សៀវភៅរឿងព្រះគម្ពីររបស់ខ្ញុំ
នេះជាសៀវភៅមួយដែលស្តីអំពីរឿងពិតជាច្រើន។ រឿងទាំងនេះត្រូវបានដកស្រង់ចេញពីសៀវភៅដ៏ឧត្តមជាងគេបំផុតមួយក្នុងពិភពលោក គឺព្រះគម្ពីរ។ រឿងទាំងនេះសម្ដែងប្រាប់អ្នកនូវប្រវត្ដិសាស្ត្រនៃពិភពលោក ចាប់តាំងពីពេលដែលព្រះបានចាប់ផ្ដើមបង្កើត រហូតមកដល់សម័យបច្ចុប្បន្នកាលយើងនេះ។ ហើយក៏សម្ដែងប្រាប់យើងទៀតអំពីអ្វីៗដែលព្រះសន្យានឹងធ្វើនៅអនាគត។
សៀវភៅនេះជួយអ្នកឲ្យយល់ដឹងច្រើនអំពីព្រះគម្ពីរ។ វាសម្ដែងប្រាប់យើងអំពីមនុស្សនៅសម័យព្រះគម្ពីរ និងអ្វីៗដែលពួកគេបានធ្វើ។ សៀវភៅនេះក៏បង្ហាញអំពីសេចក្ដីសង្ឃឹមដ៏អស្ចារ្យចំពោះជីវិតអស់កល្បជានិច្ច នៅលើផែនដីជាសួនមនោរម្យដែលព្រះនឹងប្រទានឲ្យប្រជាជន។
នៅក្នុងសៀវភៅនេះ មាន១១៦រឿង។ រឿងទាំងនេះត្រូវបានបែងចែកជាប្រាំបីភាគ។ ទំព័រនៅដើមភាគនិមួយៗពន្យល់ប្រាប់ត្រួសៗអំពីរឿងដែលចែងក្នុងភាគនោះ។ រឿងទាំងនេះត្រូវបានរៀបឡើង តាមលំដាប់ដែលព្រឹត្ដិការណ៍នោះបានកើតឡើងក្នុងប្រវត្ដិសាស្ត្រ។ នេះនឹងជួយអ្នកឲ្យរៀនដឹងពីពេលណាដែលរឿងទាំងនេះបានកើតឡើងក្នុងប្រវត្ដិសាស្ត្រ ហើយពីការដែលរឿងទាំងនេះទាក់ទងជាមួយនឹងព្រឹត្ដិការណ៍ផ្សេងៗទៀត។
រឿងទាំងនេះត្រូវបាននិទានជាភាសាដែលងាយស្រួលយល់។ ក្មេងៗជាច្រើនអាចអានរឿងទាំងនេះដោយខ្លួនឯងបាន។ ចំពោះមាតាបិតាវិញ លោកអ្នកនឹងឃើញថា កូនចៅតូចៗរបស់អ្នកនឹងមានចិត្តរីករាយឲ្យលោកអ្នកអានរឿងទាំងនេះ ឲ្យពួកគេស្ដាប់ម្ដងហើយម្ដងទៀត។ លោកអ្នកនឹងដឹងថា សៀវភៅនេះនឹងគាប់ចិត្តដល់ក្មេងៗព្រមទាំងមនុស្សចាស់ដែរ។
បទគម្ពីរត្រូវបានកត់ដាក់នៅខាងចុងនៃរឿងនិមួយៗ។ សូមលើកទឹកចិត្តអស់លោកអ្នកឲ្យអានផ្នែកនៃព្រះគម្ពីរទាំងនេះ ដែលសាច់រឿងត្រូវបានដកស្រង់ចេញមកនោះ។