យ៉ូប
៤០ ព្រះយេហូវ៉ាបន្តមានប្រសាសន៍ទៅយ៉ូបថា៖
២ «តើមនុស្សគួរចាប់កំហុសព្រះដ៏មានឫទ្ធានុភាពខ្លាំងក្លាបំផុត ហើយប្រកែកតវ៉ានឹងព្រះឬ?+
ចូរឲ្យអ្នកដែលចង់ប្រដៅតម្រង់ព្រះ និយាយមកចុះ»។+
៣ យ៉ូបឆ្លើយទៅព្រះយេហូវ៉ាថា៖
៤ «មើល! ខ្ញុំតូចទាបណាស់+
ខ្ញុំសុខចិត្តបិទមាត់របស់ខ្ញុំវិញ+
ព្រោះខ្ញុំមិនអាចតបឆ្លើយទៅលោកបានឡើយ។
៥ ខ្ញុំបានស្រដីច្រើនដងមកហើយ
តែឥឡូវនេះខ្ញុំនឹងមិននិយាយអ្វីទៀតទេ»។
៦ រួចព្រះយេហូវ៉ាមានប្រសាសន៍ពីក្នុងខ្យល់ព្យុះទៅកាន់យ៉ូបថា៖+
៧ «សូមត្រៀមខ្លួនជាស្រេចដូចបុរសខ្លាំងក្លា
ព្រោះខ្ញុំនឹងសួរសំណួរអ្នក ហើយអ្នកត្រូវឆ្លើយមកខ្ញុំវិញ។+
៨ តើអ្នកគិតថាខ្ញុំមិនយុត្តិធម៌*ឬ?
តើអ្នកនឹងផ្ដន្ទាទោសខ្ញុំដើម្បីបង្ហាញថាអ្នកត្រឹមត្រូវឬ?+
៩ តើអ្នកមានកម្លាំងខ្លាំងក្លាដូចព្រះពិតឬទេ?+
ឬតើសំឡេងរបស់អ្នកអាចលាន់រន្ទឺដូចសំឡេងផ្គរលាន់របស់លោកទេ?+
១០ សូមបង្ហាញភាពរុងរឿងនិងអំណាចរបស់អ្នក
ហើយសូមបង្ហាញភាពថ្លៃថ្នូរនិងភាពឧត្តុង្គឧត្តមរបស់អ្នកមក។
១១ ចូរបញ្ចេញកំហឹងរបស់អ្នក
ចូរមើលអស់អ្នកដែលមានអំណួត ហើយធ្វើឲ្យពួកគេអាប់ឱន។
១២ ចូរមើលអស់អ្នកដែលមានអំណួត ហើយបន្ទាបពួកគេ
ចូរជាន់ឈ្លីមនុស្សទុច្ចរិតនៅនឹងកន្លែង។
១៣ ចូរកប់ពួកគេទាំងអស់នៅក្នុងដី
ហើយចងពួកគេ*ទុកក្នុងទីងងឹត
១៤ នោះខ្ញុំនឹងទទួលស្គាល់*ថាដៃស្ដាំរបស់អ្នកអាចសង្គ្រោះខ្លួនអ្នកបាន។
១៥ សូមពិចារណាអំពីដំរីទឹក ខ្ញុំបានបង្កើតវាដូចខ្ញុំបានបង្កើតអ្នកដែរ។
វាស៊ីស្មៅដូចគោឈ្មោល។
១៦ សូមសង្កេតមើលកម្លាំងនៅត្រគាករបស់វា
និងភាពរឹងមាំក្នុងសាច់ដុំពោះរបស់វាចុះ!
១៧ កន្ទុយរបស់វារឹងដូចដើមស៊ីដារ។
ឯសរសៃភ្លៅរបស់វាវេញចូលគ្នា។
១៨ ឆ្អឹងរបស់វាដូចបំពង់ស្ពាន់។
ចំណែកអវយវៈរបស់វាប្រៀបដូចជាដំបងដែក។
១៩ ក្នុងចំណោមសត្វបែបនេះ វាជាស្នាដៃដំបូងនិងអស្ចារ្យបំផុតរបស់ព្រះ
មានតែអ្នកបង្កើតវាប៉ុណ្ណោះដែលអាចសម្លាប់វាបាន។
២០ ភ្នំនានាមានអាហារសម្រាប់វា។ សត្វព្រៃទាំងអស់ប្រឡែងគ្នាលេងនៅទីនោះ។
២១ វាដេកក្រោមគុម្ពឈើ
គឺជ្រកតាមដើមត្រែងក្នុងដីភក់។
២២ គុម្ពឈើផ្ដល់ម្លប់ឲ្យវា
ហើយវានៅកណ្ដាលដើមឈើដែលដុះតាមជ្រលងភ្នំ។
២៣ ទោះជាទឹកទន្លេកួចខ្លាំងយ៉ាងណាក៏ដោយ ក៏វាមិនតក់ស្លុតដែរ។
វាមិនភិតភ័យទាល់តែសោះ ពេលទឹកទន្លេយ៉ូដាន់+ហូរគំហុកបុកមាត់វា។
២៤ កាលដែលវាសម្លឹងមើល តើមានអ្នកណាអាចចាប់វាបាន?
តើអ្នកណាហ៊ានទៅខ្លុះច្រមុះរបស់វា?