វេជ្ជបណ្ឌិតឯកទេសពិចារណាវិធីព្យាបាលដោយឥតប្រើឈាម
ពួកវេជ្ជបណ្ឌិតប្រមាណ២០០នាក់មកពីកន្លែងផ្សេងៗក្នុងសហរដ្ឋអាមេរិក បានមកប្រជុំនៅទីក្រុងឃ្លីវឺឡិន រដ្ឋអូហៃយ៉ូ នៅថ្ងៃសៅរ៍ ទី៧ ខែតុលា ឆ្នាំ១៩៩៥ ដើម្បីពិគ្រោះអំពីប្រធានដែលមនុស្សចាប់អារម្មណ៍ច្រើនខាងវិស័យពេទ្យ៖ ថ្នាំនិងការវះកាត់ដោយឥតប្រើឈាម។
មានបញ្ហាដ៏ស្មុគស្មាញខ្លះៗត្រូវបានពិគ្រោះ។ ជាឧទាហរណ៍ ចុះយ៉ាងណាវិញ បើអ្នកជម្ងឺខ្វះឈាមក្រហមច្រើន? តើទារកដែលកើតមិនគ្រប់ខែអាចព្យាបាលដោយឥតប្រើឈាមយ៉ាងដូចម្ដេច? តើការវះកាត់បេះដូងដោយមិនបញ្ចូលឈាមអាចសម្រេចដោយជោគជ័យបានទេ? គួរឲ្យចាប់អារម្មណ៍ណាស់ ការវះកាត់ដោយឥតប្រើឈាម—តែងតែប្រើវិធីព្យាបាលដែលជួយរូបកាយឲ្យបង្កើនឈាមខ្លួនឯង—បានយកមកអនុវត្តនៅគ្រប់ស្ថានការណ៍ទាំងនេះដោយមានលទ្ធផលយ៉ាងល្អ។a
ហេតុអ្វីក៏ត្រូវការវិធីព្យាបាលផ្សេងទៀត ជាជាងការបញ្ចូលឈាមនោះ? ចាងហ្វាងនៃមណ្ឌលសំរាប់ថ្នាំនិងការវះកាត់ដោយឥតប្រើឈាម នៅមន្ទីរពេទ្យសេន វិន្សីននៃទីក្រុងឃ្លីវឺឡិនឈ្មោះឆារិន មានប្រសាសន៍ថា៖ «យើងបានដឹងថា ការបញ្ចូលឈាមគឺតែងតែមានឆ្លងរោគ ជាពិសេស ជម្ងឺរលាកថ្លើម»។ នាងបន្តទៀតថា៖ «សូម្បីតែមិនឆ្លងរោគក៏ដោយ ក៏អាចសង្កត់ប្រព័ន្ធទប់ទល់រោគដែរ»។ ថ្វីបើការឆ្លងរោគអេដស៍ត្រូវបានបន្ថយដោយសារការឆ្លុះសំរាំងឈាម តែនៅមានរោគជាច្រើនទៀតដែលមិនអាចចាប់បានដោយការញែកធាតុបែបនេះ។ ហើយទោះបីមានការរៀបចំច្រើនក៏ដោយ ការវះកាត់ដោយឥតប្រើឈាម គឺឃើញថា មិនសូវអស់ប្រាក់ច្រើនចំពោះមន្ទីរពេទ្យ ព្រោះវាបំបាត់បញ្ហាច្បាប់ក្ដី ដែលអាចមានឡើងនៅពេលអ្នកជម្ងឺបានទទួលឈាមមានរោគ។
ចំពោះស្មរបន្ទាល់ព្រះយេហូវ៉ា គឺមានមូលហេតុដ៏សំខាន់ជាងនោះទៅទៀត ដែលគេជៀសវាងការបញ្ចូលឈាម៖ ច្បាប់របស់ព្រះហាមឃាត់អំពីរឿងនេះ។ (កិច្ចការ ១៥:២៩) ប៉ុន្តែ គេចង់បានវិធីព្យាបាលរោគដ៏ល្អប្រសើរ។ ដូច្នេះ ពួកគេបានរួមកម្លាំងជាមួយគ្រូពេទ្យណាដែលជាអ្នកនាំមុខខាងការស្រាវជ្រាវរកវិធីព្យាបាលដោយឥតប្រើឈាម។ ការព្យាបាលបែបនេះបានទទួលប្រយោជន៍ដល់ព្រះយេហូវ៉ា ហើយដល់មនុស្សជាច្រើនទៀតដែលមានចិត្តកង្វល់អំពីគ្រោះថ្នាក់នៃការបញ្ចូលឈាម។
[កំណត់សម្គាល់]
a សូមមើល Awake! នៃខែវិច្ឆិកា ថ្ងៃទី២២ ១៩៩៣ ទំព័រ ២៤-៧ និងខែមករា ថ្ងៃទី២២ ១៩៩៦ ទំព័រ ៣១ (ជាភាសាអង់គ្លេស)
[អ្នកផ្ដល់សិទ្ធិឲ្យប្រើរូបភាពនៅទំព័រ៣២]
WHO photo by P. Almasy