សំណួរពីអ្នកអាន
តើគ្រិស្តសាសនិកអាចធ្វើយ៉ាងណា បើពិបាករកគូអាពាហ៍ពិពាហ៍ល្អម្នាក់?
សូម្បីតែគ្រិស្តសាសនិកដែលបម្រើព្រះយេហូវ៉ាយ៉ាងស្មោះត្រង់ក៏ដោយ ក៏អាចកើតទុក្ខនៅពេលដែលសង្ឃឹមថានឹងបានអ្វីមួយ តែមិនបានដូចប្រាថ្នានោះ។ អារម្មណ៍របស់យើងបានរៀបរាប់យ៉ាងត្រឹមត្រូវនៅក្នុងសៀវភៅសុភាសិតដែលចែងថា៖ «សេចក្ដីសង្ឃឹមដែលចេះតែបន្ថយទៅ នោះនាំឲ្យរអាចិត្ត»ឬមួយក៏«ការអស់សង្ឃឹម តែងតែនាំអោយព្រួយចិត្ត»។ (សុភាសិត ១៣:១២; ខ.ស.) បងប្អូនគ្រិស្តសាសនិកខ្លះមានអារម្មណ៍បែបនេះ ពេលដែលពួកគាត់ចង់រៀបការ តែមិនអាចរកគូអាពាហ៍ពិពាហ៍ដែលល្អសមគ្នា។ នេះគឺពិបាកជាងគេ ជាពិសេសចំពោះអស់អ្នកដែលសាវ័កប៉ុលបានរៀបរាប់ថា៖ «មានសេចក្ដីរោលរាល»ឬ«ពុះកញ្ជ្រោល»។—កូរិនថូសទី១ ៧:៩; ខ.ស.
ព្រះយេហូវ៉ាបានបង្កើតមនុស្សជាតិឲ្យមានបំណងចង់នៅជាមួយមនុស្សម្នាក់ទៀតដែលជាភេទផ្ទុយ។ ដូច្នេះហើយ មិនជាការចម្លែកទេ ដែលបងប្អូននៅលីវមានអារម្មណ៍បែបនេះ។ (លោកុប្បត្តិ ២:១៨) ប្រហែលជាទំនៀមទម្លាប់ក្នុងសង្គមសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរៀបការ (ឬការរៀបអាពាហ៍ពិពាហ៍មុនចាស់ពេក) ហើយនេះអាចបណ្ដុះបណ្ដាលឲ្យមានអារម្មណ៍ចង់រៀបការភ្លាមៗ។ ណាមួយទៀត គ្រិស្តសាសនិកខ្លះដែលនៅលីវអាចមានអារម្មណ៍បែបនេះពេលឃើញបងប្អូនភាគច្រើននៅក្នុងក្រុមជំនុំបានរៀបការរួចហើយ ថែមទាំងមានសុភមង្គលផង។ យ៉ាងណាក៏ដោយ ខ្វល់ខ្វាយពីបញ្ហានេះរហូត មិនជាការល្អឡើយ។ ដូច្នេះ តើគ្រិស្តសាសនិកស្មោះត្រង់អាចទប់ទល់ ដោយមិនបណ្ដោយខ្លួនឲ្យខូចចិត្តខ្លាំងពេកតាមរបៀបណា?
ការទប់ចិត្តមិនតែងតែស្រួលទេ ហើយអ្នកដទៃក៏មិនគួរមានគំនិតថា អ្នកនៅលីវនោះបំផ្លើសពីអារម្មណ៍របស់ខ្លួន ឬចាត់ទុកនេះជាបញ្ហាតូចតាចដែលមិនសូវសំខាន់ឡើយ។ ក៏ប៉ុន្តែ ការទប់ទល់នឹងអារម្មណ៍ដ៏ពិបាកក្នុងចិត្ត និងការរិះរកវិធីដោះស្រាយបញ្ហានេះ ច្រើនតែអាស្រ័យទៅលើខ្លួនអ្នកដែលនៅលីវ។
គោលការណ៍មួយនេះក្នុងគម្ពីរ បញ្ជាក់ពីវិធីម្យ៉ាងដែលអ្នកនៅលីវអាចទប់ទល់និងមិនបណ្ដោយខ្លួនឲ្យខូចចិត្តខ្លាំងពេក។ បទគម្ពីរចែងថា៖ «ដែលឲ្យ នោះបានពរជាជាងទទួល»។ (កិច្ចការ ២០:៣៥) នេះជាពាក្យរបស់បុរសម្នាក់ដែលនៅលីវ គឺព្រះយេស៊ូ ហើយទ្រង់ក៏យល់ច្បាស់ពីអ្វីដែលទ្រង់បាននិយាយដែរ។ ពេលយើងជាប់រវល់ក្នុងការធ្វើល្អចំពោះអ្នកដទៃ ដោយមិនគិតពីប្រយោជន៍ខ្លួន នេះជាវិធីមួយដ៏សមរម្យមែន ដើម្បីជួយយើងឲ្យយកឈ្នះលើចិត្តអស់សង្ឃឹមនោះ។ ចំពោះគ្រិស្តសាសនិកដែលនៅលីវ តើគោលការណ៍នេះលើកទឹកចិត្តពួកគាត់ឲ្យធ្វើអ្វីខ្លះ?
គោលការណ៍នេះលើកទឹកចិត្តពួកអ្នកដែលនៅលីវឲ្យធ្វើការល្អៗចំពោះសមាជិកនៃក្រុមគ្រួសាររបស់ខ្លួន និងអ្នកឯទៀតក្នុងក្រុមជំនុំ ថែមទាំងបង្កើនសកម្មភាពក្នុងកិច្ចបម្រើផ្សាយឲ្យបានកាន់តែច្រើនថែមទៀត។ ឱវាទនេះមិនមែនជាយោបល់ថា ‹ចូរជាប់រវល់ចុះ! នោះអ្នកនឹងលែងចង់រៀបការហើយ›ទេ។ ប៉ុន្តែ ពេលជាប់រវល់ក្នុងកិច្ចការជាគ្រិស្តសាសនិក អ្នកដែលនៅលីវប្រហែលជានឹង‹ស៊ូកុំឲ្យរៀបការ› ទាំងមានចិត្ត«សប្បាយ»ក្នុងការចេះ«អត់ទ្រាំ» ហើយនេះអាចធ្វើឲ្យកាលៈទេសៈក្នុងជីវិតរបស់គាត់ទៅជាមានប្រយោជន៍ច្រើនជាង។—ម៉ាថាយ ១៩:១០, ១១; កូរិនថូសទី១ ៧:៩, ៤០
អ្នកខ្លះដែលមានចំណង់ចង់រៀបការខ្លាំងពេក បានជក់ស្លុងនឹងក្ដីប្រាថ្នាមួយនេះយ៉ាងហួសហេតុ។ ពួកគាត់ក៏ហ៊ានរហូតដល់បានចុះតាមសារព័ត៌មានដើម្បីប្រកាសរកគូផង។ ប៉ុន្តែតាមការពិត យើងអាចទទួលប្រយោជន៍ច្រើនជាង បើយើងយកចិត្តទុកដាក់ទៅលើអំណរដែលយើងអាចមានបានពេលនៅលីវ (សូមមើលវគ្គ៤-៧ ក្នុងអត្ថបទដែលមានចំណងជើងថា «ភរិយាទាំងឡាយ ចូរគោរពស្វាមីយ៉ាងជ្រាលជ្រៅ» ក្នុងទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែមីនា ឆ្នាំ២០០៧ និងអត្ថបទដែលមានចំណងជើងថា «ភាពនៅលីវជាទ្វារមួយសំរាប់សកម្មភាពដែលគ្មានការរំខាន» ក្នុងទស្សនាវដ្ដីប៉មយាម ចុះថ្ងៃទី១ ខែមករា ឆ្នាំ១៩៩៧)។
ចូរអធិស្ឋានសូមព្រះយេហូវ៉ាជួយឲ្យចេះស៊ូទ្រាំនឹងភាពនៅលីវ។ (ភីលីព ៤:៦, ៧, ១៣) បងប្អូនគ្រិស្តសាសនិកច្រើននាក់ដែលមិនទាន់រៀបការក៏ទទួលស្គាល់ថា ការយកពេលដើម្បីសិក្សានិងរំពឹងគិតពីបណ្ដាំរបស់ព្រះយេហូវ៉ា ព្រមទាំងចូលរួមកិច្ចប្រជុំនិងរួមចំណែកដោយផ្ដល់ចម្លើយ បានធ្វើឲ្យពួកគាត់«ស្ងប់ចិត្ត» ដូចព្រះយេស៊ូបានសន្យាចំពោះអស់អ្នកដែលកាន់តាមទ្រង់។ (ម៉ាថាយ ១១:២៨-៣០, ខ.ស.) នេះបានជួយពួកគាត់ឲ្យពង្រឹងចំណងមេត្រីភាពជាមួយនឹងព្រះយេហូវ៉ា ដើម្បីធ្វើជាស្វាមីនិងភរិយាដែលល្អជាង នៅពេលក្រោយ បើពួកគាត់អាចរកគូអាពាហ៍ពិពាហ៍ដែលល្អសមគ្នាបាន។
សូមចាំកុំភ្លេចថា ព្រះយេហូវ៉ាយល់ពីកាលៈទេសៈរបស់អ្នកបម្រើទ្រង់ដែលនៅលីវ។ ទ្រង់ជ្រាបថា ស្ថានភាពក្នុងជីវិតនៅពេលនេះ ប្រហែលមិនជាអ្វីដែលធ្វើឲ្យយើងស្កប់ចិត្តទេ។ បិតាដែលជាទីស្រឡាញ់របស់យើងនៅឯស្ថានសួគ៌ ទ្រង់ជ្រាបពីអ្វីដែលយើងត្រូវការនៅពេលឥឡូវនេះ ហើយនិងតទៅមុខទៀតផង។ ដូច្នេះ ទ្រង់រមែងផ្ដល់អ្វីដែលយើងត្រូវការដើម្បីឲ្យមានមិត្តភាពជិតស្និទ្ធជាមួយនឹងទ្រង់ ព្រមទាំងចិត្តស្កប់ស្កល់ផងដែរ។ ជាលទ្ធផល ពេលដែលយើងសង្ឃឹមទៅលើព្រះយេហូវ៉ាដោយចិត្តអត់ធ្មត់ ព្រមទាំងអនុវត្តតាមគោលការណ៍ដែលមានក្នុងបណ្ដាំរបស់ទ្រង់ នោះយើងអាចដឹងជាប្រាកដថា ទ្រង់នឹងប្រទានអ្វីៗដែលជាចាំបាច់ដើម្បីផ្ដល់ប្រយោជន៍ជារៀងរហូតដល់យើងគ្រប់គ្នា។—សូមពិនិត្យបន្ថែម ទំនុកដំកើង ១៤៥:១៦