ឥឡូវជាគ្រាលំបាកណាស់
គម្ពីរបានទាយទុកជាមុនថាមនុស្សជាតិនឹងជួបប្រទះ«គ្រាលំបាកណាស់»។ គម្ពីរបានពិពណ៌នាពីគ្រានោះថាជា«ជាន់ក្រោយបង្អស់»។ (ធីម៉ូថេទី២ ៣:១-៥; ពេត្រុសទី២ ៣:៣-៧) ព្រះយេស៊ូគ្រិស្តបាននិយាយពីយុគសម័យនេះពេលទ្រង់ឆ្លើយសំណួរដែលលើកឡើងដោយសិស្សរបស់ទ្រង់ស្តីអំពី«បំផុតកល្ប[ឬ«អវសានកាលនៃពិភពលោក»]»។ (ម៉ាថាយ ២៤:៣; ខ.ស.) តើយើងកំពុងតែរស់នៅជាន់ក្រោយបង្អស់ទេ? សូមពិនិត្យបន្ថែមពីអ្វីដែលគម្ពីរបានទាយទុកជាមុន ទៅនឹងអ្វីដែលបានរាយការណ៍នៅពេលថ្មីៗ ដែលមានដកស្រង់ដូចខាងក្រោមនេះ រួចហើយសូមធ្វើសេចក្ដីសន្និដ្ឋានដោយខ្លួនឯងចុះ។
អ្វីដែលគម្ពីរបានទាយទុកជាមុន: មានសង្គ្រាមនៅទូទាំងផែនដី—លូកា ២១:១០; វិវរណៈ ៦:៤
អ្វីដែលបានរាយការណ៍នៅពេលថ្មីៗ: «បើប្រៀបធៀបចំនួនមនុស្សដែលបានស្លាប់ដោយសារសង្គ្រាមនៅសតវត្សរ៍ទី២០និងអ្នកដែលបានស្លាប់ដោយសារសង្គ្រាមទាំងអស់តាំងពីឆ្នាំ១ គ.ស. រហូតដល់ឆ្នាំ១៨៩៩ គ.ស. នោះ អ្នកដែលបានស្លាប់ក្នុងសតវត្សរ៍ទី២០គឺច្រើនជាងមួយជាបី» (Worldwatch Institute)។
អ្វីដែលគម្ពីរបានទាយទុកជាមុន: មានអំណត់និងជំងឺ—លូកា ២១:១១; វិវរណៈ ៦:៥-៨
អ្វីដែលបានរាយការណ៍នៅពេលថ្មីៗ: យោងទៅតាមការប៉ាន់ស្មានរបស់អង្គការមួយ នៅឆ្នាំ២០០៤មនុស្ស៨៦៣លាននាក់មិនមានអាហារបរិភោគគ្រប់គ្រាន់ឡើយ នេះជា៧លាននាក់ច្រើនជាងឆ្នាំ២០០៣ (United Nations Food and Agriculture Organization)។
ប្រហែលមួយពាន់លាននាក់មានជីវិតក្រីក្រតោកយ៉ាក ២,៦ពាន់លាននាក់រស់នៅក្នុងសភាពខ្វះអនាម័យ ខ្វះលូបង្ហូរទឹក គ្មានអ្នកប្រមូលនិងគ្មានកន្លែងចាក់សំរាម ហើយ១,១ពាន់លាននាក់រស់នៅដោយខ្វះទឹកស្អាត (Worldwatch Institute)។
អង្គការសុខភាពពិភពលោកបានរាយការណ៍ថាមនុស្ស៥០០លាននាក់មានជំងឺគ្រុនចាញ់ ៤០លាននាក់ផ្ទុកមេរោគអេច្ចអាយវី (មេរោគមនុស្សដែលកើតមកពី ការឱនថយនៃប្រព័ន្ធសរីរាង្គដែលទប់ទល់នឹងជំងឺ) រោគអេដស៍ មនុស្ស១,៦លាននាក់ស្លាប់ដោយជំងឺរបេងក្នុងឆ្នាំ២០០៥ (World Health Organization)។
អ្វីដែលគម្ពីរបានទាយទុកជាមុន: ការបង្ខូចផែនដី—វិវរណៈ ១១:១៨
អ្វីដែលបានរាយការណ៍នៅពេលថ្មីៗ: «អ្វីដែលមនុស្សជាតិបានធ្វើអាចនាំមកនូវការវិនាសផុតពូជនៃពពួកសត្វនិងរុក្ខជាតិច្រើនប្រភេទ»។ «ធនធានដែលធម្មជាតិផ្ដល់ឲ្យមនុស្សជាតិ បានចុះថយជិតពីរភាគបីនៅទូទាំងពិភពលោក»(Millennium Ecosystem Assessment)។
«មនុស្សជាតិបានបង្កឲ្យមានឧស្ម័នដែលធ្វើឲ្យផែនដីក្ដៅឡើងៗ ហើយឧស្ម័ននោះនាំឲ្យអាកាសធាតុនៃផែនដីមានវិបត្ដិធ្ងន់ធ្ងរ ហើយអាចមានផលវិបាកដែលប្រកបទៅដោយគ្រោះថ្នាក់ចំពោះផែនដីតែម្ដង» (NASA, Goddard Institute for Space Studies)។
អ្វីដែលគម្ពីរបានទាយទុកជាមុន: ដំណឹងល្អនៃរាជាណាចក្ររបស់ព្រះ ត្រូវបានប្រកាសប្រាប់នៅទូទាំងផែនដី—ម៉ាថាយ ២៤:១៤; វិវរណៈ ១៤:៦, ៧
អ្វីដែលបានរាយការណ៍នៅពេលថ្មីៗ: នៅឆ្នាំ២០០៧មានសាក្សីព្រះយេហូវ៉ាច្រើនបំផុតដែលមានចំនួន៦.៩៥៧.៨៥៤នាក់ បានចំណាយជាង១,៤ពាន់លានម៉ោង ដើម្បីប្រកាសប្រាប់ពីរាជាណាចក្ររបស់ព្រះនៅ២៣៦ប្រទេស (2008 Yearbook of Jehovah’s Witnesses)។
ដូចបានរៀបរាប់មកខាងលើនេះ គម្ពីរបានទាយទុកជាមុនថាទោះជាឮដំណឹងមិនល្អក្ដី ក៏នៅតែមានមូលហេតុឲ្យយើងមានទស្សនៈសុទ្ទិដ្ឋិនិយមដែរ។ ព្រះយេស៊ូបាននិយាយអំពី«ដំណឹងល្អ»នៃរាជាណាចក្ររបស់ព្រះ។ តើរាជាណាចក្ររបស់ព្រះជាអ្វីទៅ? ហេតុអ្វីបានជាធ្វើឲ្យមនុស្សជាតិមានសង្ឃឹមថានឹងមានអនាគតដែលល្អប្រសើរជាង? តើតាមរបៀបណាដែលរាជាណាចក្ររបស់ព្រះទាក់ទងនឹងអ្នក?
[ឃ្លាអក្សរធំនៅទំព័រ៥]
គម្ពីរបានទាយទុកជាមុនអំពីស្ថានភាពដែលមានក្នុងពិភពលោកសព្វថ្ងៃនេះ