តើអ្វីនឹងមកដល់«ទីបញ្ចប់»?
« . . . រួចទីបញ្ចប់នឹងមកដល់»។—ម៉ាថាយ ២៤:១៤
ថ្មីៗ នេះមនុស្សជាច្រើននិយាយអំពីទីបញ្ចប់នៃពិភពលោក។ សៀវភៅ ភាពយន្ត និងទស្សនាវដ្ដីដែលមានតាំងពីរឿងកំប្លែងរហូតដល់រឿងវិទ្យាសាស្ត្រ បានបង្ហាញអំពីទីអវសានរបស់ពិភពលោកនេះ។ ក្នុងនោះរួមមានមហន្តរាយដែលមកពីអាវុធនុយក្លេអ៊ែរ ការប៉ះទង្គិចគ្នារវាងផ្កាយព្រះគ្រោះនិងផែនដី មេរោគដែលសម្លាប់មនុស្សជាច្រើន ការប្រែប្រួលនៃអាកាសធាតុ និងការវាយប្រហាររបស់មនុស្សភពផ្សេង។
សាសនាជាច្រើនមានទស្សនៈផ្សេងៗគ្នាអំពីរឿងនេះ ហើយពួកគេបង្រៀនថាពេល«ទីបញ្ចប់»មកដល់ ភាវរស់ទាំងអស់នៅផែនដីនឹងត្រូវវិនាសសាបសូន្យ។ ស្តីអំពីម៉ាថាយ ២៤:១៤ សាសនវិទូម្នាក់បានសរសេរពាក្យដែលគួរឲ្យខ្លាចនេះថា៖ «ខនេះជាខសំខាន់បំផុតមួយក្នុងបណ្ដាំរបស់ព្រះ . . . ជំនាន់យើងអាចជួបមហន្តរាយធំដល់ម្ល៉េះដែលមានមនុស្សតិចណាស់ចង់គិតអំពីការពិតនោះ»។
ពេលមនុស្សមានទស្សនៈបែបនេះ ពួកគេមិនបានគិតអំពីការពិតដ៏សំខាន់មួយ ពោលគឺពេលព្រះយេហូវ៉ាបាន«តាំងឡើង»ផែនដី លោក«មិនមែនបង្កើតមកឲ្យនៅទទេទេ គឺបានជបសូនបង្កើតឲ្យជាទីអាស្រ័យនៅ»។ (អេសាយ ៤៥:១៨) ដូច្នេះពេលលោកយេស៊ូសំដៅទៅ«ទីបញ្ចប់» លោកមិនចង់មានន័យថាផែនដីនឹងត្រូវបំផ្លាញចោល ឬមនុស្សទាំងអស់នឹងត្រូវវិនាសនោះទេ។ ប៉ុន្តែ លោកចង់សំដៅទៅលើការបំផ្លាញមនុស្សអាក្រក់ ដែលជាមនុស្សរឹងទទឹងដែលមិនចង់រស់នៅតាមការណែនាំដ៏ប្រកបដោយសេចក្ដីស្រឡាញ់របស់ព្រះយេហូវ៉ា។
សូមពិចារណាឧទាហរណ៍នេះ។ លោកអ្នកមានផ្ទះស្អាតមួយ ហើយលោកអ្នកឲ្យមនុស្សមួយចំនួនរស់នៅផ្ទះនោះដោយឥតគិតថ្លៃ។ អ្នកខ្លះរស់នៅដោយសុខសាន្តជាមួយគ្នា ថែមទាំងជួយថែទាំផ្ទះរបស់លោកអ្នកយ៉ាងល្អ។ ចំណែកអ្នកខ្លះទៀតមិនបានធ្វើដូចនេះទេ តែពួកគេបែរជាបង្កបញ្ហាផ្សេងៗ វាយតប់គ្នា ហើយរំខានដល់មនុស្សល្អដែលរស់នៅផ្ទះនោះទៀតផង។ មនុស្សអាក្រក់ទាំងនោះបានធ្វើឲ្យខូចរបស់របរក្នុងផ្ទះ ហើយពេលលោកអ្នកព្យាយាមបញ្ឈប់ពួកគេ នោះពួកគេរឹងចចេសមិនព្រមធ្វើតាមលោកអ្នកទេ។
ក្នុងករណីនេះ តើលោកអ្នកនឹងធ្វើយ៉ាងណាដើម្បីដោះស្រាយបញ្ហានេះ? តើលោកអ្នកនឹងបំផ្លាញផ្ទះរបស់លោកអ្នកចោលឬទេ? លោកអ្នកប្រហែលជាមិនធ្វើដូច្នេះទេ លោកអ្នកទំនងជានឹងបណ្ដេញមនុស្សអាក្រក់ទាំងនោះចេញ ហើយជួសជុលរបស់របរដែលខូចខាតឡើងវិញ។
ព្រះយេហូវ៉ាក៏នឹងធ្វើស្រដៀងគ្នានេះដែរ។ លោកបានដឹកនាំអ្នកតែងទំនុកតម្កើងឲ្យសរសេរថា៖ «ពួកអ្នកដែលធ្វើអាក្រក់ នឹងត្រូវកាត់ចេញ តែអស់អ្នកដែលរង់ចាំព្រះយេហូវ៉ា នោះនឹងបានផែនដីជាមរដក។ ដល់បន្ដិចទៀត មនុស្សអាក្រក់នឹងមិនមានទៀតទេ។ អើ! អ្នកនឹងខំមើលកន្លែងគេ តែគេមិននៅទេ។ ឯមនុស្សរាបសា គេនឹងបានផែនដីជាមរដក ហើយនឹងបានចិត្តរីករាយ ដោយសេចក្ដីក្សេមក្សាន្តដ៏បរិបូរ»។—ទំនុកតម្កើង ៣៧:៩-១១
សាវ័កពេត្រុសក៏បាននិយាយអំពីរឿងនេះដែរ។ នៅក្រោមការដឹកនាំរបស់ព្រះ គាត់បានសរសេរថា៖ «មានមេឃនៅសម័យបុរាណ និងមានផែនដីដែលរឹងផុសឡើងពីទឹក ក៏នៅកណ្ដាលទឹក ហើយដោយការទាំងនោះ ពិភពលោកនៅសម័យនោះបានត្រូវបំផ្លាញចោល ពេលដែលមានទឹកជំនន់»។ (ពេត្រុសទី២ ៣:៥, ៦) ក្នុងខនេះពេត្រុសសំដៅទៅលើទឹកជំនន់ដែលមាននៅសម័យណូអេ។ មនុស្សទុច្ចរិតដែលរស់នៅសម័យនោះបានត្រូវបំផ្លាញចោល មិនមែនផែនដីនោះទេ។ ទឹកជំនន់នោះដែលមានពេញផែនដីទុកជា«គំរូពីអ្វីដែលនឹងកើតឡើងដល់មនុស្សទុច្ចរិតនៅថ្ងៃមុខ»។—ពេត្រុសទី២ ២:៦
ក្រោយមក ពេត្រុសបន្ថែមថា៖ «មេឃនិងផែនដីដែលមានឥឡូវនេះបានត្រូវទុកដោយឡែកសម្រាប់ឲ្យភ្លើងឆេះ»។ បើយើងអានដល់ត្រឹមនេះ យើងអាចយល់ខុស។ ប៉ុន្តែ សូមកត់សម្គាល់ខនេះដែលបន្តថា៖ ‹ហើយបំផ្លាញមនុស្សទុច្ចរិតចោល›។ ដូច្នេះ ការបំផ្លាញនេះមិនមែនជាការបំផ្លាញចោលផែនដីនោះទេ តែជាការបំផ្លាញចោលមនុស្សអាក្រក់វិញ។ តើមានអ្វីកើតឡើងបន្ទាប់មក? ពេត្រុសបានសរសេរថា៖ «យើងកំពុងទន្ទឹងរង់ចាំមេឃថ្មី[រាជាណាចក្ររបស់ព្រះដែលគ្រប់គ្រងដោយមេស្ស៊ី]និងផែនដីថ្មី[សង្គមមនុស្សសុចរិត] ស្របតាមសេចក្ដីសន្យារបស់លោក ហើយទីនោះ សេចក្ដីសុចរិតនឹងស្ថិតស្ថេរជាដរាប»។—ពេត្រុសទី២ ៣:៧, ១៣
ទំនាយក្នុងគម្ពីរក៏បានបង្ហាញថា«ទីបញ្ចប់»ជិតមកដល់ហើយ។ សូមអានម៉ាថាយ ២៤:៣-១៤ និងធីម៉ូថេទី២ ៣:១-៥ ដែលចែងអំពីសញ្ញាសម្គាល់ដែលបញ្ជាក់ថាទីបញ្ចប់ពិតជាជិតមកដល់មែន។a
ហេតុអ្វីមានមនុស្សជាច្រើនយល់ច្រឡំអត្ថន័យនៃម៉ាថាយ ២៤:១៤ ដែលជាខគម្ពីរមួយដែលក្មេងៗក៏អាចយល់បាននោះ? មូលហេតុគឺ សាថានបានធ្វើឲ្យមនុស្សមិនយល់សេចក្ដីពិតដ៏មានតម្លៃក្នុងបណ្ដាំរបស់ព្រះ។ (កូរិនថូសទី២ ៤:៤) មូលហេតុមួយទៀតគឺដោយសារព្រះបានលាក់គោលបំណងរបស់លោកពីមនុស្សដែលអួតអាង ហើយបើកបង្ហាញឲ្យមនុស្សដែលបន្ទាបខ្លួនបានយល់។ ស្តីអំពីរឿងនេះ លោកយេស៊ូបានមានប្រសាសន៍ថា៖ «ឱបិតា ជាម្ចាស់ស្ថានសួគ៌និងផែនដី ខ្ញុំសូមសរសើរលោកនៅមុខមនុស្ស ពីព្រោះលោកបានលាក់អ្វីៗទាំងនេះពីអ្នកប្រាជ្ញនិងអ្នកចេះដឹង តែបានបើកសម្ដែងឲ្យកូនតូចៗយល់វិញ»។ (ម៉ាថាយ ១១:២៥) យើងមានកិត្ដិយសមែនដែលយើងស្ថិតនៅក្នុងចំណោមមនុស្សដែលបន្ទាបខ្លួនដែលយល់អំពីអត្ថន័យនៃរាជាណាចក្ររបស់ព្រះ។ ម្យ៉ាងទៀត ដោយសារយើងគាំទ្ររាជាណាចក្រនោះ យើងនឹងទទួលពរជាមិនខាន!
[កំណត់សម្គាល់]
a ដើម្បីទទួលព័ត៌មានបន្ថែម សូមមើលសៀវភៅតើព្រះគម្ពីរពិតជាបង្រៀនយ៉ាងណា? ជំពូកទី៩ ដែលបានត្រូវបោះពុម្ពផ្សាយដោយសាក្សីព្រះយេហូវ៉ា។
[រូបភាពនៅទំព័រ៩]
រាជាណាចក្រនឹងធ្វើឲ្យអំពើទុច្ចរិតទាំងអស់នៅផែនដី លែងមានទៀតឬមកដល់«ទីបញ្ចប់»