ជូនចំពោះគ្រិស្តសាសនិកនៅក្រុងភីលីព
១ ពីខ្ញុំ ប៉ូល និងធីម៉ូថេ ជាខ្ញុំបម្រើរបស់គ្រិស្ត*យេស៊ូ ជូនចំពោះពួកអ្នកបរិសុទ្ធទាំងឡាយដែលជាអ្នកកាន់តាមគ្រិស្តយេស៊ូ ព្រមទាំងពួកអ្នកត្រួតពិនិត្យនិងពួកជំនួយការខាងកិច្ចបម្រើ+នៅក្រុងភីលីព៖+
២ សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់ និងសេចក្ដីសុខសាន្តពីព្រះដែលជាបិតារបស់យើង និងពីលោកម្ចាស់យេស៊ូគ្រិស្ត។
៣ ពេលដែលខ្ញុំនឹកឃើញអ្នករាល់គ្នា ខ្ញុំតែងតែអធិដ្ឋានអរគុណព្រះរបស់ខ្ញុំជានិច្ច ៤ ហើយខ្ញុំតែងមានអំណរ រាល់ដងដែលខ្ញុំអធិដ្ឋានអង្វរអំពីអ្នករាល់គ្នា+ ៥ ដោយសារអ្នករាល់គ្នាបានរួមចំណែកក្នុងការជួយឲ្យដំណឹងល្អជឿនទៅមុខ ចាប់តាំងពីថ្ងៃដំបូង*រហូតមកដល់ឥឡូវនេះ។ ៦ ព្រោះខ្ញុំជឿជាក់ថា ព្រះដែលបានផ្ដើមការល្អក្នុងចំណោមអ្នករាល់គ្នា នឹងបង្ហើយការនោះ+រហូតដល់ថ្ងៃរបស់គ្រិស្តយេស៊ូ។+ ៧ ជាការត្រឹមត្រូវណាស់ដែលខ្ញុំមានគំនិតបែបនេះអំពីអ្នករាល់គ្នា ព្រោះអ្នករាល់គ្នានៅក្នុងចិត្តខ្ញុំ ដោយសារអ្នករាល់គ្នារួមចំណែកជាមួយនឹងខ្ញុំក្នុងគុណដ៏វិសេសលើសលប់ នៅក្នុងពេលដែលខ្ញុំជាប់ចំណង+ ព្រមទាំងក្នុងពេលដែលខ្ញុំកំពុងការពារដំណឹងល្អ និងធ្វើឲ្យដំណឹងល្អមានការទទួលស្គាល់តាមផ្លូវច្បាប់។+
៨ ព្រះជាសាក្សីថា ខ្ញុំចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ ដោយមានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅដូចគ្រិស្តយេស៊ូ។ ៩ ខ្ញុំបន្តអធិដ្ឋានសូមឲ្យអ្នករាល់គ្នាមានសេចក្ដីស្រឡាញ់កាន់តែខ្លាំងឡើង+ ព្រមជាមួយនឹងចំណេះត្រឹមត្រូវ+និងសមត្ថភាពវែកញែកដ៏ពេញលេញ+ ១០ ប្រយោជន៍ឲ្យអ្នករាល់គ្នាពិចារណាឲ្យដឹងប្រាកដថាការអ្វីដែលសំខាន់ជាង+ ដើម្បីកុំឲ្យអ្នករាល់គ្នាមានកំហុស ហើយមិនធ្វើឲ្យអ្នកណាជំពប់ដួល*+រហូតដល់ថ្ងៃរបស់គ្រិស្ត។ ១១ យ៉ាងនោះ អ្នករាល់គ្នានឹងពោរពេញទៅដោយផលដ៏សុចរិត តាមរយៈលោកយេស៊ូគ្រិស្ត+ ដើម្បីឲ្យព្រះទទួលការលើកតម្កើងនិងសេចក្ដីសរសើរ។
១២ បងប្អូនអើយ ឥឡូវខ្ញុំចង់ឲ្យអ្នករាល់គ្នាដឹងថាអ្វីៗដែលបានកើតឡើងដល់ខ្ញុំ បានជួយធ្វើឲ្យដំណឹងល្អជឿនទៅមុខវិញ។ ១៣ ម្ល៉ោះហើយ ពួកអង្គរក្សរបស់អធិរាជនិងអ្នកឯទៀតទាំងប៉ុន្មានដឹងជាទូទៅថា+ ខ្ញុំជាប់ចំណង+ដោយសារកាន់តាមគ្រិស្ត ១៤ ហើយការដែលខ្ញុំជាប់ចំណង បានធ្វើឲ្យបងប្អូនភាគច្រើនក្នុងកិច្ចបម្រើលោកម្ចាស់មានទំនុកចិត្ត ហើយឥឡូវពួកគាត់មានចិត្តក្លាហានជាងមុន ដើម្បីប្រកាសបណ្ដាំរបស់ព្រះដោយចិត្តអង់អាច។
១៥ ពិតមែនតែអ្នកខ្លះកំពុងផ្សព្វផ្សាយអំពីគ្រិស្ត ដោយសារមានចិត្តច្រណែនហើយចង់ឈ្នានីស ប៉ុន្តែអ្នកខ្លះទៀតផ្សព្វផ្សាយដោយមានបំណងល្អ។ ១៦ ពួកគាត់ប្រកាសអំពីគ្រិស្តដោយសារមានសេចក្ដីស្រឡាញ់ ព្រោះពួកគាត់ដឹងថាខ្ញុំបានត្រូវតែងតាំងឲ្យការពារដំណឹងល្អ។+ ១៧ ប៉ុន្តែ ពួកអ្នកដែលមានចិត្តច្រណែនហើយចង់ឈ្នានីស ផ្សព្វផ្សាយដើម្បីធ្វើឲ្យមានទំនាស់ មិនមែនដោយចិត្តបរិសុទ្ធទេ ព្រោះពួកគេចង់បង្កបញ្ហាឲ្យខ្ញុំកាលដែលខ្ញុំជាប់ចំណង។ ១៨ តើមានលទ្ធផលយ៉ាងណា? ទោះជាការផ្សព្វផ្សាយនោះធ្វើឡើងដោយក្លែងបន្លំ ឬដោយសេចក្ដីពិតក៏ដោយ ក៏បានធ្វើឲ្យមនុស្សឮអំពីគ្រិស្តដែរ។ នេះធ្វើឲ្យខ្ញុំត្រេកអរ ហើយខ្ញុំនឹងបន្តត្រេកអរ ១៩ ព្រោះខ្ញុំដឹងថានៅទីបំផុត ខ្ញុំនឹងទទួលសេចក្ដីសង្គ្រោះតាមរយៈការអធិដ្ឋានអង្វររបស់អ្នករាល់គ្នា+ និងតាមរយៈការគាំទ្រពីឫទ្ធានុភាពរបស់លោកយេស៊ូគ្រិស្ត។+ ២០ ខ្ញុំមានទំនុកចិត្ត ហើយសង្ឃឹមថាខ្ញុំនឹងគ្មានអ្វីដែលធ្វើឲ្យខ្ញុំត្រូវអៀនខ្មាសឡើយ តែខ្ញុំនឹងនិយាយដោយក្លាហាន ដើម្បីឲ្យគ្រិស្តទទួលការលើកតម្កើងដូចដែលលោកតែងតែទទួលពីមុន តាមរយៈរូបកាយខ្ញុំ ទោះជាខ្ញុំស្លាប់ឬរស់ក៏ដោយ។+
២១ ព្រោះក្នុងករណីរបស់ខ្ញុំ បើខ្ញុំរស់ ខ្ញុំរស់ដើម្បីគ្រិស្ត+ ហើយបើខ្ញុំស្លាប់ ក៏ខ្ញុំបានទទួលប្រយោជន៍ដែរ។+ ២២ ប្រសិនបើខ្ញុំរស់នៅក្នុងរូបកាយនេះតទៅទៀត ខ្ញុំអាចបង្កើតផលកាន់តែច្រើនក្នុងកិច្ចការរបស់ខ្ញុំ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំមិនប្រាប់ថាខ្ញុំជ្រើសរើសមួយណាទេ។ ២៣ ជម្រើសទាំងពីរនោះធ្វើឲ្យខ្ញុំពិបាកចិត្ត ព្រោះចិត្តមួយគឺខ្ញុំប្រាថ្នាចង់បានការរំដោះដើម្បីនៅជាមួយនឹងគ្រិស្ត+ នេះពិតជាល្អជាងឆ្ងាយណាស់។+ ២៤ ក៏ប៉ុន្តែ គឺជាការចាំបាច់ដែលខ្ញុំរស់ជាមនុស្សតទៅទៀត ដើម្បីអ្នករាល់គ្នា។ ២៥ ដូច្នេះ ដោយការជឿជាក់ ខ្ញុំដឹងថាខ្ញុំនឹងរស់តទៅទៀត ហើយបន្តនៅជាមួយនឹងអ្នករាល់គ្នា ដើម្បីឲ្យអ្នករាល់គ្នាជឿនទៅមុខ ហើយមានអំណរដែលមកពីជំនឿរបស់អ្នករាល់គ្នា ២៦ ដើម្បីពេលដែលខ្ញុំមកឯអ្នករាល់គ្នាម្ដងទៀត នោះអ្នករាល់គ្នាអាចមានអំណរកាន់តែខ្លាំង ក្នុងនាមជាអ្នកកាន់តាមគ្រិស្តយេស៊ូ។
២៧ ចូរអ្នករាល់គ្នាប្រព្រឹត្តឲ្យសមនឹងដំណឹងល្អអំពីគ្រិស្ត។+ យ៉ាងនេះ ទោះជាខ្ញុំទៅជួបឬមិនទៅជួបអ្នករាល់គ្នាក៏ដោយ ខ្ញុំអាចឮដំណឹងថា អ្នករាល់គ្នាកំពុងកាន់ជំហរមាំមួនដោយមានគំនិតឯកភាព ហើយរួមចិត្តតែមួយ+ និងតស៊ូជាមួយគ្នាដើម្បីជំនឿដែលមកពីដំណឹងល្អ ២៨ ហើយថាអ្នករាល់គ្នាមិនខ្លាចអ្នកដែលប្រឆាំងអ្នករាល់គ្នាឡើយ។ ការនោះឯងជាភ័ស្តុតាងថា ពួកគេនឹងត្រូវបំផ្លាញចោល+ តែអ្នករាល់គ្នានឹងទទួលសេចក្ដីសង្គ្រោះ។+ នេះជាសញ្ញាសម្គាល់ដែលមកពីព្រះ។ ២៩ ពីព្រោះអ្នករាល់គ្នាបានទទួលកិត្តិយស មិនគ្រាន់តែមានជំនឿលើគ្រិស្តប៉ុណ្ណោះទេ តែក៏រងទុក្ខដើម្បីលោកដែរ។+ ៣០ ព្រោះអ្នករាល់គ្នាកំពុងតស៊ូ ដូចដែលអ្នករាល់គ្នាបានឃើញខ្ញុំតស៊ូ+ ហើយអ្នករាល់គ្នាឮថា ខ្ញុំកំពុងតស៊ូនៅឡើយ។
២ ដូច្នេះ ប្រសិនបើអ្នករាល់គ្នាលើកទឹកចិត្តគ្នាក្នុងគ្រិស្ត សម្រាលទុក្ខគ្នាដោយសេចក្ដីស្រឡាញ់ យកចិត្តទុកដាក់គ្នាទៅវិញទៅមក មានមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងមានសេចក្ដីមេត្តាករុណា ២ នោះធ្វើឲ្យខ្ញុំមានអំណរខ្លាំងក្រៃលែង ដោយសារអ្នករាល់គ្នាគិតដូចគ្នា មានសេចក្ដីស្រឡាញ់ដូចគ្នា រួមចិត្តតែមួយ* និងមានគំនិតតែមួយ។+ ៣ មិនត្រូវធ្វើអ្វីក្នុងបំណងទាស់នឹងអ្នកឯទៀត+ ឬលើកខ្លួនហួសប្រមាណឡើយ។+ ប៉ុន្តែ ចូរមានចិត្តរាបទាប*ដោយចាត់ទុកអ្នកឯទៀតថាប្រសើរជាងខ្លួន។+ ៤ ចូរបន្តយកចិត្តទុកដាក់ចំពោះអ្នកឯទៀត+ មិនត្រូវគិតតែអំពីរឿងផ្ទាល់ខ្លួនប៉ុណ្ណោះទេ។+
៥ ចូររក្សាឲ្យមានចិត្តគំនិតបែបនេះជានិច្ច គឺចិត្តគំនិតដូចគ្រិស្តយេស៊ូ។+ ៦ ទោះជាលោកធ្លាប់មានសណ្ឋានដូចព្រះក៏ដោយ+ លោកមិនដែលគិតចង់តាំងខ្លួនឲ្យស្មើនឹងព្រះនោះទេ។+ ៧ ផ្ទុយទៅវិញ លោកបានលះបង់អ្វីៗទាំងអស់ ហើយយកសណ្ឋានជាខ្ញុំបម្រើ+ រួចកើតជាមនុស្ស។+ ៨ មិនត្រឹមតែប៉ុណ្ណោះ ពេលដែលលោកជាមនុស្ស* លោកបានបន្ទាបខ្លួន ហើយចុះចូលស្ដាប់បង្គាប់រហូតដល់ត្រូវស្លាប់+ គឺស្លាប់លើបង្គោលទារុណកម្ម។*+ ៩ ដោយហេតុនេះ ព្រះបានលើកតម្កើងលោកឲ្យមានឋានៈខ្ពស់ជាងមុន+ ហើយដោយក្ដីសប្បុរសព្រះក៏ឲ្យនាមដល់លោក ជានាមដែលប្រសើរជាងនាមឯទៀតទាំងអស់+ ១០ ដើម្បីឲ្យអ្នកនៅស្ថានសួគ៌ អ្នកនៅផែនដី និងអ្នកនៅក្រោមដី លុតជង្គង់ដោយសារនាមលោកយេស៊ូ។+ ១១ ហើយមនុស្សគ្រប់រូបត្រូវប្រកាសទទួលស្គាល់ជាសាធារណៈថា លោកយេស៊ូគ្រិស្តជាម្ចាស់+ ដើម្បីសរសើរតម្កើងព្រះដែលជាបិតា។
១២ ដូច្នេះ បងប្អូនជាទីស្រឡាញ់អើយ អ្នករាល់គ្នាតែងតែស្ដាប់បង្គាប់ ពេលខ្ញុំនៅជាមួយនឹងអ្នករាល់គ្នា។ សូម្បីតែឥឡូវនេះខ្ញុំមិននៅជាមួយ ក៏អ្នករាល់គ្នានៅតែស្ដាប់បង្គាប់ដែរ ហើយកាន់តែខ្លាំងជាងមុនទៅទៀត។ សូមអ្នករាល់គ្នាបន្តធ្វើដូច្នេះដោយកោតខ្លាចញាប់ញ័រ ដើម្បីឲ្យបានសេចក្ដីសង្គ្រោះ ១៣ ព្រោះព្រះគឺជាអ្នកដែលកំពុងផ្ដល់កម្លាំងឲ្យអ្នករាល់គ្នាតាមដែលលោកពេញចិត្ត ដើម្បីឲ្យអ្នករាល់គ្នាមានបំណងប្រាថ្នានិងមានការប្រព្រឹត្ត។ ១៤ ចូរបន្តធ្វើអ្វីៗទាំងអស់ដោយមិនត្អូញត្អែរ+ឬឈ្លោះគ្នាឡើយ+ ១៥ ដើម្បីឲ្យអ្នករាល់គ្នាទៅជាមនុស្សដែលគ្មានកន្លែងបន្ទោស មានចិត្តបរិសុទ្ធ និងជាកូនព្រះ+ដែលឥតសៅហ្មងក្នុងចំណោមជំនាន់មនុស្សខូចនិងវៀចវេរ។+ ក្នុងពិភពលោកនេះ អ្នករាល់គ្នាជាពន្លឺដែលកំពុងភ្លឺ+ ១៦ កាលដែលអ្នករាល់គ្នាបន្តកាន់ខ្ជាប់តាមបណ្ដាំនៃជីវិត។+ យ៉ាងនេះ ខ្ញុំអាចមានហេតុត្រេកអរនៅថ្ងៃរបស់គ្រិស្ត ព្រោះខ្ញុំដឹងថាខ្ញុំមិនបានរត់ដោយឥតប្រយោជន៍ ឬធ្វើការនឿយហត់ដោយឥតប្រយោជន៍នោះទេ។ ១៧ ប៉ុន្តែ ទោះជាខ្ញុំប្រគល់ខ្លួនខ្ញុំដូចគ្រឿងបូជាជាស្រា+ដែលត្រូវច្រួចទៅលើគ្រឿងបូជា+ ដោយជួយក្នុងកិច្ចបម្រើពិសិដ្ឋ*ក៏ដោយ ក៏ខ្ញុំសប្បាយចិត្តហើយត្រេកអរជាមួយនឹងអ្នករាល់គ្នាដែរ ដោយសារជំនឿរបស់អ្នកបានជំរុញឲ្យអ្នកធ្វើដូច្នេះ។ ១៨ ដូច្នេះ ចូរអ្នករាល់គ្នាសប្បាយចិត្ត ហើយត្រេកអរជាមួយនឹងខ្ញុំដែរ។
១៩ ខ្ញុំសង្ឃឹមលើលោកម្ចាស់យេស៊ូថា បន្តិចទៀត ខ្ញុំអាចចាត់ធីម៉ូថេ+ឲ្យទៅឯអ្នករាល់គ្នា ដើម្បីខ្ញុំអាចទទួលការលើកទឹកចិត្តពេលបានដំណឹងអំពីអ្នករាល់គ្នា។ ២០ ព្រោះខ្ញុំគ្មានអ្នកណាទៀតដែលមានចិត្តគំនិតដូចគាត់ ដែលពិតជានឹងយកចិត្តទុកដាក់ចំពោះអ្នករាល់គ្នាទេ។ ២១ ព្រោះអ្នកឯទៀតកំពុងរកតែប្រយោជន៍ផ្ទាល់ខ្លួន មិនមែនរកប្រយោជន៍សម្រាប់លោកយេស៊ូគ្រិស្តឡើយ។ ២២ ប៉ុន្តែ អ្នករាល់គ្នាដឹងហើយថាធីម៉ូថេបានទុកគំរូល្អ គាត់ប្រៀបដូចជាកូន+ដែលធ្វើការជាមួយនឹងឪពុក។ គាត់បានរួមធ្វើការជាមួយនឹងខ្ញុំដូចខ្ញុំបម្រើ ក្នុងការធ្វើឲ្យដំណឹងល្អជឿនទៅមុខ។ ២៣ ដូច្នេះ បុរសនេះហើយដែលខ្ញុំសង្ឃឹមថា ខ្ញុំនឹងចាត់ឲ្យទៅឯអ្នករាល់គ្នាក្នុងពេលឆាប់ៗនេះ បន្ទាប់ពីខ្ញុំឃើញថារឿងរបស់ខ្ញុំនឹងទៅជាយ៉ាងណា។ ២៤ ខ្ញុំជឿជាក់លើលោកម្ចាស់ថា បន្តិចទៀតខ្ញុំនឹងទៅដែរ។+
២៥ ក៏ប៉ុន្តែ ឥឡូវខ្ញុំគិតថាខ្ញុំត្រូវចាត់អេប៉ាប្រូឌីតឲ្យត្រឡប់ទៅឯអ្នករាល់គ្នាវិញ។ គាត់ជាបងប្រុស ជាអ្នករួមការងារ និងជាអ្នកធ្វើទាហានជាមួយនឹងខ្ញុំ ហើយក៏ជាអ្នកនាំសារដែលអ្នករាល់គ្នាបានចាត់ឲ្យមកបំពេញសេចក្ដីត្រូវការរបស់ខ្ញុំដែរ។+ ២៦ ពេលនេះគាត់ចង់ជួបអ្នករាល់គ្នាខ្លាំងណាស់ ហើយគាត់ពិបាកចិត្តព្រោះអ្នករាល់គ្នាបានឮថាគាត់ឈឺ។ ២៧ គាត់បានធ្លាក់ខ្លួនឈឺមែន រហូតដល់ជិតស្លាប់ ប៉ុន្តែព្រះបានមេត្តាដល់គាត់។ តាមពិត លោកមិនគ្រាន់តែបានមេត្តាដល់គាត់ប៉ុណ្ណោះទេ តែក៏បានមេត្តាដល់ខ្ញុំដែរ ដើម្បីកុំឲ្យខ្ញុំមានទុក្ខត្រួតពីលើទុក្ខ។ ២៨ ដូច្នេះ ខ្ញុំនឹងចាត់គាត់ឲ្យទៅឯអ្នករាល់គ្នាជាប្រញាប់ ដើម្បីឲ្យអ្នករាល់គ្នាត្រេកអរពេលឃើញគាត់ម្ដងទៀត ហើយខ្ញុំក៏អាចស្បើយទុក្ខបន្តិចដែរ។ ២៩ ម្ល៉ោះហើយ ចូរទទួលស្វាគមន៍គាត់ដោយស្មោះអស់ពីចិត្ត តាមរបៀបដែលអ្នករាល់គ្នាស្វាគមន៍អស់អ្នកកាន់តាមលោកម្ចាស់ ហើយចូររក្សាការគោរពដ៏ជ្រាលជ្រៅចំពោះបងប្រុសបែបនោះ+ ៣០ ពីព្រោះគាត់ជិតបាត់បង់ជីវិតដោយសារកិច្ចការរបស់គ្រិស្ត* គឺបានប្រថុយជីវិតដើម្បីផ្ដល់ជំនួយដល់ខ្ញុំជំនួសអ្នករាល់គ្នា ដោយសារអ្នករាល់គ្នាមិននៅទីនេះ។+
៣ ក្រោយបង្អស់ បងប្អូនខ្ញុំអើយ ចូរបន្តអរសប្បាយដោយសារលោកម្ចាស់។+ ពិតមែនតែខ្ញុំសរសេរសេចក្ដីដដែលទៅកាន់អ្នករាល់គ្នា ប៉ុន្តែនេះមិនធ្វើឲ្យខ្ញុំពិបាកទេ។ ផ្ទុយទៅវិញ នេះជួយការពារអ្នករាល់គ្នា។
២ ចូរប្រុងប្រយ័ត្ននឹងពួកឆ្កែ ចូរប្រុងប្រយ័ត្ននឹងពួកអ្នកដែលធ្វើឲ្យអន្តរាយ ចូរប្រុងប្រយ័ត្ននឹងពួកអ្នកដែលកាត់សាច់។*+ ៣ ព្រោះយើងជាអ្នកដែលបានទទួលការកាត់ចុងស្បែក*ពិតប្រាកដ+ និងកំពុងបំពេញកិច្ចបម្រើពិសិដ្ឋដោយឫទ្ធានុភាពរបស់ព្រះ។ យើងមានមោទនភាពអំពីគ្រិស្តយេស៊ូ+ ហើយយើងមិនជឿជាក់ទៅលើអ្វីៗដែលមកពីមនុស្សឡើយ។ ៤ ប៉ុន្តែ បើអ្នកណាមានហេតុជឿជាក់លើអ្វីៗដែលមកពីមនុស្ស ខ្ញុំមានហេតុជឿជាក់ច្រើនជាងគាត់។
បើអ្នកណាផ្សេងទៀតគិតថាខ្លួនមានហេតុជឿជាក់លើអ្វីៗដែលមកពីមនុស្ស ខ្ញុំមានហេតុច្រើនជាងគាត់ទៅទៀត៖ ៥ ខ្ញុំបានទទួលការកាត់ចុងស្បែកនៅថ្ងៃទី៨+ បានកើតមកជាជនជាតិអ៊ីស្រាអែលពីកុលសម្ព័ន្ធបេនយ៉ាមីន មានដើមកំណើតជាហេប្រឺ ហើយឪពុកម្ដាយមានដើមកំណើតជាហេប្រឺដែរ។+ បើចង់និយាយអំពីច្បាប់ ខ្ញុំជាផារិស៊ី*+ ៦ បើចង់និយាយអំពីចិត្តខ្នះខ្នែង ខ្ញុំបានបៀតបៀនក្រុមជំនុំ+ បើចង់និយាយអំពីការធ្វើជាមនុស្សសុចរិតតាមរយៈច្បាប់ ខ្ញុំគ្មានកន្លែងបន្ទោសសោះ។ ៧ ក៏ប៉ុន្តែ អ្វីៗដែលធ្លាប់មានប្រយោជន៍ចំពោះខ្ញុំ ខ្ញុំចាត់ទុកថាគ្មានប្រយោជន៍*ដោយសារគ្រិស្ត។+ ៨ ខ្ញុំចាត់ទុកអ្វីៗទាំងអស់ថាគ្មានប្រយោជន៍ ដោយសារតម្លៃដ៏លើសលប់នៃចំណេះអំពីគ្រិស្តយេស៊ូជាម្ចាស់របស់ខ្ញុំ។ ដោយសារលោក ខ្ញុំបានបោះបង់អ្វីៗទាំងអស់ ហើយក៏ចាត់ទុកអ្វីៗទាំងនោះជាសំរាម ដើម្បីខ្ញុំអាចបានគ្រិស្ត ៩ ហើយអាចត្រូវចាត់ទុកថាជាអ្នករួបរួមជាមួយនឹងលោក មិនមែនដោយសារភាពសុចរិតរបស់ខ្ញុំដែលមកពីច្បាប់ទេ តែដោយសារភាពសុចរិតដែលមកតាមរយៈជំនឿ+លើគ្រិស្ត+ គឺភាពសុចរិតដែលមកពីព្រះដោយមានមូលដ្ឋានលើជំនឿ។+ ១០ គោលដៅរបស់ខ្ញុំគឺដើម្បីស្គាល់លោក និងស្គាល់ឫទ្ធានុភាពនៃការប្រោសលោកឲ្យរស់ឡើងវិញ+ ហើយដើម្បីរួមចំណែកក្នុងទុក្ខវេទនារបស់លោក+ ដោយព្រមស្លាប់ដូចលោក។+ ១១ ខ្ញុំព្យាយាមធ្វើដូច្នេះ ដើម្បីខ្ញុំអាចមានឱកាសទទួលការប្រោសឲ្យរស់ពីស្លាប់ឡើងវិញមុនគេ។+
១២ មិនមែនមានន័យថាខ្ញុំបានទទួលរង្វាន់ ឬបានទៅជាល្អឥតខ្ចោះហើយនោះទេ ប៉ុន្តែខ្ញុំព្យាយាមជានិច្ច+ដើម្បីចាប់ឲ្យបានរង្វាន់ ពីព្រោះខ្ញុំដឹងថាគ្រិស្តយេស៊ូបានជ្រើសរើសខ្ញុំសម្រាប់រង្វាន់នោះ។+ ១៣ បងប្អូនអើយ ខ្ញុំមិនទាន់ចាត់ទុកថាខ្ញុំបានទទួលរង្វាន់នោះហើយទេ។ ប៉ុន្តែមានអ្វីមួយដែលខ្ញុំធ្វើ គឺខ្ញុំកំពុងបំភ្លេចអ្វីៗដែលនៅខាងក្រោយ+ ហើយកំពុងប្រឹងរត់សំដៅទៅអ្វីៗដែលនៅខាងមុខ+ ១៤ ខ្ញុំកំពុងរត់ដោយមានគោលដៅទទួលរង្វាន់+ ពោលគឺព្រះបានហៅឲ្យឡើងទៅស្ថានសួគ៌+តាមរយៈគ្រិស្តយេស៊ូ។ ១៥ ដូច្នេះ យើងដែលមានភាពចាស់ទុំ+ ចូរមានចិត្តគំនិតនេះ ហើយប្រសិនបើអ្នករាល់គ្នាមានគំនិតផ្សេងអំពីអ្វីមួយ ព្រះនឹងបើកបង្ហាញចិត្តគំនិតត្រឹមត្រូវដល់អ្នករាល់គ្នា។ ១៦ ទោះជាយ៉ាងណាក៏ដោយ អ្វីដែលយើងបានធ្វើដើម្បីឲ្យជឿនទៅមុខដល់កម្រិតនេះ ចូរយើងបន្តជឿនទៅមុខដោយធ្វើដូច្នោះតទៅទៀត។
១៧ បងប្អូនអើយ ចូរអ្នកទាំងអស់គ្នាយកតម្រាប់ខ្ញុំ+ ហើយបន្តសង្កេតមើលអស់អ្នកដែលកំពុងប្រព្រឹត្តសមស្របតាមគំរូដែលយើងបានទុកឲ្យអ្នករាល់គ្នា។ ១៨ ព្រោះមានមនុស្សជាច្រើនកំពុងប្រព្រឹត្តជាសត្រូវនៃបង្គោលទារុណកម្ម*របស់គ្រិស្ត។ ខ្ញុំធ្លាប់និយាយអំពីអ្នកទាំងនោះជាច្រើនដង តែឥឡូវខ្ញុំនិយាយអំពីពួកគេទាំងស្រក់ទឹកភ្នែក។ ១៩ ចុងបញ្ចប់របស់អ្នកទាំងនោះជាសេចក្ដីហិនវិនាស ហើយព្រះរបស់អ្នកទាំងនោះ ជាក្រពះរបស់ពួកគេ។ ពួកគេមានមោទនភាពអំពីអ្វីដែលពួកគេគួរតែអៀនខ្មាស ហើយពួកគេគិតតែអំពីអ្វីដែលនៅផែនដី។+ ២០ ប៉ុន្តែ យើងដែលជាពលរដ្ឋស្ថានសួគ៌+ យើងកំពុងទន្ទឹងរង់ចាំអ្នកសង្គ្រោះពីស្ថានសួគ៌+ ពោលគឺលោកម្ចាស់យេស៊ូគ្រិស្ត។+ ២១ លោកមានឫទ្ធានុភាពខ្លាំងក្លា ហើយអាចធ្វើឲ្យអ្វីៗទាំងអស់នៅក្រោមអំណាចលោក។+ ដោយប្រើឫទ្ធានុភាពនេះ លោកនឹងផ្លាស់ប្រែរូបកាយទន់ទាបរបស់យើង ឲ្យដូច*រូបកាយដ៏រុងរឿងរបស់លោក។+
៤ ដូច្នេះ បងប្អូនជាទីស្រឡាញ់របស់ខ្ញុំ ដែលខ្ញុំចង់ជួបខ្លាំងណាស់ បងប្អូនជាអំណរ និងជាមកុដរបស់ខ្ញុំ។+ ចូរកាន់ជំហរមាំមួន+តាមរបៀបនេះ ក្នុងនាមជាអ្នកកាន់តាមលោកម្ចាស់។
២ ខ្ញុំសូមដាស់តឿនអឺរ៉ូឌានិងស៊ីនទីចឲ្យមានគំនិតតែមួយក្នុងកិច្ចបម្រើលោកម្ចាស់។+ ៣ ចំណែកអ្នកដែលជាអ្នករួមការងារយ៉ាងស្មោះជាមួយនឹងខ្ញុំ ខ្ញុំក៏សូមឲ្យអ្នកបន្តជួយស្ត្រីទាំងពីរនេះដែរ។ ពួកនាងនិងក្លេមេន ព្រមទាំងអ្នកឯទៀត បានរួមតស៊ូជាមួយនឹងខ្ញុំដើម្បីដំណឹងល្អ។ ឈ្មោះរបស់ពួកអ្នកទាំងនេះមាននៅក្នុងសៀវភៅជីវិត។+
៤ ចូរអរសប្បាយជានិច្ចដោយសារលោកម្ចាស់។ ខ្ញុំសូមនិយាយម្ដងទៀតថា ចូរអរសប្បាយចុះ!+ ៥ ចូរឲ្យមនុស្សទាំងអស់ឃើញថាអ្នករាល់គ្នាជាមនុស្សសមហេតុសមផល។+ លោកម្ចាស់នៅជិត។ ៦ កុំខ្វល់ចិត្តអំពីអ្វីឡើយ+ តែចូរជម្រាបព្រះអំពីសំណូមពររបស់អ្នករាល់គ្នាក្នុងគ្រប់ការទាំងអស់ ដោយអធិដ្ឋាន អង្វរសុំ និងថ្លែងអំណរគុណ។+ ៧ យ៉ាងនេះ សេចក្ដីសុខសាន្ត+របស់ព្រះដែលហួសពីការនឹកស្មាន នឹងការពារចិត្ត+និងសមត្ថភាពរិះគិតរបស់អ្នករាល់គ្នា តាមរយៈគ្រិស្តយេស៊ូ។
៨ ជាចុងក្រោយ បងប្អូនអើយ អ្វីៗដែលពិត អ្វីៗដែលថ្លៃថ្នូរ អ្វីៗដែលសុចរិត អ្វីៗដែលបរិសុទ្ធ អ្វីៗដែលគួរឲ្យស្រឡាញ់ អ្វីៗដែលមានកេរ្ដិ៍ឈ្មោះល្អ អ្វីៗដែលប្រកបដោយគុណធម៌ និងអ្វីៗដែលគួរឲ្យសរសើរ ចូរបន្តពិចារណា*អំពីអ្វីៗទាំងនោះ។+ ៩ អ្វីៗដែលអ្នករាល់គ្នាបានរៀន ឃើញ ឮ និងទទួលពីខ្ញុំ ចូរប្រព្រឹត្តតាមសេចក្ដីទាំងនោះ+ ហើយព្រះនៃសេចក្ដីសុខសាន្តនឹងនៅជាមួយនឹងអ្នករាល់គ្នា។
១០ ខ្ញុំត្រេកអរខ្លាំងណាស់ក្នុងនាមជាអ្នកបម្រើលោកម្ចាស់ ព្រោះនៅទីបំផុតអ្នករាល់គ្នាចាប់ផ្ដើមគិតអំពីខ្ញុំម្ដងទៀត។+ អ្នករាល់គ្នាពិតជាបានគិតអំពីខ្ញុំមែន តែមិនមានឱកាសបង្ហាញឲ្យឃើញទេ។ ១១ ខ្ញុំនិយាយដូច្នេះ មិនមែនដោយសារខ្ញុំខ្វះខាតទេ ព្រោះខ្ញុំបានរៀនឲ្យចេះស្កប់ចិត្ត ទោះជាខ្ញុំនៅក្នុងកាលៈទេសៈណាក៏ដោយ។+ ១២ ខ្ញុំចេះរស់នៅដោយមានតែបន្តិចបន្តួច+ ខ្ញុំចេះរស់នៅដោយមានបរិបូរ។ ខ្ញុំបានរៀនអាថ៌កំបាំងអំពីរបៀបស្កប់ចិត្តក្នុងគ្រប់ការទាំងអស់និងនៅគ្រប់កាលៈទេសៈទាំងអស់ ទោះជាឆ្អែត ឬឃ្លានក្ដី ទោះជាមានបរិបូរ ឬខ្វះខាតក្ដី។ ១៣ ខ្ញុំមានកម្លាំងសម្រាប់អ្វីៗទាំងអស់ ដោយសារលោកដែលផ្ដល់កម្លាំងឲ្យខ្ញុំ។+
១៤ ទោះជាយ៉ាងនោះក៏ដោយ អ្នករាល់គ្នាបានធ្វើល្អ ដោយរួមចំណែកក្នុងទុក្ខវេទនារបស់ខ្ញុំ។ ១៥ តាមការពិត អ្នករាល់គ្នានៅក្រុងភីលីពក៏ដឹងដែរថា ពេលដំបូងដែលអ្នករាល់គ្នាបានរៀនអំពីដំណឹងល្អ និងពេលដែលខ្ញុំបានចាកចេញពីតំបន់ម៉ាសេដូន គ្មានក្រុមជំនុំណាមួយរួមចំណែកជាមួយនឹងខ្ញុំក្នុងការឲ្យនិងការទទួលឡើយ មានតែអ្នករាល់គ្នាប៉ុណ្ណោះ+ ១៦ ពីព្រោះកាលដែលខ្ញុំនៅក្រុងថែស្សាឡូនិច អ្នករាល់គ្នាបានផ្ញើជំនួយឲ្យខ្ញុំដល់ទៅពីរដង ដើម្បីបំពេញសេចក្ដីត្រូវការរបស់ខ្ញុំ។ ១៧ ខ្ញុំមិនមែនចង់បានអំណោយពីអ្នករាល់គ្នាទេ តែខ្ញុំចង់ឲ្យអ្នករាល់គ្នាប្រព្រឹត្តល្អ ដែលបង្កើនកម្រៃដល់អ្នករាល់គ្នា។ ១៨ ក៏ប៉ុន្តែ ខ្ញុំមានអ្វីៗទាំងអស់ដែលខ្ញុំត្រូវការ ហើយមានច្រើនជាងនោះទៅទៀត។ ខ្ញុំមានសព្វគ្រប់អស់ហើយ ខ្ញុំបានទទួលអ្វីដែលអ្នករាល់គ្នាបានផ្ញើឲ្យខ្ញុំតាមរយៈអេប៉ាប្រូឌីត+ មានដូចជាគ្រឿងក្រអូប+ និងគ្រឿងបូជាដែលព្រះពេញចិត្ត។ ១៩ ហេតុនេះហើយ ព្រះរបស់ខ្ញុំដែលមានទ្រព្យយ៉ាងច្រើនលើសលប់នឹងផ្ដល់អ្វីៗទាំងអស់ដែលអ្នករាល់គ្នាត្រូវការ+ តាមរយៈគ្រិស្តយេស៊ូ។ ២០ សូមឲ្យព្រះដែលជាបិតារបស់យើងប្រកបដោយសិរីរុងរឿងជារៀងរហូតតទៅ។ អាមេន។
២១ ខ្ញុំសូមផ្ដាំសួរសុខទុក្ខពួកអ្នកបរិសុទ្ធទាំងអស់គ្នាដែលជាអ្នកកាន់តាមគ្រិស្តយេស៊ូ។ បងប្អូនដែលនៅជាមួយនឹងខ្ញុំក៏ផ្ដាំសួរសុខទុក្ខដែរ។ ២២ ពួកអ្នកបរិសុទ្ធទាំងអស់គ្នា ជាពិសេសអស់អ្នកដែលជាអ្នកផ្ទះរបស់សេសារ*+ សូមផ្ដាំសួរសុខទុក្ខអ្នករាល់គ្នា។
២៣ សូមឲ្យគុណដ៏វិសេសលើសលប់របស់លោកម្ចាស់យេស៊ូគ្រិស្តនៅជាមួយនឹងអ្នករាល់គ្នា ពីព្រោះអ្នករាល់គ្នាមានចិត្តគំនិតត្រឹមត្រូវ។
មើលនិយមន័យពាក្យ«គ្រិស្ត»
សំដៅលើថ្ងៃដំបូងដែលពួកគេបានទទួលដំណឹងល្អ
សំដៅលើការភ្លាត់ធ្វើខុស ឬការជួបប្រទះឧបសគ្គចំពោះជំនឿ
ឬ«រួមសាមគ្គីគ្នា»
ឬ«ចូរបន្ទាបខ្លួន»
ន័យត្រង់«ពេលដែលលោកឃើញថាលោកមានភាពជាមនុស្សជាតិ»
មើលនិយមន័យពាក្យ«បង្គោលទារុណកម្ម»
ឬ«កិច្ចបម្រើសាធារណជន»
ឬប្រហែលជាមានន័យថា«កិច្ចការរបស់លោកម្ចាស់»
សំដៅលើអ្នកដែលកាត់ចុងស្បែកឲ្យគេ
មើលនិយមន័យពាក្យ«ការកាត់ចុងស្បែក»
ផារិស៊ីគឺជានិកាយដ៏ធំមួយនៃសាសនាយូដានៅសតវត្សរ៍ទី១ គ.ស.
ឬប្រហែលជាមានន័យថា«ខ្ញុំស្ម័គ្រចិត្តបោះបង់ចោល»
មើលនិយមន័យពាក្យ«បង្គោលទារុណកម្ម»
ន័យត្រង់«ឲ្យមានលក្ខណៈស្របតាម»
ឬ«រំពឹងគិត»
ន័យត្រង់«អធិរាជ»