ចូរសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍!
សៀវភៅស្តើងនេះត្រូវបានបោះពុម្ពឡើង ដើម្បីជួយលោកអ្នកឲ្យដឹងអំពីអ្នកណាដែលបានបង្កើតផែនដីនិងរបស់សព្វសារពើដែលមាននៅលើផែនដី។ លោកអ្នកនឹងរៀនដឹងថា ព្រះដែលបានបង្កើតផែនដីនេះ ទ្រង់ក៏មានព្រះនាមមួយដែរ។ នៅក្នុងសៀវភៅនេះ យើងនឹងពន្យល់អំពីមូលហេតុដែលព្រះបានបង្កើតមនុស្សលោកមក ហើយអំពីរបៀបដែលលោកអ្នកអាចសប្បាយនឹងជីវិតនៅលើផែនដីជានិរន្តរ៍បាន។
យើងសង្ឃឹមថា រូបភាពជាច្រើននេះនឹងជួយលោកអ្នកឲ្យយល់បានច្បាស់លាស់ថែមទៀតអំពីរឿងទាំងនេះ។ ដើម្បីឲ្យបានផលប្រយោជន៍ជាច្រើននោះ លោកអ្នកគួរតែអានបទគម្ពីរដែលបានស្រង់មកដាក់នៅក្បែររូបភាពជាច្រើននេះ។ តាមរបៀបនេះ លោកអ្នកនឹងអាចអានដោយខ្លួនឯងនូវពាក្យសន្យាដ៏ល្អៗរបស់ព្រះដែលបានចែងមកក្នុងព្រះគម្ពីរ ហើយនឹងអាចអានអំពីសេចក្ដីបង្គាប់របស់ព្រះដែលអ្នកត្រូវធ្វើយ៉ាងណាដើម្បីឲ្យទទួលនូវការសម្រេចតាមពាក្យសន្យានោះ។
លោកអ្នកអាចប្រើសៀវភៅស្តើងនេះ ដើម្បីជួយមនុស្សដទៃទៀតបានតាមមេត្រីភាព។ បើសិនជាលោកអ្នកមានកូនចៅ អ្នកអាចប្រើសៀវភៅនេះដើម្បីបង្រៀនកូនចៅរបស់អ្នកអំពីព្រះ។ បើសិនជាលោកអ្នករស់នៅក្នុងប្រទេសដែលមនុស្សពេញវ័យជាច្រើនមិនចេះអានអក្សរនោះ អ្នកអាចប្រើរូបភាពទាំងនេះក្នុងការជួយគេឲ្យយល់អំពីគោលបំណងរបស់ព្រះ ដើម្បីក្រោយមកគេក៏អាចជួយអ្នកជិតខាងរបស់គេដែរ។
យើងសង្ឃឹមដោយស្មោះអស់ពីចិត្តថា ការអានសៀវភៅនេះនឹងបើកផ្លូវឲ្យលោកអ្នកទទួលប្រសិទ្ធិពរជាច្រើន រហូតដល់ពេលដែលលោកអ្នកអាចជួយបង្ហាញមនុស្សឯទៀតនូវរបៀបរស់នៅជានិរន្តរ៍នៅលើផែនដីនេះដែរ។