«ថ្ងៃដែលប្រកបដោយការត្រាប្រណីរបស់សាសនា»
ដោយបានចាប់អារម្មណ៍នឹងការពិគ្រោះ ដែលគាត់បាននិយាយជាមួយស្មរបន្ទាល់ព្រះយេហូវ៉ា នោះចាងហ្វាងម្នាក់នៅសាលារៀនមួយក្នុងប្រទេសប៉ូឡូញ បានកំណត់ទុកពេលមួយ គឺជា«ថ្ងៃដែលប្រកបដោយការត្រាប្រណីរបស់សាសនា»សំរាប់សាលារៀនគាត់។ លោកស្រីបានឲ្យយោបល់ថា បុគ្គលស្ម័គ្រចិត្តក្នុងចំណោមនិស្សិតដែលកាន់សាសនាកាតូលិក អ្នកកាន់ពុទ្ធសាសនា និងស្មរបន្ទាល់ព្រះយេហូវ៉ា ត្រូវរៀបចំសុន្ទរកថាដ៏ខ្លីមួយ ដើម្បីនាំឲ្យនិស្សិតឯទៀតស្គាល់ច្បាស់អំពីសាសនារបស់គេរៀងៗខ្លួន។ ក្មេងជំទង់បីនាក់ដែលជាស្មរបន្ទាល់ព្រះយេហូវ៉ាក៏បានស្ម័គ្រចិត្តភ្លាម។
ថ្ងៃនោះបានមកដល់ ម៉ាលវីណាដែលមានអាយុ១៥ឆ្នាំ ជាបុគ្គលទីមួយដែលបានឡើងថ្លែង។ នាងបានថ្លែងថា៖ «អ្នកទាំងអស់គ្នាបានស្គាល់ពួកយើងមុននឹងយើងចាប់ផ្ដើមមករៀននៅសាលានេះទៅទៀត ពីព្រោះយើងបានទៅផ្សព្វផ្សាយនៅឯផ្ទះរបស់អ្នក។ អ្នកប្រហែលជាឆ្ងល់ពីមូលហេតុដែលយើងបន្តធ្វើដូច្នេះ។ នេះគឺពីព្រោះយើងខ្ញុំយកតម្រាប់តាមព្រះយេស៊ូគ្រីស្ទ ដែលជាអ្នកបង្កើតសាសនាគ្រីស្ទាន។ ទ្រង់បានផ្សព្វផ្សាយដំណឹងល្អអំពីព្រះរាជាណាចក្រនៃព្រះ នៅគ្រប់ទីកន្លែងដែលមានមនុស្ស។ ពួកសាវ័កនិងពួកគ្រីស្ទានសម័យដើមក៏ធ្វើដូច្នេះដែរ។ នៅក្នុងប្រទេសជាច្រើន ស្មរបន្ទាល់ព្រះយេហូវ៉ាបានស៊ូទ្រាំនឹងការល្បងលដ៏ពិបាកនៃជំនឿ ក៏ប៉ុន្តែយើងខ្ញុំមានចិត្តរីករាយដែលយើងអាចមានសន្ដិភាពនៅសាលារៀននេះ ហើយនេះក៏ដោយសារអ្នកទាំងអស់គ្នាដែរ។ យើងខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នាចំពោះរឿងទាំងអស់នេះ!»។
នៅទីបញ្ចប់នៃសុន្ទរកថារបស់នាង នោះម៉ាលវីណាបានថ្លែងថា៖ «គឺមានមូលហេតុមួយទៀត ដែលយើងទៅផ្សព្វផ្សាយនៅផ្ទះរបស់អ្នកទាំងអស់គ្នា។ គឺយើងខ្ញុំស្រឡាញ់អ្នកទាំងអស់គ្នា។ ព្រះគម្ពីរចែងថា មិនយូរប៉ុន្មានទៀត នោះមនុស្សជាតិនឹងពិសោធនូវព្រឹត្ដិការណ៍ដ៏ធំសម្បើមដែលនឹងកើតឡើងចំពោះពិភពលោកនេះ។ ដូច្នេះ នៅពេលក្រោយ ពេលយើងខ្ញុំគោះទ្វារផ្ទះរបស់អ្នក សូមអញ្ជើញស្ដាប់យើងខ្ញុំសិន។ យើងខ្ញុំចង់ប្រាប់អ្នកទាំងអស់គ្នានូវរបៀបដែលយើងខ្ញុំអាចរស់នៅជារៀងរហូតក្នុងសួនមនោរម្យលើផែនដីនេះ»។
ម៉ាតាយ៉ូសដែលមានអាយុ១៥ឆ្នាំដែរ គឺជាអ្នកថ្លែងសុន្ទរកថាបន្ទាប់។ ម៉ាតាយ៉ូសបានប្រាប់អ្នកស្ដាប់ថា ជាច្រើនឆ្នាំកន្លងទៅនេះ ស្មរបន្ទាល់ព្រះយេហូវ៉ាបានប្រើវិធីផ្សេងៗ ដើម្បីផ្សាយដំណឹងល្អ។ តួយ៉ាង នៅក្នុងឆ្នាំ១៩១៤ ជាគ្រាដែលមានខ្សែភាពយន្តឥតមានសម្លេងនៅឡើយទេ ស្មរបន្ទាល់បានបញ្ចាំង«ល្ខោនរូបភាពនៃសេចក្ដីបង្កើត» ជាខ្សែភាពយន្តដែលមានបញ្ចាំងរូបភាព ហើយមានទាំងសម្លេងទៀតផង។
ម៉ាតាយ៉ូសបានពិគ្រោះអំពីតួនាទីនៃប៉ុស្តិ៍វិទ្យុរបស់ស្មរបន្ទាល់ គឺជាការផ្សព្វផ្សាយសារអំពីព្រះរាជាណាចក្រ ហើយក៏បានពណ៌នាបន្ថែមអំពីប្រព័ន្ធរៀបពុម្ពតួអក្សរបែបអេឡិចត្រូនិចជាភាសាផ្សេងៗ ដែលបានផលិតដោយស្មរបន្ទាល់ព្រះយេហូវ៉ា។ គាត់ក៏បានរៀបរាប់នូវរបៀបដែលស្មរបន្ទាល់ព្រះយេហូវ៉ា បានពិគ្រោះជាមួយគ្រូពេទ្យជាច្រើនអំពីវិធីព្យាបាលដោយឥតប្រើឈាម។ គាត់បានពោលថា៖ «ឥឡូវនេះ វេជ្ជបណ្ឌិតដ៏ល្បីៗជនជាតិប៉ូឡូញ បាននិយាយសរសើរល្អៗអំពីជំហររបស់យើង ហើយបញ្ជាក់ថា ក្នុងឆ្នាំនិមួយៗនោះ មានអ្នកជម្ងឺកាន់តែច្រើនឡើង ដែលមិនមែនជាស្មរបន្ទាល់សុខចិត្តទទួលការវះកាត់ព្យាបាលដោយមិនប្រើឈាម»។
ម៉ាតាយ៉ូសបានបញ្ចប់សុន្ទរកថារបស់គាត់ ដោយប្រាប់អំពីការសាងសង់សាលព្រះរាជាណាចក្រ ហើយបានថ្លែងថា៖ «តើអ្នកចង់មកមើលសាលព្រះរាជាណាចក្ររបស់យើងខ្ញុំទេ? គឺឥតមានការបង់ថ្លៃចូលទេ ហើយក៏ឥតមានរៃលុយដែរ»។ ម៉ាតាយ៉ូសបាននិយាយប្រាប់អំពីមណ្ឌលមហាសន្និបាតនៅទីក្រុងសូណូវិច ដោយប្រាប់ថា៖ «អ្នកគួរមកមើលរចនាសម្ព័ន្ធដ៏ធំនេះ និងដំណើរការយ៉ាងល្អ។ យើងខ្ញុំសូមអញ្ជើញ! អ្នកទៅទីនោះជាមួយយើងខ្ញុំដែរ។ យើងខ្ញុំមានគំនិតមួយ ហើយកាតាហ្សិនណា ដែលជាមិត្តរបស់យើងនឹងប្រាប់អ្នករាល់គ្នាអំពីរឿងនេះ»។
បន្ទាប់មក កាតាហ្សិនណាដែលមានអាយុ១៥ឆ្នាំ បានថ្លែងដោយក្ដីរំភើបថា៖ «យើងខ្ញុំសូមអញ្ជើញអ្នករាល់គ្នាឲ្យទៅមហាសន្និបាតរបស់ស្មរបន្ទាល់ព្រះយេហូវ៉ានៅទីក្រុងសូណូវិច។ នៅទីនោះគេនឹងពិគ្រោះនូវប្រធានដែលទាក់ទងនឹងយុវជន»។ កាតាហ្សិនណាក៏បានប្រាប់អំពីពិធីបុណ្យរំឭកការសោយទិវង្គតរបស់ព្រះយេស៊ូ ដែលជាពិធីបុណ្យដ៏សំខាន់បំផុតចំពោះពួកគ្រីស្ទាន។ នាងបានលើកទឹកចិត្តអ្នកស្ដាប់ទាំងឡាយថា៖ «នៅឆ្នាំមុន មានជាង១៤លាននាក់ទូទាំងពិភពលោកបានទៅចូលរួមធ្វើពិធីបុណ្យនេះ។ យើងខ្ញុំសូមអញ្ជើញអ្នកទាំងអស់គ្នាឲ្យមកចូលរួមជាមួយយើងខ្ញុំនៅពិធីបុណ្យលើកក្រោយ»។
ក្រោយពីសុន្ទរកថារបស់ពួកគេ នោះម៉ាលវីណា ម៉ាតាយ៉ូស និងកាតាហ្សិនណាបានជូនសៀវភៅ ស្មរបន្ទាល់ព្រះយេហូវ៉ា—ពួកអ្នកប្រកាសព្រះរាជាណាចក្រ ព្រមទាំងខ្សែអាត់វីដេអូពីរ ដែលពិគ្រោះអំពីជំនឿនិងសកម្មភាពរបស់ស្មរបន្ទាល់ព្រះយេហូវ៉ា។a គ្រូបង្រៀនទាំងឡាយបានទទួលយកទាំងមានចិត្តអបអរ និងបានសន្យាថានឹងប្រើប្រកាសនវត្ថុទាំងនោះក្នុងថ្នាក់ ពេលរៀនមុខវិជ្ជាប្រវត្ដិសាស្ត្រ។
នៅទីបញ្ចប់នៃកម្មវិធីនោះ ម៉ាធីណាបានចាក់ចំរៀងដែលមានចំណងជើងថា«យើងខ្ញុំអរគុណព្រះយេហូវ៉ា»ជូនដល់មនុស្សទាំងអស់ស្ដាប់។ យុវជនទាំងនេះដែលជាស្មរបន្ទាល់‹បានប្រមូលផ្ដុំភាពក្លាហានដោយសារព្រះរបស់គេ› ហើយបានធ្វើបន្ទាល់យ៉ាងប្រសើរ។ (ថែស្សាឡូនីចទី១ ២:២) នេះជាគំរូយ៉ាងប្រសើរយ៉ាងណាទៅហ្ន៎! សំរាប់ស្មរបន្ទាល់ដែលមានអាយុក្មេងនៅគ្រប់ទីកន្លែងនោះ។
[កំណត់សម្គាល់]
a បោះពុម្ពដោយស្មរបន្ទាល់ព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៨]
ម៉ាលវីណាកំពុងតែរៀបចំសុន្ទរកថាពីរបីថ្ងៃមុននឹងឡើងថ្លែងនៅសាលារៀន
[រូបភាពនៅទំព័រ៨]
កាតាហ្សិនណាកំពុងតែរើសយកបទគម្ពីរសំរាប់ថ្លែង