សំបុត្រទី១របស់ពេត្រុស
១ ពីខ្ញុំ ពេត្រុស ដែលជាសាវ័ក*+របស់លោកយេស៊ូគ្រិស្ត ជូនចំពោះពួកអ្នកស្នាក់នៅបណ្ដោះអាសន្នដែលនៅបែកខ្ញែកនាតំបន់ប៉ុនតុស ខេត្តកាឡាទី តំបន់កាប៉ាដូគា+ ខេត្តអាស៊ី* និងខេត្តប៊ីធូនា។ ២ អ្នករាល់គ្នាបានត្រូវជ្រើសរើសស្របតាមអ្វីដែលព្រះជាបិតាបានជ្រាបទុកជាមុន+ ដោយបានត្រូវញែកចេញជាបរិសុទ្ធតាមរយៈឫទ្ធានុភាព+ ដើម្បីឲ្យអ្នករាល់គ្នាស្ដាប់បង្គាប់ ហើយទទួលការប្រោះដោយឈាមរបស់លោកយេស៊ូគ្រិស្ត៖+
សូមឲ្យអ្នករាល់គ្នាបានប្រកបដោយគុណដ៏វិសេសលើសលប់ និងសេចក្តីសុខសាន្តកាន់តែបរិបូរឡើង។
៣ សូមសរសើរលោកដែលជាព្រះនិងជាបិតារបស់លោកម្ចាស់យេស៊ូគ្រិស្តរបស់យើង ព្រោះដោយសេចក្ដីមេត្តាករុណាដ៏ជ្រាលជ្រៅរបស់លោក លោកបានធ្វើឲ្យយើងកើតជាថ្មី+ ដើម្បីឲ្យយើងមានសេចក្ដីសង្ឃឹមដែលស្ថិតស្ថេរ+ តាមរយៈការប្រោសលោកយេស៊ូគ្រិស្តឲ្យរស់ពីស្លាប់ឡើងវិញ+ ៤ ព្រមទាំងទទួលមត៌កដែលមិនអាចខូចទៅ ដែលឥតសៅហ្មង និងដែលមិនសាបសូន្យ។+ មត៌កនោះបានត្រូវបម្រុងទុកនៅស្ថានសួគ៌សម្រាប់អ្នករាល់គ្នា+ ៥ ដែលកំពុងទទួលការរក្សាការពារដោយឫទ្ធានុភាពរបស់ព្រះតាមរយៈជំនឿ ដើម្បីឲ្យអ្នករាល់គ្នាទទួលសេចក្ដីសង្គ្រោះដែលនឹងត្រូវបើកបង្ហាញឲ្យឃើញនៅគ្រាចុងក្រោយ។ ៦ ការទាំងនោះធ្វើឲ្យអ្នករាល់គ្នាត្រេកអរយ៉ាងខ្លាំង ទោះជាអ្នករាល់គ្នាត្រូវព្រួយចិត្តមួយរយៈពេលខ្លី ដោយសារទុក្ខលំបាកផ្សេងៗក៏ដោយ។+ ៧ នេះដើម្បីឲ្យជំនឿរបស់អ្នករាល់គ្នាដែលបានត្រូវសាកល្បងហើយ*+ អាចនាំឲ្យអ្នកទទួលសេចក្ដីសរសើរ សិរីរុងរឿង និងកិត្តិយស ពេលដែលលោកយេស៊ូគ្រិស្តលេចមក។+ ជំនឿរបស់អ្នកមានតម្លៃថ្លៃជាងមាសដែលអាចវិនាសទៅ ទោះជាវាបានត្រូវសាកល្បងដោយភ្លើងក៏ដោយ។ ៨ ទោះជាអ្នករាល់គ្នាមិនដែលឃើញលោកក៏ដោយ ក៏អ្នករាល់គ្នាស្រឡាញ់លោកដែរ។ ទោះជាឥឡូវនេះអ្នករាល់គ្នាមិនឃើញលោកក៏ដោយ អ្នករាល់គ្នាបង្ហាញជំនឿលើលោក ហើយត្រេកអរយ៉ាងខ្លាំងដោយមានអំណររកពណ៌នាពុំបាន ៩ ព្រោះអ្នករាល់គ្នាដឹងច្បាស់ថា ជំនឿរបស់អ្នកនឹងនាំឲ្យអ្នកទទួលសេចក្ដីសង្គ្រោះ។+
១០ ពួកអ្នកប្រកាសទំនាយដែលបានប្រកាសអំពីគុណដ៏វិសេសលើលលប់ដែលទុកសម្រាប់អ្នករាល់គ្នា ពួកគេបានព្យាយាមសួរឲ្យដឹង ហើយបានស្រាវជ្រាវយ៉ាងហ្មត់ចត់អំពីសេចក្ដីសង្គ្រោះនោះឯង។+ ១១ ពួកគេបានខំស្វែងរកយល់ជានិច្ចថា ឫទ្ធានុភាពដែលស្ថិតក្នុងពួកគេកំពុងសំដៅទៅលើគ្រាមួយណា ឬគ្រាបែបណាស្ដីអំពីគ្រិស្ត។+ ឫទ្ធានុភាពនោះបញ្ជាក់ទុកជាមុនអំពីទុក្ខលំបាករបស់គ្រិស្ត+ និងសិរីរុងរឿងដែលនឹងមានបន្ទាប់ពីនោះ។ ១២ ព្រះបានបើកបង្ហាញឲ្យពួកអ្នកប្រកាសទំនាយដឹងថា កិច្ចបម្រើដែលពួកគេបានធ្វើនោះ មិនមែនសម្រាប់ពួកគេទេ តែសម្រាប់អ្នករាល់គ្នាវិញ។ ពេលនេះ អ្វីៗទាំងនេះបានត្រូវបើកបង្ហាញដល់អ្នករាល់គ្នា តាមរយៈពួកអ្នកដែលប្រកាសប្រាប់ដំណឹងល្អដល់អ្នករាល់គ្នា ដោយឫទ្ធានុភាពបរិសុទ្ធដែលបានត្រូវចាត់ពីស្ថានសួគ៌។+ សូម្បីតែបណ្ដាទេវតា ក៏ចាប់អារម្មណ៍ចង់ដឹងអំពីការទាំងនេះដែរ។
១៣ ដូច្នេះ ចូរអ្នករាល់គ្នាប្រុងប្រៀបគំនិត*ដើម្បីធ្វើសកម្មភាព។+ ចូរដឹងខ្លួនក្នុងគ្រប់ការទាំងអស់+ ចូរសង្ឃឹមលើគុណដ៏វិសេសលើសលប់ដែលអ្នករាល់គ្នានឹងទទួល ពេលដែលលោកយេស៊ូគ្រិស្តនឹងលេចមក។ ១៤ ក្នុងនាមជាកូនដែលស្ដាប់បង្គាប់ ចូរឈប់បណ្ដោយខ្លួនទៅតាមសេចក្ដីប៉ងប្រាថ្នាដែលអ្នករាល់គ្នាធ្លាប់មាន កាលដែលអ្នករាល់គ្នាមិនទាន់មានចំណេះអំពីព្រះនៅឡើយ។ ១៥ ប៉ុន្តែ ចូរទៅជាមនុស្សបរិសុទ្ធក្នុងការប្រព្រឹត្តទាំងអស់ ដូចព្រះដ៏បរិសុទ្ធដែលបានហៅអ្នករាល់គ្នា+ ១៦ ព្រោះបទគម្ពីរចែងថា៖ «អ្នករាល់គ្នាត្រូវតែបរិសុទ្ធ ព្រោះខ្ញុំបរិសុទ្ធ»។+
១៧ ម្យ៉ាងទៀត ប្រសិនបើអ្នករាល់គ្នាកំពុងហៅរកបិតាដែលវិនិច្ឆ័យមនុស្សសមស្របតាមការប្រព្រឹត្តរបស់ពួកគេរៀងខ្លួនដោយឥតលម្អៀង+ នោះចូរប្រព្រឹត្តដោយកោតខ្លាច+ ក្នុងអំឡុងពេលដែលអ្នករាល់គ្នាជាអ្នកស្នាក់នៅបណ្ដោះអាសន្ន។ ១៨ ព្រោះអ្នករាល់គ្នាដឹងថា អ្នករាល់គ្នាបានទទួលការរំដោះ*ពីការប្រព្រឹត្តឥតប្រយោជន៍ដែលអ្នករាល់គ្នាបានមកពីពួកបុព្វបុរស។* ការរំដោះនោះមិនមែនដោយសាររបស់ដែលអាចខូចទៅ ដូចមាសឬប្រាក់នោះទេ។+ ១៩ ប៉ុន្តែ គឺដោយសារឈាមដ៏ថ្លៃវិសេស+ ដូចឈាមរបស់កូនចៀមដែលគ្មានស្នាមនិងគ្មានប្រឡាក់+ ពោលគឺឈាមរបស់គ្រិស្ត។+ ២០ ពិតមែនតែព្រះបានជ្រើសរើសលោកមុនកំណើតពិភពលោក+ ប៉ុន្តែលោកបានលេចមកនៅចុងបញ្ចប់នៃគ្រានេះ ដើម្បីជាប្រយោជន៍ដល់អ្នករាល់គ្នា។+ ២១ ដោយសារលោក អ្នករាល់គ្នាជឿព្រះ+ គឺព្រះដែលបានប្រោសលោកឲ្យរស់ពីស្លាប់ឡើងវិញ+ ហើយបានឲ្យសិរីរុងរឿងដល់លោក+ ដើម្បីឲ្យអ្នករាល់គ្នាជឿនិងសង្ឃឹមលើព្រះ។
២២ ឥឡូវនេះ អ្នករាល់គ្នាបានសម្អាតខ្លួនដោយស្ដាប់បង្គាប់សេចក្ដីពិត ហើយជាលទ្ធផលអ្នករាល់គ្នាស្រឡាញ់គ្នាជាបងប្អូនដោយគ្មានពុតត្បុត។+ ដូច្នេះ ចូរស្រឡាញ់គ្នាឲ្យខ្លាំងដោយស្មោះពីចិត្ត។+ ២៣ ព្រោះអ្នករាល់គ្នាបានត្រូវធ្វើឲ្យកើតជាថ្មី+ មិនមែនដោយពូជដែលអាចខូចទៅនោះទេ តែដោយពូជ*ដែលមិនអាចខូច+ តាមរយៈបណ្ដាំរបស់ព្រះដែលមានជីវិតរស់នៅជាដរាប។+ ២៤ ព្រោះ«មនុស្សទាំងអស់គឺដូចជាស្មៅ ហើយភាពរុងរឿងទាំងអស់របស់ពួកគេគឺដូចជាផ្កាស្មៅនៅឯវាល។ ស្មៅនោះក្រៀមស្វិត ហើយផ្កាក៏រុះរោយទៅ ២៥ ប៉ុន្តែ ប្រសាសន៍*របស់ព្រះយេហូវ៉ា*ស្ថិតស្ថេរជារៀងរហូត»។+ គឺ«ប្រសាសន៍»*នេះឯង ជាដំណឹងល្អដែលបានត្រូវប្រកាសប្រាប់ដល់អ្នករាល់គ្នា។+
២ ដូច្នេះ ចូរលះចោលអស់ទាំងការអាក្រក់+ ការបោកបញ្ឆោត ពុតត្បុត ចិត្តច្រណែន និងការតិះដៀលគ្រប់យ៉ាង។ ២ ដូចទារកដែលទើបនឹងកើត+ ចូរបណ្ដុះការស្រេកឃ្លានចង់បានទឹកដោះសុទ្ធដែលមកពីបណ្ដាំរបស់ព្រះ ដើម្បីឲ្យអ្នករាល់គ្នាធំលូតលាស់ឲ្យបានសេចក្ដីសង្គ្រោះតាមរយៈទឹកដោះនោះ+ ៣ ព្រោះអ្នករាល់គ្នាបានភ្លក់សេចក្ដីសប្បុរសរបស់លោកម្ចាស់ហើយ។
៤ កាលដែលអ្នករាល់គ្នាមកឯលោក គឺមកឯថ្មដែលមានជីវិតរស់នៅ ដែលមនុស្សមិនព្រមយក+ តែព្រះបានជ្រើសរើស ហើយចាត់ទុកថាថ្លៃវិសេស+ ៥ នោះអ្នករាល់គ្នាក៏ជាថ្មដែលមានជីវិតរស់នៅ ហើយកំពុងត្រូវសង់ឡើងជាផ្ទះមួយតាមរយៈឫទ្ធានុភាពរបស់ព្រះ+ ក្នុងបំណងធ្វើជាពួកសង្ឃបរិសុទ្ធ ដើម្បីជូនគ្រឿងបូជាដែលព្រះពេញចិត្ត ក្រោមការដឹកនាំនៃឫទ្ធានុភាពរបស់លោក+ តាមរយៈលោកយេស៊ូគ្រិស្ត។+ ៦ ព្រោះបទគម្ពីរចែងថា៖ «មើល! ខ្ញុំកំពុងដាក់ថ្មនៅភ្នំស៊ីយ៉ូន ជាថ្មគ្រឹះដ៏សំខាន់ដែលបានត្រូវជ្រើសរើស ហើយថ្លៃវិសេស។ អ្នកណាដែលបង្ហាញជំនឿលើថ្មនោះ អ្នកនោះនឹងមិនខកចិត្តឡើយ»។*+
៧ ដូច្នេះ គឺអ្នករាល់គ្នាចាត់ទុកថាលោកថ្លៃវិសេស ពីព្រោះអ្នករាល់គ្នាជាអ្នកជឿ ប៉ុន្តែចំពោះអ្នកមិនជឿវិញ «ថ្មដែលអ្នកសាងសង់មិនព្រមយកនោះ+ បានទៅជាថ្មដ៏សំខាន់បំផុត»*+ ៨ និងជា«ថ្មមួយដែលនាំឲ្យជំពប់ដួល និងផ្ទាំងថ្មមួយដែលនាំឲ្យប្រព្រឹត្តល្មើស»។+ អ្នកទាំងនោះជំពប់ដួល ពីព្រោះពួកគេមិនធ្វើតាមបណ្ដាំរបស់ព្រះ។ ពួកគេត្រូវជួបចុងបញ្ចប់យ៉ាងដូច្នេះ។ ៩ ប៉ុន្តែ អ្នករាល់គ្នាជា«រាស្ត្រដែលបានត្រូវជ្រើសរើស និងជាសង្ឃដែលមានតំណែងជាស្ដេច ក៏ជាប្រជាជាតិបរិសុទ្ធ+ និងជារាស្ដ្រដែលជាសម្បត្តិពិសេស+ ដើម្បីឲ្យអ្នករាល់គ្នាប្រកាសនៅទីជិតឆ្ងាយអំពីគុណសម្បត្តិប្រសើរថ្លៃថ្លា»+របស់ព្រះ ដែលបានហៅអ្នករាល់គ្នាចេញពីសេចក្ដីងងឹត ឲ្យចូលក្នុងពន្លឺដ៏អស្ចារ្យរបស់លោក។+ ១០ ព្រោះពីមុន អ្នករាល់គ្នាមិនមែនជារាស្ដ្ររបស់ព្រះទេ ប៉ុន្តែឥឡូវអ្នករាល់គ្នាជារាស្ត្ររបស់ព្រះ។+ ពីមុនអ្នករាល់គ្នាធ្លាប់ជាអ្នកដែលមិនទទួលសេចក្ដីមេត្តាករុណា ប៉ុន្តែឥឡូវអ្នករាល់គ្នាជាអ្នកដែលបានទទួលសេចក្ដីមេត្តាករុណាហើយ។+
១១ បងប្អូនជាទីស្រឡាញ់អើយ ខ្ញុំសូមដាស់តឿនអ្នករាល់គ្នាដែលជាជនបរទេសនិងជាអ្នកស្នាក់នៅបណ្ដោះអាសន្នក្នុងពិភពលោកនេះ+ កុំឲ្យបណ្ដោយខ្លួនទៅតាមសេចក្ដីប៉ងប្រាថ្នានៃរូបកាយ+ ជាសេចក្ដីប៉ងប្រាថ្នាដែលចេះតែប្រយុទ្ធប្រឆាំងនឹងអ្នករាល់គ្នា។+ ១២ ចូរអ្នករាល់គ្នាប្រព្រឹត្តល្អប្រសើរជានិច្ចក្នុងចំណោមមនុស្សខាងពិភពលោកនេះ។+ យ៉ាងនោះ ពេលពួកគេចោទប្រកាន់អ្នករាល់គ្នាថាជាអ្នកប្រព្រឹត្តអាក្រក់ នោះពួកគេបែរជាឃើញការប្រព្រឹត្តល្អប្រសើររបស់អ្នករាល់គ្នាវិញ+ ហើយជាលទ្ធផល ពួកគេនឹងសរសើរព្រះនៅថ្ងៃដែលលោកធ្វើការត្រួតពិនិត្យ។
១៣ ដើម្បីលោកម្ចាស់ ចូរអ្នករាល់គ្នាចុះចូលនឹងអស់អ្នកដែលមានអំណាច+ គឺចុះចូលនឹងស្ដេច+ ដោយសារគាត់មានឋានៈខ្ពស់ជាងអ្នក ១៤ ហើយក៏ត្រូវចុះចូលនឹងអភិបាល ដោយសារស្ដេចចាត់ពួកគេឲ្យដាក់ទោសមនុស្សដែលប្រព្រឹត្តអាក្រក់ និងឲ្យសរសើរមនុស្សដែលប្រព្រឹត្តល្អ។+ ១៥ ព្រោះនេះជាបំណងប្រាថ្នារបស់ព្រះ គឺឲ្យអ្នករាល់គ្នាប្រព្រឹត្តល្អ ដើម្បីឃ្លុំមាត់*មនុស្សឥតសមហេតុសមផលដែលនិយាយបែបល្ងង់ខ្លៅ។+ ១៦ ចូររស់នៅជាមនុស្សមានសេរីភាព+ តែកុំប្រើសេរីភាពរបស់អ្នករាល់គ្នាជាវិធីបិទបាំង*អំពើអាក្រក់ឡើយ+ តែចូរប្រើសេរីភាពនោះឲ្យសមនឹងឋានៈជាខ្ញុំបម្រើរបស់ព្រះ។+ ១៧ ចូរគោរព*មនុស្សគ្រប់ប្រភេទ+ ចូរស្រឡាញ់បងប្អូនរួមជំនឿទាំងអស់+ ចូរកោតខ្លាចព្រះ+ ចូរគោរព*ស្ដេច។+
១៨ ចូរឲ្យអ្នកបម្រើក្នុងផ្ទះចុះចូលនឹងម្ចាស់ខ្លួនដោយគោរពកោតខ្លាចទាំងស្រុង+ មិនគ្រាន់តែចុះចូលនឹងម្ចាស់ដែលមានចិត្តល្អនិងជាមនុស្សសមហេតុសមផលប៉ុណ្ណោះទេ តែចុះចូលនឹងម្ចាស់ដែលពិបាកផ្គាប់ចិត្តដែរ។ ១៩ ពីព្រោះប្រសិនបើអ្នកណាស៊ូទ្រាំពេលមនុស្សបៀតបៀន ហើយរងទុក្ខលំបាកដោយសារស្ដាប់បង្គាប់ព្រះ* នោះធ្វើឲ្យព្រះពេញចិត្ត។+ ២០ ព្រោះប្រសិនបើអ្នករាល់គ្នាធ្វើអំពើខុសឆ្គង ហើយត្រូវគេវាយ តើមានគុណបំណាច់អ្វីបើអ្នកស៊ូទ្រាំឲ្យគេវាយនោះ?+ ផ្ទុយទៅវិញ ប្រសិនបើអ្នករាល់គ្នារងទុក្ខដោយសារធ្វើអំពើល្អ តែអ្នករាល់គ្នាស៊ូទ្រាំ នោះធ្វើឲ្យព្រះពេញចិត្ត។+
២១ តាមពិត អ្នករាល់គ្នាបានត្រូវហៅឲ្យមានវិថីជីវិតបែបនេះ ពីព្រោះគ្រិស្តបានរងទុក្ខដើម្បីអ្នករាល់គ្នា+ ហើយទុកគំរូដើម្បីឲ្យអ្នករាល់គ្នាខំដើរតាមលំអានដានរបស់លោកឲ្យបានដិតដល់។+ ២២ លោកមិនដែលប្រព្រឹត្តអំពើខុសឆ្គងសោះ+ ក៏មិនដែលមានពាក្យបោកបញ្ឆោតចេញពីមាត់លោកដែរ។+ ២៣ ពេលដែលលោកត្រូវគេប្រមាថ+ លោកមិនបានប្រមាថគេវិញទេ។+ ពេលដែលលោករងទុក្ខ+ លោកមិនបានគំរាមកំហែងគេឡើយ ប៉ុន្តែលោកតែងតែផ្ញើខ្លួនទៅលើព្រះដែលវិនិច្ឆ័យ+ដោយសុចរិតយុត្តិធម៌។ ២៤ លោកបានផ្ទុកការខុសឆ្គងរបស់យើង+ក្នុងរូបកាយរបស់លោកលើបង្គោលឈើ+ ដើម្បីយើងអាចរួចផុតពីការខុសឆ្គង ហើយរស់នៅដើម្បីធ្វើអ្វីដែលសុចរិត។ ម្យ៉ាងទៀត «របួសរបស់លោកបានធ្វើឲ្យអ្នករាល់គ្នាជាសះស្បើយ»។+ ២៥ ព្រោះពីមុន អ្នករាល់គ្នាដូចចៀមដែលវង្វេង+ តែឥឡូវអ្នករាល់គ្នាបានត្រឡប់មកឯគង្វាល+ដែលរក្សាការពារជីវិតរបស់អ្នករាល់គ្នា។*
៣ តាមរបៀបដូចគ្នានោះ ចូរអ្នករាល់គ្នាដែលជាប្រពន្ធចុះចូលនឹងប្ដីខ្លួន+ ដើម្បីឲ្យប្ដីណាដែលមិនធ្វើតាមបណ្ដាំរបស់ព្រះ អាចទៅជាអ្នកដែលធ្វើតាមវិញ តាមរយៈការប្រព្រឹត្តរបស់អ្នករាល់គ្នាដែលជាប្រពន្ធ ដោយមិនចាំបាច់ឲ្យអ្នករាល់គ្នាបញ្ចេញពាក្យសម្ដីមួយម៉ាត់ឡើយ+ ២ ពីព្រោះពួកគេឃើញដោយផ្ទាល់ភ្នែកនូវការប្រព្រឹត្តដ៏បរិសុទ្ធរបស់អ្នករាល់គ្នា+ គួបផ្សំជាមួយនឹងការគោរពដ៏ជ្រាលជ្រៅ។ ៣ កុំឲ្យសម្រស់របស់អ្នករាល់គ្នាជាសម្រស់ខាងក្រៅឡើយ ពោលគឺការក្រងសក់ ពាក់គ្រឿងអលង្ការមាស+ ឬពាក់សម្លៀកបំពាក់ប្រណីត ៤ តែចូរឲ្យសម្រស់របស់អ្នករាល់គ្នាជាអ្វីក្នុងចិត្តវិញ ពោលគឺចិត្តស្ងៀមស្ងាត់និងស្លូតបូត+ ជាអ្វីដែលមានតម្លៃថ្លៃណាស់ចំពោះព្រះ។ សម្រស់បែបនេះគឺមិនអាចខូចទៅបានទេ ៥ ព្រោះនៅសម័យមុន ពួកស្ត្រីបរិសុទ្ធដែលសង្ឃឹមលើព្រះក៏មានសម្រស់ដូច្នោះដែរ គឺចុះចូលនឹងប្ដីខ្លួន ៦ ដូចសារ៉ាបានស្ដាប់បង្គាប់អាប្រាហាំ ហើយហៅគាត់ថាលោកម្ចាស់។+ ដូច្នេះ ប្រសិនបើអ្នករាល់គ្នាបន្តធ្វើអំពើល្អ ហើយយកឈ្នះការភ័យខ្លាច នោះអ្នករាល់គ្នាទៅជាកូនរបស់នាង។+
៧ តាមរបៀបដូចគ្នាដែរ ចូរអ្នករាល់គ្នាដែលជាប្ដី បន្តរួមរស់ជាមួយនឹងប្រពន្ធដោយស្គាល់ចិត្តនាងច្បាស់។* ចូរឲ្យកិត្តិយសដល់នាង+ជាភាជនៈខ្សោយជាង ជាស្ត្រីភេទ ពុំនោះសោត សេចក្ដីអធិដ្ឋានរបស់អ្នករាល់គ្នានឹងត្រូវរារាំង ពីព្រោះនាងក៏ជាអ្នកទទួលជីវិតជាមត៌ករួមជាមួយនឹងអ្នករាល់គ្នាដែរ+ ដោយសារគុណដ៏វិសេសលើសលប់របស់ព្រះ។
៨ ក្រោយបង្អស់ ចូរអ្នកទាំងអស់គ្នាមានចិត្តគំនិតតែមួយ+ ចូរកើតទុក្ខជាមួយគ្នា ស្រឡាញ់រាប់អានគ្នាជាបងប្អូន មានចិត្តអាណិតមេត្តា+ និងមានចិត្តរាបទាប។+ ៩ មិនត្រូវធ្វើអំពើអាក្រក់សងអ្នកដែលធ្វើអំពើអាក្រក់មកលើខ្លួន+ ឬប្រមាថតបទៅអ្នកដែលប្រមាថខ្លួននោះឡើយ។+ ផ្ទុយទៅវិញ ចូរឲ្យពរគេ+ ពីព្រោះអ្នករាល់គ្នាបានត្រូវហៅឲ្យមានវិថីជីវិតបែបនេះ ដើម្បីអ្នករាល់គ្នាអាចទទួលពរ។*
១០ ព្រោះ«អ្នកណាដែលស្រឡាញ់ជីវិត ហើយចង់រស់នៅដោយមានសុភមង្គល អ្នកនោះត្រូវទប់អណ្ដាត ដោយមិននិយាយអ្វីដែលអាក្រក់+ ហើយឃាត់បបូរមាត់ ដោយមិនពោលពាក្យបោកបញ្ឆោត។ ១១ ចូរឲ្យអ្នកនោះជៀសចេញពីអ្វីដែលអាក្រក់+ ហើយធ្វើអ្វីដែលល្អវិញ។+ ចូរឲ្យអ្នកនោះខំប្រឹងឲ្យមានសន្តិភាពជានិច្ច។+ ១២ ព្រោះភ្នែករបស់ព្រះយេហូវ៉ា*មើលពួកអ្នកសុចរិត ហើយត្រចៀករបស់លោកស្ដាប់ការអង្វរសុំរបស់ពួកគេ+ តែព្រះយេហូវ៉ា*ប្រឆាំងពួកអ្នកដែលប្រព្រឹត្តអំពើអាក្រក់»។+
១៣ បើអ្នករាល់គ្នាខ្នះខ្នែងធ្វើអំពើល្អ តើអ្នកណានឹងធ្វើបាបអ្នករាល់គ្នា?+ ១៤ ប៉ុន្តែ ទោះជាអ្នករាល់គ្នារងទុក្ខដោយសារសេចក្ដីសុចរិតក៏ដោយ ក៏អ្នករាល់គ្នាមានសុភមង្គលដែរ។+ កុំខ្លាចអ្វីដែលមនុស្សឯទៀតខ្លាចឡើយ* ហើយកុំព្រួយបារម្ភ។+ ១៥ ប៉ុន្តែ ចូរទទួលស្គាល់គ្រិស្តជាម្ចាស់ក្នុងចិត្តអ្នករាល់គ្នា ហើយប្រុងប្រៀបជានិច្ចដើម្បីនិយាយការពារសេចក្ដីសង្ឃឹមរបស់អ្នករាល់គ្នានៅចំពោះមុខមនុស្សទាំងអស់ ដែលទាមទារឲ្យអ្នករាល់គ្នាប្រាប់អំពីមូលហេតុដែលអ្នករាល់គ្នាមានសេចក្ដីសង្ឃឹមនោះ តែចូរធ្វើដូច្នេះដោយចិត្តស្លូតបូត+និងដោយការគោរពដ៏ជ្រាលជ្រៅ។+
១៦ កុំធ្វើអ្វីដែលនាំឲ្យសមត្ថភាពវិនិច្ឆ័យផ្ដន្ទាទោសឡើយ។+ យ៉ាងនេះ ទោះជាមានអ្នកណានិយាយអាក្រក់ប្រឆាំងអ្នករាល់គ្នាតាមវិធីណាក៏ដោយ អ្នកនោះនឹងត្រូវអាម៉ាស់ខ្មាស+ ដោយសារការប្រព្រឹត្តល្អដែលអ្នករាល់គ្នាធ្វើក្នុងនាមជាអ្នកកាន់តាមគ្រិស្ត។+ ១៧ ព្រោះប្រសិនបើព្រះអនុញ្ញាតឲ្យអ្នករាល់គ្នារងទុក្ខដោយសារធ្វើអំពើល្អ+ នោះប្រសើរជាងរងទុក្ខដោយសារធ្វើអំពើអាក្រក់។+ ១៨ ពីព្រោះគ្រិស្តស្លាប់មួយដងជាការស្រេចដើម្បីលោះការខុសឆ្គង+ គឺមនុស្សសុចរិតស្លាប់ដើម្បីមនុស្សមិនសុចរិត។+ លោកបានធ្វើដូច្នេះ ដើម្បីនាំអ្នករាល់គ្នាទៅឯព្រះ។+ ពេលដែលគេសម្លាប់លោក លោកជាមនុស្ស+ តែលោកបានត្រូវប្រោសឲ្យមានជីវិតរស់ឡើងវិញជាវិញ្ញាណ។+ ១៩ ពេលនោះ លោកបានទៅផ្សព្វផ្សាយដល់ពួកវិញ្ញាណដែលជាប់ឃុំឃាំង+ ២០ ជាពួកវិញ្ញាណដែលមិនបានស្ដាប់បង្គាប់នៅសម័យណូអេ ពេលដែលព្រះរង់ចាំដោយអត់ធ្មត់+ ខណៈដែលទូកធំកំពុងត្រូវសង់+ ដែលក្នុងនោះមនុស្សតែប៉ុន្មាននាក់ប៉ុណ្ណោះបានត្រូវសង្គ្រោះពីទឹក* គឺមនុស្ស៨នាក់។+
២១ ព្រឹត្តិការណ៍នោះជានិមិត្តរូបនៃអ្វីដែលកំពុងសង្គ្រោះអ្នករាល់គ្នានៅឥឡូវនេះ ពោលគឺការទទួលការជ្រមុជទឹក។ អ្នកបានទទួលការជ្រមុជទឹក ដោយសារអ្នកមានជំនឿលើលោកយេស៊ូគ្រិស្តដែលបានត្រូវប្រោសឲ្យរស់ឡើងវិញ។ ការជ្រមុជទឹកមិនមែនជាការជម្រះរូបកាយឲ្យអស់ភាពកខ្វក់ទេ ប៉ុន្តែជាការសុំព្រះផ្ដល់នូវសមត្ថភាពវិនិច្ឆ័យដែលមិនផ្ដន្ទាទោស។+ ២២ លោកបានទៅស្ថានសួគ៌ ហើយឥឡូវលោកនៅខាងស្ដាំព្រះ។+ ក្រោយមក ទេវតា អំណាច និងអាជ្ញាធរនានាបានត្រូវដាក់ឲ្យនៅក្រោមអំណាចរបស់លោក។+
៤ ដោយសារគ្រិស្តបានរងទុក្ខពេលដែលលោកជាមនុស្ស+ ចូរអ្នករាល់គ្នាប្រុងប្រៀបខ្លួនដោយមានចិត្តគំនិត*ដូចលោកដែរ ពីព្រោះអ្នកណាដែលបានរងទុក្ខក្នុងសាច់ឈាម អ្នកនោះបានលះចោលការខុសឆ្គង+ ២ ដើម្បីរស់នៅធ្វើតាមបំណងប្រាថ្នារបស់ព្រះក្នុងអំឡុងពេលដែលអ្នកនោះនៅមានជីវិត* មិនមែនរស់នៅដើម្បីធ្វើតាមសេចក្ដីប៉ងប្រាថ្នារបស់មនុស្សទៀតទេ។+ ៣ ព្រោះវេលាដែលអ្នករាល់គ្នាបានចំណាយក្នុងការធ្វើតាមបំណងប្រាថ្នារបស់ពិភពលោកនេះគឺល្មមហើយ+ ជាវេលាដែលអ្នករាល់គ្នាប្រព្រឹត្តដោយឥតកោតក្រែង* ដោយតណ្ហាក្រាស់ ការផឹកស្រាច្រើនហួសប្រមាណ ការជប់លៀងសប្បាយឥតបើគិត ការប្រកួតគ្នាផឹកស្រា និងការគោរពបូជារូបព្រះដ៏គួរឲ្យស្អប់ខ្ពើម។*+ ៤ ប៉ុន្តែ ពេលដែលអ្នករាល់គ្នាឈប់រត់ទៅននៀលក្នុងភក់ជ្រាំនៃអបាយមុខជាមួយនឹងពួកគេទៀត នោះធ្វើឲ្យពួកគេងឿងឆ្ងល់។ ដូច្នេះ ពួកគេក៏និយាយប្រមាថអ្នករាល់គ្នា។+ ៥ ប៉ុន្តែ មនុស្សទាំងនោះនឹងទទួលខុសត្រូវនៅចំពោះមុខលោកដែលបានប្រុងប្រៀបវិនិច្ឆ័យមនុស្សរស់និងមនុស្សស្លាប់។+ ៦ តាមពិត នេះជាមូលហេតុដែលដំណឹងល្អក៏បានត្រូវប្រកាសប្រាប់ដល់មនុស្សស្លាប់*ដែរ។+ យ៉ាងនេះ ទោះជាពួកគេបានត្រូវវិនិច្ឆ័យតាមសម្បកក្រៅដោយទស្សនៈរបស់មនុស្សក៏ដោយ តែព្រះចាត់ទុកពួកគេថាជាអ្នកដែលមានជីវិតរស់នៅក្រោមការដឹកនាំនៃឫទ្ធានុភាពរបស់លោក។
៧ ប៉ុន្តែ ទីបញ្ចប់នៃអ្វីៗទាំងអស់គឺជិតដល់ហើយ។ ដូច្នេះ ចូរដឹងខុសត្រូវជានិច្ច+ ហើយចាំមិនភ្លេចអំពីសារៈសំខាន់នៃការអធិដ្ឋាន។+ ៨ ជាពិសេស ចូរស្រឡាញ់គ្នាទៅវិញទៅមកឲ្យខ្លាំង+ ពីព្រោះសេចក្ដីស្រឡាញ់គ្របបាំងការខុសឆ្គងជាច្រើន។+ ៩ ចូរទទួលគ្នាទៅវិញទៅមកយ៉ាងរាក់ទាក់ដោយមិនរអ៊ូរទាំ។+ ១០ ក្នុងនាមជាអ្នកចាត់ចែង*ល្អប្រសើរដែលបានទទួលគុណដ៏វិសេសលើសលប់របស់ព្រះដែលបានត្រូវផ្ដល់ឲ្យតាមរបៀបផ្សេងៗ នោះចូរបម្រើគ្នាទៅវិញទៅមកតាមអំណោយដែលអ្នករាល់គ្នាម្នាក់ៗបានទទួល។+ ១១ ប្រសិនបើអ្នកណានិយាយ អ្នកនោះត្រូវនិយាយអំពីប្រសាសន៍របស់ព្រះ។ បើអ្នកណាបំពេញកិច្ចបម្រើ អ្នកនោះត្រូវបំពេញកិច្ចបម្រើដោយពឹងផ្អែកលើកម្លាំងដែលព្រះផ្ដល់ឲ្យ+ ដើម្បីឲ្យព្រះទទួលការលើកតម្កើងក្នុងគ្រប់ការទាំងអស់+ តាមរយៈលោកយេស៊ូគ្រិស្ត។ សិរីរុងរឿងនិងកម្លាំងខ្លាំងក្លាជារបស់លោកជារៀងរហូតតទៅ។ អាមេន។
១២ បងប្អូនជាទីស្រឡាញ់អើយ កុំភ្ញាក់ផ្អើលអំពីភ្លើងដែលកំពុងឆេះក្នុងចំណោមអ្នករាល់គ្នា+ ហាក់ដូចជាមានអ្វីចម្លែកដែលកំពុងកើតឡើងដល់អ្នករាល់គ្នាឡើយ ព្រោះភ្លើងនោះកំពុងកើតឡើងដើម្បីល្បងលអ្នករាល់គ្នា។ ១៣ ក៏ប៉ុន្តែ ចូរបន្តអរសប្បាយ+ដោយសារអ្នករាល់គ្នារួមចំណែកក្នុងទុក្ខលំបាករបស់គ្រិស្ត+ ដើម្បីឲ្យអ្នករាល់គ្នាអាចអរសប្បាយ ហើយត្រេកអរយ៉ាងខ្លាំង ពេលដែលសិរីរុងរឿងរបស់លោកនឹងត្រូវបង្ហាញឲ្យឃើញ។+ ១៤ ប្រសិនបើគេជេរប្រមាថ*អ្នករាល់គ្នាដោយសារនាមរបស់គ្រិស្ត នោះអ្នករាល់គ្នាមានសុភមង្គលហើយ+ ពីព្រោះសិរីរុងរឿងនៃឫទ្ធានុភាព គឺឫទ្ធានុភាពរបស់ព្រះកំពុងសណ្ឋិតលើអ្នករាល់គ្នា។
១៥ ក៏ប៉ុន្តែ ខ្ញុំមិនចង់ឲ្យអ្នករាល់គ្នាណាម្នាក់រងទុក្ខទោសដោយសារជ្រៀតជ្រែកក្នុងរឿងអ្នកឯទៀត ដោយសារបានសម្លាប់គេ លួចគេ ឬធ្វើអំពើខុសឆ្គងឡើយ។+ ១៦ ប៉ុន្តែ ប្រសិនបើអ្នកណារងទុក្ខដោយសារជាគ្រិស្តសាសនិក អ្នកនោះមិនត្រូវខ្មាសឡើយ+ តែត្រូវបន្តលើកតម្កើងព្រះដោយរស់នៅជាគ្រិស្តសាសនិក។ ១៧ ព្រោះនេះជាពេលកំណត់ឲ្យការវិនិច្ឆ័យចាប់ផ្ដើមពីរាស្ត្រ*របស់ព្រះ។+ ប្រសិនបើការវិនិច្ឆ័យចាប់ផ្ដើមពីយើងមុនគេ+ តើអ្វីនឹងកើតឡើងដល់ពួកអ្នកដែលមិនធ្វើតាមដំណឹងល្អរបស់ព្រះ?+ ១៨ «ហើយប្រសិនបើមនុស្សសុចរិតត្រូវខំព្យាយាមយ៉ាងខ្លាំងដើម្បីទទួលសេចក្ដីសង្គ្រោះ នោះតើអ្នកដែលមិនគោរពកោតខ្លាចព្រះនិងអ្នកដែលប្រព្រឹត្តអំពើខុសឆ្គងនឹងទៅជាយ៉ាងណាវិញ?»។+ ១៩ ដូច្នេះ ចូរឲ្យពួកអ្នកដែលកំពុងរងទុក្ខដោយសារធ្វើតាមបំណងប្រាថ្នារបស់ព្រះ បន្តផ្ញើជីវិត*នឹងព្រះដែលជាអ្នកបង្កើតដ៏ស្មោះត្រង់ កាលដែលពួកគេកំពុងប្រព្រឹត្តការល្អ។+
៥ ដូច្នេះ ខ្ញុំសូមបំផុសទឹកចិត្តអ្នកចាស់ទុំទាំងឡាយក្នុងចំណោមអ្នករាល់គ្នា ព្រោះខ្ញុំក៏ជាអ្នកចាស់ទុំដែរ ហើយជាសាក្សីអំពីទុក្ខលំបាករបស់គ្រិស្ត និងជាអ្នករួមចំណែកក្នុងសិរីរុងរឿងដែលនឹងត្រូវបើកបង្ហាញ៖+ ២ ក្នុងនាមជាអ្នកត្រួតពិនិត្យ ចូរឃ្វាលហ្វូងចៀមរបស់ព្រះ+ដែលនៅក្រោមការថែទាំរបស់អ្នករាល់គ្នា មិនមែនឃ្វាលដោយបង្ខំចិត្តទេ តែដោយស្ម័គ្រចិត្តនៅចំពោះព្រះ+ ហើយមិនមែនដោយចង់បានប្រយោជន៍ផ្ទាល់ខ្លួនឡើយ+ តែដោយស្មោះអស់ពីចិត្ត ៣ ក៏មិនមែនដោយធ្វើជាចៅហ្វាយលើពួកអ្នកដែលជាមត៌ករបស់ព្រះដែរ+ តែដោយធ្វើជាគំរូដល់ហ្វូងចៀមវិញ។+ ៤ ពេលដែលមេគង្វាល+នឹងត្រូវលេចមក នោះអ្នករាល់គ្នានឹងទទួលមកុដនៃសិរីរុងរឿងដែលមិនអាចសាបសូន្យបានឡើយ។+
៥ តាមរបៀបដូចគ្នា ចូរអ្នករាល់គ្នាដែលជាយុវជន ចុះចូលនឹងបុរសចាស់ទុំ។+ ប៉ុន្តែ ចូរមនុស្សទាំងអស់គ្នាបំពាក់*ខ្លួនដោយចិត្តរាបទាបក្នុងរបៀបដែលប្រព្រឹត្តចំពោះគ្នាទៅវិញទៅមក ពីព្រោះព្រះប្រឆាំងមនុស្សក្រអឺតក្រទម តែលោកឲ្យគុណដ៏វិសេសលើសលប់ដល់មនុស្សដែលមានចិត្តរាបទាប។+
៦ ដូច្នេះ ចូរអ្នករាល់គ្នាបន្ទាបខ្លួនក្រោមដៃដ៏ខ្លាំងក្លារបស់ព្រះ ដើម្បីឲ្យលោកតម្កើងអ្នករាល់គ្នានៅពេលកំណត់+ ៧ កាលដែលអ្នករាល់គ្នាផ្ទេរកង្វល់ទាំងអស់ទៅព្រះ+ ពីព្រោះលោករមែងគិតអំពីអ្នករាល់គ្នា។+ ៨ ចូរដឹងខ្លួនជានិច្ច ហើយប្រុងប្រយ័ត្នចុះ!+ មេកំណាច*ដែលជាសត្រូវរបស់អ្នករាល់គ្នា ដើរក្រវែលដូចតោដែលកំពុងគ្រហឹមរកលេបត្របាក់អ្នកណាម្នាក់។+ ៩ ប៉ុន្តែ ចូរតស៊ូនឹងវា+ដោយមានជំនឿមាំមួន ហើយដោយដឹងថាបងប្អូនរបស់អ្នករាល់គ្នាពេញពិភពលោកកំពុងឆ្លងកាត់ទុក្ខលំបាកដូចគ្នាដែរ។+ ១០ ក៏ប៉ុន្តែ ក្រោយពីអ្នករាល់គ្នាបានរងទុក្ខមួយរយៈពេលខ្លី ព្រះដែលផ្ដល់គុណដ៏វិសេសលើសលប់គ្រប់យ៉ាង ដែលបានហៅអ្នករាល់គ្នាឲ្យរួបរួមជាមួយនឹងគ្រិស្ត ហើយឲ្យទទួលសិរីរុងរឿងជារៀងរហូត+ នឹងបង្គ្រប់ការហ្វឹកហ្វឺនរបស់អ្នករាល់គ្នា។ លោកនឹងធ្វើឲ្យអ្នករាល់គ្នាមាំមួន+ហើយខ្លាំងក្លា+ លោកនឹងជួយអ្នកមិនឲ្យរង្គោះរង្គើឡើយ។ ១១ សូមឲ្យលោកប្រកបដោយកម្លាំងខ្លាំងក្លាជារៀងរហូត។ អាមេន។
១២ តាមរយៈស៊ីលវេនុស*+ដែលខ្ញុំចាត់ទុកជាបងប្រុសស្មោះត្រង់ ខ្ញុំបានសរសេរសំបុត្រទៅកាន់អ្នករាល់គ្នាយ៉ាងខ្លី ដើម្បីលើកទឹកចិត្តអ្នករាល់គ្នា ហើយបញ្ជាក់យ៉ាងស្មោះអស់ពីចិត្តថា នេះហើយជាគុណដ៏វិសេសលើសលប់ដ៏ពិតរបស់ព្រះ។ ចូរកាន់ជំហរមាំមួនក្នុងគុណដ៏វិសេសនេះ។ ១៣ ស្ត្រី*ដែលនៅក្រុងបាប៊ីឡូន ដែលបានត្រូវជ្រើសរើសដូចអ្នករាល់គ្នា ផ្ដាំសួរសុខទុក្ខ ហើយម៉ាកុស+ជាកូនរបស់ខ្ញុំ ក៏ផ្ដាំសួរសុខទុក្ខដែរ។ ១៤ ចូរសួរសុខទុក្ខគ្នាទៅវិញទៅមកយ៉ាងកក់ក្ដៅ។*
សូមឲ្យអ្នកទាំងអស់គ្នាដែលជាអ្នករួបរួមជាមួយនឹងគ្រិស្ត ប្រកបដោយសេចក្ដីសុខសាន្ត។
ភាសាក្រិច«អាប៉ូស្តូឡូស»មានន័យថា«អ្នកដែលត្រូវគេចាត់ឲ្យទៅ»
មើលនិយមន័យពាក្យ«អាស៊ី»
ឬ«បានត្រូវសម្រិតសម្រាំងហើយ»
ន័យត្រង់«ចូរក្រវាត់គំនិតរបស់អ្នករាល់គ្នាឲ្យមាំមួន»
ន័យត្រង់«អ្នករាល់គ្នាបានត្រូវលោះ»
ឬ«ពីទំនៀមទម្លាប់»
សំដៅលើពូជដែលអាចបង្កើតផលបាន
ឬ«បណ្ដាំ»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬ«បណ្ដាំ»
ន័យត្រង់«មិនអាម៉ាស់មុខឡើយ»
សំដៅលើដុំថ្មដែលដាក់នៅជំនួបជញ្ជាំងពីរនៅកែងឬជ្រុងសំណង់
ឬ«បិទមាត់»
ឬ«ជាវិធីដោះសា»
ឬ«លើកកិត្តិយស»
ឬ«លើកកិត្តិយស»
ឬ«ដោយសារសមត្ថភាពវិនិច្ឆ័យរបស់គាត់»
ឬ«មកឯលោកដែលជាគង្វាលនិងអ្នកត្រួតពិនិត្យជីវិតរបស់អ្នករាល់គ្នា»
ឬ«ដោយចេះគិតដល់នាង» ឬ«ដោយយល់អារម្មណ៍នាង»
ន័យត្រង់«ទទួលពរជាមត៌ក»
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
មើលសេចក្ដីពន្យល់បន្ថែម ផ្នែកក៥
ឬប្រហែលជាមានន័យថា«កុំភ័យខ្លាចការគំរាមកំហែងរបស់មនុស្សឡើយ»
ឬ«បានត្រូវនាំកាត់ទឹកដោយសុវត្ថិភាព»
ឬ«ដោយប្ដេជ្ញាចិត្ត»
ន័យត្រង់«នៅមានជីវិតជាមនុស្ស»
ឬ«ប្រព្រឹត្តដោយឥតអៀនខ្មាស»។ ភាសាក្រិច«អាសិលគា»។ មើលនិយមន័យពាក្យ«ប្រព្រឹត្តដោយឥតកោតក្រែង»
ន័យត្រង់«ការគោរពបូជារូបព្រះខុសច្បាប់»
តាមមើលទៅនេះសំដៅលើអ្នកដែលប្រៀបដូចជាបានស្លាប់ ដោយសារការខុសឆ្គងរបស់ខ្លួន។ មើលអេភ ២:១
ឬ«អ្នកចាត់ចែងកិច្ចការផ្ទះ»
ឬ«តិះដៀល»
ន័យត្រង់«ផ្ទះ»
មើលនិយមន័យពាក្យ«ជីវិត»
ឬ«ក្រវាត់»
ភាសាក្រិច«ឌីអាបូឡូស»មានន័យថា«អ្នកបង្កាច់បង្ខូច»
ក៏មានឈ្មោះថាស៊ីឡាសដែរ
«ស្ត្រី»ទំនងជាសំដៅលើក្រុមជំនុំមួយ
ន័យត្រង់«ដោយការថើបដែលប្រកបដោយសេចក្ដីស្រឡាញ់ជាបងប្អូន»