ត្រូវបានទ្រទ្រង់ដោយមិត្តដ៏ឧត្តមរបស់គេ
មិត្តភាពមួយដែលទ្រទ្រង់ស្មរបន្ទាល់ព្រះយេហូវ៉ាជាពិសេស នេះគឺការមានទំនាក់ទំនងដ៏ល្អជាមួយមិត្តដ៏ឧត្តមរបស់គេ គឺព្រះយេហូវ៉ា។ (ប្រៀបធៀប យ៉ាកុប ២:២៣) ទ្រង់គាំទ្រគេក្នុងគ្រាមានល្បងយ៉ាងខ្លាំងដល់ជំនឿរបស់គេ។
ប្រវត្ដិនៃចិត្តស្មោះគ្រប់ល័ក្ខណ៍របស់ស្មរបន្ទាល់ ក្រោមអំណាចគ្រប់គ្រងផ្ដាច់ការ ត្រូវបានពួកអ្នកសង្កេតការណ៍ជាច្រើនសរសើរ។ លោកយិន ក្រូភិកា បណ្ឌិតខាងទស្សនវិជ្ជានិងវិទ្យាសាស្ត្រធម្មជាតិ ជាអ្នកសង្កេតការណ៍ម្នាក់ ដែលបានរត់ទៅនៅស្រុក ឆេកូស្លូវ៉ាគីក្នុងឆ្នាំ១៩៦៨ ក្រោយពីបានរស់នៅជាច្រើនឆ្នាំក្នុងបន្ទាយឃុំឃាំងមនុស្សកុម្មុនិស្ត។ ក្នុងសៀវភៅរបស់លោកឈ្មោះ Renesance rozumu (ដំណើរវិលត្រឡប់នៃពួកអ្នកប្រាជ្ញ) លោកបានមានប្រសាសន៍អំពីសេចក្ដីទុក្ខវេទនានិងការខ្ជាប់ខ្ជួននៃពួកស្មរបន្ទាល់ ដែលត្រូវបានគេចាប់ដាក់គុកដោយអព្យាក្រឹតភាពរបស់គេ។
នៅក្រោមអំណាចកុម្មុយនិស្ត ស្មរបន្ទាល់ជាច្រើនត្រូវបានគេកាត់ទោសដាក់គុក ដោយព្រោះតែជំនឿរបស់គេ។ ទោះបីជាប់គុកក៏ដោយ ពួកគេបដិសេធមិនព្រមទៅជីកយកអ៊ុយរ៉ានីញ៉ូមសំរាប់ប្រើក្នុងសង្គ្រាមឡើយ។ (អេសាយ ២:៤) លោកក្រូភីកាបានរៀបរាប់ប្រាប់អំពីអ្វីដែលលោកឃើញ នៅកន្លែងធ្វើរ៉ែក្នុងឆ្នាំ១៩៥២។ លោកបានឃើញរូបពីរដែលឈរដូចជារូបចម្លាក់ទឹកកកក្នុងធាតុអាកាសនៃរដូវត្រជាក់។ ធុងដែកគ្របលើក្បាលរបស់គេនិងរូបកាយខាងលើ។
លោកក្រូភីកាសរសេរថា៖ «ពួកគេបានឈរនៅទីនោះពាក់អាវដាច់រយីរយ៉ៃ តាំងពីពេលព្រលឹមមកម្ល៉េះ។ តើយ៉ាងដូចម្ដេចទៅដែលពួកគេអាចស៊ូទ្រាំឈរយ៉ាងយូរម្ល៉េះលើជើងដែលកកនោះ? គឺដោយកម្លាំងនៃជំនឿ។ ធុងគឺចាស់ហើយច្រេះ។ បុគ្គលដ៏ឃោរឃៅម្នាក់រុញពីលើក្បាលនិងស្មារបស់គេយ៉ាងខ្លាំង ដែលខ្នែងស្រួចនៃធុងនោះកាត់អាវហើយស្បែកនៃបុរសម្នាក់ ហើយឈាមក៏ហូរចេញពីកដៃអាវរបស់គាត់។
«អ្នកយាមបានបញ្ឈប់នៅឯជួររបស់យើងនៅពីមុខពួកគេ ហើយមេបញ្ជាការថ្លែងប្រាប់យើងសេចក្ដីខ្លីមួយ។ មេបញ្ជាការមានប្រសាសន៍ថា ការបដិសេធមិនធ្វើការ ជាការបះបោរ និងដាក់ទណ្ឌកម្មឲ្យស្របតាមនោះ។ គ្មានមនោសញ្ចេតនាមិនសមហេតុផលណាអំពីសង្គ្រាមនិងការកាប់សម្លាប់ អាចជួយពួកអ្នកប្រឆាំងសង្គ្រាមទាំងនេះបានឡើយ ពួកនេះជាសត្រូវនៃសង្គមនិយម»។
មេបញ្ជាការក៏យកដំបងដែកមកវាយធុងមួយ។ បុរសដែលនៅក្នុងនោះក៏ដួលទាំងធុងជាប់នឹងក្បាលរបស់គាត់។ អ្វីដែលបានកើតឡើងបន្ទាប់ គឺជាប់ក្នុងគំនិតរបស់លោកក្រូភីកា។
លោកមានប្រសាសន៍ថា៖ «គឺមានសម្លេងច្រៀងចេញពីធុងនោះ។ សម្លេងដ៏ទន់ គឺការអធិស្ឋានខ្សឹបៗទៅព្រះ ដែលទ្រង់អាចឮពីកន្លែងណាក៏ដោយ—គឺថែមទាំងឮចំរៀងចេញពីធុងអ៊ុយរ៉ានីញ៉ូមចាស់នោះ។ ទ្រង់ឮចំរៀងនេះខ្លាំងជាងក្រុមអ្នកច្រៀងក្នុងមហាវិហារទៅទៀត»។
ខែកញ្ញាទី១ ឆ្នាំ១៩៩៣ កិច្ចការរបស់ស្មរបន្ទាល់ព្រះយេហូវ៉ាក្នុងសាធារណៈរដ្ឋឆេកូស្លូវ៉ាគី បានទទួលស្គាល់ពេញច្បាប់។ ស្មរបន្ទាល់ជនជាតិឆេកូស្លូវ៉ាគី ឥឡូវនេះប្រកបកិច្ចការអប់រំគ្រីស្ទានរបស់គេដោយមានសេរីភាព។ ត្រូវហើយ ពួកគេមានចិត្តរីករាយក្នុងការប្រាប់អ្នកដទៃអំពីព្រះយេហូវ៉ា ជាមិត្តដ៏ឧត្តមរបស់គេ។
[រូបភាពនៅទំព័រ៧]
ពួកអ្នកដែលមកមហាសន្និបាតក្នុងប្រទេសឆេកូស្លូវ៉ាគី