បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • ht ចំណុចទី ១៩ ទំ. ៩២-៩៦
  • ចូរឲ្យមនុស្សទាំងឡាយឃើញជំនឿនរបស់យើង

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • ចូរឲ្យមនុស្សទាំងឡាយឃើញជំនឿនរបស់យើង
  • វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
វិធីបង្កើនសមត្ថភាពនិយាយនឹងបង្រៀន
ht ចំណុចទី ១៩ ទំ. ៩២-៩៦

ចំណុច​ហាត់​រៀន​ទី១៩

ចូរ​ឲ្យ​មនុស្ស​ទាំង​ឡាយ​ឃើញ​ជំនឿន​របស់​យើង

១ ដោយ​បាន​សិក្សា​យ៉ាង​ផ្ចិតផ្ចង់​និង​បាន​អនុវត្ត​តាម​ចំណុច​ហាត់​រៀន​ទាំង​ឡាយ​ក្នុង​កូន​សៀវភៅ​នេះ តើ​នេះ​បាន​ន័យ​ថា យើង​បាន​រៀន​ចប់​ខាង​ឯ​សាលា​កិច្ចបំរើ​ព្រះ​ធិបតេយ្យ​ឬ? អត់​ទេ! ត្បិត​នេះ​គឺ​ជា​កម្មវិធី​អប់រំ​ខាង​កិច្ចបំរើ​ដែល​មាន​ជា​បន្ត។ ស្តី​អំពី​ការ​ក្រេប​ជញ្ជក់​យក​ចំណេះ​អំពី​ព្រះ និង​ការ​អនុវត្ត​តាម​អ្វីៗដែល​យើង​រៀន​នោះ គឺ​យើង​រៀន​មិន​ចប់​ឡើយ។ ផ្ទុយ​ទៅ​វិញ ជា​សិស្ស​ដែល​សង្វាត​ព្យាយាម យើង​អាច​បន្ត​មាន​ជំនឿន​ជានិច្ច ដោយ​ឲ្យ​មនុស្ស​ទាំង​ឡាយ​ដែល​ស្គាល់​យើង​ឃើញ​នូវ​ជំនឿន​នោះ។

២ សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ប្អូន​ប្រុស​ដែល​រួម​ជំនឿ​ជា​មួយ​គាត់​ឈ្មោះ​ធីម៉ូថេ ឲ្យ​គាត់‹ឧស្សាហ៍​អាន​ព្រះ​គម្ពីរ ឧស្សាហ៍​ដាស់​តឿន និង បង្រៀន​បងប្អូន ទាំង​ឲ្យ​គាត់​យក​ចិត្ត​ទុក​ដាក់​បំពេញ​មុខ​ងារ​ឬ​សញ្ជឹង​គិត​អំពី​អ្វី​ដែល​គាត់​បាន​រៀន ហើយ​ព្យាយាម​ត​ទៅ​មុខ​ឬ​ជក់​ស្លុង​នឹង​សេចក្ដី​បង្រៀន​នោះ ដើម្បី​ឲ្យ​មនុស្ស​ទាំង​ឡាយ​ឃើញ​ជំនឿន​របស់​គាត់›។ (១ធី. ៤:១៣, ១៥, ខ.ស.) ជា​អ្នក​បំរើ​របស់​ព្រះ យើង​ម្នាក់ៗអាច​ធ្វើ​ឲ្យ​មនុស្ស​ឯ​ទៀត​ឃើញ​ជំនឿន​របស់​យើងដែរ។ យើង​អាច​បន្ត​មាន​ជំនឿន​ទៅ​មុខ​ជានិច្ច ព្រោះ​ឱកាស​ដែល​ជួយ​ឲ្យ​យើង​រីក​ចំរើន​តែង​តែ​មាន​ជា​រៀង​រហូត។ ព្រះ​យេហូវ៉ា​ជា​ប្រភព​នៃ​ចំណេះ​ពិត​ទាំង​អស់ ហើយ​ប្រភព​នោះ​គឺ​ប្រៀប​ដូច​ជា​អណ្ដូង​មួយ​ដែល​យើង​វាស់​ជំរៅ​ពុំ​បាន​និង​មាន​ទឹក​ត្រជាក់​ដែរ។ ទោះ​ជា​យើង​មិន​អាច​យល់​បាន​ពេញលេញ​នូវ​ចំណេះ​អំពី​ព្រះ​ក្ដី យើង​នៅ​តែ​អាច​ទទួល​ជីវិត​និង​កម្លាំង​ចិត្ត​ជា​រៀង​រហូត​បាន។ (រ៉ូម ១១:៣៣, ៣៤; អេសា. ៥៥:៨, ៩) ដូច្នេះ តើ​យើង​អាច​ធ្វើ​ឲ្យ​មនុស្ស​ឯ​ទៀត​ឃើញ​ជំនឿន​របស់​យើង​យ៉ាង​ដូច​ម្ដេច?

៣ របៀប​ស​ឲ្យ​ឃើញ​នូវ​ជំនឿន: វិធី​មួយ​ដែល​ស​ឲ្យ​ឃើញ​នូវ​ជំនឿន​របស់​យើង គឺ​តាម​រយៈ​សុន្ទរកថា​ក្នុង​សាលា។ យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា យើង​ពុំ​មាន​ជំនឿន​ច្រើន​ប៉ុន្មាន​ទេ ប៉ុន្តែ​អ្នក​ដទៃ​អាច​កត់​សម្គាល់​ជំនឿន​របស់​យើង​ច្រើន​ជាង​យើង​សម្គាល់​ខ្លួន​ឯង។ ក្នុង​ករណី​នេះ យើង​ទាំង​អស់​គ្នា​ប្រៀប​ដូច​ជា​ក្មេង​ម្នាក់​ដែល​ចង់​ធំ​ឡើង​ឲ្យ​បាន​ពេញ​វ័យ​យ៉ាង​ឆាប់​រហ័ស តែ​ពេល​ញាតិ​មិត្ត​មក​លេង ពួក​គាត់​លាន់​មាត់​ថា៖ «យី! កូន​នេះ​ដក​កំពស់​ច្រើន​មែន!»។ សូម​គិត​អំពី​សុន្ទរកថា​ទី​មួយ​ដែល​យើង​បាន​ថ្លែង​ក្នុង​សាលា។ តើ​យើង​នៅ​ចាំ​សុន្ទរកថា​នោះ​ទេ? ចូរ​ប្រៀបធៀប​សុន្ទរកថា​នោះ​ជា​មួយ​នឹង​សុន្ទរកថា​ដែល​យើង​ទើប​តែ​បាន​ថ្លែង​នៅ​ពេល​ថ្មីៗនេះ។ តាំង​ពី​ពេល​ដំបូង​មក យើង​ពិត​ជា​បាន​រៀន​ច្រើន ហើយ​មាន​បទពិសោធន៍​ច្រើន​ជាង មែន​ទេ? ដូច្នេះ​ហើយ ចូរ​បន្ត​មាន​ជំនឿន​ទៅ​មុខ​ជានិច្ច​ចុះ!

៤ យើង​មិន​ស​ឲ្យ​ឃើញ​នូវ​ជំនឿន​របស់​ខ្លួន តាម​រយៈ​តែ​សុន្ទរកថា​ក្នុង​សាលា​ប៉ុណ្ណោះ​ឡើយ។ តែ​ជំនឿន​របស់​យើង​ត្រូវ​ស​ឲ្យ​ឃើញ​នៅ​ឯ​កិច្ច​ប្រជុំ​ក្រុមជំនុំ​ដែរ។ តើ​យើង​ទៅ​ប្រជុំ​ជា​ទៀងទាត់​ឬ​ទេ? បើ​យើង​ទៅ​ប្រជុំ​ទៀងទាត់​នេះ​បង្ហាញ​ថា យើង​កំពុង​តែ​ជឿន​ទៅ​មុខ​មែន ហើយ​ថា​យើង​មាន​ចិត្ត​អបអរ​ចំពោះ​សំវិធានការ​ពី​ព្រះ​យេហូវ៉ា ដើម្បី​ជួយ​យើង​ខាង​វិញ្ញាណ។ បន្ថែម​ទៅ​ទៀត ចម្លើយ​ដ៏​មាន​អត្ថន័យ​របស់​យើង​ក្នុង​កិច្ច​ប្រជុំ ក៏​អាច​ស​បញ្ជាក់​ពី​ជំនឿន​ដែរ។ អស់​អ្នក​ដែល​ឆ្លើយ​ស្មោះ​អស់​ពី​ចិត្ត ជាជាង​គ្រាន់​តែ​អាន​ចម្លើយ​នោះ នេះ​បង្ហាញ​ឲ្យ​ឃើញ​នូវ​ការ​រីក​ចំរើន​ដែរ។ ដូច​គ្នា​ដែរ អស់​អ្នក​ដែល​បញ្ជាក់​ដោយ​ចម្លើយ​ថា ពត៌មាន​ដែល​យើង​កំពុង​តែ​សិក្សា​នោះ​មាន​ន័យ​អ្វី ឬ​មាន​តម្លៃ​ប៉ុណ្ណា​ក្នុង​ជីវិត​ខ្លួន នោះ​បង្ហាញ​ថា​ខ្លួន​បាន​បណ្ដុះ​ឲ្យ​មាន​សមត្ថភាព​វែកញែក។ ដូច្នេះ ពេល​ចង់​កត់​សម្គាល់​ថា តើ​បុគ្គល​ម្នាក់​មាន​ជំនឿន​ប៉ុណ្ណា​នោះ យើង​ត្រូវ​កត់​សម្គាល់​អំពី​ការ​មក​កិច្ច​ប្រជុំ​ជា​ទៀងទាត់​និង​ចម្លើយ​ដ៏​មាន​អត្ថន័យ​ដែល​មាន​ក្នុង​កម្មវិធី​នោះ។

៥ ចុះ​យ៉ាង​ណា​នូវ​ការ​រីក​ចំរើន​ដែល​យើង​មាន​ក្នុង​កិច្ចបំរើ​ផ្សាយ? តើ​យើង​អាច​នឹក​ចាំ​ពី​អារម្មណ៍​របស់​ខ្លួន​នៅ​ពេល​ដែល​យើង​បាន​ចាប់​ផ្ដើម​ផ្សាយ​នៅ​មុខ​ផ្ទះ​ដំបូង​ឬ​ទេ? សូម​ប្រៀបធៀប​អារម្មណ៍​នោះ​ជា​មួយ​នឹង​សមត្ថភាព​ដែល​យើង​មាន​នៅ​ពេល​ឥឡូវ​នេះ​វិញ។ ឥឡូវ​យើង​មាន​សមត្ថភាព​ច្រើន​ជាង មែន​ទេ? ប៉ុន្តែ យើង​ប្រាកដ​ជា​ទទួល​ស្គាល់​ថា យើង​នៅ​តែ​អាច​បង្កើន​ឲ្យ​មាន​ប្រសិទ្ធភាព​បន្ត​ទៀត​ក្នុង​ការ​ផ្សព្វផ្សាយ​និង​ការ​បង្រៀន។ មួយ​ទៀត តើយើង​អាច​ចូល​រួម​បាន​ពេញលេញ​ជាង ក្នុង​ផ្នែក​ផ្សេងៗនៃ​កិច្ចបំរើ​ព្រះ​បាន​ទេ? សាវ័ក​ប៉ុល​បាន​ដាស់​តឿន​ថា៖ «យើង​ខ្ញុំ​អង្វរ ហើយ​ទូន្មាន​ដល់​អ្នក​រាល់​គ្នា . . . ថា ចូរ​ដើរ​តាម​ដែល​គួរ​គប្បី ដើម្បី​ឲ្យ​បាន​គាប់​ដល់​ព្រះ​ហឫទ័យ​ព្រះ កាន់​តែ​ខ្លាំង​ឡើង»។ (១ថែ. ៤:១) កាល​ដែល​យើង​មាន​ជំនឿន​ទៅ​មុខ ដោយ​ចូល​រួម​យ៉ាង​ពេញលេញ​ក្នុង​កិច្ចបំរើ​ព្រះ​យេហូវ៉ា នោះ​ការ​ផ្សព្វផ្សាយ​និង​ការ​បង្រៀន​របស់​យើង​នឹង​មាន​ប្រសិទ្ធភាព​កាន់​តែ​ច្រើន​ឡើង ហើយ​យើង​នឹង​អបអរ​ច្រើន​ថែម​ទៀត​នូវ​ឯកសិទ្ធិ​នៃ​ការ​បំរើ​ព្រះ​យេហូវ៉ា។ សូម្បី​តែ​ពេល​ដែល​ម្ចាស់​ផ្ទះ​មិន​រួសរាយ​នឹង​យើង​ក្ដី យើង​ក៏​នៅ​តែ​ចាត់​ទុក​កិច្ចបំរើ​នេះ​ជា​ឯកសិទ្ធិ ថា​ព្រះ​យេហូវ៉ា​ប្រើ​យើង​ដើម្បី​ប្រាប់​សារ​របស់​ទ្រង់​ដល់​មនុស្ស​ជាតិ។

៦ ជំនឿន​របស់​យើង​ក៏​អាច​ឃើញ​តាម​រយៈ​ការ​សន្ទនា​ដែរ។ ព្រះ​យេស៊ូ​បាន​មាន​បន្ទូល​ថា៖ ‹មាត់​ពោល​បញ្ចេញ​សេចក្ដី​បរិបូរ​ដែល​នៅ​ក្នុង​ចិត្ត›។ (លូ. ៦:៤៥) ពេល​ការ​សន្ទនា​របស់​យើង​សំដៅ​កាន់​តែ​ច្រើន​ទៅ​លើ​ព្រះ​យេហូវ៉ា​និង​គោល​បំណង​របស់​ទ្រង់ នេះ​ក៏​ស​ឲ្យ​ឃើញ​ជាក់​ស្តែង​ថា យើង​មាន​ជំនឿន​មែន។ នេះ​បង្ហាញ​ថា យើង​មាន​ចិត្ត​អបអរ​ចំពោះ​ព្រះ​យេហូវ៉ា​កាន់​តែ​ខ្លាំង​ឡើង ហើយ​ថា​យើង​កំពុង​តែ​ចូល​ទៅ​ជិត​ទ្រង់​ដែរ។ ហើយ​កាល​ណា​យើង​ចូល​ទៅ​ជិត​ព្រះ នេះ​នឹង​ជួយ​ការពារ​យើង​ផង​ដែរ។

៧ ការ​អនុវត្តន៍​តាម​គោលការណ៍​ព្រះ​គម្ពីរ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ​របស់​យើង ក៏​បង្ហាញ​នូវ​ជំនឿន​ផង​ដែរ។ ឥឡូវ​នេះ យើង​ប្រព្រឹត្ត​ខុស​គ្នា​ឆ្ងាយ​ពី​របៀប​ដែល​យើង​ប្រព្រឹត្ត​មុន​យើង​មាន​ចំណេះ​អំពី​ព្រះ​បន្ទូល​របស់​ព្រះ​យេហូវ៉ា មែន​ទេ? ប្រហែល​ជា​ការ​ជឿន​ទៅ​មុខ​នៃ​ការ​ធ្វើ​តាម​មាគ៌ា​របស់​ព្រះ​យេហូវ៉ា ក៏​ឃើញ​ក្នុង​សកម្មភាព​ផ្សេង​ទៀត​ដែរ។ ជំនឿន​របស់​យើង​គឺ​ឃើញ​ជាក់​ស្តែង​ក្នុង​ផ្ទះ គឺ​ក្នុង​របៀប​ដែល​យើង​ប្រព្រឹត្ត​លើ​សមាជិក​ម្នាក់ៗក្នុង​គ្រួសារ។ ការ​បំពេញ​តាម​ភារកិច្ច​របស់​យើង ក៏​បង្ហាញ​នូវ​ជំនឿន​ដែរ។ នៅ​កន្លែង​ធ្វើ​ការ យើង​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​អនុវត្តន៍​តាម​គោលការណ៍​ព្រះ​គម្ពីរ។ អ្វីៗទាំង​នេះ​គឺ​ជា​ភស្តុតាង​ថា​យើង​មាន​ជំនឿន​ច្រើន​មែន។ ប៉ុន្តែ យើង​នៅ​តែ​អាច​ខំ​ប្រឹង​អនុវត្ត​តាម​គោលការណ៍​ព្រះ​គម្ពីរ​ឲ្យ​បាន​ពេញលេញ​ជាង។

៨ ចូរ​ស្ម័គ្រ​ចិត្ត​ជួយ​ចុះ!: វិធី​មួយ​ទៀត​ដែល​យើង​អាច​បង្ហាញ​នូវ​ជំនឿន​បាន គឺ​ដោយ​យល់​ព្រម​ចូល​រួម​ក្នុង​កិច្ចបំរើ​របស់​ព្រះ​យេហូវ៉ា​ឲ្យ​បាន​ច្រើន​ទៀត។ ទំនុកដំកើង ១១០:៣ ចែង​ថា៖ «រាស្ត្រ​របស់​ឯង​គេ​ថ្វាយ​ខ្លួន​ស្ម័គ្រ​ពី​ចិត្ត»។ តើ​យើង​មាន​ទឹក​ចិត្ត​បែប​នេះ​ដែរ​ឬ​ទេ? តើ​យើង​ពិត​ជា​អាច​បំរើ​ព្រះ​យេហូវ៉ា​កាន់​តែ​ច្រើន​ទៀត​នៅ​ថ្ងៃ​មុខ​ទេ?

៩ យើង​អាច​បង្ហាញ​នូវ​ចិត្ត​ស្មោះ​ស្ម័គ្រ​បាន ដោយ​សុខ​ចិត្ត​ជួយ​អ្នក​ដទៃ ទាំង​បង្ហាញ​នូវ​ការ​យក​ចិត្ត​ទុក​ដាក់​ដ៏​ស្មោះ​ចំពោះ​ពួក​គេ។ អ្នក​ចាស់​ទុំ​ក្នុង​ក្រុមជំនុំ​ប្រហែល​ជា​នឹង​សុំ​អ្នក​ជួយ​បងប្អូន​ប្រុស​ស្រី​ម្នាក់។ បងប្អូន​ប្រុស​ស្រី​ទាំង​នេះ​ប្រហែល​ជា​ត្រូវ​ការ​ជំនួយ​ដើម្បី​ធ្វើ​ដំណើរ​ទៅ​ប្រជុំ។ តើ​យើង​ស្ម័គ្រ​ចិត្ត​ជួយ​ពួក​គាត់​ឬ? យើង​ក៏​មិន​ត្រូវ​រង់ចាំ​ឲ្យ​អ្នក​ដទៃ​សុំ​ជំនួយ​ពី​យើង​នោះ​ទេ។ យើង​អាច​ផ្ដល់​ជំនួយ​ស្ម័គ្រ​ពី​ចិត្ត​ដល់​មនុស្ស​ដែល​ត្រូវ​ការ។ តើ​មាន​នរណា​ម្នាក់​ឈឺ​ឬកំពុង​ដេក​ពេទ្យ​ទេ? យើង​មិន​ចាំបាច់​រង់ចាំ​ឲ្យ​អ្នក​ចាស់​ទុំ​ប្រាប់​យើង​អំពី​រឿង​នោះ​ឡើយ។ ប៉ុន្តែ យើង​អាច​ទៅ​សួរ​សុខ​ទុក្ខ​អ្នក​ជំងឺ ឬ​ជួយ​តាម​របៀប​ផ្សេងៗ បើ​យើង​ដឹង​ថា​គាត់​ត្រូវ​ការ​ជំនួយ​អ្វី​នោះ។ តើ​យើង​មាន​កម្មវិធី​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀងទាត់​ក្នុង​ក្រុម​គ្រួសារ​របស់​យើង​ឬ​ទេ? យើង​អាច​ជួយ​គ្រួសារ​ដែល​ទើប​សេពគប់​ជា​មួយ​យើង ដែល​ពុំ​មាន​កម្មវិធី​សិក្សា​ព្រះ​គម្ពីរ​ជា​ទៀងទាត់ ដោយ​អញ្ជើញ​ពួក​គាត់​ឲ្យ​ចូល​រួម​សិក្សា​ជា​មួយ​ក្រុម​គ្រួសារ​យើង​ម្ដងម្កាល។ ឬ​បើ​យើង​ទៅ​ផ្សាយ​ម្នាក់​ឯង យើង​ក៏​អាច​អញ្ជើញ​បងប្អូន​ឯ​ទៀត​ឲ្យ​ទៅ​ជា​មួយ​យើង​ដែរ។ សូម​រៀបចំ​ទុក​ជា​មុន​ដើម្បី​អញ្ជើញ​អ្នក​ផ្សាយ​ម្នាក់​ទៀត​ទៅ​ផ្សព្វផ្សាយ​ជា​មួយ​យើង។ ត្រូវ​ហើយ អ្នក​បំរើ​របស់​ព្រះ​យេហូវ៉ា​តែង​តែ​រវល់​មមាញឹក​ណាស់​សព្វ​ថ្ងៃ​នេះ។ ប៉ុន្តែ​ដោយសារ​យើង​ស្ម័គ្រ​ចិត្ត​ជួយ​បងប្អូន​ប្រុស​ស្រី នេះ​ក៏​បង្ហាញ​នូវ​ជំនឿន​របស់​យើង​ដែរ។ «ដូច្នេះ កាល​ណា​យើង​មាន​ឱកាស នោះ​ត្រូវ​ធ្វើ​ល្អ​ដល់​មនុស្ស​ទាំង​អស់ ហើយ​គឺ​ដល់​ពួក​អ្នក​ជឿ​ជា​ដើម»។—កា. ៦:១០

១០ បើ​យើង​ជា​បុរស​ម្នាក់ យើង​អាច​ខំ​ប្រឹង​បំពេញ​តាម​តម្រូវ​ការ​ផ្សេងៗក្នុង​ព្រះ​បន្ទូល​របស់​ព្រះ​ដើម្បី​ធ្វើ​ជា​អ្នក​នាំ​មុខ​ក្នុង​ក្រុមជំនុំ។ ធីម៉ូថេទី១ ៣:១ មាន​ពាក្យ​សរសើរ​អស់​អ្នក​ដែល​ចង់​បំរើ​ជា​អ្នក​ត្រួតត្រា។ នេះ​មិន​មាន​ន័យ​ថា យើង​ចង់​ដំកើង​ខ្លួន​ឲ្យ​អ្នក​ដទៃ​កត់​សម្គាល់​យើង ឬ​ចង់​ប្រកួត​ប្រជែង​ជា​មួយ​អ្នក​ដទៃ​ឡើយ។ នេះ​គឺ​សំដៅ​ទៅ​លើ​ការ​ខំ​ប្រឹង​ដើម្បី​បង្ហាញ​ថា​យើង​ជា​គ្រីស្ទាន​ដែល​មាន​គំនិត​ចាស់​ទុំ ពោល​គឺ«អ្នក​ចាស់​ទុំ» ដែល​បំពេញ​លក្ខណៈ​និង​ស្ម័គ្រ​ចិត្ត​បំរើ​បងប្អូន​ខាង​វិញ្ញាណ​របស់​យើង។ នៅ​ក្នុង​ក្រុមជំនុំ​និ​មួយៗគឺ​ត្រូវ​ការ​អ្នក​ចាស់​ទុំ​និង​អ្នក​ងារ​ជំនួយ​ជា​ច្រើន​ដើម្បី​នាំ​មុខ​ក្នុង​ការ​បង្រៀន ក្នុង​កិច្ចការ​ផ្សព្វផ្សាយ និង​ឲ្យ​ទទួល​ភារកិច្ច​ផ្សេងៗក្នុង​ក្រុមជំនុំ។

១១ បងប្អូន​ដែល​ស្ម័គ្រ​ចិត្ត​ជួយ គឺ​ទទួល​នូវ​ឯកសិទ្ធិ​ជា​ច្រើន​ក្នុង​ក្រុមជំនុំ។ ពួក​គេ​បាន​ត្រូវ​សុំ​ឲ្យ​ធ្វើ​ការ​សម្ដែង​ក្នុង​កម្មវិធី​ការ​ប្រជុំ​អប់រំ​កិច្ចបំរើ ឬ​បាន​ត្រូវ​សុំ​ជួយ​អ្នក​ចាស់​ទុំ ឬ​ជួយ​អ្នក​ងារ​ជំនួយ ពីព្រោះ​ពួក​គេ​បង្ហាញ​នូវ​ចិត្ត​ស្មោះ​ស្ម័គ្រ ហើយ​បង្ហាញ​ថា​ខ្លួន​ចេះ​ទទួល​ខុសត្រូវ​ពេល​ទទួល​ភារកិច្ច​ណា​មួយ។ ពេល​ត្រូវ​ការ នោះ​ចិត្ត​ស្មោះ​ស្ម័គ្រ​និង​ជំនឿន​របស់​ខ្លួន​អាច​សម្គាល់​ពួក​គេ​ជា​បងប្អូន​ដែល​មាន​លក្ខណៈ​គ្រប់គ្រាន់​ដើម្បី​ទទួល​ឯកសិទ្ធិ​ជា​អ្នក​បំរើ​ក្នុង​ក្រុមជំនុំ។ ហេតុ​អ្វី​បាន​ជា​ពួក​គេ​បាន​ត្រូវ​តែងតាំង​ឲ្យ​ទទួល​ភារកិច្ច? ពីព្រោះ​ពួក​គេ​បាន​បង្ហាញ​នូវ​ចិត្ត​ស្មោះ​ស្ម័គ្រ​និង​មាន​ជំនឿន ដល់​ម្ល៉េះ​បាន​ជា​បំពេញ​តាម​តម្រូវ​ការ​ដែល​ព្រះ​យេហូវ៉ា​បាន​កត់​ទុក​ក្នុង​ព្រះ​បន្ទូល​របស់​ទ្រង់។ អស់​អ្នក​ដែល​ទទួល​ឯកសិទ្ធិ​ជា​អ្នក​បំរើ​ក្នុង​ក្រុមជំនុំ ត្រូវ​បាន​អញ្ជើញ​ចូល​រួម​សាលា​កិច្ចបំរើ​ព្រះ​រាជាណាចក្រ​ដែល​មាន​យូរៗម្ដង ដើម្បី​ទទួល​នូវ​ការ​អប់រំ​ថែម​ទៀត ស្តី​អំពី​ការ​ចាត់​ចែង​ភារកិច្ច​ក្នុង​ក្រុមជំនុំ។

១២ គឺ​មាន​ឯកសិទ្ធិ​ឯ​ទៀត​ដែរ ដែល​យើង​គ្រប់​គ្នា​អាច​ទទួល​បាន បើ​ស្ម័គ្រ​ចិត្ត​ធ្វើ​ហើយ​មាន​កាលៈទេសៈ​ហុច​ឲ្យ។ តើ​យើង​អាច​បំរើ​ជា​អ្នក​ត្រួសត្រាយ​ជំនួយ​ម្ដងម្កាល ដូច​ជា​បងប្អូន​រាប់ពាន់​នាក់​ទៀត​ធ្វើ​នោះ​ទេ? ប្រហែល​ជា​យើង​អាច​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពេញ​ពេល ដែល​មាន​ចំនួន​កាន់​តែ​ច្រើន​ឡើងៗ។ ស្រប​ទៅ​តាម​កាលៈទេសៈ​និង​ទស្សនៈ​របស់​យើង​ចំពោះ​កិច្ចបំរើ​ព្រះ​យេហូវ៉ា បើ​ត្រូវ​ការ​នោះ តើ​យើង​សុខ​ចិត្ត​ផ្លាស់​ទីលំនៅ​ដើម្បី​បំរើ​ព្រះ​នៅ​កន្លែង​ផ្សេង​ឬ​ទេ? បងប្អូន​ជា​ច្រើន​បាន​ធ្វើ​ដូច្នេះ ដោយ​បំរើ​ជា​អ្នក​ត្រួសត្រាយ​ពិសេស ឬ​បាន​ទៅ​សាលា​គីលាត​និង​បំរើ​ជា​សាសនទូត ឬ​ជា​អ្នក​ផ្សាយ​ដែល​រើ​ផ្ទះ​ទៅ​បំរើ​នៅ​កន្លែង​ផ្សេង​ដែល​ត្រូវ​ការ​អ្នក​ផ្សាយ​ច្រើន​ជាង។ បងប្អូន​ខ្លះ​បាន​ទទួល​កិច្ចបំរើ​នៅ​បេតអែល។ ពួក​គេ​បាន​ទទួល​ពរ​យ៉ាង​វិសេស​មែន ពីព្រោះ​ពួក​គេ​បាន​ថ្វាយ​ខ្លួន​ចំពោះ​ព្រះ​យេហូវ៉ា​ដោយ​ស្ម័គ្រ​ពី​ចិត្ត។

១៣ យើង​កំពុង​តែ​រស់​នៅ​ក្នុង​គ្រា​ដ៏​រំភើប​រីករាយ​មែន។ ក្នុង​កំឡុង​ថ្ងៃ«ជាន់​ក្រោយ​បង្អស់»នេះ ព្រះ​យេហូវ៉ា​បាន​រៀបចំ​ឲ្យ​មាន​កិច្ចការ​ផ្សាយ​និង​ការ​បង្រៀន​ដ៏​អស្ចារ្យ​ឲ្យ​កើត​មាន​ឡើង​នៅ​លើ​ផែនដី។ កាល​ណា​ព្រះ​យេហូវ៉ា​ផ្ដល់​សេចក្ដី​អញ្ជើញ​តាម​រយៈ​អង្គការ​របស់​ទ្រង់ ឲ្យ​ចូល​រួម​ក្នុង​ផ្នែក​ណា​មួយ​នៃ​កិច្ចការ​នេះ សូម​សួរ​ខ្លួន​ឯង​ថា៖ «តើ​ព្រះ​យេហូវ៉ា​កំពុង​តែ​មាន​បន្ទូល​មក​កាន់​ខ្ញុំ​ទេ​ដឹង?»។ ចូរ​ពិនិត្យ​មើល​កាលៈទេសៈ​និង​ចិត្ត​របស់​ខ្លួន​ឯង​ចុះ! ប្រហែល​ជា​យើង​មាន​ជំនឿន​មួយ​កំរិត​ហើយ ព្រម​ទាំង​បង្ហាញ​ចិត្ត​ស្មោះ​ស្ម័គ្រ​ដែរ។ នេះ​ពិត​ជា​ល្អ​មែន។ ប៉ុន្តែ តើ​មាន​វិធី​ឯ​ទៀត​ដែល​យើង​អាច​បង្ហាញ​នូវ​ជំនឿន​របស់​យើង​ដោយ​ស្ម័គ្រ​ចិត្ត​បំរើ​ព្រះ​ឲ្យ​បាន​ពេញលេញ​បាន​ទេ? កាល​ដែល​យើង​តប​ឆ្លើយ​តាម​ការ​បង្គាប់​របស់​ព្រះ​យេហូវ៉ា ហើយ​ធ្វើ​តាម​ការ​ដឹក​នាំ​របស់​ទ្រង់ នោះ​យើង​នឹង​ទទួល​ពរ​យ៉ាង​វិសេស។ នៅ​ទូទាំង​ពិភពលោក អស់​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​បំរើ​ព្រះ​យេហូវ៉ា​អាច​បញ្ជាក់​ពី​ការ​ពិត​នេះ។ ប្រាកដ​ហើយ ពរ​ដែល​វិសេស​ជាង​គេ​បំផុត គឺ​ការ​រស់​នៅ​ជា​រៀង​រហូត​ក្នុង​ពិភពលោក​ថ្មី​របស់​ព្រះ ដែល​នេះ​គឺ​អាស្រ័យ​លើ​ជំនឿន​របស់​យើង។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ​បន្ទូល​របស់​ព្រះ​ដាស់​តឿន​យើង​ថា៖ «ចូរ​សញ្ជឹង​គិត ហើយ​ជក់​ស្លុង​នឹង​អ្វីៗទាំង​អស់​នេះ​ចុះ! ដើម្បី​ឲ្យ​មនុស្ស​ទាំង​ឡាយ​ឃើញ​ជំនឿន​របស់​អ្នក។ ចូរ​យក​ចិត្ត​ទុក​ដាក់​នឹង​ខ្លួន​អ្នក ហើយ​និង​សេចក្ដី​បង្រៀន​របស់​ខ្លួន​ផង​ដែរ។ ចូរ​ធ្វើ​ដូច​នេះ​ជានិច្ច​ចុះ! ត្បិត​បើ​ធ្វើ​ដូច្នេះ អ្នក​នឹង​សង្គ្រោះ​ខ្លួន​អ្នក ហើយ​មនុស្ស​ដែល​ស្ដាប់​អ្នក​ផង​ដែរ»។—១ធី. ៤:១៥, ១៦, ព.ថ.

[សំណួរ​សម្រាប់​អត្ថបទ​សិក្សា]

១, ២​. ហេតុ​អ្វី​ក៏​យើង​គ្រប់​គ្នា​គួរ​គិត​អំពី​ការ​ជឿន​ទៅ​មុខ?

៣, ៤​. តើ​ជំនឿន​ត្រូវ​ស​ឲ្យ​ឃើញ​ច្បាស់​យ៉ាង​ដូច​ម្ដេច តាម​រយៈ​សាលា​កិច្ចបំរើ​និង​កិច្ច​ប្រជុំ​ឯ​ទៀត?

៥​. តើ​ជំនឿន​របស់​យើង​ត្រូវ​ស​ឲ្យ​ឃើញ​យ៉ាង​ណា​ក្នុង​កិច្ចបំរើ​ផ្សាយ?

៦​. តើ​ការ​សន្ទនា​របស់​យើង​អាច​បង្ហាញ​យ៉ាង​ណា ថា​ខ្លួន​បាន​រីក​ចំរើន​ខាង​វិញ្ញាណ?

៧​. តើ​ការ​អនុវត្តន៍​តាម​គោលការណ៍​ព្រះ​គម្ពីរ​នៅ​ពេល​ណា​នឹង​បង្ហាញ​នូវ​ជំនឿន​នោះ?

៨, ៩​. បើ​យើង​ស្ម័គ្រ​ចិត្ត​ជួយ​បងប្អូន តើ​នេះ​បង្ហាញ​អំពី​អ្វី? ហើយ​តើ​មាន​ឱកាស​ណា​ខ្លះ​ដើម្បី​ធ្វើ​នេះ?

១០, ១១​. ស្រប​តាម​ធីម៉ូថេទី១ ៣:១ តើ​បងប្អូន​ប្រុសៗអាច​ធ្វើ​យ៉ាង​ណា ដើម្បី​បង្ហាញ​ថា​ខ្លួន​មាន​ចិត្ត​ស្មោះ​ស្ម័គ្រ​នោះ?

១២, ១៣​. បងប្អូន​ជា​ច្រើន​ដែល​ស្ម័គ្រ​ចិត្ត​ជួយ​ហើយ​មាន​កាលៈទេសៈ​ហុច​ឲ្យ​នោះ តើ​ពួក​គាត់​អាច​ទទួល​ឯកសិទ្ធិ​ណា​ខ្លះ?

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក