បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • nwt ធីម៉ូថេទី២ ១:១-៤:២២
  • ធីម៉ូថេទី២

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ធីម៉ូថេទី២
  • គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
គម្ពីរបរិសុទ្ធសេចក្ដីបកប្រែពិភពលោកថ្មី
ធីម៉ូថេទី២

សំបុត្រ​ទី​២​ជូន​ចំពោះ​ធីម៉ូថេ

១ ពី​ខ្ញុំ ប៉ូល ជា​សាវ័ក*របស់​គ្រិស្ត​យេស៊ូ​ដោយ​បំណង​ប្រាថ្នា​របស់​ព្រះ ស្រប​តាម​សេចក្ដី​សន្យា​អំពី​ជីវិត​ដែល​អាច​ទទួល​បាន​តាម​រយៈ​គ្រិស្ត​យេស៊ូ។+ ២ ជូន​ចំពោះ​ធីម៉ូថេ កូន​ជា​ទី​ស្រឡាញ់​៖+

សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់ សេចក្ដី​មេត្តា​ករុណា និង​សេចក្ដី​សុខ​សាន្ត​ពី​ព្រះ​ដែល​ជា​បិតា ព្រម​ទាំង​ពី​គ្រិស្ត​យេស៊ូ​ដែល​ជា​ម្ចាស់​របស់​យើង។

៣ ខ្ញុំ​អរគុណ​ព្រះ​ដែល​បាន​ឲ្យ​ខ្ញុំ​បំពេញ​កិច្ច​បម្រើ​ពិសិដ្ឋ​ជូន​លោក​ដូច​បុព្វ​បុរស​របស់​ខ្ញុំ ដោយ​មាន​សមត្ថភាព​វិនិច្ឆ័យ​ដែល​មិន​ផ្ដន្ទា​ទោស ហើយ​ទាំង​យប់​ទាំង​ថ្ងៃ ខ្ញុំតែង​តែ​នឹក​ឃើញ​អ្នក​ជា​និច្ច​ពេល​ខ្ញុំ​អធិដ្ឋាន​អង្វរ​ព្រះ។ ៤ ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​ទឹក​ភ្នែក​របស់​អ្នក ខ្ញុំ​ចង់​ជួប​អ្នក​ខ្លាំង​ណាស់។ បើ​ខ្ញុំ​បាន​ជួប​អ្នក​មែន ខ្ញុំ​នឹង​មាន​អំណរ​ក្រៃ​លែង។* ៥ ព្រោះ​ខ្ញុំ​ចាំ​អំពី​ជំនឿ​ដែល​គ្មាន​ពុត​ត្បុត​របស់​អ្នក+ ជា​ជំនឿ​ដែល​ឡូអ៊ីស​ជា​ជីដូន​របស់​អ្នក និង​អឺនីស​ជា​ម្ដាយ​របស់​អ្នក មាន​មុន​អ្នក ហើយ​ជា​ជំនឿ​ដែល​ខ្ញុំ​ជឿ​ជាក់​ថា​អ្នក​ក៏​មាន​ដែរ។

៦ ដោយ​ហេតុ​នេះ ខ្ញុំ​សូម​រំលឹក​អ្នក​ឲ្យ​បន្ត​មាន​ចិត្ត​ខ្នះ​ខ្នែង*ក្នុង​ការ​ប្រើ​អំណោយ​ដែល​អ្នក​បាន​ទទួល​ពី​ព្រះ​ពេល​ខ្ញុំ​បាន​ដាក់​ដៃ​លើ​អ្នក។+ ៧ ព្រោះ​ឫទ្ធានុភាព​បរិសុទ្ធ*ដែល​ព្រះ​ផ្ដល់​ឲ្យ​យើង មិន​ធ្វើ​ឲ្យ​យើង​មាន​ចិត្ត​កំសាក​ទេ+ តែ​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង+ សេចក្ដី​ស្រឡាញ់ និង​ការ​ដឹង​ខុស​ត្រូវ។ ៨ ដូច្នេះ កុំ​អៀន​ខ្មាស​ក្នុង​ការ​ផ្សព្វ​ផ្សាយ​អំពី​លោក​ម្ចាស់​របស់​យើង+ ឬ​អៀន​ខ្មាស​ដោយ​សារ​ខ្ញុំ​ជា​អ្នក​ទោស​ដើម្បី​លោក​ឡើយ តែ​ចូរ​ត្រៀម​ខ្លួន​ទទួល​ទុក្ខ​លំបាក+ដើម្បី​ដំណឹង​ល្អ ដោយ​ពឹង​ផ្អែក​លើ​ឫទ្ធានុភាព​របស់​ព្រះ។+ ៩ លោក​បាន​សង្គ្រោះ​យើង ហើយ​បាន​ហៅ​យើង​មក​ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​បរិសុទ្ធ+ មិន​មែន​ដោយ​សារ​ការ​ប្រព្រឹត្ត​របស់​យើង​ទេ តែ​ដោយ​សារ​គោល​បំណង​និង​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។+ ព្រះ​បាន​សម្រេច​ចិត្ត​ផ្ដល់​គុណ​ដ៏​វិសេស​លើស​លប់​នេះ​ដល់​យើង តាម​រយៈ​គ្រិស្ត​យេស៊ូ​តាំង​ពី​យូរ​លង់​ណាស់​មក​ហើយ។ ១០ ប៉ុន្តែ​ឥឡូវ គុណ​ដ៏​វិសេស​លើស​លប់​នេះ​បាន​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់ ពេល​ដែល​គ្រិស្ត​យេស៊ូ​ជា​អ្នក​សង្គ្រោះ​យើង​បាន​លេច​មក+ លោក​ជា​អ្នក​ដែល​បាន​បំផ្លាញ​សេចក្ដី​ស្លាប់​ឲ្យ​សាប​សូន្យ+ ហើយ​បាន​បើក​បង្ហាញ​ឲ្យ​យើង​ដឹង​តាម​រយៈ​ដំណឹង​ល្អ+អំពី​ជីវិត+ដែល​មិន​អាច​ខូច​ទៅ+ ១១ ព្រោះ​នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បាន​ត្រូវ​តែង​តាំង​ឲ្យ​ធ្វើ​ជា​អ្នក​ផ្សព្វ​ផ្សាយ ជា​សាវ័ក និង​ជា​អ្នក​បង្រៀន។+

១២ ដោយ​សារ​កិច្ច​ការ​នេះ ខ្ញុំ​រង​ទុក្ខ​លំបាក+ តែ​ខ្ញុំ​មិន​អៀន​ខ្មាស​ទេ។+ ព្រោះ​ខ្ញុំ​ស្គាល់​ព្រះ​ដែល​ខ្ញុំ​បាន​ជឿ ហើយ​ក៏​ជឿ​ជាក់​ថា​លោក​អាច​រក្សា​ការ​ពារ​អ្វី​ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​លោក​ដរាប​ដល់​ថ្ងៃ​នោះ។+ ១៣ ចូរ​កាន់​ខ្ជាប់​គំរូ​នៃ​ពាក្យ​ដែល​មាន​ប្រយោជន៍+ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ ដោយ​មាន​ជំនឿ​និង​សេចក្ដី​ស្រឡាញ់ ដែល​មក​ពី​ការ​រួប​រួម​ជា​មួយ​នឹង​គ្រិស្ត​យេស៊ូ។ ១៤ ចូរ​រក្សា​ការ​ពារ​បញ្ញើ​ដ៏​ល្អ​ប្រសើរ​នេះ តាម​រយៈ​ឫទ្ធានុភាព​បរិសុទ្ធ​ដែល​ស្ថិត​នៅ​ក្នុង​យើង។+

១៥ អ្នក​ដឹង​ហើយ​ថា​មនុស្ស​ទាំង​អស់​នៅ​ខេត្ត​អាស៊ី*+បាន​បែរ​ចេញ​ពី​ខ្ញុំ រួម​ទាំង​ភីកេឡឺស​និង​ហឺម៉ាជីនីស​ដែរ។ ១៦ សូម​ឲ្យ​ព្រះ​ជា​ម្ចាស់​របស់​យើង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​អូណេស៊ីផឺ​និង​ពួក​អ្នក​ផ្ទះ​របស់​គាត់+ ពី​ព្រោះ​ជា​ច្រើន​ដង គាត់​បាន​ធ្វើ​ឲ្យ​ខ្ញុំ​មាន​កម្លាំង​ចិត្ត​ឡើង​វិញ ហើយ​គាត់​មិន​ដែល​អៀន​ខ្មាស​ដោយ​សារ​ខ្ញុំ​ជាប់​ច្រវាក់​ទេ។ ១៧ ផ្ទុយ​ទៅ​វិញ ពេល​ដែល​គាត់​នៅ​ក្រុង​រ៉ូម គាត់​បាន​ស្វះ​ស្វែង​រក​ខ្ញុំ​ទាល់​តែ​ឃើញ។ ១៨ សូម​ឲ្យ​ព្រះ​យេហូវ៉ា*ជា​ម្ចាស់​របស់​យើង​បង្ហាញ​សេចក្ដី​មេត្តា​ករុណា​ដល់​គាត់​នៅ​ថ្ងៃ​នោះ។ អ្នក​ដឹង​ច្បាស់​ហើយ​អំពី​ជំនួយ​ទាំង​អស់​ដែល​គាត់​បាន​ផ្ដល់​ឲ្យ​នៅ​ក្រុង​អេភេសូរ។

២ ដូច្នេះ កូន​អើយ+ ចូរ​មាន​កម្លាំង​កាន់​តែ​ខ្លាំង​ឡើង ដោយ​សារ​គុណ​ដ៏​វិសេស​លើស​លប់​ដែល​មក​ពី​គ្រិស្ត​យេស៊ូ។ ២ ចំណែក​ឯ​សេចក្ដី​ដែល​អ្នក​បាន​ឮ​ពី​ខ្ញុំ​ដោយ​មាន​សាក្សី​បញ្ជាក់​ជា​ច្រើន+ ចូរ​ផ្ញើ​ទុក​នឹង​បុរស​ស្មោះ​ត្រង់ រួច​ពួក​គាត់​នឹង​មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​អ្នក​ឯ​ទៀត។ ៣ ក្នុង​នាម​ជា​ទាហាន​ល្អ​ប្រសើរ+របស់​គ្រិស្ត​យេស៊ូ ចូរ​ត្រៀម​ខ្លួន​ទទួល​រង​ការ​អាក្រក់។+ ៤ គ្មាន​ទាហាន​ណា​ម្នាក់​ចូល​ប្រឡូក​ក្នុង​ជំនួញ​របស់​ជន​ស៊ី​វិល*ទេ ព្រោះ​គាត់​ចង់​ធ្វើ​ឲ្យ​អ្នក​ដែល​ចុះ​ឈ្មោះ​គាត់​ជា​ទាហាន ពេញ​ចិត្ត​គាត់។ ៥ សូម្បី​តែ​អ្នក​ប្រកួត​កីឡា​ក៏​មិន​ទទួល​រង្វាន់*ដែរ បើ​គាត់​មិន​បាន​ប្រកួត​តាម​ច្បាប់។+ ៦ រីឯ​ពួក​កសិករ​ដែល​ខំ​ប្រឹង​ធ្វើ​ការ​យ៉ាង​នឿយ​ហត់ ពួក​គេ​ត្រូវ​បរិភោគ​ផល​មុន​គេ។ ៧ ចូរ​គិត​ជា​និច្ច​អំពី​អ្វី​ដែល​ខ្ញុំ​កំពុង​ប្រាប់។ លោក​ម្ចាស់​នឹង​ធ្វើ​ឲ្យ​អ្នក​មាន​សមត្ថភាព​យល់​ដឹង*ក្នុង​គ្រប់​ការ​ទាំង​អស់។

៨ សូម​ចាំ​ថា លោក​យេស៊ូ​គ្រិស្ត​បាន​ត្រូវ​ប្រោស​ឲ្យ​រស់​ឡើង​វិញ+ ហើយ​លោក​ជា​កូន​ចៅ*របស់​ដាវីឌ+ ស្រប​ទៅ​តាម​ដំណឹង​ល្អ​ដែល​ខ្ញុំ​ផ្សព្វ​ផ្សាយ។+ ៩ ព្រោះ​នោះ​ជា​ហេតុ​ដែល​ខ្ញុំ​រង​ការ​អាក្រក់ ហើយ​ត្រូវ​ជាប់​ចំណង​ជា​ឧក្រិដ្ឋ​ជន។+ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ បណ្ដាំ​របស់​ព្រះ​មិន​បាន​ជាប់​ចំណង​ទេ។+ ១០ ហេតុ​នេះ ខ្ញុំ​បន្ត​ស៊ូ​ទ្រាំ​គ្រប់​ការ​ទាំង​អស់​ដើម្បី​ពួក​អ្នក​ដែល​បាន​ត្រូវ​រើស​តាំង។+ យ៉ាង​នេះ ពួក​គាត់​ក៏​អាច​ទទួល​សេចក្ដី​សង្គ្រោះ​តាម​រយៈ​គ្រិស្ត​យេស៊ូ និង​ទទួល​សិរី​រុង​រឿង​ដែល​ស្ថិត​ស្ថេរ​ជា​រៀង​រហូត​ដែរ។ ១១ ពាក្យ​នេះ​គួរ​ឲ្យ​ទុក​ចិត្ត គឺ​ប្រសិន​បើ​យើង​ស្លាប់​ជា​មួយ​នឹង​លោក យើង​ប្រាកដ​ជា​នឹង​រស់​ជា​មួយ​នឹង​លោក។+ ១២ បើ​យើង​បន្ត​ស៊ូ​ទ្រាំ យើង​នឹង​គ្រប់​គ្រង​ជា​ស្ដេច​ជា​មួយ​នឹង​លោក។+ ប្រសិន​បើ​យើង​មិន​ទទួល​ស្គាល់​លោក លោក​ក៏​មិន​ទទួល​ស្គាល់​យើង​ដែរ។+ ១៣ ទោះ​ជា​យើង​មិន​ស្មោះ​ត្រង់​ក៏​ដោយ លោក​នៅ​តែ​ស្មោះ​ត្រង់​ជា​និច្ច ព្រោះ​លោក​មិន​អាច​បដិសេធ​ខ្លួន​លោក​បាន​ឡើយ។

១៤ ចូរ​រំលឹក​ពួក​គេ​អំពី​ការ​ទាំង​នេះ​ម្ដង​ហើយ​ម្ដង​ទៀត ដោយ​បង្គាប់​ពួក​គេ*នៅ​ចំពោះ​មុខ​ព្រះ​ថា កុំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា​អំពី​ពាក្យ ជា​ការ​ដែល​គ្មាន​ប្រយោជន៍​សោះ ព្រោះ​នោះ​ធ្វើ​ឲ្យ​អ្នក​ស្ដាប់​ជួប​អន្តរាយ។* ១៥ ចូរ​ខំ​ប្រឹង​អស់​ពី​សមត្ថភាព​ដើម្បី​បង្ហាញ​ខ្លួន​អ្នក​នៅ​ចំពោះ​មុខ​ព្រះ​ថា អ្នក​ជា​មនុស្ស​ដែល​លោក​ពេញ​ចិត្ត និង​ជា​អ្នក​ធ្វើ​ការ​ដែល​គ្មាន​ហេតុ​អៀន​ខ្មាស ព្រម​ទាំង​ជា​អ្នក​បង្រៀន​និង​ពន្យល់​បណ្ដាំ​នៃ​សេចក្ដី​ពិត​យ៉ាង​ត្រឹម​ត្រូវ។+ ១៦ ប៉ុន្តែ ចូរ​ជៀស​ចេញ​ពី​សម្ដី​អសារ​ឥត​ការ​ដែល​មិន​ស្រប​តាម​អ្វី​ដែល​បរិសុទ្ធ+ ព្រោះ​សម្ដី​បែប​នោះ​នឹង​នាំ​ឲ្យ​មាន​ការ​មិន​គោរព​ព្រះ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ ១៧ ហើយ​នឹង​រាល​ដាល​ដូច​ដំបៅ​រលួយ។ ហែមេនាស​និង​ភីឡេតូស គឺ​នៅ​ក្នុង​ចំណោម​អ្នក​ទាំង​នោះ។+ ១៨ បុរស​ទាំង​នោះ​បាន​ចាក​ចេញ​ពី​សេចក្ដី​ពិត ដោយ​និយាយ​ថា​ការ​ប្រោស​ឲ្យ​រស់​ឡើង​វិញ​បាន​កើត​ឡើង​រួច​ហើយ។+ ពួក​គេ​ថែម​ទាំង​កំពុង​បំផ្លាញ​ជំនឿ​របស់​អ្នក​ខ្លះ​ទៀត​ផង។ ១៩ ទោះ​ជា​យ៉ាង​នោះ​ក៏​ដោយ ព្រះ​បាន​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ​ដែល​នៅ​ស្ថិត​ស្ថេរ ហើយ​គ្រឹះ​នោះ​បាន​ត្រូវ​បិទ​ត្រា​ដោយ​ពាក្យ​ថា​៖ ​«​ព្រះ​យេហូវ៉ា*ស្គាល់​ពួក​អ្នក​ដែល​ជា​របស់​លោក​»​+ និង​ពាក្យ​ថា​«​ចូរ​ឲ្យ​អស់​អ្នក​ដែល​ហៅ​រក​នាម​ព្រះ​យេហូវ៉ា*+ លះ​ចោល​អ្វី​ដែល​មិន​សុចរិត​»។

២០ ក្នុង​ផ្ទះ​ធំ​មួយ​មាន​ភាជនៈ​ធ្វើ​ពី​មាស​និង​ប្រាក់ ហើយ​ក៏​មាន​ភាជនៈ​ធ្វើ​ពី​ឈើ​និង​ដី​ដែរ។ ភាជនៈ​ខ្លះ​សម្រាប់​ការ​ដែល​ប្រកប​ដោយ​កិត្តិយស តែ​ភាជនៈ​ខ្លះ​ទៀត​សម្រាប់​ការ​ដែល​មិន​ប្រកប​ដោយ​កិត្តិយស។ ២១ ដូច្នេះ ប្រសិន​បើ​អ្នក​ណា​ជៀស​ឆ្ងាយ​ពី​ភាជនៈ​សម្រាប់​ការ​ដែល​មិន​ប្រកប​ដោយ​កិត្តិយស អ្នក​នោះ​នឹង​ទៅ​ជា​ភាជនៈ​សម្រាប់​ការ​ដែល​ប្រកប​ដោយ​កិត្តិយស ក៏​នឹង​ត្រូវ​ញែក​ជា​បរិសុទ្ធ និង​មាន​ប្រយោជន៍​ដល់​ម្ចាស់​ខ្លួន ព្រម​ទាំង​ត្រៀម​ខ្លួន​ជា​ស្រេច​ដើម្បី​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង។ ២២ ម្ល៉ោះ​ហើយ ចូរ​រត់​ចេញ​ពី​សេចក្ដី​ប៉ង​ប្រាថ្នា​ដែល​កើត​មាន​ក្នុង​គ្រា​យុវវ័យ តែ​ចូរ​ស្វែង​រក​សេចក្ដី​សុចរិត ជំនឿ សេចក្ដី​ស្រឡាញ់ និង​សេចក្ដី​សុខ​សាន្ត ជា​មួយ​នឹង​ពួក​អ្នក​ដែល​ហៅ​រក​លោក​ម្ចាស់​ដោយ​ចិត្ត​បរិសុទ្ធ។

២៣ ម្យ៉ាង​ទៀត ចូរ​បដិសេធ​ការ​ជជែក​ផ្ដេស​ផ្ដាស​និង​ល្ងង់​ខ្លៅ+ ដោយ​ដឹង​ថាការ​ជជែក​ទាំង​នោះ​នាំ​ឲ្យ​ឈ្លោះ​ប្រកែក​គ្នា។ ២៤ ប៉ុន្តែ ខ្ញុំ​បម្រើ​របស់​លោក​ម្ចាស់​មិន​ចាំ​បាច់​ឈ្លោះ​ប្រកែក​ទេ តែ​ត្រូវ​ប្រព្រឹត្ត​ដោយ​សុភាព*ចំពោះ​មនុស្ស​ទាំង​អស់+ មាន​គុណ​សម្បត្តិ​គ្រប់​គ្រាន់​ដើម្បី​បង្រៀន ចេះ​ទប់​ចិត្ត​ពេល​រង​ការ​អាក្រក់+ ២៥ ហើយ​បង្ហាញ​ចិត្ត​ស្លូត​បូត ពេល​ណែនាំ​ពួក​អ្នក​ដែល​មិន​យល់​ស្រប​នឹង​អ្វី​ដែល​អ្នក​រាល់​គ្នា​បង្រៀន។+ ដោយ​ធ្វើ​ដូច្នេះ ប្រហែល​ជា​ព្រះ​នឹង​ឲ្យ​ឱកាស​ពួក​គេ​ប្រែ​ចិត្ត ដើម្បី​ពួក​គេ​អាច​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត+ ២៦ ហើយ​ពួក​គេ​អាច​ភ្ញាក់​ខ្លួន និង​ចេញ​ពី​អន្ទាក់​របស់​មេកំណាច* ដោយ​សារ​ដឹង​ថា​មេកំណាច​បាន​ចាប់​ពួក​គេ​ទាំង​រស់​ឲ្យ​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​វា។+

៣ ប៉ុន្តែ ចូរ​ដឹង​ថា នៅ​គ្រា​ចុង​ក្រោយ​បង្អស់+នឹង​លំបាក​ខ្លាំង​ណាស់។ ២ ព្រោះ​មនុស្ស​នឹង​ស្រឡាញ់​តែ​ខ្លួន​ឯង ស្រឡាញ់​ប្រាក់ អួត​បំប៉ោង ក្រអឺត​ក្រទម ជា​អ្នក​ជេរ​ប្រមាថ មិន​ស្ដាប់​បង្គាប់​ឪពុក​ម្ដាយ រមិល​គុណ គ្មាន​ភក្ដី​ភាព ៣ គ្មាន​សេចក្ដី​ស្រឡាញ់​តាម​ធម្មជាតិ​ជា​មនុស្ស មិន​ព្រម​ស្រុះ​ស្រួល​គ្នា ជា​អ្នក​បង្កាច់​បង្ខូច មិន​ចេះ​ទប់​ចិត្ត កាច​សាហាវ មិន​ស្រឡាញ់​គុណធម៌ ៤ ជា​អ្នក​ក្បត់ ធ្វើ​តាម​ទំនើង​ចិត្ត មាន​មោទនភាព​ហួស​ហេតុ​ពេក ស្រឡាញ់​ការ​សប្បាយ​ជា​ជាង​ស្រឡាញ់​ព្រះ ៥ ធ្វើ​ឫកពា​ជា​មនុស្ស​មាន​ភក្ដី​ភាព​ចំពោះ​ព្រះ តែ​មិន​ព្រម​ទទួល​ឥទ្ធិពល​ពី​ភក្ដី​ភាព​នោះ​ទេ។+ ចូរ​ជៀស​ចេញ​ពី​មនុស្ស​ទាំង​នេះ។ ៦ ក្នុង​ចំណោម​អ្នក​ទាំង​នេះ នឹង​មាន​បុរស​ខ្លះ​ប្រើ​ល្បិច​បោក​បញ្ឆោត​ពួក​អ្នក​ផ្ទះ​ផ្សេង​ៗ​បន្តិច​ម្ដង​ៗ ហើយ​ចាប់​ស្ត្រី​ខ្សោយ​ៗ​ធ្វើ​ជា​ឈ្លើយ ជា​ស្ត្រី​ដែល​ប្រព្រឹត្ត​អំពើ​ខុស​ឆ្គង​ជា​ច្រើន និង​ដែល​បណ្ដែត​បណ្ដោយ​ខ្លួន​ទៅ​តាម​សេចក្ដី​ប៉ង​ប្រាថ្នា​ផ្សេង​ៗ។ ៧ ពួក​គេ​តែង​តែ​រៀន តែ​មិន​អាច​ទទួល​ចំណេះ​ត្រឹម​ត្រូវ​អំពី​សេចក្ដី​ពិត​បាន​ឡើយ។

៨ បុរស​ទាំង​នោះ​ចេះ​តែ​ប្រឆាំង​សេចក្ដី​ពិត ដូច​ដែល​យ៉ានីស​និង​យ៉ាមប្រេស​បាន​ប្រឆាំង​ម៉ូសេ​ដែរ។ គំនិត​របស់​បុរស​បែប​នោះ​បាន​ខូច​ទាំង​ស្រុង ហើយ​ពួក​គេ​មិន​បាន​ទទួល​ការ​ពេញ​ចិត្ត​ពី​ព្រះ​ទេ ពី​ព្រោះ​ពួក​គេ​ប្រព្រឹត្ត​ផ្ទុយ​ពី​ជំនឿ។ ៩ ដូច្នេះ ពួក​គេ​នឹង​មិន​រីក​ចម្រើន​ទៀត​ទេ ព្រោះ​មនុស្ស​ទាំង​អស់​នឹង​ឃើញ​ច្បាស់​នូវ​ភាព​ល្ងង់​ខ្លៅ*របស់​ពួក​គេ ដូច​ឃើញ​ភាព​ល្ងង់​ខ្លៅ​របស់​បុរស​ទាំង​ពីរ​នាក់​នោះ​ដែរ។+ ១០ ប៉ុន្តែ អ្នក​បាន​ធ្វើ​តាម​សេចក្ដី​បង្រៀន​របស់​ខ្ញុំ​យ៉ាង​ដិត​ដល់ ព្រម​ទាំង​មាន​របៀប​រស់​នៅ​ដូច​ខ្ញុំ+ និង​មាន​គោល​បំណង ជំនឿ ចិត្ត​អត់​ធ្មត់ សេចក្ដី​ស្រឡាញ់ និង​ការ​ស៊ូ​ទ្រាំ​ដូច​ខ្ញុំ​ដែរ ១១ ព្រម​ទាំង​រង​ការ​បៀត​បៀន និង​រង​ទុក្ខ​វេទនា​ដូច​ដែល​បាន​កើត​ឡើង​ដល់​ខ្ញុំ​នៅ​ក្រុង​អាន់ទីយ៉ូក+ ក្រុង​អ៊ីកូនាម+ និង​ក្រុង​លីស្ត្រា។+ ខ្ញុំ​បាន​ស៊ូ​ទ្រាំ​នឹង​ការ​បៀត​បៀន​ទាំង​នេះ ហើយ​លោក​ម្ចាស់​បាន​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​ទាំង​អស់​នេះ។+ ១២ តាម​ពិត អស់​អ្នក​ដែល​ចង់​រស់​នៅ​ដោយ​បង្ហាញ​ភក្ដី​ភាព​ចំពោះ​ព្រះ​ក្នុង​នាម​ជា​អ្នក​កាន់​តាម​គ្រិស្ត​យេស៊ូ នឹង​ទទួល​ការ​បៀត​បៀន។+ ១៣ ប៉ុន្តែ មនុស្ស​ទុច្ចរិត​និង​ជន​បោក​ប្រាស់​នឹង​មាន​ការ​ប្រព្រឹត្ត​អាក្រក់​កាន់​តែ​ខ្លាំង​ឡើង​ៗ។ ពួក​គេ​នឹង​បំភាន់​អ្នក​ឯ​ទៀត ហើយ​ក៏​ត្រូវ​គេ​បំភាន់​ដែរ។+

១៤ ចំណែក​អ្នក​វិញ ចូរ​បន្ត​ប្រព្រឹត្ត​តាម​អ្វី​ៗ​ដែល​អ្នក​បាន​រៀន​និង​ដែល​បាន​ត្រូវ​នាំ​ឲ្យ​ជឿ​ជាក់+ ព្រោះ​អ្នក​ស្គាល់​ច្បាស់​ថា​អ្នក​ណា​បាន​បង្រៀន​អ្នក​អំពី​អ្វី​ៗ​ទាំង​នោះ ១៥ ហើយ​ថា​តាំង​ពី​អ្នក​នៅ​ជា​ទារក​នៅ​ឡើយ+ អ្នក​បាន​ស្គាល់​ឯកសារ​បរិសុទ្ធ​នា​នា+ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មាន​ប្រាជ្ញា​ដើម្បី​ទទួល​សេចក្ដី​សង្គ្រោះ តាម​រយៈ​ជំនឿ​លើ​គ្រិស្ត​យេស៊ូ។+ ១៦ គ្រប់​ទាំង​បទ​គម្ពីរ​បាន​ត្រូវ​សរសេរ​ក្រោម​ការ​ដឹក​នាំ​របស់​ព្រះ*+ ក៏​មាន​ប្រយោជន៍​សម្រាប់​បង្រៀន+ កែ​តម្រង់ ធ្វើ​ឲ្យ​ត្រឹម​ត្រូវ​ឡើង​វិញ និង​ប្រដៅ​ក្នុង​ផ្លូវ​សុចរិត+ ១៧ ដើម្បី​ឲ្យ​អ្នក​គោរព​ប្រណិប័តន៍​ព្រះ​មាន​សមត្ថភាព​ពេញ​លេញ និង​ត្រៀម​លក្ខណៈ​សព្វ​គ្រប់​ដើម្បី​ធ្វើ​ការ​ល្អ​គ្រប់​យ៉ាង។

៤ គ្រិស្ត​យេស៊ូ​នឹង​វិនិច្ឆ័យ+មនុស្ស​រស់​និង​មនុស្ស​ស្លាប់+ ពេល​ដែល​លោក​លេច​មក+ និង​ពេល​ដែល​លោក​គ្រប់​គ្រង​ក្នុង​រាជាណាចក្រ​របស់​លោក។+ ខ្ញុំ​សុំ​បង្គាប់​អ្នក​ជា​ផ្លូវ​ការ​នៅ​ចំពោះ​មុខ​លោក​និង​ព្រះ​ថា ២ ចូរ​ប្រកាស​បណ្ដាំ​របស់​ព្រះ។+ ចូរ​ប្រកាស​ជា​បន្ទាន់​នៅ​ពេល​ដែល​មាន​អំណោយ​ផល និង​នៅ​ពេល​ដែល​មាន​ការ​លំបាក។ ចូរ​ប្រដៅ​តម្រង់+ ស្ដី​បន្ទោស លើក​ទឹក​ចិត្ត ដោយ​មាន​ចិត្ត​អត់​ធ្មត់​និង​ការ​ប៉ិន​ប្រសប់​គ្រប់​យ៉ាង​ក្នុង​ការ​បង្រៀន។+ ៣ ព្រោះ​នឹង​មាន​គ្រា​ដែល​ពួក​គេ​នឹង​មិន​ទ្រាំ​ស្ដាប់​សេចក្ដី​បង្រៀន​ដែល​មាន​ប្រយោជន៍​ទៀត+ តែ​ពួក​គេ​នឹង​ធ្វើ​តាម​បំណង​ប្រាថ្នា​របស់​ខ្លួន ហើយ​ប្រមូល​ពួក​អ្នក​បង្រៀន​ដែល​និយាយ​អ្វី​ដែល​ពួក​គេ​ចង់​ស្ដាប់។+ ៤ ពួក​គេ​នឹង​ឈប់​ស្ដាប់​សេចក្ដី​ពិត រួច​បែរ​ទៅ​ស្ដាប់​រឿង​មិន​ពិត​វិញ។ ៥ ចំណែក​អ្នក​វិញ ចូរ​ដឹង​ខ្លួន​ជា​និច្ច​ក្នុង​គ្រប់​ការ​ទាំង​អស់ ចូរ​ស៊ូ​ទ្រាំ​នឹង​ការ​អាក្រក់+ ចូរ​បំពេញ​កិច្ច​ការ​ជា​អ្នក​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ* ហើយ​បំពេញ​កិច្ច​បម្រើ​របស់​អ្នក​គ្រប់​ជំពូក។+

៦ ខ្ញុំ​ប្រៀប​ដូច​ជា​គ្រឿង​បូជា​ជា​ស្រា ដែល​កំពុង​ត្រូវ​ច្រួច​ចេញ​លើ​ទី​បូជា+ ហើយ​ពេល​ដែល​ខ្ញុំ​នឹង​ត្រូវ​រំដោះ+ គឺ​ជិត​ដល់​ហើយ។ ៧ ខ្ញុំ​បាន​ត​ស៊ូ​យ៉ាង​ប្រសើរ+ ខ្ញុំ​បាន​រត់​ប្រណាំង​ដល់​ទី​ផ្ដាច់​ព្រ័ត្រ+ ខ្ញុំ​បាន​បន្ត​ធ្វើ​តាម​ជំនឿ។ ៨ ចាប់​ពី​ពេល​នេះ​ទៅ មកុដ​នៃ​សេចក្ដី​សុចរិត​នឹង​ត្រូវ​ទុក​ឲ្យ​ខ្ញុំ+ គឺ​មកុដ​ដែល​លោក​ម្ចាស់​ជា​ចៅ​ក្រម​ដ៏​សុចរិត+នឹង​ឲ្យ​ខ្ញុំ​ជា​រង្វាន់​នៅ​ថ្ងៃ​នោះ+ មិន​មែន​ឲ្យ​តែ​ខ្ញុំ​ប៉ុណ្ណោះ​ទេ តែ​ក៏​ឲ្យ​ដល់​អស់​អ្នក​ដែល​ប្រាថ្នា​ឲ្យ​លោក​លេច​មក​ដែរ។

៩ ចូរ​ខំ​អស់​ពី​សមត្ថភាព ដើម្បី​មក​ឯ​ខ្ញុំ​ឲ្យ​បាន​ឆាប់​បំផុត។ ១០ ព្រោះ​ដេម៉ាស+បាន​បោះ​បង់​ចោល​ខ្ញុំ ដោយ​សារ​គាត់​ស្រឡាញ់​របៀប​របប​ពិភព​លោក*នា​បច្ចុប្បន្ន ហើយ​គាត់​បាន​ទៅ​ក្រុង​ថែស្សាឡូនិច។ រី​ឯ​ក្រេសេន គាត់​បាន​ទៅ​ខេត្ត​កាឡាទី ហើយ​ទីតុស​បាន​ទៅ​តំបន់​ដាល់ម៉ាទា។ ១១ មាន​តែ​លូកា​ម្នាក់​ប៉ុណ្ណោះ​ដែល​នៅ​ជា​មួយ​នឹង​ខ្ញុំ។ ចូរ​នាំ​ម៉ាកុស​មក​ជា​មួយ​នឹង​អ្នក ព្រោះ​គាត់​អាច​ជួយ​ខ្ញុំ​យ៉ាង​ច្រើន​ក្នុង​កិច្ច​បម្រើ។ ១២ ចំណែក​ទីឃីកុស​វិញ+ ខ្ញុំ​បាន​ចាត់​គាត់​ឲ្យ​ទៅ​ក្រុង​អេភេសូរ។ ១៣ នៅ​ពេល​ដែល​អ្នក​មក ចូរ​យក​ក្រណាត់​ដណ្ដប់​ដែល​ខ្ញុំ​បាន​ផ្ញើ​ទុក​នឹង​កាប៉ុស​នៅ​ក្រុង​ត្រូអាស ហើយ​ចូរ​យក​រមូរ​ក្រដាស​មក​ដែរ ជា​ពិសេស​រមូរ​ស្បែក។

១៤ អាឡិចសង់​ដែល​ជា​ជាង​ស្ពាន់ បាន​ធ្វើ​ទុក្ខ​ខ្ញុំ​ច្រើន​លើក​ច្រើន​សា។ ព្រះ​យេហូវ៉ា*នឹង​តប​ស្នង​ទៅ​គាត់​វិញ​តាម​ការ​ប្រព្រឹត្ត​របស់​គាត់។+ ១៥ ចូរ​អ្នក​ប្រុង​ប្រយ័ត្ន​នឹង​គាត់​ដែរ ព្រោះ​គាត់​បាន​ប្រឆាំង​ពាក្យ​សម្ដី​របស់​យើង​ខ្លាំង​ណាស់។

១៦ ពេល​ដែល​ខ្ញុំ​និយាយ​ការ​ពារ​ខ្លួន​ជា​លើក​ទី​១ គ្មាន​អ្នក​ណា​គាំទ្រ​ខាង​ខ្ញុំ​ទេ។ ផ្ទុយ​ទៅ​វិញ ពួក​គេ​ទាំង​អស់​គ្នា​បាន​បោះ​បង់​ចោល​ខ្ញុំ។ សូម​ព្រះ​កុំ​ប្រកាន់​ទោស​ពួក​គេ​ក្នុង​រឿង​នេះ​ឡើយ។ ១៧ ប៉ុន្តែ លោក​ម្ចាស់​បាន​ឈរ​ក្បែរ​ខ្ញុំ ហើយ​ពង្រឹង​កម្លាំង​ខ្ញុំ ដើម្បី​ឲ្យ​ខ្ញុំ​ផ្សព្វ​ផ្សាយ​យ៉ាង​សព្វ​គ្រប់ និង​ដើម្បី​ឲ្យ​ប្រជាជាតិ​ទាំង​អស់​បាន​ឮ​ការ​ផ្សព្វ​ផ្សាយ+ ហើយ​លោក​ម្ចាស់​បាន​ជួយ​សង្គ្រោះ​ខ្ញុំ​ពី​មាត់​តោ។+ ១៨ លោក​ម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ​ឲ្យ​រួច​ពី​ការ​អាក្រក់​គ្រប់​យ៉ាង ហើយ​នឹង​រក្សា​ការ​ពារ​ខ្ញុំ​សម្រាប់​រាជាណាចក្រ​របស់​លោក​នៅ​ស្ថាន​សួគ៌។+ សូម​ឲ្យ​លោក​បាន​ប្រកប​ដោយ​សិរី​រុង​រឿង​ជា​រៀង​រហូត​ត​ទៅ។ អាមេន។

១៩ សូម​ផ្ដាំ​សួរ​សុខ​ទុក្ខ​ព្រីស្កា និង​អាគីឡា+ ព្រម​ទាំង​ពួក​អ្នក​ផ្ទះ​របស់​អូណេស៊ីផឺ។+

២០ អេរ៉ាធូស+ស្នាក់​នៅ​ក្រុង​កូរិនថូស តែ​ខ្ញុំ​បាន​ទុក​ត្រូភីមឹស+ឲ្យ​នៅ​ក្រុង​មីលេតូស ព្រោះ​គាត់​ឈឺ។ ២១ ចូរ​ខំ​អស់​ពី​សមត្ថភាព​ដើម្បី​មក​មុន​រដូវ​ត្រជាក់។

អឺប៊ូលូស​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក ហើយ​ភូដេន ឡែណុស ក្លូឌា និង​បង​ប្អូន​ទាំង​អស់ ក៏​ផ្ដាំ​សួរ​សុខ​ទុក្ខ​អ្នក​ដែរ។

២២ សូម​ឲ្យ​លោក​ម្ចាស់​នៅ​ជា​មួយ​នឹង​អ្នក ដោយ​សារ​ចិត្ត​គំនិត​ដែល​អ្នក​បង្ហាញ។ សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​គុណ​ដ៏​វិសេស​លើស​លប់​របស់​លោក។

ភាសា​ក្រិច​«​អាប៉ូស្តូឡូស​»​មាន​ន័យ​ថា​«​អ្នក​ដែល​ត្រូវ​គេ​ចាត់​ឲ្យ​ទៅ​»​

ឬ​«​អំណរ​ដ៏​ពោរ​ពេញ​»​

ន័យ​ត្រង់​«​មាន​សកម្មភាព​ជា​និច្ច​ដូច​ភ្លើង​ដែល​ឆេះ​សន្ធោ​សន្ធៅ​»​

ឬ​«​ចិត្ត​គំនិត​»​

មើល​និយម​ន័យ​ពាក្យ​«​អាស៊ី​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​ប្រហែល​មាន​ន័យ​ថា​«​ក្នុង​សកម្មភាព​ប្រចាំ​ថ្ងៃ​»​

ន័យ​ត្រង់​«​មកុដ​»​

ឬ​«​សមត្ថភាព​វែក​ញែក​»​

ន័យ​ត្រង់​«​ពូជ​»​

ន័យ​ត្រង់​«​ដោយ​ធ្វើ​ជា​សាក្សី​បញ្ជាក់​យ៉ាង​សព្វ​គ្រប់​ដល់​ពួក​គេ​»​

ឬ​«​ជួប​សេចក្ដី​វិនាស​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

ឬ​«​ប្រព្រឹត្ត​ដោយ​វាង​វៃ​»​

ភាសា​ក្រិច​«​ឌីអាបូឡូស​»​មាន​ន័យ​ថា​«​អ្នក​បង្កាច់​បង្ខូច​»​

ឬ​«​ភាព​ឆ្កួត​លីលា​»​

មាន​ន័យ​ថា​បាន​ត្រូវ​សរសេរ​ក្រោម​ឥទ្ធិពល​នៃ​ឫទ្ធានុភាព​របស់​ព្រះ

ឬ​«​ចូរ​បន្ត​ផ្សព្វ​ផ្សាយ​ដំណឹង​ល្អ​»​

មើល​និយម​ន័យ​ពាក្យ​«​របៀប​របប​ពិភព​លោក​»​

មើល​សេចក្ដី​ពន្យល់​បន្ថែម ផ្នែក​ក​៥

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក