១១
ឥន្ទធនូទីមួយ
តើអ្នកដឹងនូវរបស់ទីមួយដែលលោកណូអេបានធ្វើ កាលដែលគាត់និងគ្រួសាររបស់គាត់បានចេញពីទូកធំនោះទេ? គាត់បានថ្វាយតង្វាយ ឬក៏អំណោយមួយជូនព្រះ។ នៅក្នុងរូបភាពខាងក្រោម អ្នកអាចឃើញគាត់កំពុងតែថ្វាយតង្វាយនេះ។ លោកណូអេបានថ្វាយសត្វជាតង្វាយដើម្បីសម្ដែងអំណរគុណដល់ព្រះ ដែលបានសង្គ្រោះគ្រួសាររបស់គាត់ពីទឹកជំនន់ដ៏ធំសម្បើមនោះ។
តើអ្នកគិតថាព្រះយេហូវ៉ាបានពេញព្រះហឫទ័យនឹងតង្វាយនោះទេ? ត្រូវហើយ ទ្រង់បានពេញព្រះហឫទ័យណាស់។ ដូច្នេះហើយ ទ្រង់បានសន្យានឹងលោកណូអេថា ទ្រង់នឹងមិនកំទេចលោកីយ៍ដោយប្រើទឹកជំនន់ទៀតឡើយ។
មិនយូរប៉ុន្មាន ដីក៏បានរីងស្ងួតអស់ លោកណូអេនិងគ្រួសាររបស់គាត់ក៏បានចាប់ផ្ដើមជីវិតថ្មី រស់នៅខាងក្រៅទូកធំនោះ។ ព្រះបានប្រទានពរដល់ពួកគេ ហើយមានបន្ទូលថា៖ ‹ចូរឯងបង្កើតកូនជាច្រើនឡើង។ ចូរឲ្យឯងមានចំនួនជាច្រើន ឲ្យរស់នៅពេញពាសលើផែនដីចុះ›។
ប៉ុន្តែក្រោយមក នៅពេលដែលមនុស្សឮអំពីទឹកជំនន់ដ៏ធំសម្បើមនោះ គេប្រហែលជាភ័យខ្លាច ក្រែងមានទឹកជំនន់ដូចនេះកើតឡើងម្ដងទៀត។ ដូច្នេះ ព្រះបានប្រទានអ្វីមួយដែលនឹងរំឭកមនុស្សលោក អំពីសេចក្ដីសន្យារបស់ទ្រង់ ដែលនឹងលែងមានទឹកជំនន់លិចផែនដីទាំងមូលម្ដងទៀតនោះ។ តើអ្នកដឹងថា ទ្រង់បានប្រទានអ្វីដើម្បីរំឭកគេទេ? ទ្រង់បានប្រទានឲ្យឥន្ទធនូ។
ឥន្ទធនូអាចឃើញជារឿយៗនៅលើមេឃ នៅពេលថ្ងៃបញ្ចេញពន្លឺក្រោយពីភ្លៀងហើយ។ ឥន្ទធនូអាចមានពណ៌ដ៏ល្អជាច្រើន។ តើអ្នកធ្លាប់ដែលឃើញឥន្ទធនូទេ? តើអ្នកឃើញឥន្ទធនូនៅក្នុងរូបភាពនេះទេ?
នេះជាបន្ទូលរបស់ព្រះ៖ ‹អញនឹងសន្យាថាមិនត្រូវឲ្យមានមនុស្សលោកនិងសត្វ ត្រូវវិនាសដោយទឹកជំនន់ទៀតឡើយ។ អញនឹងដាក់ឥន្ទធនូរបស់អញនៅលើពពក។ ហើយនៅពេលដែលឥន្ទធនូលេចចេញមក អញនឹងឃើញវា ហើយនឹងនឹកចាំនូវសេចក្ដីសន្យារបស់អញ›។
ដូច្នេះនៅពេលដែលអ្នកឃើញឥន្ទធនូ តើនោះនឹងរំឭកអ្នកអំពីអ្វី? ត្រូវហើយ គឺសេចក្ដីសន្យារបស់ព្រះដែលទ្រង់នឹងមិនបំផ្លាញមនុស្សលោក ដោយទឹកជំនន់ដ៏ធំសម្បើមទៀតឡើយ។
លោកុប្បត្តិ ៨:១៨-២២; ៩:៩-១៧