បណ្ណាល័យអ៊ីនធឺណិតរបស់ប៉មយាម
ប៉មយាម
បណ្ណាល័យអ៊ីនធឺណិត
ខ្មែរ
  • គម្ពីរ
  • សៀវភៅផ្សេងៗ
  • កិច្ចប្រជុំ
  • w97 ១/៣ ទំ. ២០-២១
  • «ចុះវិហាររបស់អ្នកនៅឯណា»?

សុំទោស គ្មានវីដេអូទេ

សុំទោស វីដេអូមានបញ្ហា

  • «ចុះវិហាររបស់អ្នកនៅឯណា»?
  • ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
ទស្សនាវដ្ដីប៉មយាប្រកាសអំពីរាជាណាចក្ររបស់ព្រះយេហូវ៉ា ១៩៩៨
w97 ១/៣ ទំ. ២០-២១

«ចុះ​វិហារ​របស់​អ្នក​នៅ​ឯ​ណា»?

ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​នៅ​ប្រទេស​ម៉ូសសាប៊ិក​តែង​តែ​មាន​គេ​សួរ​សំនួរ​នេះ។ រហូត​មក​ដល់​បច្ចុប្បន្ន​នេះ សំនួរ​នេះ​ពិបាក​ឆ្លើយ​មែន ពី​ព្រោះ​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ពុំ​មាន​ការ​ទទួល​ស្គាល់​ត្រឹម​ត្រូវ​តាម​ច្បាប់​ក្នុង​ប្រទេស​រហូត​ដល់​ឆ្នាំ​១៩៩១។ ដោយ​ហេតុ​នេះ គឺ​មិន​អាច​មាន​កន្លែង​ថ្វាយ​បង្គំ​ពិត​ប្រាកដ ដែល​អាច​ទុក​ជា​ទី​សម្គាល់​ច្បាស់​មួយ​បាន​ឡើយ។

ប៉ុន្តែ ស្ថានការណ៍​នេះ​បាន​ប្រែ​ប្រួល​នៅ​ថ្ងៃ​ទី​១៩ ខែ​កុម្ភៈ ១៩៩៤។ នៅ​ថ្ងៃ​នោះ អាកាសធាតុ​ក្ដៅ​ហើយ​មេឃ​ស្រឡះ​ល្អ មាន​ពិធី​សម្ពោធ​សាល​ព្រះ​រាជាណាចក្រ​ពីរ​ដែល​បាន​សង់​ជា​លើក​ទី​មួយ​នៅ​ក្នុង​ប្រទេស​ម៉ូសសាប៊ិក។ មនុស្ស​ប្រមាណ​៦០២​នាក់​បាន​មក​ចូល​រួម​ក្នុង​ពិធី​សម្ពោធ​កន្លែង​ប្រជុំ​ដ៏​ល្អ​នេះ ដែល​បាន​ធ្វើ​ឡើង​នៅ​ទី​ក្រុង​កំពង់​ផែ​ឈ្មោះ​បែរ៉ា ប្រហែល​ស្ថិត​នៅ​ពាក់​កណ្ដាល​ឆ្នេរ​សមុទ្រ​ម៉ូសសាប៊ិក។ សាល​ទាំង​ពីរ​នេះ​នឹង​បំរើ​សេចក្ដី​ត្រូវ​ការ​នៃ​ក្រុម​ជំនុំ​បី​ក្រុម​នៅ​ក្នុង​ទី​ក្រុង​នោះ។

សំណង់​ទាំង​មូល​នេះ គឺ​ចាប់​ពី​ការ​ចាក់​គ្រឹះ​រហូត​ដល់​ការ​សង់​បាន​សម្រេច ត្រូវ​អស់​មួយ​ឆ្នាំ​ពីរ​ខែ។ ជា​រឿយ​ៗ​មាន​ជន​ស្ម័គ្រ​ចិត្ត​ពី​៣០​នាក់​ឡើង ដែល​មក​ពី​ប្រទេស​ស៊ីមបាវ៉េ មក​ជួយ​ធ្វើ​ការ​ជា​មួយ​ពួក​ស្មរបន្ទាល់​ក្នុង​តំបន់​នោះ​ដោយ​សាមគ្គី​គ្នា។ ដោយ​សារ​តែ​ពុំ​មាន​កន្លែង​ស្នាក់​នៅ​គ្រប់​គ្រាន់​ក្នុង​គេហដ្ឋាន​សាសនទូត​ក្នុង​ក្រុង​បែរ៉ា ដែល​ធ្វើ​ជា​ទី​មូលដ្ឋាន​ប្រតិបត្ដិ​ការ ពួក​ស្ម័គ្រ​ចិត្ត​ខ្លះ​បាន​នាំ​គ្នា​បោះ​តង់​នៅ​ខាង​ក្រៅ​គេហដ្ឋាន​នោះ​នៅ​ចុង​សប្ដាហ៍ ហើយ​ជួន​កាល​ស្នាក់​នៅ​តាម​បែប​នេះ​ជា​ច្រើន​សប្ដាហ៍។

សាល​ព្រះ​រាជាណាចក្រ​សំរាប់​ក្រុម​ជំនុំ​ម៉ាសាំបា​និង​ក្រុម​ជំនុំ​ម៉ា​នា​វ៉ា​ស្ថិត​នៅ​មហា​វិថី​នៃ​ទី​ក្រុង​បែរ៉ា។ សាសនទូត​ម្នាក់​មាន​ប្រសាសន៍​ថា៖ «នៅ​ថ្ងៃ​ដែល​រវល់​មួយ យើង​បាន​ឃើញ​ឡាន​ជិត​បុក​គ្នា ដោយ​សារ​តែ​អ្នក​បើក​ឡាន​នោះ​ខំ​សម្លឹង​មើល​សាល​ព្រះ​រាជាណាចក្រ សឹង​តែ​ភ្លេច​បត់​ចង្កូត​ឡាន​របស់​គេ​ទៅ​ហើយ»។ មនុស្ស​ជា​ច្រើន​បាន​ឈប់​ឡាន​ខ្លួន​ដើម្បី​មក​មើល​កិច្ច​ការ​សង់​នេះ ហើយ​ពួក​គេ​ចាប់​អារម្មណ៍​ណាស់ ជា​ពិសេស​ចំពោះ​វត្តមាន​នៃ​បង​ប្អូន​ពី​សញ្ជាតិ​ខុស​ៗ​គ្នា ដែល​ធ្វើ​ការ​ជា​មួយ​គ្នា។

មាន​ការ​គូស​ប្លង់​និង​ការ​រៀបចំ​ច្រើន​ណាស់​ចំពោះ​សំណង់​នេះ។ មិន​ដូច​សំណង់​ជា​ច្រើន​ឯ​ទៀត​នៅ​ក្នុង​ភូមិ​ភាគ​នេះ ជា​កន្លែង​ដែល​មិន​សូវ​មាន​ឧបករណ៍​និង​សម្ភារៈ ការ​សង់​សាល​ព្រះ​រាជាណាចក្រ​នោះ​មិន​ដែល​ឈប់​ដោយ​សារ​ការ​ខ្វះ​ខាត​សម្ភារៈ​ឡើយ។ នៅ​គ្រា​មួយ យើង​ត្រូវ​ការ​ស៊ី​ម៉ង់​៨០០​បាវ ហើយ​មាន​កន្លែង​តែ​មួយ​គត់​ដែល​អាច​ផ្ដល់​ឲ្យ តែ​ពុំ​មាន​បាវ​សំរាប់​ដាក់​ស៊ី​ម៉ង់​ទេ។ ដូច្នេះ បង​ប្អូន​យើង​បាន​ទាក់​ទង​ការិយាល័យ​សាខា​នៃ​សមាគម​ប៉ម​យាម​នៅ​រដ្ឋធានី​ម៉ាភូតូ ហើយ​គេ​ក៏​បាន​ផ្ញើ​បាវ​ជា​ច្រើន​តាម​យន្ត​ហោះ​ឲ្យ​មក រួច​បង​ប្អូន​យើង​ក៏​យក​បាវ​ទាំង​នោះ​ទៅ​រោង​ចក្រ​ស៊ី​ម៉ង់។ កិច្ច​ការ​សំណង់​នេះ​បាន​ជឿន​ទៅ​មុខ​ដោយ​ឥត​មាន​ការ​រំខាន​ឡើយ។

នៅ​គ្រា​មួយ​ទៀត នៅ​ពេល​ដែល​តម្លើង​ទម្រង់​ធ្នឹម​ដំបូល ស្រាប់​តែ​ខ្វះ​ធ្នឹម​ដែក​ខ្លះ។ ដោយ​សារ​តែ​មិន​សូវ​មាន​ដែក​ថែប​នៅ​ទី​នោះ គេ​បាន​ទិញ​យក​ចូល​ពី​កន្លែង​ដែល​មាន​ចម្ងាយ​៦០០​គ.ម.! អ្នក​សំណង់​ម្នាក់​បាន​ដើរ​ទៅ​សួរ​បុរស​ដែល​កំពុង​តែ​មើល ក្រែង​លោក​គាត់​ដឹង​កន្លែង​ដែល​គេ​អាច​ទិញ​ដែក​ថែប​ដើម្បី​បញ្ចប់​កិច្ច​ការ​នេះ។ បុរស​នោះ​ឆ្លើយ​ថា៖ «ខ្ញុំ​បាន​ឈរ​មើល​ជិត​មួយ​ម៉ោង​ទៅ​ហើយ ហើយ​នេះ​ច្បាស់​ជា​ការ​គាប់​ជួន​ល្អ​មែន​ហើយ។ ខ្ញុំ​សូម​សរសើរ​ដល់​អ្នក​នូវ​កិច្ចការ​ដែល​អ្នក​កំពុង​តែ​ធ្វើ​នេះ ហើយ​ដល់​គំនិត​ស្មារតី​នៃ​សំណង់​នេះ។ ខ្ញុំ​មាន​ដែក​ថែប​ដែល​អ្នក​ត្រូវ​ការ​នេះ ហើយ​ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ធ្វើ​អំណោយ​ទាន​នេះ​ដល់​អ្នក»។ នេះ​ជា​សំ​វិធាន​វត្ថុ​ដែល​សម​ត្រូវ​នឹង​ពេល​វេលា​មែន។

អ្នក​មើល​ជា​ច្រើន​ទៀត​ឆ្ងល់​ថា​តើ​ក្រុម​ហ៊ុន​សំណង់​ដែល​ដឹក​នាំ​ការ​សង់​នេះ​ឈ្មោះ​អ្វី​ទៅ។ នៅ​ពេល​នោះ អ្នក​សំណង់​ក៏​បាន​ពន្យល់​ប្រាប់​គេ​ថា ពួក​ទាំង​នេះ​ជា​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​ដែល​បាន​ស្ម័គ្រ​ចិត្ត​មក​ជួយ។ តើ​អ្វី​ដែល​ធ្វើ​ឲ្យ​អ្នក​មើល​ចាប់​អារម្មណ៍​ជាង​គេ? អ្នក​មើល​ម្នាក់​មាន​ប្រសាសន៍​ថា៖ «អ្នក​រាល់​គ្នា​ជា​មនុស្ស​ដែល​សាមគ្គី​គ្នា​មែន។ ទោះ​បី​ជា​មាន​សញ្ជាតិ​ខុស​ៗ​គ្នា​ក៏​ដោយ អ្នក​ធ្វើ​ការ​ជា​មួយ​គ្នា​ប្រៀប​ដូច​ជា​បង​ប្អូន»។ ជា​លទ្ធផល មនុស្ស​ជា​ច្រើន​បាន​មក​សុំ​សិក្សា​ព្រះ​គម្ពីរ។ នេះ​ក៏​មាន​ឥទ្ធិពល​លើ​ចំនួន​អ្នក​មក​ប្រជុំ​ដែរ។ ឧទាហរណ៍ ចំនួន​មនុស្ស​មក​ប្រជុំ​នៅ​ក្រុម​ជំនុំ​មង្កា មាន​លើស​ជាង​មួយ​ជា​ពីរ​នៃ​ចំនួន​ស្មរបន្ទាល់​ទៅ​ទៀត។

សាល​ព្រះ​រាជាណាចក្រ​ថ្មី​នេះ​ជា​ពរ​ដ៏​ល្អ​អស្ចារ្យ​ចំពោះ​ពួក​ស្មរបន្ទាល់​នៅ​ទី​នោះ។ ពួក​គេ​ភាគ​ច្រើន​ធ្លាប់​មក​ប្រជុំ​នៅ​តាម​រោង​ទ្រុឌ​ទ្រោម ដែល​ដំបូល​ប្រក់​ពី​ស្មៅ ឬ​ប្រក់​ពី​ស័ង្កសី ដែល​នៅ​ខាង​ក្រោយ​ផ្ទះ ឬ នៅ​ក្នុង​បន្ទប់​តូច​មួយ​នៃ​ផ្ទះ​ឯកជន។ ពួក​គេ​តែង​តែ​ទទឹក​ជោគ​ពេល​ភ្លៀង​ម្ដង​ៗ ហើយ​ពួក​គេ​នៅ​តែ​មក​ប្រជុំ​យ៉ាង​ស្មោះ​ត្រង់។ ជា​ច្រើន​ទសវត្ស​មក​ហើយ ពួក​ស្មរបន្ទាល់​នៅ​ម៉ូសសាប៊ិក​ស្គាល់​តែ«សាល​ព្រះ​រាជាណាចក្រ»បែប​នេះ។ បង​ប្រុស​កាថេនូ ហ្គាព្រាល ជា​អ្នក​ចាស់​ទុំ​ម្នាក់​ពី​ក្រុម​ជំនុំ​ម៉ាសាំបា បាន​ប្រកាស​ថា៖ «យើង​ទាំង​អស់​គ្នា​សូម​ថ្លែង​អំណរ​គុណ​ដល់​បង​ប្អូន​របស់​យើង​នៅ​ជុំ​វិញ​ពិភព​លោក ដែល​បាន​ជួយ​ឧបត្ថម្ភ​ជា​វិភាគទាន​ដល់​សំណង់​នេះ»។ យុវជន​ម្នាក់​ដែល​ជា​ស្មរបន្ទាល់ បាន​នឹក​ឃើញ​ថា៖ «កាល​ដែល​យើង​រស់​នៅ​ក្នុង​ជំរំ​កា​រីកូ («ជា​ជំរំ​អប់រំ​ឡើង​វិញ» ដែល​ជា​កន្លែង​គេ​ឃុំ​ឃាំង​ស្មរបន្ទាល់​ព្រះ​យេហូវ៉ា​រវាង​១២​ឆ្នាំ) យើង​ធ្លាប់​និយាយ​ថា ‹យើង​ខំ​ត​ស៊ូ​យ៉ាង​ស្មោះ​ត្រង់ ហើយ​ព្រះ​យេហូវ៉ា​នឹង​ប្រទាន​រង្វាន់​ដល់​យើង›។ សាល​ព្រះ​រាជាណាចក្រ​ថ្មី​នេះ​ជា​រង្វាន់​ពី​ព្រះ​យេហូវ៉ា​ហើយ»។ ពាក្យ​សំដី​របស់​គេ​បង្ហាញ​ថា​គេ​មាន​អំណរ​គុណ​និង​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​សរសើរ​ព្រះ​យេហូវ៉ា។

យុវជន​ជា​ច្រើន​ដែល​បាន​ចូល​រួម​ក្នុង​កិច្ច​ការ​សំណង់​នោះ ត្រូវ​បាន​ដាស់​តឿន​ឲ្យ​មាន​គំនិត​ស្មារតី​ខាង​ការ​ផ្សាយ​ត្រួស​ត្រាយ ហើយ​ក្រោយ​មក​ពួក​គេ​បាន​ទទួល​យក​កិច្ច​បំរើ​ត្រួស​ត្រាយ​ពេញ​ពេល។ យុវនារី​ម្នាក់​ឈ្មោះ​អ៊ីសាបែល ជា​អ្នក​ត្រួស​ត្រាយ​ពេញ​ពេល​នៅ​ក្រុម​ជំនុំ​មង្កា បាន​បញ្ចេញ​យោបល់​កាល​ដែល​នាង​សម្លឹង​មើល​សាល​ព្រះ​រាជាណាចក្រ​ដ៏​ស្អាត​នៅ​ថ្ងៃ​មុន​ពិធី​សម្ពោធ ដូច​នេះ​ថា៖ «ចំពោះ​ខ្ញុំ នេះ​ជា​កន្លែង​ស្អាត​ជាង​គេ​បង្អស់​ក្នុង​ទី​ក្រុង​បែរ៉ា។ ខ្ញុំ​សប្បាយ​ចិត្ត​នៅ​ទី​នេះ​ណាស់»។ អាដូន កូស្ទា ជា​សាសនទូត​ម្នាក់ បាន​ពន្យល់​ថា​ក្រុម​អាជ្ញាធរ​បាន​ធ្វើ​សហប្រតិបត្ដិការ​យ៉ាង​ល្អ​បំផុត​ក្នុង​ការ​អនុញ្ញាត​ឲ្យ​មាន​ការ​នាំ​ចូល​សម្ភារៈ ពី​ព្រោះ​ពួក​គេ​ដឹង​ថា​ស្មរបន្ទាល់​ជា​ពួក​ស្មោះ​ត្រង់។ រួច​គាត់​មាន​ប្រសាសន៍​ទៀត​ថា៖ «ទោះ​បី​ជា​យើង​អស់​កម្លាំង​ក៏​ដោយ យើង​សប្បាយ​ចិត្ត​ណាស់​ដោយ​ឃើញ​ផល​ផ្លែ​នៃ​កិច្ចការ​ទាំង​អស់​នេះ​ផ្ដល់​កិត្ដិយស​និង​សេចក្ដី​រុង​រឿង​ដល់​ព្រះ​យេហូវ៉ា»។

ឥឡូវ​នេះ ពេល​ណា​អ្នក​ក្រុង​បែរ៉ា​សួរ​ថា «ចុះ​វិហារ​របស់​អ្នក​នៅ​ឯ​ណា»? ពួក​ស្មរបន្ទាល់​នឹង​បង្ហាញ​គេ​ពី​សាល​មួយ​នៃ​សាល​ព្រះ​រាជាណាចក្រ​ពីរ រួច​ឆ្លើយ​ដោយ​រីករាយ​ថា «វិហារ​យើង​ស្ថិត​នៅ​លើ​វិថី​អន្តរជាតិ​ឈ្មោះ​អេវីនីដា អាកូដូ ឌើ លូសាកា នៅ​ទល់​មុខ​ស្ថានីយ​ប៉ូលិស​កង​អនុសេនា​ទី​បួន»។ រួច​និយាយ​ប្រាប់​មួយ​ម៉ាត់​ទៀត​ថា «នេះ​មិន​មែន​ជា​វិហារ​ទេ គឺ​ជា​សាល​ព្រះ​រាជាណាចក្រ!»

[រូប​ភាព​⁄​ផែនទី​នៅ​ទំព័រ​២០]

(ដើម្បី​មើល​ឃើញ​ទាំង​អស់ សូម​មើល​ទស្សនាវដ្ដី)

ទ្វីប​អាហ្វ្រិក

ប្រទេស​ម៉ូសសាប៊ិក

ទី​ក្រុង​បែរ៉ា

រដ្ឋធានី​ម៉ាភូតូ

[អ្នក​ផ្ដល់​សិទ្ធិ​ឲ្យ​ប្រើ​រូប​ភាព]

Map: Mountain High Maps​®​ Copyright © 1995 Digital Wisdom, Inc.

    សៀវភៅភាសាខ្មែរ (១៩៩១-២០២៥)
    ចេញពីគណនី
    ចូលគណនី
    • ខ្មែរ
    • ចែករំលែក
    • ជម្រើស
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • ល័ក្ខខ័ណ្ឌប្រើប្រាស់
    • គោលការណ៍ស្ដីអំពីព័ត៌មានផ្ទាល់ខ្លួនរបស់លោកអ្នក
    • កំណត់ឯកជនភាព
    • JW.ORG
    • ចូលគណនី
    ចែករំលែក