តើយើងនឹងកំចាត់ចោលរូបភាពបែបនេះបានទេ?
សព្វថ្ងៃនេះ ទោះបីយើងទៅកន្លែងណាក៏ដោយ ក៏យើងតែងតែឃើញភាពតានតឹង សេចក្ដីមិនស្រុះស្រួលគ្នា ហើយនិងសង្គ្រាម។ ប៉ុន្តែ មិនមែនជាគោលបំណងនៃទស្សនាវដ្ដីនេះទេ ក្នុងការបន្ថែមពត៌មានដ៏អាក្រក់ទាំងឡាយ ដែលអ្នកបានដឹងរួចមកហើយនោះ។ ផ្ទុយទៅវិញ ទស្សនាវដ្ដីដ៏សំខាន់នេះ នឹងថ្លែងជូនអ្នក យ៉ាងហោចណាស់នូវសេចក្ដីពិតដ៏សម្រាលទុក្ខពីរយ៉ាង។ ទីមួយ គឺថាទំនាយបុរាណទាំងឡាយក្នុងព្រះគម្ពីរ តាមពិតបានទាយអំពីដំណឹងអាក្រក់យ៉ាងខ្លាំងក្នុងសម័យយើងនេះ។ ទីពីរ សៀវភៅទំនាយដដែលនេះ បានទាយថា នៅថ្ងៃមួយរូបភាពដូចក្នុងទីនេះ នឹងក្លាយទៅជារឿងអតីតកាលវិញ។ គឺឥតមានសង្គ្រាម ឥតមានទម្លាក់គ្រាប់បែក អ្នកពួនបាញ់ គ្រាប់មីន ឬភេរវកម្មណាទៀតឡើយ។ ពួកក្មេងកំព្រាដែលមានទុក្ខព្រួយ ឬជនភៀសខ្លួនដែលគ្មានផ្ទះសម្បែង នោះនឹងលែងមានទៀតឡើយ។ គឺនឹងមានពិភពលោកដែលមានសន្ដិភាពពិតដែលនឹងធ្វើឲ្យស្រាកស្រាន្តចិត្ត។ តើអ្នកចង់ឃើញថ្ងៃបែបហ្នឹងទេ? យើងសូមអញ្ជើញអ្នកពិចារណាមើលនូវអ្វីដែលព្រះគម្ពីរបានចែងទុកមក។ អ្នកប្រហែលជាអាចរកឃើញការសម្រាលទុក្ខថែមទៀតនៅក្នុងព្រះគម្ពីរ ដែលអ្នកមិនបានគិតថានឹងអាចកើតឡើងបាន។