បណ្ដាស្ដេចទី២
៤ គ្រានោះ មានស្ត្រីម្នាក់ជាប្រពន្ធរបស់កូនចៅអ្នកប្រកាសទំនាយ+មកប្រាប់អេលីសេថា៖ «ដូចលោកដឹងស្រាប់ហើយថា ប្ដីខ្ញុំជាអ្នកកោតខ្លាចព្រះយេហូវ៉ា+ ឥឡូវគាត់បានស្លាប់ហើយ។ ឯម្ចាស់បំណុលក៏មកទាមទារយកកូនទាំងពីររបស់ខ្ញុំទៅធ្វើជាខ្ញុំបម្រើទៀត»។ ២ ពេលនោះ អេលីសេសួរនាងថា៖ «តើខ្ញុំអាចជួយអ្វីដល់នាង? តើក្នុងផ្ទះនាងមានអ្វីខ្លះ?»។ នាងក៏ឆ្លើយតបថា៖ «ក្នុងផ្ទះខ្ញុំមានសល់តែប្រេងមួយថូប៉ុណ្ណោះ»។+ ៣ រួចអេលីសេបាននិយាយថា៖ «ចូរនាងទៅខ្ចីថូពីអ្នកជិតខាងមក កុំខ្ចីតែពីរបីឡើយ តែខ្ចីឲ្យបានច្រើន។ ៤ រួចចូរនាងនិងកូនចូលទៅក្នុងផ្ទះបិទទ្វារ។ បន្ទាប់មក ចូរចាក់ប្រេងក្នុងថូទាំងនោះ ថូណាដែលពេញ យកទុកមួយឡែក»។ ៥ ក្រោយពីស្ដាប់រួច នាងក៏ទៅខ្ចីថូពីអ្នកជិតខាង។
បន្ទាប់មក នាងនិងកូនចូលទៅក្នុងផ្ទះបិទទ្វារ។ រួចកូនៗហុចថូឲ្យនាងចាក់ប្រេង។+ ៦ ពេលថូទាំងនោះពេញហើយ នាងក៏និយាយទៅកូនម្នាក់ថា៖ «ហុចថូមួយទៀតកូន»។+ ប៉ុន្តែ កូននោះឆ្លើយថា៖ «អស់ថូហើយម៉ែ»។ ភ្លាមនោះ ប្រេងក៏ឈប់ហូរ។+ ៧ បន្ទាប់មក នាងក៏ទៅប្រាប់អេលីសេជាតំណាងព្រះពិត។ អេលីសេក៏បាននិយាយថា៖ «ចូរយកប្រេងទាំងនោះទៅលក់ ហើយសងបំណុលគេទៅ។ ឯប្រាក់ដែលនៅសល់ ចូរនាងទុកចិញ្ចឹមជីវិតនិងកូនៗចុះ»។
៨ ថ្ងៃមួយ អេលីសេបានធ្វើដំណើរទៅក្រុងស៊ូណែម។+ នៅក្រុងនោះ មានស្ត្រីម្នាក់ជាអ្នកមានមុខមាត់។ នាងបានអញ្ជើញអេលីសេឲ្យមកបរិភោគនៅផ្ទះនាង។+ រៀងរាល់ដងដែលអេលីសេធ្វើដំណើរឆ្លងកាត់ក្រុងនោះ គាត់តែងតែទៅបរិភោគនៅផ្ទះរបស់នាង។ ៩ ដូច្នេះ នាងបាននិយាយទៅកាន់ប្ដីថា៖ «ខ្ញុំដឹងថា បុរសដែលតែងតែធ្វើដំណើរកាត់មុខផ្ទះយើង គាត់ជាអ្នកបម្រើពិសេសរបស់ព្រះ។ ១០ សូមឲ្យយើងធ្វើបន្ទប់តូចមួយនៅលើដំបូល+ រួចដាក់គ្រែ តុកៅអី និងចង្កៀង។ បើកាលណាគាត់ធ្វើដំណើរមកលេងយើង គាត់អាចស្នាក់នៅក្នុងបន្ទប់នោះបាន»។+
១១ ក្រោយមក អេលីសេបានទៅដល់ក្រុងស៊ូណែម ហើយក៏បានស្នាក់នៅក្នុងបន្ទប់ដែលនាងបានរៀបចំឲ្យ។ ១២ អេលីសេបាននិយាយទៅកាន់កេហាស៊ី+ជាអ្នកបម្រើគាត់ថា៖ «ចូរទៅហៅស្ត្រីម្ចាស់ផ្ទះមក»។ ដូច្នេះ គាត់ក៏ទៅហៅនាងមក។ ១៣ រួចអេលីសេនិយាយទៅកាន់កេហាស៊ីថា៖ «សូមប្រាប់នាងថា៖ ‹កន្លងមក នាងបានធ្វើល្អដល់យើងច្រើនណាស់។+ តើយើងអាចតបស្នងអ្វីដល់នាងវិញ?+ តើនាងចង់ឲ្យខ្ញុំជម្រាបស្ដេចឬមេទ័ពឲ្យនាងទេ?›»។+ ប៉ុន្តែ នាងបានឆ្លើយតបថា៖ «ខ្ញុំមិនចង់បានអ្វីទេ ព្រោះខ្ញុំរស់នៅដោយសុខសាន្តហើយ»។ ១៤ ក្រោយមក អេលីសេសួរកេហាស៊ីថា៖ «បើដូច្នេះ តើយើងអាចសងគុណនាងយ៉ាងណា?»។ កេហាស៊ីឆ្លើយថា៖ «នាងគ្មានកូនទេ+ ហើយឥឡូវប្ដីនាងក៏ចាស់ណាស់ដែរ»។ ១៥ អេលីសេក៏ប្រាប់ថា៖ «ទៅហៅនាងមក» គាត់ក៏ទៅហៅ។ រួចនាងមកឈរនៅមាត់ទ្វារ។ ១៦ បន្ទាប់មក អេលីសេបាននិយាយថា៖ «ដល់ឆ្នាំក្រោយពេលនេះ នាងនឹងសម្រាលបានកូនប្រុសមួយ»។+ ប៉ុន្តែ នាងនិយាយថា៖ «ឱលោកម្ចាស់ជាតំណាងព្រះពិតអើយ! សូមកុំនិយាយកុហកខ្ញុំអី»។
១៧ ឆ្នាំក្រោយ ស្ត្រីនោះក៏មានផ្ទៃពោះ ហើយនាងបានសម្រាលកូន ដូចដែលអេលីសេបានប្រាប់មែន។ ១៨ កន្លងក្រោយមក កូននោះចម្រើនវ័យធំឡើង។ ថ្ងៃមួយ កូននោះទៅលេងឪពុក កាលដែលឪពុកនៅជាមួយនឹងពួកអ្នកច្រូត។ ១៩ រួចកូននោះចេះតែនិយាយទៅឪពុកថា៖ «ខ្ញុំឈឺក្បាលណាស់!»។ ឪពុកនោះក៏ប្រាប់អ្នកបម្រើថា៖ «ចូរបីគាត់ទៅម្ដាយវិញឆាប់ឡើង»។ ២០ ដូច្នេះ អ្នកបម្រើក៏បីកូននោះទៅឲ្យម្ដាយវិញ។ ម្ដាយក៏ដាក់កូនឲ្យអង្គុយលើភ្លៅគាត់រហូតដល់ថ្ងៃត្រង់ រួចមកកូននោះក៏ស្លាប់ទៅ។+ ២១ ភ្លាមនោះ នាងក៏បីកូនយកទៅដាក់លើគ្រែក្នុងបន្ទប់របស់តំណាងព្រះពិត+ រួចបិទទ្វារ ហើយចេញទៅ។ ២២ បន្ទាប់មក នាងនិយាយទៅប្ដីថា៖ «សូមឲ្យសត្វលាមួយមកខ្ញុំ ហើយឲ្យអ្នកបម្រើម្នាក់ទៅជាមួយនឹងខ្ញុំ ដើម្បីខ្ញុំអាចទៅជួបតំណាងព្រះ ហើយខ្ញុំនឹងប្រញាប់ត្រឡប់មកវិញ»។ ២៣ ប៉ុន្តែ ប្ដីក៏សួរថា៖ «ថ្ងៃនេះមិនមែនជាថ្ងៃចូលខែ+ ឬជាថ្ងៃឈប់សម្រាកទេ។ ហេតុអ្វីក៏ចង់ទៅជួបគាត់នៅថ្ងៃនេះ?»។ នាងក៏ឆ្លើយថា៖ «អត់អីទេ កុំបារម្ភអី»។ ២៤ ដូច្នេះ នាងក៏ចងកែបលា រួចបង្គាប់អ្នកបម្រើថា៖ «ទៅឲ្យលឿន! បើខ្ញុំមិនប្រាប់ កុំបង្អង់ឡើយ»។
២៥ ដូច្នេះ នាងបានធ្វើដំណើរទៅភ្នំកើមែលទៅជួបតំណាងព្រះពិត។ ពេលទៅជិតដល់ តំណាងព្រះពិតបានឃើញនាង រួចគាត់ក៏និយាយទៅកាន់កេហាស៊ីជាអ្នកបម្រើរបស់គាត់ថា៖ «នុ៎ះន៏! ស្ត្រីក្រុងស៊ូណែមកំពុងមកហើយ។ ២៦ សូមរត់ទៅជួបនាង ហើយសួរថា៖ ‹តើនាងនិងប្ដីនាង ព្រមទាំងកូនសុខសប្បាយជាទេ?›»។ នាងក៏ឆ្លើយតបថា៖ «ចាស សុខសប្បាយ»។ ២៧ កាលនាងបានជួបតំណាងព្រះភ្លាម នាងក៏ឱបជើងគាត់។+ ពេលនោះ កេហាស៊ីចូលទៅច្រាននាងចេញ តែតំណាងព្រះបាននិយាយថា៖ «កុំច្រាននាងអី មើលទៅនាងមានទុក្ខធ្ងន់ណាស់ ហើយព្រះយេហូវ៉ាបានលាក់មិនឲ្យខ្ញុំដឹងអំពីទុក្ខរបស់នាង»។ ២៨ នាងបាននិយាយថា៖ «លោកម្ចាស់ ខ្ញុំមិនបានសុំកូនទេ ហើយខ្ញុំក៏បានជម្រាបលោកដែរថា៖ ‹កុំនាំឲ្យខ្ញុំខកចិត្តឡើយ› មែនទេ?»។+
២៩ ភ្លាមនោះ គាត់ក៏ប្រាប់កេហាស៊ីថា៖ «ចូរក្រវាត់អាវនៅចង្កេះ+ ហើយយកដំបងខ្ញុំ រួចចេញដំណើរទៅ។ បើអ្នកជួបអ្នកណាម្នាក់ មិនបាច់សួរសុខទុក្ខគាត់ទេ ហើយបើអ្នកណាម្នាក់សួរសុខទុក្ខអ្នក កុំឆ្លើយតបឲ្យសោះ។ ចូរទៅដាក់ដំបងរបស់ខ្ញុំលើមុខកូនប្រុសនោះចុះ»។ ៣០ ប៉ុន្តែ នាងក៏និយាយថា៖ «ខ្ញុំស្បថដោយនូវនាមព្រះយេហូវ៉ាជាព្រះដែលមានជីវិតរស់នៅ ហើយស្បថចំពោះលោកថា ខ្ញុំមិនព្រមទៅទេ លុះត្រាតែលោកទៅជាមួយនឹងខ្ញុំដែរ»។+ ដូច្នេះ គាត់ក៏ក្រោកឡើងទៅជាមួយនឹងនាង។ ៣១ កេហាស៊ីបានទៅមុនពួកគាត់ ហើយបានដាក់ដំបងនៅលើមុខកូននោះ តែកូននោះមិនកម្រើកសោះ។+ កេហាស៊ីក៏ត្រឡប់ទៅជួបអេលីសេ ហើយប្រាប់គាត់ថា៖ «កូននោះមិនភ្ញាក់ទេ»។
៣២ ពេលអេលីសេចូលទៅក្នុងផ្ទះ គាត់ឃើញកូននោះដេកស្លាប់លើគ្រែគាត់។+ ៣៣ គាត់បានចូលក្នុងបន្ទប់នោះ រួចបិទទ្វារ ហើយអធិដ្ឋានទៅព្រះយេហូវ៉ា។+ ៣៤ បន្ទាប់មក គាត់បានទ្រោបលើកូននោះ ដាក់មាត់ទល់នឹងមាត់ ភ្នែកទល់នឹងភ្នែក ហើយដៃដាក់លើដៃ។ គាត់ក៏សន្ធឹងខ្លួនលើកូននោះ រួចកូននោះចាប់មានកម្ដៅឡើងវិញ។+ ៣៥ អេលីសេបានដើរទៅដើរមកក្នុងផ្ទះ ហើយក៏ទៅទ្រោបលើកូននោះម្ដងទៀត។ បន្ទាប់មក កូននោះកណ្ដាស់៧ដង រួចបើកភ្នែក។+ ៣៦ ពេលនោះ អេលីសេបានហៅកេហាស៊ី រួចប្រាប់ថា៖ «ចូរហៅស្ត្រីក្រុងស៊ូណែមមក»។ កេហាស៊ីក៏ហៅនាង រួចអេលីសេបានប្រាប់នាងថា៖ «ចូរលើកបីកូនអ្នកទៅ»។+ ៣៧ ខណៈនោះ នាងក៏ចូលទៅក្រាបគោរពនៅទៀបជើងគាត់ រួចលើកបីកូនចេញទៅ។
៣៨ ក្រោយមក អេលីសេបានត្រឡប់ទៅក្រុងគីលកាលវិញ។ គ្រានោះ មានការអត់ឃ្លានពេញក្នុងស្រុក។+ ពេលនោះ មានកូនចៅអ្នកប្រកាសទំនាយ+ចូលទៅជួបអេលីសេ រួចអេលីសេបានបង្គាប់អ្នកបម្រើគាត់ថា៖+ «ចូរស្លសម្លមួយឆ្នាំងធំឲ្យកូនចៅអ្នកប្រកាសទំនាយទាំងនេះបរិភោគទៅ»។ ៣៩ ដូច្នេះ អ្នកបម្រើម្នាក់បានចេញទៅឯវាលរកបន្លែ។ គាត់ក៏ឃើញវល្លិព្រៃ ហើយបេះផ្លែពីវល្លិនោះ ដាក់ពេញថ្នក់អាវដោយមិនដឹងថាផ្លែនោះជាផ្លែអ្វីទេ។ គាត់ក៏ត្រឡប់មកវិញ ហើយកាត់ផ្លែនោះដាក់ក្នុងឆ្នាំង ស្លទៅ។ ៤០ រួចគេដួសសម្លនោះចែកឲ្យកូនចៅអ្នកប្រកាសទំនាយបរិភោគ។ ប៉ុន្តែ ពេលពួកគេបរិភោគសម្លនោះភ្លាម ពួកគេក៏ស្រែកថា៖ «ឱតំណាងព្រះពិតអើយ! សម្លនេះពុលទេ»។ ដូច្នេះ ពួកគេពុំអាចបរិភោគសម្លនោះបានទេ។ ៤១ អេលីសេក៏និយាយថា៖ «ចូរយកម្សៅខ្លះមក»។ គេក៏យកឲ្យគាត់ រួចគាត់បង់ចូលក្នុងឆ្នាំង។ បន្ទាប់មក គាត់ប្រាប់ថា៖ «ចូរដួសឲ្យពួកគេបរិភោគទៅ»។ ក្នុងសម្លនោះក៏លែងមានជាតិពុលទៀត។+
៤២ ថ្ងៃមួយ មានបុរសម្នាក់មកពីបាលសាលីសា។+ គាត់បានយកនំប៉័ង២០ដុំដែលធ្វើពីម្សៅស្រូវបាលី+និងស្រូវថ្មីមួយថង់ មកជូនអេលីសេជាតំណាងព្រះពិត។+ រួចអេលីសេប្រាប់ថា៖ «ចូរចែកអ្វីទាំងនេះដល់បណ្ដាជនបរិភោគទៅ»។ ៤៣ ប៉ុន្តែ អ្នកបម្រើអេលីសេប្រាប់ថា៖ «តើអាហារតែប៉ុណ្ណេះ ល្មមគ្រប់គ្រាន់សម្រាប់មនុស្ស១០០នាក់ឬ?»។+ អេលីសេក៏តបវិញថា៖ «ចូរចែកឲ្យពួកគេបរិភោគទៅ ព្រោះព្រះយេហូវ៉ាបានមានប្រសាសន៍ថា៖ ‹ពួកគេនឹងបរិភោគឆ្អែត ហើយមាននៅសល់ទៀតផង›»។+ ៤៤ បន្ទាប់មក អ្នកបម្រើនោះក៏ចែកឲ្យពួកគេបរិភោគ។ ពួកគេបានបរិភោគឆ្អែតគ្រប់គ្នា ហើយក៏មាននៅសល់+ដូចព្រះយេហូវ៉ាបានមានប្រសាសន៍មែន។