះ
ប៉ុន្តែ ពួកគេទទួលបានតែការខកចិត្តប៉ុណ្ណោះ។
២១ ស្រដៀងគ្នាដែរ ពួកអ្នកមិនបានផ្ដល់ការសម្រាលទុក្ខដល់ខ្ញុំទេ+
ពីព្រោះពេលពួកអ្នកឃើញខ្ញុំជួបអន្តរាយ ពួកអ្នកក៏ភ័យខ្លាច។+
២២ តើខ្ញុំធ្លាប់សុំអ្វីពីពួកអ្នក
ឬធ្លាប់សុំឲ្យពួកអ្នកយកទ្រព្យសម្បត្តិរបស់ពួកអ្នក ធ្វើជាអំណោយដល់អ្នកឯទៀតជំនួសខ្ញុំឬទេ?
២៣ តើខ្ញុំបានសុំពួកអ្នកឲ្យសង្គ្រោះខ្ញុំពីកណ្ដាប់ដៃសត្រូវ
ឬជួយខ្ញុំឲ្យរួចពីពួកអ្នកសង្កត់សង្កិនឬទេ?
២៤ សូមណែនាំខ្ញុំ នោះខ្ញុំនឹងនៅស្ងៀម+
ប្រាប់ខ្ញុំឲ្យដឹងផងថាខ្ញុំធ្វើអ្វីខុស។
២៥ ពាក្យសម្ដីពិតមិនធ្វើឲ្យឈឺចិត្តទេ!+
ក៏ប៉ុន្តែ ការដែលពួកអ្នកនិយាយកែតម្រង់ខ្ញុំ តើមានប្រយោជន៍អ្វីដល់ខ្ញុំ?+
២៦ តើពួកអ្នកចាំចាប់កំហុស ពេលខ្ញុំនិយាយខុសឬ?
តើចាំចាប់កំហុស ពេលខ្ញុំពោលពាក្យដោយអស់សង្ឃឹម+ឬនិយាយអ្វីដែលងាយបាត់ទៅដូចជាត្រូវខ្យល់បក់ផាត់ឬ?
២៧ ពួកអ្នកហ៊ានចាប់ឆ្នោតយកកូនកំព្រាមកធ្វើជាខ្ញុំបម្រើ+
ហើយក៏ហ៊ានលក់មិត្តសម្លាញ់របស់ខ្លួនដែរ!+
២៨ ឥឡូវនេះ សូមបែរមកមើលខ្ញុំ
ព្រោះខ្ញុំនឹងមិននិយាយកុហកពួកអ្នកទេ។
២៩ សូមមេត្តាពិចារណាឡើងវិញ កុំវិនិច្ឆ័យខ្ញុំដោយអយុត្តិធម៌
សូមគិតម្ដងទៀត ពីព្រោះខ្ញុំនៅតែជាមនុស្សសុចរិត។
៣០ តើខ្ញុំកំពុងពោលពាក្យមិនត្រឹមត្រូវឬ?
តើពួកអ្នកគិតថាខ្ញុំមិនដឹងអំពីអ្វីដែលកំពុងកើតឡើងឬ?