យ៉ូណាស
១ ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់យ៉ូណាស*+ជាកូនរបស់អាមីតថាយថា៖ ២ «ចូរក្រោកឡើង ហើយទៅក្រុងនីនីវេ+ជាក្រុងដ៏ធំ ហើយប្រកាសអំពីការវិនិច្ឆ័យទោសក្រុងនោះទៅ ព្រោះអំពើទុច្ចរិតដែលពួកគេបានប្រព្រឹត្ត ខ្ញុំបានឃើញអស់ហើយ»។
៣ ប៉ុន្តែ យ៉ូណាសបានក្រោកឡើងរត់ចេញពីព្រះយេហូវ៉ាទៅស្រុកតើស៊ីស គឺគាត់បានទៅក្រុងយ៉ុបប៉ា ហើយរកឃើញសំពៅមួយដែលធ្វើដំណើរឆ្ពោះទៅស្រុកតើស៊ីស។ ដូច្នេះ គាត់បានបង់ថ្លៃធ្វើដំណើរ រួចចុះសំពៅដើម្បីរត់ទៅឲ្យឆ្ងាយពីព្រះយេហូវ៉ា។
៤ បន្ទាប់មក ព្រះយេហូវ៉ាបានធ្វើឲ្យមានខ្យល់ព្យុះយ៉ាងខ្លាំងបក់បោកមកលើផ្ទៃទឹកសមុទ្រ ខ្យល់នោះខ្លាំងដល់ម្ល៉េះបានជាសំពៅហៀបនឹងលិច។ ៥ ពួកអ្នកបើកសំពៅភ័យខ្លាចខ្លាំងណាស់ ពួកគេម្នាក់ៗបានស្រែកហៅព្រះរបស់ខ្លួនឲ្យជួយ ហើយក៏បានបោះទំនិញនៅលើសំពៅទៅក្នុងសមុទ្រ ដើម្បីឲ្យសំពៅស្រាលជាង។+ ឯយ៉ូណាសវិញ គាត់កំពុងដេកលក់នៅផ្នែកខាងក្នុងសំពៅ។ ៦ នាយសំពៅបានចុះទៅដាស់គាត់ រួចនិយាយថា៖ «ម្ដេចក៏អ្នកកំពុងដេកដូច្នេះ? ចូរក្រោកឡើង ស្រែកហៅរកព្រះរបស់អ្នកទៅ! ក្រែងលោព្រះពិតអាណិតយើង ហើយជួយយើងកុំឲ្យវិនាស»។+
៧ រួចមក ពួកគេនិយាយគ្នាថា៖ «ចូរយើងនាំគ្នាចាប់ឆ្នោត+ ដើម្បីដឹងថាសេចក្ដីវេទនានេះបណ្ដាលមកពីអ្នកណា»។ ដូច្នេះ ពួកគេក៏ចាប់ឆ្នោត ហើយត្រូវចំយ៉ូណាស។+ ៨ ពួកគេសួរគាត់ថា៖ «សូមប្រាប់យើង តើយើងមានសេចក្ដីវេទនានេះដោយសារតែអ្នកឬ? តើអ្នកធ្វើការអ្វី? តើអ្នកមកពីណា? តើអ្នកជាជនជាតិអ្វី ហើយស្រុកអ្នកនៅឯណា?»។
៩ គាត់ក៏តបថា៖ «ខ្ញុំជាជនជាតិហេប្រឺ។ ខ្ញុំគោរពកោតខ្លាច*ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌។ លោកគឺជាព្រះដែលបានបង្កើតសមុទ្រនិងដីគោក»។
១០ ឮដូច្នេះ បុរសទាំងនោះភ័យខ្លាចកាន់តែខ្លាំង ហើយសួរគាត់ថា៖ «តើអ្នកបានធ្វើអ្វី?» (ពួកគេបានដឹងថាគាត់បានរត់ពីព្រះយេហូវ៉ា ព្រោះគាត់បានប្រាប់ពួកគេ)។ ១១ រួចពួកគេក៏សួរគាត់ថា៖ «តើយើងត្រូវធ្វើយ៉ាងណាចំពោះអ្នកដើម្បីឲ្យសមុទ្រនេះស្ងប់?»។ ព្រោះសមុទ្រកញ្ជ្រោលកាន់តែខ្លាំង ហើយខ្យល់ព្យុះបក់បោកខ្លាំងឡើងៗ។ ១២ គាត់តបវិញថា៖ «ចូរលើកខ្ញុំបោះទៅក្នុងសមុទ្រចុះ នោះសមុទ្រនឹងស្ងប់ជាមិនខាន ព្រោះខ្ញុំដឹងថាដោយសារតែខ្ញុំបានជាមានព្យុះដ៏ធំនេះបក់បោកមកលើអ្នករាល់គ្នា»។ ១៣ ប៉ុន្តែ ពួកបុរសទាំងនោះខំចែវទៅដីគោក តែទៅមុខមិនរួចទេ ព្រោះសមុទ្រកក្រើករំពើកខ្លាំងឡើងៗ ហើយខ្យល់ព្យុះបក់បោកកាន់តែខ្លាំង។
១៤ បន្ទាប់មក ពួកគេស្រែកអង្វរព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ! សូមលោកកុំឲ្យយើងវិនាសដោយសារតែបុរសនេះអី! ឱព្រះយេហូវ៉ាអើយ! សូមកុំឲ្យយើងទទួលទោសចំពោះឈាមជនស្លូតត្រង់ឡើយ ព្រោះលោកបានធ្វើស្របតាមបំណងប្រាថ្នារបស់លោកហើយ»។ ១៥ រួចមក ពួកគេបានលើកយ៉ូណាសបោះទៅក្នុងសមុទ្រ ហើយសមុទ្រក៏ស្ងប់ទៅ។ ១៦ ក្រោយនោះ ពួកគេបានកោតខ្លាចព្រះយេហូវ៉ាជាខ្លាំង។+ ពួកគេបានជូនគ្រឿងបូជាដល់ព្រះយេហូវ៉ា ហើយស្បថដល់លោក។
១៧ រួចមក ព្រះយេហូវ៉ាបានបណ្ដាលឲ្យត្រីដ៏ធំមួយទៅលេបយ៉ូណាស។ ម្ល៉ោះហើយ យ៉ូណាសបាននៅក្នុងពោះត្រីអស់រយៈពេលបីថ្ងៃបីយប់។+
២ នៅក្នុងពោះត្រី យ៉ូណាសបានអធិដ្ឋានទៅព្រះយេហូវ៉ាជាព្រះរបស់គាត់។+ ២ គាត់បាននិយាយថា៖
«ខ្ញុំហៅរកព្រះយេហូវ៉ាដោយក្ដីទុក្ខ ហើយលោកឆ្លើយតបមកខ្ញុំ។+
៣ ពេលលោកបោះខ្ញុំទៅក្នុងទឹកជ្រៅកណ្ដាលសមុទ្រធំធេង
ខ្សែទឹកបានកួចយកខ្ញុំ+ ហើយរលកធំៗបានបោកបក់មកលើខ្ញុំ។+
៤ ខ្ញុំក៏និយាយថា៖ ‹លោកបានបណ្ដេញខ្ញុំចេញពីមុខលោកហើយ!
ខ្ញុំមិនអាចសម្លឹងមើលវិហារបរិសុទ្ធរបស់លោកម្ដងទៀតឡើយ›។
៥ ទឹកសមុទ្របានគ្របដណ្ដប់មកលើខ្ញុំ និងកំពុងយកជីវិតខ្ញុំហើយ។+
ទឹកជ្រៅបានរួបរឹតរូបខ្ញុំ។ សារាយសមុទ្របានរុំព័ទ្ធក្បាលខ្ញុំ។
៦ ខ្ញុំបានលិចទៅក្រោមបាតភ្នំ។ រនុកផែនដីបានបិទខ្ទប់ខ្ញុំជារៀងរហូត។
ប៉ុន្តែ ឱព្រះយេហូវ៉ាជាព្រះរបស់ខ្ញុំអើយ! លោកបានសង្គ្រោះជីវិតខ្ញុំពីទីជម្រៅ។+
៧ កាលជីវិតខ្ញុំហៀបនឹងផុតទៅ ខ្ញុំនឹកឃើញតែព្រះយេហូវ៉ាប៉ុណ្ណោះ។+
នៅក្នុងវិហារបរិសុទ្ធរបស់លោក លោកបានឮសេចក្ដីអធិដ្ឋានរបស់ខ្ញុំ។+
៨ ឯអស់អ្នកដែលគោរពបម្រើរូបព្រះឥតបានការ ពួកគេបានបោះបង់ចោលប្រភពនៃសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ហើយ។*
៩ ចំណែកខ្ញុំវិញ ខ្ញុំនឹងជូនគ្រឿងបូជាដល់លោក ព្រមជាមួយនឹងពាក្យថ្លែងអំណរគុណ។
អ្វីដែលខ្ញុំបានស្បថ ខ្ញុំនឹងធ្វើតាមជាមិនខាន។+
សេចក្ដីសង្គ្រោះគឺមកពីព្រះយេហូវ៉ា»។+
១០ ក្រោយមក ព្រះយេហូវ៉ាបានបង្គាប់ត្រីនោះឲ្យក្អែយ៉ូណាសទៅលើដីគោក។
៣ បន្ទាប់មក ព្រះយេហូវ៉ាបានមានប្រសាសន៍ទៅកាន់យ៉ូណាសជាលើកទី២ថា៖+ ២ «ចូរក្រោកឡើង ហើយទៅក្រុងនីនីវេ+ជាក្រុងដ៏ធំ រួចប្រកាសដំណឹងដែលខ្ញុំប្រាប់អ្នក ដល់ក្រុងនោះទៅ»។
៣ ដូច្នេះ យ៉ូណាសក៏ក្រោកឡើងធ្វើដំណើរទៅក្រុងនីនីវេ+តាមបង្គាប់ព្រះយេហូវ៉ា។+ ក្រុងនីនីវេជាក្រុងធំក្រៃលែង ត្រូវដើរអស់បីថ្ងៃទើបសព្វ។ ៤ បន្ទាប់មក យ៉ូណាសបានចូលក្នុងក្រុងនោះ ហើយដើរអស់មួយថ្ងៃ ទាំងប្រកាសថា៖ «នៅ៤០ថ្ងៃទៀត ក្រុងនីនីវេនឹងត្រូវបំផ្លាញហើយ»។
៥ ឮដូច្នេះ អ្នកក្រុងនីនីវេចាប់ផ្ដើមមានជំនឿលើព្រះ+ ហើយប្រកាសឲ្យមានការតមអាហារ និងស្លៀកបាវ ចាប់ពីអ្នកតូចបំផុតរហូតដល់អ្នកធំបំផុត។ ៦ ពេលដំណឹងឮទៅដល់ស្ដេច គាត់ក៏ក្រោកពីបល្ល័ង្ក ដោះសម្លៀកបំពាក់ស្ដេចចេញ រួចស្លៀកបាវ ហើយអង្គុយលើផេះ។ ៧ បន្ថែមទៅទៀត គាត់បានចេញសេចក្ដីប្រកាសនៅទូទាំងក្រុងនីនីវេថា៖
«ស្ដេចនិងមន្ត្រីទាំងអស់បានចេញបង្គាប់ដូចតទៅ៖ មិនត្រូវឲ្យមនុស្សបរិភោគឬផឹកអ្វីជាដាច់ខាត ហើយក៏មិនត្រូវឲ្យហ្វូងគោ ហ្វូងចៀម និងសត្វឯទៀតស៊ីចំណីឬផឹកទឹកដែរ។ ៨ ចូរឲ្យទាំងមនុស្សទាំងសត្វស្លៀកបាវ។ ចូរឲ្យបណ្ដាជនស្រែកអង្វររកព្រះដោយស្មោះអស់ពីចិត្ត ហើយឲ្យពួកគេឈប់ប្រព្រឹត្តអំពើអាក្រក់និងអំពើឃោរឃៅតទៅទៀត។ ៩ បើយើងធ្វើដូច្នេះ ប្រហែលជាព្រះពិតគិតឡើងវិញអំពីអ្វីដែលលោកចង់ធ្វើ រួចឈប់ខឹងនឹងយើង ហើយមិនបំផ្លាញយើងក៏មិនដឹង»។
១០ ពេលព្រះពិតឃើញអ្វីដែលពួកគេបានធ្វើ និងឃើញពួកគេឈប់ប្រព្រឹត្តអំពើអាក្រក់ទៀត+ នោះលោកក៏ប្ដូរគំនិតមិនបណ្ដាលឲ្យមានសេចក្ដីវេទនា ធ្លាក់ទៅលើពួកគេដូចដែលលោកមានបំណងនោះទេ។+
៤ ប៉ុន្តែ យ៉ូណាសមិនពេញចិត្តនឹងការនេះទេ ហើយគាត់ខឹងជាខ្លាំង។ ២ ដូច្នេះ គាត់ក៏អធិដ្ឋានទៅព្រះយេហូវ៉ាថា៖ «ឱព្រះយេហូវ៉ាអើយ! នេះបានកើតឡើងដូចដែលខ្ញុំបានគិតទុក តាំងពីខ្ញុំនៅស្រុករបស់ខ្ញុំមែន។ ហេតុនេះហើយបានជាខ្ញុំព្យាយាមរត់គេចទៅស្រុកតើស៊ីស+ ព្រោះខ្ញុំដឹងថាលោកជាព្រះនៃសេចក្ដីមេត្តាករុណានិងសេចក្ដីអាណិតអាសូរ* លោកយឺតនឹងខឹង និងមានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់ជាបរិបូរ+ ហើយលោកមិនពេញចិត្តធ្វើឲ្យមានសេចក្ដីវេទនាឡើយ។ ៣ ឱព្រះយេហូវ៉ាអើយ! សូមយកជីវិតខ្ញុំឥឡូវនេះទៅ ឲ្យខ្ញុំស្លាប់ទៅល្អជាង»។+
៤ ព្រះយេហូវ៉ាក៏សួរថា៖ «តើអ្នកខឹងដូច្នេះត្រឹមត្រូវឬ?»។
៥ បន្ទាប់មក យ៉ូណាសបានចេញទៅក្រៅក្រុង ហើយអង្គុយនៅទិសខាងកើត។ គាត់បានធ្វើរោងតូចមួយ ហើយអង្គុយក្រោមនោះ ចាំមើលថាមានអ្វីកើតឡើងដល់ក្រុងនីនីវេ។+ ៦ រួចព្រះយេហូវ៉ាបានបណ្ដាលឲ្យមានដើមឃ្លោកដុះឡើងលើយ៉ូណាស ជាម្លប់ដល់គាត់ដើម្បីឲ្យគាត់មានអារម្មណ៍ស្រួល។ យ៉ូណាសពេញចិត្តនឹងដើមឃ្លោកនេះណាស់។
៧ ប៉ុន្តែ នៅព្រលឹមថ្ងៃបន្ទាប់ ព្រះពិតបានឲ្យដង្កូវមួយទៅស៊ីបំផ្លាញដើមឃ្លោកនោះ ហើយដើមនោះក៏ក្រៀមស្វិតទៅ។ ៨ លុះដល់ថ្ងៃរះ ព្រះក៏បានបណ្ដាលឲ្យមានខ្យល់ក្ដៅបក់មកពីទិសខាងកើត ហើយឲ្យពន្លឺថ្ងៃចាំងទៅលើគាត់ រួចគាត់ក៏ល្វើយទៅ។ ដូច្នេះ គាត់ក៏អង្វរសុំម្ដងហើយម្ដងទៀតឲ្យខ្លួនស្លាប់ ដោយពោលថា៖ «ឲ្យខ្ញុំស្លាប់ទៅប្រសើរជាង»។+
៩ ព្រះក៏សួរយ៉ូណាសថា៖ «តើអ្នកខឹងអំពីដើមឃ្លោកនោះជាការត្រឹមត្រូវឬ?»។+
គាត់ក៏ឆ្លើយថា៖ «ខ្ញុំខឹងត្រឹមត្រូវហើយ ខ្ញុំខឹងខ្លាំងណាស់ ហើយខ្ញុំមិនចង់រស់ទេ»។ ១០ ប៉ុន្តែ ព្រះយេហូវ៉ាមានប្រសាសន៍ថា៖ «អ្នកស្ដាយចំពោះដើមឃ្លោកដែលអ្នកមិនបានដាំ ហើយក៏មិនបានធ្វើឲ្យលូតលាស់ឡើងដែរ។ វាបានដុះឡើងក្នុងរយៈពេលតែមួយយប់ ហើយក៏ងាប់ទៅវិញក្នុងរយៈពេលមួយយប់ដែរ។ ១១ ដូច្នេះ តើមិនគួរឲ្យខ្ញុំស្ដាយក្រុងនីនីវេ ជាក្រុងដ៏ធំ+ដែលមានមនុស្ស១២០.០០០នាក់ដែលមិនស្គាល់ខុសមិនស្គាល់ត្រូវ ព្រមទាំងសត្វជាច្រើនរបស់ពួកគេទេឬ?»។+
មានន័យថា«សត្វព្រាប»
ឬ«គោរពប្រណិប័តន៍»
ឬ«ហ្ស៊ីអូល»សំដៅលើផ្នូរទូទៅរបស់មនុស្សជាតិ។ មើលនិយមន័យពាក្យ«ផ្នូរ»
ឬប្រហែលជាមានន័យថា«បោះបង់ចោលភក្ដីភាពរបស់ខ្លួនហើយ»
ឬ«សេចក្ដីសប្បុរស»