សំបុត្រទី១ជូនចំពោះធីម៉ូថេ
១ ពីខ្ញុំ ប៉ូល ជាសាវ័ក*របស់គ្រិស្ត*យេស៊ូ ដែលបានត្រូវចាត់ជាសាវ័កតាមបង្គាប់របស់ព្រះជាអ្នកសង្គ្រោះយើង និងតាមបង្គាប់របស់គ្រិស្តយេស៊ូដែលជាសេចក្ដីសង្ឃឹមរបស់យើង។+ ២ ជូនចំពោះធីម៉ូថេ*+ ជាកូនដ៏ស្មោះត្រង់+ក្នុងកិច្ចបម្រើរបស់លោកម្ចាស់៖
សូមឲ្យអ្នកបានប្រកបដោយគុណដ៏វិសេសលើសលប់ សេចក្ដីមេត្តាករុណា និងសេចក្ដីសុខសាន្តពីព្រះដែលជាបិតា ព្រមទាំងពីគ្រិស្តយេស៊ូដែលជាម្ចាស់របស់យើង។
៣ ឥឡូវ ខ្ញុំសូមលើកទឹកចិត្តអ្នកឲ្យស្នាក់នៅក្រុងអេភេសូរតទៅទៀត ដូចខ្ញុំបានលើកទឹកចិត្តអ្នកពីមុន ពេលដែលខ្ញុំហៀបនឹងទៅតំបន់ម៉ាសេដូន ដើម្បីឲ្យអ្នកបង្គាប់អ្នកខ្លះនៅទីនោះកុំឲ្យផ្សាយសេចក្ដីបង្រៀនមិនពិត ៤ ហើយកុំឲ្យពួកគេស្ដាប់រឿងមិនពិត+ ឬគិតអំពីពង្សាវតារ ព្រោះការនោះគ្មានប្រយោជន៍ទេ។+ ផ្ទុយទៅវិញ ការនោះនាំឲ្យមានតែការជជែកអំពីរឿងដែលគ្មានទីសំអាង ជាជាងផ្ដល់អ្វីពីព្រះដែលពង្រឹងជំនឿ។ ៥ គោលបំណងនៃបង្គាប់*នេះ គឺដើម្បីឲ្យយើងមានសេចក្ដីស្រឡាញ់+ផុសចេញពីចិត្តបរិសុទ្ធ ផុសចេញពីជំនឿ+ដែលគ្មានពុតត្បុត និងពីសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។ ៦ ប៉ុន្តែ អ្នកខ្លះលែងអើពើនឹង*ការទាំងនេះ ហើយបានបែរទៅនិយាយអ្វីដែលឥតប្រយោជន៍វិញ។+ ៧ ពួកគេចង់ធ្វើជាអ្នកបង្រៀន+ច្បាប់ តែពួកគេមិនយល់អ្វីដែលខ្លួនគេនិយាយទេ ហើយក៏មិនយល់អ្វីដែលខ្លួនគេអះអាងយ៉ាងម៉ឺងម៉ាត់នោះដែរ។
៨ យើងដឹងថាច្បាប់នោះគឺល្អប្រសើរ បើប្រើច្បាប់នោះយ៉ាងត្រឹមត្រូវ* ៩ ដោយទទួលស្គាល់ថា ច្បាប់មិនបានត្រូវបង្កើតឡើងសម្រាប់មនុស្សសុចរិតទេ តែសម្រាប់មនុស្សដែលប្រឆាំងច្បាប់+ មិនព្រមស្ដាប់បង្គាប់* មិនកោតខ្លាចព្រះ ប្រព្រឹត្តអំពើខុសឆ្គង គ្មានភក្ដីភាព* គ្មានការគោរពចំពោះអ្វីដែលបរិសុទ្ធ សម្លាប់ឪពុក សម្លាប់ម្ដាយ សម្លាប់អ្នកឯទៀត ១០ មនុស្សដែលប្រព្រឹត្តអំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ* បុរសដែលរួមដំណេកជាមួយនឹងបុរសឯទៀត អ្នកចាប់ជំរិត អ្នកភូតភរ អ្នកស្បថបំពាន និងអ្វីៗទាំងអស់ដែលប្រឆាំងសេចក្ដីបង្រៀនត្រឹមត្រូវ។*+ ១១ ច្បាប់នោះគឺមកពីព្រះដែលមានសេចក្ដីសប្បាយ ស្របតាមដំណឹងល្អដ៏រុងរឿងដែលលោកបានផ្ញើទុកនឹងខ្ញុំ។+
១២ ខ្ញុំដឹងគុណគ្រិស្តយេស៊ូជាម្ចាស់របស់យើង ជាអ្នកដែលបានផ្ដល់កម្លាំងឲ្យខ្ញុំ ពីព្រោះលោកបានចាត់ទុកខ្ញុំជាមនុស្សស្មោះត្រង់ ដោយចាត់តាំងខ្ញុំឲ្យបំពេញកិច្ចបម្រើ+ ១៣ ទោះជាពីមុនខ្ញុំធ្លាប់ជាអ្នកប្រមាថព្រះ ជាអ្នកបៀតបៀនរាស្ដ្ររបស់លោក និងជាមនុស្សព្រហើនក៏ដោយ។+ ប៉ុន្តែ ខ្ញុំបានទទួលសេចក្ដីមេត្តាករុណា ពីព្រោះពីមុនខ្ញុំបានប្រព្រឹត្តដោយល្ងង់ខ្លៅ និងគ្មានជំនឿ។ ១៤ ប៉ុន្តែ គុណដ៏វិសេសលើសលប់របស់លោកម្ចាស់យើង មានជាបរិបូរចំពោះរូបខ្ញុំ ហើយខ្ញុំមានជំនឿនិងសេចក្ដីស្រឡាញ់ ដោយសារខ្ញុំជាអ្នកកាន់តាមគ្រិស្តយេស៊ូ។ ១៥ ពាក្យតទៅនេះគឺពិតនិងគួរឲ្យជឿជាក់ ពោលគឺគ្រិស្តយេស៊ូបានចូលក្នុងពិភពលោក ដើម្បីសង្គ្រោះអ្នកដែលប្រព្រឹត្តអំពើខុសឆ្គង។+ ក្នុងចំណោមអ្នកទាំងនោះ ខ្ញុំខុសធ្ងន់ជាងគេ។+ ១៦ ប៉ុន្តែ ទោះជាខ្ញុំជាអ្នកដែលប្រព្រឹត្តខុសធ្ងន់ជាងគេក៏ដោយ ខ្ញុំបានទទួលសេចក្ដីមេត្តាករុណា។ យ៉ាងនេះ គ្រិស្តយេស៊ូអាចបង្ហាញថាលោកមានចិត្តអត់ធ្មត់ខ្លាំងយ៉ាងណា ដោយប្រើខ្ញុំទុកជាគំរូសម្រាប់ពួកអ្នកដែលនឹងសាងជំនឿលើលោក ដើម្បីឲ្យបានជីវិតដែលគ្មានទីបញ្ចប់។+
១៧ ឯស្ដេចដែលរស់ជារៀងរហូត+ ដែលមិនអាចខូចទៅ+ និងដែលមនុស្សមើលមិនឃើញ+ ពោលគឺព្រះតែមួយ+ សូមឲ្យលោកប្រកបដោយកិត្តិយសនិងសិរីរុងរឿងជារៀងរហូតតទៅ។ អាមេន។
១៨ ធីម៉ូថេ កូនអើយ ខ្ញុំសូមផ្ញើបង្គាប់*នេះទុកនឹងអ្នក ស្របតាមទំនាយដែលបានបញ្ជាក់អំពីអ្នក។ តាមរយៈទំនាយទាំងនោះ អ្នកអាចបន្តតយុទ្ធយ៉ាងប្រសើរក្នុងសង្គ្រាម+ ១៩ ដោយរក្សាជំនឿនិងសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស+ ជាអ្វីដែលអ្នកខ្លះបានបោះបង់ចោល ហើយជំនឿរបស់ពួកគេបានខូចទៅ ដូចសំពៅដែលលិចលង់។ ២០ ក្នុងចំណោមអ្នកទាំងនោះ មានហែមេនាស+និងអាឡិចសង់ ខ្ញុំបានប្រគល់ពួកគាត់ទៅសាថាន*ហើយ។ យ៉ាងនេះ ពួកគាត់នឹងបានរៀនមេរៀនថាពួកគាត់មិនត្រូវប្រមាថព្រះឡើយ។
២ ដូច្នេះ មុនបង្អស់ ខ្ញុំលើកទឹកចិត្តអ្នកទាំងអស់គ្នាឲ្យបន្តអធិដ្ឋាន អង្វរករ និងអង្វរសុំព្រះសម្រាប់អ្នកឯទៀត ព្រមទាំងថ្លែងអំណរគុណលោកសម្រាប់មនុស្សគ្រប់ប្រភេទ ២ ដើម្បីស្ដេចនានា និងអស់អ្នកដែលមានឋានៈខ្ពង់ខ្ពស់។*+ យ៉ាងនោះ យើងអាចរក្សាជីវិតស្ងៀមស្ងាត់ ដោយមានចិត្តគំនិតនឹងធឹង និងមានភក្ដីភាពចំពោះព្រះគ្រប់ជំពូក។+ ៣ ព្រះដែលជាអ្នកសង្គ្រោះយើង ចាត់ទុកការនោះថាល្អប្រសើរ ហើយក៏ពេញចិត្តដែរ។+ ៤ លោកមានបំណងប្រាថ្នាឲ្យមនុស្សគ្រប់ប្រភេទទទួលសេចក្ដីសង្គ្រោះ+ និងមានចំណេះត្រឹមត្រូវអំពីសេចក្ដីពិត។ ៥ ព្រោះមានព្រះតែមួយ+ និងអ្នកសម្រុះសម្រួលតែមួយ+ រវាងព្រះនិងមនុស្សជាតិ+ គឺបុរសម្នាក់ជាគ្រិស្តយេស៊ូ+ ៦ ដែលបានប្រគល់ខ្លួនជាថ្លៃលោះ*សម្រាប់មនុស្សទាំងអស់។*+ ការនោះនឹងត្រូវបញ្ជាក់នៅពេលកំណត់។ ៧ ដើម្បីធ្វើជាសាក្សីបញ្ជាក់អំពីការនោះ+ ខ្ញុំបានទទួលការតែងតាំងឲ្យធ្វើជាអ្នកផ្សព្វផ្សាយនិងជាសាវ័ក+ គឺជាអ្នកបង្រៀនប្រជាជាតិនានា+អំពីជំនឿនិងសេចក្ដីពិត។ ខ្ញុំកំពុងប្រាប់ការពិត ខ្ញុំមិនកុហកទេ។
៨ ដូច្នេះ ខ្ញុំចង់ឲ្យបុរសនៅគ្រប់ទីកន្លែងបន្តអធិដ្ឋានដោយលើកដៃឡើងទាំងមានភក្ដីភាព+ គ្មានកំហឹង+ និងគ្មានការជជែកតវ៉ា។+ ៩ ដូចគ្នាដែរ ស្ត្រីទាំងឡាយមិនគួរតែងខ្លួនដោយក្រងសក់របៀបពិសេស ដោយពាក់មាស គជ់ខ្យង ឬសម្លៀកបំពាក់ថ្លៃក្រៃលែងឡើយ តែគួរតែងខ្លួនដោយសម្លៀកបំពាក់រៀបរយ* បែបរមទម និងដោយដឹងខុសត្រូវ*+ ១០ តាមរបៀបសមនឹងស្ត្រីដែលអះអាងថាខ្លួនគោរពប្រណិប័តន៍ព្រះ+ ពោលគឺដោយធ្វើការល្អ។
១១ ចូរឲ្យស្ត្រីស្ដាប់សេចក្ដីបង្រៀនដោយស្ងៀមស្ងាត់ និងចុះចូលទាំងស្រុង។+ ១២ ខ្ញុំមិនអនុញ្ញាតឲ្យស្ត្រីបង្រៀន ឬមានអំណាចលើបុរសឡើយ តែឲ្យនាងនៅស្ងៀមវិញ។+ ១៣ ព្រោះព្រះបានបង្កើតអាដាមមុន រួចមកអេវ៉ា។+ ១៤ ម្យ៉ាងទៀត អាដាមមិនបានត្រូវបោកបញ្ឆោតទេ តែស្ត្រីបានចាញ់បោកទាំងស្រុង+ ហើយបានធ្វើខុសនឹងបង្គាប់របស់ព្រះ។ ១៥ ក៏ប៉ុន្តែ ស្ត្រីនឹងត្រូវរក្សាការពារដោយសារការមានកូន+ បើនាង*បន្តមានជំនឿ សេចក្ដីស្រឡាញ់ សេចក្ដីបរិសុទ្ធ និងដឹងខុសត្រូវ។*+
៣ ពាក្យនេះគឺជាពាក្យពិត៖ ប្រសិនបើបុរសណាកំពុងព្យាយាមឲ្យបានមុខងារជាអ្នកត្រួតពិនិត្យ+ នោះគាត់ចង់បានកិច្ចការដ៏ល្អប្រសើរ។ ២ ដូច្នេះ អ្នកត្រួតពិនិត្យត្រូវជាអ្នកដែលគ្មានកន្លែងបន្ទោស មានប្រពន្ធតែមួយ ប្រព្រឹត្តដោយមានតុល្យភាព ដឹងខុសត្រូវ+ មានសណ្ដាប់ធ្នាប់ ចេះទទួលអ្នកឯទៀតដោយរាក់ទាក់+ មានគុណសម្បត្តិគ្រប់គ្រាន់ដើម្បីបង្រៀន+ ៣ មិនមែនជាអ្នកប្រមឹកស្រា+ ឬជាមនុស្សឃោរឃៅ* មិនមែនជាអ្នកដែលចូលចិត្តឈ្លោះប្រកែក+ ឬជាអ្នកស្រឡាញ់ប្រាក់ទេ+ តែជាមនុស្សសមហេតុសមផល+ ៤ គាត់កំពុងដឹកនាំ*ពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ ហើយមានកូនដែលស្ដាប់បង្គាប់ ទាំងមានការប្រព្រឹត្តល្អ+ ៥ (ព្រោះបើបុរសណាម្នាក់មិនចេះដឹកនាំ*ពួកអ្នកផ្ទះរបស់ខ្លួន តើគាត់អាចថែរក្សាក្រុមជំនុំរបស់ព្រះដូចម្ដេចបាន?) ៦ គាត់មិនមែនជាអ្នកដែលទើបនឹងជឿថ្មីទេ+ ព្រោះក្រែងលោគាត់ទៅជាក្រអឺតក្រអោង រួចទទួលការផ្ដន្ទាទោសដូចដែលមេកំណាច*បានទទួល។ ៧ បន្ថែមទៅទៀត គាត់ត្រូវមានកេរ្ដិ៍ឈ្មោះល្អពីសំណាក់អ្នកមិនជឿ+ ដើម្បីកុំឲ្យគាត់ទទួលការតិះដៀល* ហើយធ្លាក់ចូលក្នុងអន្ទាក់របស់មេកំណាច។
៨ រីឯជំនួយការខាងកិច្ចបម្រើត្រូវជាមនុស្សនឹងធឹង មិននិយាយសម្ដីពីរ* មិនពិសាស្រាច្រើន មិនលោភលន់ដោយរកតែប្រយោជន៍ផ្ទាល់ខ្លួន+ ៩ កាន់ខ្ជាប់នឹងអាថ៌កំបាំងដ៏ពិសិដ្ឋនៃជំនឿ ទាំងមានសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។+
១០ ម្យ៉ាងទៀត ចូរល្បងមើលអ្នកទាំងនោះឲ្យដឹងថាពួកគាត់សមនឹងទទួលឯកសិទ្ធិនេះឬក៏មិនសម* រួចចូរឲ្យពួកគាត់ធ្វើជាអ្នកបម្រើ ដោយសារពួកគាត់គ្មានកន្លែងចាប់កំហុសបាន។+
១១ ដូចគ្នាដែរ ស្ត្រីត្រូវមានភាពនឹងធឹង មិនមែនជាអ្នកបង្កាច់បង្ខូច+ តែប្រព្រឹត្តដោយមានតុល្យភាព ព្រមទាំងស្មោះត្រង់ក្នុងគ្រប់ការទាំងអស់។+
១២ ជំនួយការខាងកិច្ចបម្រើត្រូវមានប្រពន្ធតែមួយ ហើយដឹកនាំកូននិងពួកអ្នកផ្ទះរបស់ខ្លួនយ៉ាងល្អប្រសើរ។ ១៣ ព្រោះបុរសដែលបំពេញកិច្ចបម្រើយ៉ាងល្អប្រសើរតែងទទួលបានកេរ្ដិ៍ឈ្មោះល្អ ហើយគាត់និយាយដោយក្លាហាន*អំពីជំនឿដែលទាក់ទងនឹងគ្រិស្តយេស៊ូ។
១៤ ទោះជាខ្ញុំសង្ឃឹមថានឹងមកឯអ្នកឆាប់ៗក៏ដោយ ក៏ខ្ញុំនៅតែសរសេរការទាំងនេះទៅកាន់អ្នកដែរ ១៥ ក្រែងលោខ្ញុំក្រមកដល់ នោះអ្នកអាចដឹងអំពីរបៀបដែលអ្នកត្រូវប្រព្រឹត្តក្នុងក្រុមគ្រួសាររបស់ព្រះ+ ជាក្រុមជំនុំរបស់ព្រះដែលមានជីវិតរស់នៅ ជាសសរទ្រូង និងជាកំពែងការពារសេចក្ដីពិត។ ១៦ អាថ៌កំបាំងដ៏ពិសិដ្ឋស្ដីអំពីភក្ដីភាពចំពោះព្រះ គឺពិតជាអស្ចារ្យណាស់ ដែលថា៖ ‹លោកបានលេចមកជាមនុស្ស+ បានត្រូវប្រកាសថាសុចរិតពេលលោកក្លាយជាបុគ្គលវិញ្ញាណ+ បានលេចមកជួបទេវតា+ បានត្រូវគេផ្សព្វផ្សាយដល់ប្រជាជាតិនានា+ បានត្រូវគេជឿក្នុងពិភពលោក+ និងបានត្រូវយកទៅលើមេឃទាំងមានសិរីរុងរឿង›។
៤ ក៏ប៉ុន្តែ បណ្ដាំពីឫទ្ធានុភាពរបស់ព្រះប្រាប់យ៉ាងច្បាស់ថា នៅអនាគតនឹងមានអ្នកខ្លះបោះបង់ចោលជំនឿ ដោយសារពួកគេយកចិត្តទុកដាក់ស្ដាប់បណ្ដាំមិនពិតដែលហាក់ដូចជាមកពីព្រះ+ ព្រមទាំងស្ដាប់សេចក្ដីបង្រៀនរបស់ពួកវិញ្ញាណកំណាច* ២ តាមរយៈសម្ដីភូតភររបស់មនុស្សលាក់ពុត+ ជាពួកអ្នកដែលមានសមត្ថភាពវិនិច្ឆ័យស្ពឹក ដូចស្បែកដែលរលាកដោយដែកដុត។ ៣ ពួកគេហាមមនុស្សមិនឲ្យរៀបការ+ ហើយបង្គាប់មិនឲ្យបរិភោគអាហារខ្លះ។+ ប៉ុន្តែ ព្រះបានបង្កើតអាហារទាំងនោះ+ ដើម្បីឲ្យអស់អ្នកដែលមានជំនឿ+តាមរយៈចំណេះត្រឹមត្រូវអំពីសេចក្ដីពិត អាចបរិភោគទាំងអរគុណព្រះ។ ៤ ពីព្រោះអ្វីៗទាំងអស់ដែលព្រះបានបង្កើតគឺល្អប្រសើរ+ ហើយគ្មានអ្វីដែលគួរឲ្យបដិសេធទេ+ បើបរិភោគទាំងអរគុណលោក ៥ ព្រោះអ្វីៗទាំងនោះបានត្រូវធ្វើឲ្យបរិសុទ្ធដោយបណ្ដាំរបស់ព្រះនិងការអធិដ្ឋាន។
៦ ពេលអ្នកផ្ដល់ឱវាទនេះដល់បងប្អូន អ្នកនឹងធ្វើជាអ្នកបម្រើដ៏ល្អរបស់គ្រិស្តយេស៊ូ ពោលគឺជាអ្នកបម្រើដែលបានត្រូវបំប៉នដោយពាក្យនៃជំនឿ និងពាក្យនៃសេចក្ដីបង្រៀនដ៏ល្អប្រសើរ ដែលអ្នកបានកាន់តាមយ៉ាងដិតដល់។+ ៧ ប៉ុន្តែ ចូរបដិសេធរឿងមិនពិតដែលមិនស្របតាមអ្វីដែលបរិសុទ្ធ+ ដូចជារឿងដែលស្ត្រីចាស់ៗបានប្រាប់។ ផ្ទុយទៅវិញ ចូរបង្ហាត់បង្រៀនខ្លួនអ្នកក្នុងបំណង*រក្សាភក្ដីភាពចំពោះព្រះ។ ៨ ព្រោះការហ្វឹកហាត់ខ្លួនប្រាណ*មានប្រយោជន៍បន្តិចបន្តួច តែភក្ដីភាពចំពោះព្រះមានប្រយោជន៍សម្រាប់គ្រប់ការទាំងអស់ ព្រោះនោះរួមបញ្ចូលសេចក្ដីសន្យាឲ្យបានជីវិតនៅពេលបច្ចុប្បន្ននិងនៅអនាគត។+ ៩ ពាក្យទាំងនេះគឺពិតនិងគួរឲ្យជឿជាក់។ ១០ ហេតុនេះហើយបានជាយើងកំពុងធ្វើការនឿយហត់ ហើយខំព្យាយាមយ៉ាងខ្លាំង+ ដោយសារយើងសង្ឃឹមលើព្រះដែលមានជីវិតរស់នៅ ជាព្រះដែលសង្គ្រោះ+មនុស្សគ្រប់ប្រភេទ+ ជាពិសេសមនុស្សស្មោះត្រង់។
១១ ចូរបន្តបង្គាប់និងបង្រៀនសេចក្ដីទាំងនេះ។ ១២ កុំឲ្យអ្នកណាមើលងាយអ្នកដោយសារអ្នកនៅក្មេងឡើយ។ ផ្ទុយទៅវិញ ចូរធ្វើជាគំរូល្អដល់ពួកអ្នកស្មោះត្រង់ក្នុងការនិយាយ ការប្រព្រឹត្ត សេចក្ដីស្រឡាញ់ ជំនឿ និងសេចក្ដីបរិសុទ្ធ។ ១៣ ចូរបន្តព្យាយាមក្នុងការអានឲ្យអ្នកឯទៀតស្ដាប់+ ក្នុងការលើកទឹកចិត្ត និងក្នុងការបង្រៀន រហូតដល់ខ្ញុំមក។ ១៤ កុំធ្វេសប្រហែសនឹងអំណោយដែលអ្នកបានទទួលពីព្រះតាមរយៈទំនាយ នៅពេលក្រុមអ្នកចាស់ទុំបានដាក់ដៃលើអ្នក។+ ១៥ ចូររំពឹងគិតអំពីការទាំងនេះ។ ចូរជក់ចិត្តគំនិតនឹងការទាំងនេះ ដើម្បីឲ្យមនុស្សទាំងអស់ឃើញថាអ្នកកំពុងរីកចម្រើន។ ១៦ ចូរប្រុងប្រយ័ត្នជានិច្ចនឹងខ្លួនអ្នក និងសេចក្ដីបង្រៀនរបស់អ្នក។+ ចូរកាន់ខ្ជាប់នឹងការទាំងនេះ ព្រោះដោយធ្វើដូច្នេះ អ្នកនឹងសង្គ្រោះទាំងខ្លួនអ្នក ទាំងពួកអ្នកដែលស្ដាប់អ្នក។+
៥ កុំរិះគន់បុរសវ័យចាស់ខ្លាំងពេក។+ ផ្ទុយទៅវិញ ចូរនិយាយជាមួយនឹងគាត់ ដូចនិយាយជាមួយនឹងឪពុក ហើយនិយាយជាមួយនឹងបុរសវ័យក្មេង ដូចនិយាយជាមួយនឹងបងប្អូនប្រុស ២ និយាយជាមួយនឹងស្ត្រីវ័យចាស់ ដូចនិយាយជាមួយនឹងម្ដាយ និយាយជាមួយនឹងស្ត្រីវ័យក្មេង ដូចនិយាយជាមួយនឹងបងប្អូនស្រី ដោយសេចក្ដីបរិសុទ្ធគ្រប់ជំពូក។
៣ ចូរយកចិត្តទុកដាក់ចំពោះ*ស្ត្រីមេម៉ាយដែលពិតជាខ្វះខាត។*+ ៤ ប៉ុន្តែ ប្រសិនបើស្ត្រីមេម៉ាយណាមានកូន ឬមានចៅ ចូរឲ្យកូនចៅទាំងនោះរៀនបង្ហាញភក្ដីភាពចំពោះព្រះក្នុងក្រុមគ្រួសាររបស់ខ្លួនជាមុនសិន+ ហើយបន្តសងគុណឪពុកម្ដាយនិងជីដូនជីតា+ ព្រោះព្រះពេញចិត្តនឹងការនោះ។+ ៥ ឯស្ត្រីមេម៉ាយដែលពិតជាខ្វះខាតនិងគ្មានទីពឹង នាងបានសង្ឃឹមលើព្រះ+ ហើយអធិដ្ឋាននិងអង្វរសុំឥតឈប់ទាំងយប់ទាំងថ្ងៃ។+ ៦ ប៉ុន្តែ ស្ត្រីមេម៉ាយដែលខំស្វែងរកការសប្បាយ* គឺប្រៀបដូចជាស្លាប់ ទោះជានាងនៅរស់ក៏ដោយ។ ៧ ចូរបន្តឲ្យពួកនាងធ្វើតាមបង្គាប់*ទាំងនេះ ដើម្បីឲ្យពួកនាងគ្មានកន្លែងបន្ទោស។ ៨ ប្រាកដណាស់ ប្រសិនបើមានអ្នកណាមិនទំនុកបម្រុងពួកអ្នកនៅក្នុងបន្ទុកខ្លួន ជាពិសេសសមាជិកក្រុមគ្រួសាររបស់ខ្លួន អ្នកនោះបានលះបង់ជំនឿហើយ ក៏អាក្រក់ជាងអ្នកដែលមិនជឿទៅទៀត។+
៩ ស្ត្រីមេម៉ាយដែលត្រូវរាប់បញ្ចូលក្នុងបញ្ជី ត្រូវមានអាយុចាប់ពី៦០ឆ្នាំឡើងទៅ ធ្លាប់មានប្ដីតែមួយ ១០ មានសាក្សីបញ្ជាក់ថានាងបានធ្វើការល្អដូចជា+ បានចិញ្ចឹមអប់រំកូន+ បានទទួលអ្នកឯទៀតដោយរាក់ទាក់+ បានលាងជើងពួកអ្នកបរិសុទ្ធ+ បានជួយអ្នកដែលរងទុក្ខវេទនា+ និងបានព្យាយាមធ្វើការល្អគ្រប់យ៉ាង។
១១ ក៏ប៉ុន្តែ មិនត្រូវរាប់បញ្ចូលស្ត្រីមេម៉ាយវ័យក្មេងក្នុងបញ្ជីឡើយ ព្រោះពេលដែលចំណង់ផ្លូវភេទរបស់ពួកនាងរារាំងពួកនាងក្នុងការបម្រើគ្រិស្ត នោះពួកនាងចង់រៀបការ។ ១២ ម្ល៉ោះហើយ ពួកនាងនឹងទទួលការផ្ដន្ទាទោស ដោយសារពួកនាងមិនគោរពតាមពាក្យដែលពួកនាងបានសន្យាពីមុនស្ដីអំពីជំនឿ។ ១៣ នៅដំណាលគ្នានោះ ពួកនាងក្លាយជាមនុស្សទម្លាប់ទំនេរដៃ ហើយដើរពីផ្ទះមួយទៅផ្ទះមួយ។ មិនត្រឹមតែប៉ុណ្ណោះ ពួកនាងក៏និយាយដើមគេ ជ្រៀតជ្រែកក្នុងរឿងអ្នកដទៃ+ ហើយនិយាយអំពីអ្វីដែលពួកនាងមិនគួរនិយាយ។ ១៤ ដូច្នេះ ខ្ញុំចង់ឲ្យស្ត្រីមេម៉ាយវ័យក្មេងរៀបការ+ មានកូន+ និងចាត់ចែងកិច្ចការផ្ទះ ដើម្បីកុំឲ្យអ្នកប្រឆាំងមានហេតុរិះគន់។ ១៥ តាមពិត មានស្ត្រីមេម៉ាយខ្លះបានបែរទៅតាមសាថាន*រួចហើយ។ ១៦ ប្រសិនបើស្ត្រីណាម្នាក់ដែលជាអ្នកជឿ មានសាច់ញាតិដែលជាស្ត្រីមេម៉ាយ ចូរឲ្យនាងជួយស្ត្រីមេម៉ាយទាំងនោះ ហើយកុំដាក់បន្ទុកលើក្រុមជំនុំ។ យ៉ាងនោះ ក្រុមជំនុំអាចជួយស្ត្រីមេម៉ាយដែលពិតជាខ្វះខាត។*+
១៧ ពួកអ្នកចាស់ទុំគួរទទួលការគោរពយ៉ាងជ្រាលជ្រៅ+ ចំពោះការនាំមុខយ៉ាងល្អប្រសើររបស់ពួកគាត់+ ជាពិសេសពួកគាត់ធ្វើការនឿយហត់ក្នុងការនិយាយនិងការបង្រៀនអំពីបណ្ដាំរបស់ព្រះ។+ ១៨ ព្រោះបទគម្ពីរចែងថា៖ «អ្នកមិនត្រូវឃ្លុំមាត់គោឈ្មោល ពេលដែលវាបញ្ជាន់ស្រូវឡើយ»+ ហើយ«កម្មករសមនឹងទទួលថ្លៃឈ្នួល»។+ ១៩ បើមានអ្នកណាចោទប្រកាន់បុរសចាស់ទុំ* កុំទទួលពាក្យចោទប្រកាន់នោះឲ្យសោះ លុះត្រាតែមានការបញ្ជាក់ពីសាក្សីពីរឬបីនាក់សិន។+ ២០ ចូរប្រដៅតម្រង់+ពួកអ្នកដែលធ្វើខុសជាទម្លាប់+ នៅមុខអស់អ្នកដែលនៅទីនោះ ដើម្បីទុកជាការព្រមានដល់អ្នកឯទៀត។* ២១ នៅចំពោះមុខព្រះនិងគ្រិស្តយេស៊ូ ព្រមទាំងបណ្ដាទេវតាដែលលោកបានជ្រើសរើស ខ្ញុំសុំបង្គាប់អ្នកជាផ្លូវការឲ្យធ្វើតាមបង្គាប់ទាំងនេះ ដោយគ្មានចិត្តប្រកាន់ឬចិត្តលម្អៀងទាល់តែសោះ។+
២២ កុំឆាប់ដាក់ដៃលើបុរសណាម្នាក់ឡើយ*+ ហើយកុំរួមចំណែកក្នុងអំពើខុសឆ្គង*របស់អ្នកឯទៀត។ ចូររក្សាខ្លួនឲ្យបរិសុទ្ធជានិច្ច។
២៣ កុំពិសាតែទឹកប៉ុណ្ណោះ* តែចូរពិសាស្រាបន្តិចបន្តួចផងដើម្បីជួយក្រពះរបស់អ្នក និងជួយជំងឺដែលអ្នកមានជាញឹកញយ។
២៤ ការខុសឆ្គងរបស់មនុស្សខ្លះត្រូវសឲ្យឃើញជាសាធារណៈ ហើយនាំឲ្យពួកគេទទួលការផ្ដន្ទាទោសភ្លាមៗ តែការខុសឆ្គងរបស់មនុស្សឯទៀត នឹងត្រូវសឲ្យឃើញនៅពេលក្រោយ។+ ២៥ ដូចគ្នាដែរ ការល្អខ្លះត្រូវសឲ្យឃើញជាសាធារណៈ+ ឯការល្អខ្លះទៀតដែលមិនបានត្រូវសឲ្យឃើញ នោះមិនអាចត្រូវលាក់រហូតបានឡើយ។+
៦ ចូរឲ្យអស់អ្នកដែលជាខ្ញុំបម្រើ បន្តគោរពម្ចាស់ខ្លួនយ៉ាងអស់ពីចិត្ត+ ដើម្បីកុំឲ្យគេប្រមាថនាមរបស់ព្រះ ឬសេចក្ដីបង្រៀនរបស់លោកឡើយ។+ ២ ម្យ៉ាងទៀត អស់អ្នកដែលមានម្ចាស់ជាអ្នកជឿ មិនត្រូវខ្វះការគោរពចំពោះម្ចាស់ខ្លួន ដោយសារតែពួកគាត់ជាបងប្អូនរួមជំនឿទេ។ ផ្ទុយទៅវិញ អ្នកទាំងនោះត្រូវខំបម្រើម្ចាស់ខ្លួនលើសពីធម្មតា ពីព្រោះម្ចាស់ដែលគាត់កំពុងព្យាយាមបម្រើនោះ គឺជាអ្នកជឿនិងជាបងប្អូនជាទីស្រឡាញ់។
ចូរបន្តបង្រៀនសេចក្ដីទាំងនេះ ហើយលើកទឹកចិត្តពួកគេឲ្យធ្វើតាមការទាំងនេះ។ ៣ ប្រសិនបើអ្នកណាផ្សាយសេចក្ដីបង្រៀនមិនពិត ហើយមិនយល់ស្របនឹងសេចក្ដីបង្រៀនដែលមានប្រយោជន៍+ ពោលគឺសេចក្ដីបង្រៀនរបស់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើង ហើយបើមិនយល់ស្របនឹងសេចក្ដីបង្រៀនដែលជំរុញឲ្យមានភក្ដីភាពចំពោះព្រះទេ+ ៤ អ្នកនោះមានចិត្តក្រអឺតក្រអោង ហើយមិនយល់អ្វីសោះ។+ អ្នកនោះវក់នឹងការឈ្លោះប្រកែក និងការជជែកតវ៉ាអំពីពាក្យ។+ នេះបណ្ដាលឲ្យមានការឈ្នានីស ទំនាស់ ការបង្កាច់បង្ខូច* ការសង្ស័យក្នុងផ្លូវអាក្រក់ ៥ និងការឈ្លោះប្រកែកឥតឈប់ឈរអំពីរឿងតូចតាច ដែលបង្កដោយពួកអ្នកមានគំនិតខូចអាក្រក់+និងបានចាកឆ្ងាយពីសេចក្ដីពិត ដោយមានគំនិតថាភក្ដីភាពចំពោះព្រះ គឺជាវិធីនាំឲ្យបានផលប្រយោជន៍។+ ៦ ប៉ុន្តែតាមការពិត ភក្ដីភាពចំពោះព្រះ+ ព្រមជាមួយនឹងការស្កប់ចិត្ត នាំឲ្យបានផលប្រយោជន៍ច្រើនក្រៃលែង។ ៧ ព្រោះយើងមិនបានយកអ្វីចូលមកក្នុងពិភពលោកទេ ហើយក៏មិនអាចយកអ្វីចេញទៅជាមួយបានដែរ។+ ៨ ដូច្នេះ យើងនឹងស្កប់ចិត្តហើយ ដោយមានអាហារបរិភោគ សម្លៀកបំពាក់។*+
៩ ប៉ុន្តែ អ្នកដែលតាំងចិត្តធ្វើជាអ្នកមាន នឹងជួបប្រទះសេចក្ដីល្បួង ហើយធ្លាក់ចូលអន្ទាក់+ ថែមទាំងចាប់ផ្ដើមមានសេចក្ដីប៉ងប្រាថ្នាជាច្រើនដែលផ្ដេសផ្ដាស និងនាំឲ្យមានទុក្ខលំបាក ជាសេចក្ដីប៉ងប្រាថ្នាដែលធ្វើឲ្យមនុស្សលិចលង់ទៅក្នុងសេចក្ដីវិនាសអន្តរាយ។+ ១០ ព្រោះការស្រឡាញ់ប្រាក់ជាឫសគល់មួយនៃអំពើអាក្រក់សព្វបែបយ៉ាង ហើយការបណ្ដុះសេចក្ដីស្រឡាញ់បែបនោះ ធ្វើឲ្យអ្នកខ្លះបែរចេញពីជំនឿ ថែមទាំងបានចាក់ទម្លុះខ្លួនគ្រប់កន្លែងដោយទុក្ខវេទនាជាច្រើន។+
១១ ចំណែកអ្នកវិញ ឱអ្នកបម្រើព្រះអើយ ចូររត់ចេញពីការទាំងនោះ។ ប៉ុន្តែ ចូរព្យាយាមឲ្យមានសេចក្ដីសុចរិត ភក្ដីភាពចំពោះព្រះ ជំនឿ សេចក្ដីស្រឡាញ់ ការស៊ូទ្រាំ និងចិត្តស្លូតបូតជានិច្ច។+ ១២ ចូរតស៊ូអស់ពីសមត្ថភាពដើម្បីការពារជំនឿ។ ចូរចាប់ឲ្យជាប់នូវជីវិតដែលគ្មានទីបញ្ចប់ ព្រោះព្រះបានហៅអ្នកឲ្យទទួលជីវិតបែបនេះ ជាជីវិតដែលអ្នកបានប្រកាសផ្សាយយ៉ាងប្រសើរនៅមុខសាក្សីជាច្រើន។
១៣ នៅចំពោះមុខព្រះដែលរក្សាការពារអ្វីៗទាំងអស់ដែលមានជីវិត និងនៅចំពោះមុខគ្រិស្តយេស៊ូដែលបានធ្វើជាសាក្សីប្រកាសផ្សាយយ៉ាងប្រសើរនៅមុខប៉ុនទាសពីឡាត+ ខ្ញុំបង្គាប់អ្នក ១៤ ឲ្យកាន់តាមបញ្ញត្ដិដោយគ្មានកន្លែងបន្ទោស និងដោយបរិសុទ្ធ ដរាបដល់លោកយេស៊ូគ្រិស្តជាម្ចាស់របស់យើងលេចមក។+ ១៥ ព្រោះនៅពេលកំណត់ លោកដែលមានសេចក្ដីសប្បាយ និងជាអ្នកគ្រប់គ្រងតែមួយ នឹងបង្ហាញខ្លួន។ លោកជាស្ដេចលើអស់អ្នកដែលគ្រប់គ្រងជាស្ដេច និងជាម្ចាស់លើអស់អ្នកដែលគ្រប់គ្រងជាម្ចាស់+ ១៦ គឺលោកតែមួយដែលមានជីវិតអមតៈ+ លោកនៅក្នុងពន្លឺដែលគ្មានអ្នកណាអាចចូលទៅជិតបាន+ ហើយគ្មានមនុស្សណាម្នាក់ធ្លាប់ឃើញលោក ឬអាចមើលឃើញលោកឡើយ។+ សូមឲ្យលោកប្រកបដោយកិត្តិយស និងឫទ្ធានុភាពខ្លាំងក្លាជារៀងរហូត។ អាមេន។
១៧ ចូរបង្គាប់*ពួកអ្នកមានក្នុងរបៀបរបបពិភពលោក*នេះ កុំឲ្យមានអំណួត* ហើយចូរបង្គាប់ឲ្យពួកគេមានសង្ឃឹម តែមិនមែនលើទ្រព្យដែលមិនទៀងទេ។+ ផ្ទុយទៅវិញ គឺមានសង្ឃឹមលើព្រះដែលផ្គត់ផ្គង់អ្វីៗទាំងអស់ ដើម្បីឲ្យយើងបានសប្បាយរីករាយ។+ ១៨ ចូរប្រាប់ពួកគេឲ្យព្យាយាមធ្វើអំពើល្អ និងធ្វើជាអ្នកមានខាងការល្អប្រសើរ ដោយមានចិត្តទូលាយ ហើយប្រុងប្រៀបចែករំលែកជានិច្ច។+ ១៩ ដោយធ្វើដូច្នេះ ប្រៀបដូចជាពួកគេកំពុងរក្សាគ្រឹះដ៏ល្អមួយសម្រាប់អនាគតខ្លួនទុកជាទ្រព្យសម្បត្តិ+ ដើម្បីឲ្យពួកគេចាប់យ៉ាងជាប់នូវជីវិតដ៏ពិតប្រាកដ។+
២០ ធីម៉ូថេអើយ ចូររក្សាការពារអ្វីដែលបានត្រូវផ្ញើទុកនឹងអ្នក+ ដោយជៀសចេញពីសម្ដីអសារឥតការដែលមិនស្របតាមអ្វីដែលបរិសុទ្ធ និងជៀសចេញពីចំណេះក្លែងក្លាយដែលនាំឲ្យនិយាយអ្វីដែលផ្ទុយពីការពិត។+ ២១ អ្នកខ្លះបានបែរចេញពីជំនឿ ដោយសារពួកគេអួតអំពីចំណេះបែបនោះ។
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់។
ភាសាក្រិច«អាប៉ូស្តូឡូស»មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
មើលនិយមន័យពាក្យ«គ្រិស្ត»
មានន័យថា«អ្នកដែលលើកកិត្តិយសព្រះ»
ឬ«សេចក្ដីបង្រៀន»
ន័យត្រង់«អ្នកខ្លះងាកចេញពី»
ន័យត្រង់«ស្របច្បាប់»
ឬ«បះបោរ»
ឬ«គ្មានសេចក្ដីស្រឡាញ់ដ៏ស្មោះត្រង់»
មើលនិយមន័យពាក្យ«អំពើប្រាសចាកសីលធម៌ខាងផ្លូវភេទ»
ឬ«សេចក្ដីបង្រៀនដែលមានប្រយោជន៍»
ឬ«សេចក្ដីបង្រៀន»
ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
ឬ«អ្នកដែលមានអំណាច»
សំដៅលើតម្លៃដែលស្មើនឹងអ្វីដែលបានបាត់បង់
ឬ«មនុស្សគ្រប់ប្រភេទ»
ឬ«ថ្លៃថ្នូរ»
ឬ«ដោយចេះគិតពិចារណា» ឬ«ដោយមានគំនិតសមហេតុសមផល»
ន័យត្រង់«ពួកគេ»
ឬ«ដោយចេះគិតពិចារណា» ឬ«ដោយមានគំនិតសមហេតុសមផល»
ឬ«អ្នកវាយតប់»
ឬ«ចាត់ចែង»
ឬ«ចាត់ចែង»
ភាសាក្រិច«ឌីអាបូឡូស»មានន័យថា«អ្នកបង្កាច់បង្ខូច»
ឬ«ការប្រមាថមើលងាយ»
ឬ«សម្ដីភូតកុហក»
ឬ«ឲ្យដឹងថាពួកគាត់មានគុណសម្បត្តិគ្រប់គ្រាន់ឬក៏មិនមាន»
ឬ«ដោយសេរី»
ភាសាក្រិច«ដាយម៉ូនីអន»សំដៅលើពួកទេវតាអាក្រក់
ឬ«គោលដៅ»
ឬ«ការហាត់ប្រាណ»
ន័យត្រង់«ឲ្យកិត្តិយសដល់»
សំដៅលើស្ត្រីមេម៉ាយដែលគ្មានអ្នកទំនុកបម្រុង
ប្រហែលជាសំដៅលើស្ត្រីដែលខំបំពេញចំណង់ខាងផ្លូវភេទរបស់ខ្លួន
ឬ«បញ្ញត្តិ»
ភាសាក្រិច«សាថាណាស»មានន័យថា«អ្នកប្រឆាំង»ឬ«សត្រូវ»
សំដៅលើស្ត្រីមេម៉ាយដែលគ្មានអ្នកទំនុកបម្រុង
ឬ«អ្នកចាស់ទុំ»
ន័យត្រង់«ដើម្បីឲ្យអ្នកឯទៀតខ្លាច»
សំដៅលើការឆាប់តែងតាំងបុរសណាម្នាក់
សំដៅលើអ្វីក៏ដោយដែលមិនសមស្របតាមបុគ្គលិកលក្ខណៈ ខ្នាតតម្រា ការប្រព្រឹត្ត ឬបំណងប្រាថ្នារបស់ព្រះ ហើយអ្វីក៏ដោយដែលធ្វើឲ្យល្អក់កករដល់ទំនាក់ទំនងជាមួយនឹងព្រះ
ឬ«កុំពិសាទឹកទៀត»
ឬ«ការជេរប្រមាថ»
ឬប្រហែលជាមានន័យថា«ជម្រក»។ ន័យត្រង់«អ្វីដែលគ្រប»
ឬ«ណែនាំ»
មើលនិយមន័យពាក្យ«របៀបរបបពិភពលោក»
ឬ«កុំឲ្យក្រអឺតក្រអោង»