ដើមកំណើត
៣៩ រីឯយ៉ូសែបវិញ ពេលពួកកូនចៅអ៊ីសម៉ាអែល+បាននាំគាត់ទៅដល់ស្រុកអេហ្ស៊ីប+ ពួកគេបានលក់គាត់បន្តឲ្យដល់ប៉ូទីផា+ដែលជាមេអង្គរក្ស និងជាមន្ត្រីជាន់ខ្ពស់របស់ផារ៉ូ។ ២ ព្រះយេហូវ៉ាបាននៅជាមួយនឹងយ៉ូសែប+ ហើយកិច្ចការណាក៏ដោយដែលយ៉ូសែបធ្វើតែងតែសម្រេចទាំងអស់។ ដូច្នេះ ចៅហ្វាយជាជនជាតិអេហ្ស៊ីបនោះ បានតែងតាំងយ៉ូសែបឲ្យមើលការខុសត្រូវក្នុងផ្ទះរបស់គាត់ ៣ ព្រោះគាត់បានឃើញថាព្រះយេហូវ៉ានៅជាមួយនឹងយ៉ូសែប ហើយដឹងថាព្រះយេហូវ៉ាបានជួយយ៉ូសែបឲ្យសម្រេចកិច្ចការទាំងអស់។
៤ ចៅហ្វាយនោះពេញចិត្តនឹងយ៉ូសែបខ្លាំងណាស់។ គាត់បានតែងតាំងយ៉ូសែបឲ្យធ្វើជាអ្នកបម្រើជំនិត ហើយឲ្យយ៉ូសែបមើលការខុសត្រូវលើទ្រព្យសម្បត្តិទាំងអស់។ ៥ តាំងពីថ្ងៃដែលគាត់បានតែងតាំងយ៉ូសែបឲ្យត្រួតត្រាលើផ្ទះគាត់ ព្រះយេហូវ៉ាបានធ្វើឲ្យក្រុមគ្រួសារគាត់ចម្រុងចម្រើនឡើង។ បន្ថែមទៀត ព្រះយេហូវ៉ាបានឲ្យពរលើអ្វីៗទាំងអស់ដែលគាត់មាន ទាំងនៅក្នុងផ្ទះទាំងនៅស្រែចម្ការ។+ ៦ ទីបំផុត ចៅហ្វាយនោះបានប្រគល់អ្វីៗទាំងអស់ឲ្យយ៉ូសែបមើលការខុសត្រូវ ហើយគាត់មិនចាំបាច់ខ្វល់អំពីអ្វីទេ លើកលែងតែអាហារគាត់បរិភោគប៉ុណ្ណោះ។ ឯយ៉ូសែប គាត់មានរាងកាយមាំមួន ហើយមានរូបរាងសង្ហា។
៧ ក្រោយមក ប្រពន្ធរបស់ប៉ូទីផា ចាប់ផ្ដើមលួចសម្លឹងមើលយ៉ូសែប ហើយនិយាយទៅគាត់ថា៖ «ចូរមករួមដំណេកជាមួយនឹងខ្ញុំ»។ ៨ ប៉ុន្តែ យ៉ូសែបបានបដិសេធ ហើយនិយាយទៅកាន់នាងថា៖ «ចៅហ្វាយខ្ញុំបានឲ្យខ្ញុំគ្រប់គ្រងលើអ្វីៗទាំងអស់ ហើយដោយសារមានខ្ញុំ គាត់មិនចាំបាច់ខ្វល់អំពីអ្វីឡើយ។ ៩ បន្ទាប់ពីគាត់ មានតែខ្ញុំទេដែលធំជាងគេក្នុងផ្ទះនេះ។ គាត់បានឲ្យខ្ញុំមានអំណាចលើអ្វីៗទាំងអស់ លើកលែងតែលោកស្រីប៉ុណ្ណោះ ព្រោះលោកស្រីជាប្រពន្ធរបស់គាត់។ ដូច្នេះ តើខ្ញុំអាចប្រព្រឹត្តអំពើខុសឆ្គងចំពោះព្រះ ដោយធ្វើអំពើដ៏អាក្រក់ក្រៃលែងដូចនេះម្ដេចបាន?»។+
១០ ជារៀងរាល់ថ្ងៃ នាងតែងតែហៅយ៉ូសែបឲ្យមករួមដំណេកជាមួយនាង តែយ៉ូសែបមិនព្រមទេ សូម្បីតែនាងឲ្យគាត់នៅក្បែរ ក៏គាត់មិនព្រមដែរ។ ១១ ថ្ងៃមួយ យ៉ូសែបបានចូលទៅធ្វើការនៅក្នុងផ្ទះដូចសព្វដង តែថ្ងៃនោះគ្មានអ្នកបម្រើឯទៀតនៅក្នុងផ្ទះទេ។ ១២ ពេលនោះ ប្រពន្ធប៉ូទីផាបានចាប់ទាញអាវយ៉ូសែប ហើយនិយាយថា៖ «មករួមដំណេកជាមួយនឹងខ្ញុំ!»។ ប៉ុន្តែ យ៉ូសែបបានរលាស់អាវចោលនៅដៃនាង រួចរត់ចេញទៅក្រៅ។ ១៣ ពេលនាងឃើញថាយ៉ូសែបរត់ចោលអាវដូច្នេះ ១៤ នាងក៏ស្រែកហៅពួកអ្នកនៅក្នុងផ្ទះ ហើយប្រាប់ពួកគេថា៖ «មើល! ប្ដីខ្ញុំបាននាំយកបុរសហេប្រឺនោះមកឲ្យមើលងាយពួកយើងហើយ។ បុរសនោះចង់ចាប់រំលោភខ្ញុំ តែខ្ញុំបានស្រែកឡើងយ៉ាងខ្លាំង។ ១៥ ពេលគាត់ឮខ្ញុំស្រែក គាត់បានរត់ចេញទៅក្រៅទាំងទុកអាវចោលនៅក្បែរខ្ញុំ»។ ១៦ ក្រោយនោះ ប្រពន្ធប៉ូទីផាបានទុកអាវនោះនៅក្បែរនាង ហើយរង់ចាំប្ដីនាងត្រឡប់មកផ្ទះវិញ។
១៧ ពេលប៉ូទីផាមកដល់ នាងបានប្រាប់ពាក្យដូចគ្នាដល់គាត់ថា៖ «បុរសហេប្រឺដែលបងបាននាំមកនោះ គាត់បានមកដើម្បីធ្វើឲ្យគេមើលងាយមើលថោកខ្ញុំ។ ១៨ ប៉ុន្តែ ខ្ញុំបានស្រែកយ៉ាងខ្លាំង ហើយគាត់បានរត់ចេញទៅក្រៅទាំងទុកអាវចោលនៅក្បែរខ្ញុំ»។ ១៩ ក្រោយពីប៉ូទីផាឮប្រពន្ធគាត់ប្រាប់ថា៖ «នេះហើយជាអ្វីដែលអ្នកបម្រើបងបានធ្វើ» នោះគាត់ខឹងយ៉ាងខ្លាំង។ ២០ ដូច្នេះ ប៉ូទីផាបានឲ្យគេចាប់យ៉ូសែបយកទៅដាក់គុក ជាកន្លែងដែលគេដាក់អ្នកទោសរបស់ស្ដេច។ ម្ល៉ោះហើយ យ៉ូសែបបានជាប់នៅក្នុងគុកនោះទៅ។+
២១ ប៉ុន្តែ ព្រះយេហូវ៉ាបានបន្តនៅជាមួយនឹងយ៉ូសែប ហើយបានបង្ហាញសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ចំពោះគាត់ជានិច្ច។ លោកបានធ្វើឲ្យមេគុកពេញចិត្តគាត់។+ ២២ ដូច្នេះ មេគុកបានតែងតាំងយ៉ូសែបឲ្យមើលការខុសត្រូវលើពួកអ្នកទោសទាំងអស់។ យ៉ូសែបមានភារកិច្ចចាត់ចែងកិច្ចការនៅក្នុងគុក+ ២៣ ហើយមេគុកមិនចាំបាច់បារម្ភអំពីកិច្ចការដែលគាត់បានប្រគល់ដល់យ៉ូសែបទេ។ ព្រះយេហូវ៉ាបាននៅជាមួយនឹងយ៉ូសែប ហើយព្រះយេហូវ៉ាតែងតែធ្វើឲ្យកិច្ចការរបស់យ៉ូសែបបានសម្រេច។+