យ៉ូប
៤ បន្ទាប់មក អេលីផាស+ជាអ្នកស្រុកថេម៉ាន ក៏តបវិញថា៖
២ «ប្រសិនបើអ្នកណាម្នាក់ព្យាយាមនិយាយទៅកាន់អ្នក តើអ្នកនឹងអត់ធ្មត់ស្ដាប់ឬទេ?
ព្រោះតើអ្នកណាអាចទ្រាំមិននិយាយបាន?
៣ អ្នកធ្លាប់កែតម្រង់មនុស្សជាច្រើន
ហើយអ្នកក៏ធ្លាប់ជួយមនុស្សដែលខ្សោយឲ្យមាំមួនដែរ។
៤ ពាក្យសម្ដីរបស់អ្នកបានជួយទប់មនុស្សដែលជំពប់ដួល
ហើយអ្នកតែងតែធ្វើឲ្យមនុស្សដែលទន់ខ្សោយហៀបនឹងដួលមានកម្លាំងឡើងវិញ។
៥ ប៉ុន្តែ ឥឡូវអន្តរាយកើតឡើងដល់អ្នក អ្នកគ្មានកម្លាំង
ពេលអន្តរាយប៉ះពាល់ដល់អ្នក អ្នកក៏អស់សង្ឃឹម។
៦ តើការដែលអ្នកគោរពកោតខ្លាចព្រះ មិនបានជួយអ្នកឲ្យមានទំនុកចិត្តទេឬ?
តើអ្វីដែលអ្នកបានធ្វើដោយចិត្តស្មោះឥតងាករេ+ មិនបានផ្ដល់សេចក្ដីសង្ឃឹមឲ្យអ្នកទេឬ?
៧ សូមចាំជានិច្ចថា មនុស្សស្លូតត្រង់គ្មានថ្ងៃជួបអន្តរាយទេ
ហើយមនុស្សទៀងត្រង់ក៏គ្មានថ្ងៃត្រូវបំផ្លាញដែរ។
៨ តាមដែលខ្ញុំធ្លាប់ឃើញ អ្នកដែលភ្ជួររាស់*សេចក្ដីអាក្រក់
និងអ្នកដែលសាបព្រោះគម្រោងអាក្រក់ នឹងច្រូតបានសេចក្ដីនោះឯង។
៩ ពួកគេវិនាសទៅដោយដង្ហើមរបស់ព្រះ
ហើយពួកគេមកដល់ទីបញ្ចប់ដោយកំហឹងរបស់លោក។
១០ សត្វតោបញ្ចេញសំឡេងរន្ទឺ តោស្ទាវបញ្ចេញសូរគ្រហឹម
ប៉ុន្តែ ទោះជាពួកវាខ្លាំងប៉ុនណា ក៏ធ្មេញពួកវាត្រូវបំបាក់ចោលដែរ។
១១ សត្វតោវិនាស ព្រោះខ្វះចំណី។ ឯកូនតោវិញ ពួកវាខ្ចាត់ខ្ចាយទៅ។
១២ នៅថ្ងៃមួយ ខ្ញុំបានឮសំឡេងអាថ៌កំបាំង
មានអ្វីមួយមកខ្សឹបដាក់ត្រចៀកខ្ញុំ។
១៣ នៅពេលរាត្រី ខ្ញុំសុបិនឃើញរឿងដ៏គួរឲ្យភ័យខ្លាច
ក្នុងវេលាដែលមនុស្សដេកលង់លក់។
១៤ ខ្ញុំខ្លាចឡើងញ័រខ្លួនរហូតដល់ខ្ញុំព្រឺអស់ទាំងឆ្អឹង។
១៥ មានវិញ្ញាណមួយកាត់មុខខ្ញុំធ្វើឲ្យខ្ញុំព្រឺរោមច្រាងឡើង។
១៦ វិញ្ញាណនោះក៏នៅទ្រឹង តែខ្ញុំមិនស្គាល់ថាជាវិញ្ញាណអ្វីទេ។
វិញ្ញាណនោះនៅខាងមុខខ្ញុំ
បន្ទាប់មកមានភាពស្ងប់ស្ងាត់ រួចខ្ញុំបានឮសំឡេងមួយពោលថា៖
១៧ ‹តើមនុស្សអាចសុចរិតជាងព្រះដូចម្ដេចបាន?
តើមនុស្សម្នាក់អាចបរិសុទ្ធជាងព្រះដែលជាអ្នកបង្កើតគាត់ឬ?›។
១៨ មើល! លោកមិនទុកចិត្តអ្នកបម្រើរបស់លោកទេ
ហើយលោកក៏ចាប់កំហុសពួកទេវតារបស់លោកដែរ
១៩ ចុះទម្រាំតែមនុស្សដែលធ្វើអំពើខុសឆ្គង ប្រៀបដូចជាផ្ទះធ្វើពីដីឥដ្ឋសង់លើដី+
ហើយស្រួលកម្ទេចជាងញេចសត្វល្អិត
នោះលោកច្បាស់ជាស្រួលចាប់កំហុសជាងនោះទៅទៀត!
២០ នៅពេលព្រឹកពួកគេមានជីវិត តែពេលល្ងាចពួកគេបានត្រូវបំផ្លាញចោលទាំងស្រុង
ពួកគេវិនាសសូន្យទៅ ហើយគ្មាននរណាចាប់អារម្មណ៍ឡើយ។
២១ តើពួកគេមិនមែនដូចជាត្រសាលដែលបានត្រូវគេទាញខ្សែចេញទេឬ?
ពួកគេស្លាប់ទាំងគ្មានប្រាជ្ញា។